

អ្នកតាមដានបញ្ហាសង្គមលើកឡើងថា កម្ពុជាក្លាយជាគោលដៅរបស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ ដោយសាររដ្ឋាភិបាលត្រកូល «ហ៊ុន» កាងការពារតាមរយៈការលក់សញ្ជាតិខ្មែរ និងខ្វះប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ។ ជាមួយគ្នានេះ ពួកគាត់ថា ការទម្លាក់កំហុសទៅលើប្រទេសថៃក្នុងរឿងឧក្រិដ្ឋកម្មនេះ គ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍រឿងយោធាថៃកំពុងឈ្លានពានទឹកដីខ្មែរនៅតាមព្រំដែន និងអាចនាំគ្រោះថ្នាក់សម្រាប់ជាតិបន្ថែមទៀត។ ការលើកឡើងនេះ ធ្វើឡើងក្រោយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថា កម្ពុជារងគ្រោះពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដោយសារបណ្ដាញឧក្រិដ្ឋជនហូរចូលពីប្រទេសថៃ។
អ្នកឃ្លាំមើលមើលឃើញថា រដ្ឋអំណាចដឹកនាំរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ជាពិសេសក្នុងអាណត្តិរបស់លោក ហ៊ុន សែន ខ្លួនឯងគឺជាអ្នករៀបចំជាប្រព័ន្ធ និងការពារបណ្ដាញឧក្រិដ្ឋជនឱ្យមានឧស្សាហកម្មឆបោកតាមអនឡាញនៅពាសពេញទឹកដីកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក គឹម សុខ លើកឡើងថា កម្ពុជាកំពុងរងគ្រោះធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ហើយអ្នកដែលបង្កើត និងធ្វើជាខ្នងបង្អែកការពារបណ្ដាញឧក្រិដ្ឋកម្មទាំងនេះមិនមែនបណ្ដាប្រទេសជិតខាងឡើយ គឺរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល «ហ៊ុន» ខ្លួនឯង។ លោក គឹម សុខ បន្តថា ការថ្លែងរបស់លោក ហ៊ុន សែន ដែលទម្លាក់កំហុស និងដៀមដាមលើភាគីថៃថា ជាប្រភពនាំឱ្យកម្ពុជារងគ្រោះពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ អាចធ្វើឱ្យថៃមិនពេញចិត្ត និងបង្កភាពតានតឹងបន្ថែម។ ទោះជាយ៉ាងណា លោកយល់ថា ថៃទំនងមិនបើកការវាយប្រហារឈ្លានពានកម្ពុជាទ្រង់ទ្រាយធំដូចជាពេលកន្លងទៅឡើយ ដរាបណារដ្ឋាភិបាលត្រកូល «ហ៊ុន» នៅតែអនុញ្ញាតឱ្យថៃគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធលើទឹកដីកម្ពុជានៅតាមតំបន់ព្រំដែន។
លោក គឹម សុខ៖ «ដោយសារតែក្រុមគ្រួសារ ហ៊ុន គឺជាមេបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាហ្នឹងហើយ ដែលពួកម៉ាហ្វីយ៉ាបរទេស ជាពិសេសជនជាតិចិននោះចូលមកធ្វើប្រតិបត្តិការងាយៗនៅកម្ពុជា បានទាំងតំណែងជាទីប្រឹក្សាលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ផង។ ចំណែក ការហៀរចូលតាមប្រទេសជិតខាងវាមានឥទ្ធិពលតិចតួចទេ ហើយឥទ្ធិពលទាំងនោះ ក៏ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការ បណ្ដាក្រុមហ៊ុនអាជីវកម្មក្នុងរចនាសម្ព័ន្ធឆបោករបស់ក្រុមគ្រួសារហ៊ុនដដែលទេ។ ម្ល៉ោះហើយគឺវិបត្តិនៅកម្ពុជាមូល បង្កឡើងពីអំណាចក្រុមគ្រួសារហ៊ុននៅប្រទេសកម្ពុជាហ្នឹងឯង»។
