

សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ ដែលសកម្មក្នុងការចូលរួមសកម្មភាពសង្គម និងចែករំលែកព័ត៌មានពីជម្លោះព្រំដែន និងបញ្ហាសង្គម ពីបទញុះញង់ និងប្រមាថ ដែលអាចជាប់ពន្ធនាគារ២ឆ្នាំ ប្រសិនបើតុលាការរកឃើញថា កញ្ញាមានទោស។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ឱ្យដឹងនៅថ្ងៃទី២០ ខែឧសភាថា កញ្ញា ខែម ស្រីមុំ ឈ្មោះដើម ហ៊ីម មុំ ត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែ ម២ ព្រៃស កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយចោទពីបទ “ញុះញង់ និងប្រមាថ”។
កញ្ញា ខែម ស្រីមុំ ត្រូវបានចាប់ខ្លួនពីបន្ទប់ជួលរបស់កញ្ញាស្ថិតក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ សកម្មជនរូបនេះមានអាយុ ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិនិគមលើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្សបានចាត់ទុកការចាប់ខ្លួនសកម្មជនរូបនេះថា ជាការរំលោភបំពានសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិកាន់តែខ្លាំង ខណៈមនុស្សជាង ១០០នាក់ហើយ ត្រូវបានផ្ដន្ទាទោស និងចោទប្រកាន់ជុំវិញការសម្ដែងមតិទាក់ទងនឹងបញ្ហាព្រំដែន សិទ្ធិការងារ បរិស្ថាន និងសិទ្ធិនយោបាយជាដើម៕