ការលើកឡើងបែបនេះក្រោយពេលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទទួលស្គាល់ថា សេដ្ឋកិច្ច និងមុខមាត់កម្ពុជាត្រូវបានបំផ្លាញដោយសារតែបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានានៅរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែឧសភាលោក ហ៊ុន សែន អះអាងថា កម្ពុជាមិនបណ្ដោយឱ្យឧក្រិដ្ឋជនឆបោកតាមអនឡាញបន្តមានវត្តមានទៀតឡើយ ដោយសារតែក្រុមនេះជាពួកម៉ាហ្វីយ៉ា (Mafia) អាចបង្កហានិភ័យដល់អាយុជីវិតពលរដ្ឋ និងថ្នាក់ដឹកនាំកម្ពុជា។ លោក ហ៊ុន សែន ក៏បានថ្លែងដាក់បន្ទុកភាគីថៃថា ជាប្រភពដែលបង្ហូរបណ្ដេញឧក្រិដ្ឋជនឱ្យចូលទឹកដីកម្ពុជា។
លោក ហ៊ុន សែន៖ «តើគេចូលមកប្រទេសយើងតាមប្រទេសណា? ឥឡូវអ្នកទាំងហ្នឹងមិនទាន់ចាកចេញពីកម្ពុជាទេ សួរចម្លើយឱ្យច្បាស់ ព្រោះមានប្រទេសខ្លះ មានអ្នកខ្លះ ព្យាយាមដាក់កំហុសមកលើយើង ក្នុងពេលដែលអ្នកទាំងនោះបានចូលមកប្រទេសយើងតាមប្រទេសរបស់គេ។ ខ្ញុំបានស្នើសុំឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ខ្ញុំថា ដោយសារតែអ្នកដែលសម្លាប់និស្សិតកូរ៉េហ្នឹងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ ខ្ញុំបានស្នើសុំចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថា សូមចែករំលែកព័ត៌មាន តើហេតុអ្វីបានជាគេជ្រើសរើសកម្ពុជាធ្វើជាកន្លែងសម្លាប់និស្សិតកូរ៉េ ក្នុងពេលដែលមេខ្លោងរបស់គេនៅឯប្រទេសថៃ?»។
ទន្ទឹមនឹងការទម្លាក់កំហុសដល់ភាគីថៃ លោក ហ៊ុន សែន ក៏បាននិយាយការពារប្រទេសវៀតណាមថា បានអនុវត្តច្បាប់គ្រប់គ្រងតឹងរ៉ឹងក្នុងការទប់ស្កាត់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក គឹម សុខ លើកឡើងថា បណ្ដាញក្រុមឧកញ៉ាស្និទ្ធនឹងលោក ហ៊ុន សែន ដែលធ្លាប់សហការជាមួយភាគីថៃរកស៊ីលើឧស្សាហកម្មឆបោកតាមអនឡាញកំពុងមានទំនាក់ទំនងល្អក់កករក្រោយផ្ទុះសង្គ្រាម។ ទោះជាយ៉ាងណា លោកថា លោក ហ៊ុន សែន នៅតែព្យាយាមការពារភាគីវៀតណាម ដោយសារខ្លាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយក្រុមម៉ាហ្វីយ៉ាវៀតណាម។
លោក គឹម សុខ៖ «ដូច្នេះ វាហាក់ដូចជាចម្លែកខ្លាំងណាស់ ជាមួយភាគីថៃក៏ផ្ទុះចេញព័ត៌មានខ្ចរខ្ចាយអំពីការឆបោកអនឡាញ ក៏ប៉ុន្តែប្រព័ន្ធឆបោកអនឡាញលើទឹកដីកម្ពុជានៅក្បែរព្រំដែនវៀតណាម ទាំងលើភ្នំបូកគោត្រួតត្រាដោយលោក សុខ គង់ មនុស្សស្និទ្ធនឹងវៀតណាមដំណើរការឆបោកលុយយ៉ាងប្រក្រតី។ រឿងដ៏ចម្លែកបែបហ្នឹងហើយ ដែលលោក ហ៊ុន សែន ព្យាយាមឆ្លៀតសរសើរភាគីវៀតណាម ដែលបន្តឱ្យក្រុមគ្រួសារ ហ៊ុន ហ្នឹង អាចដំណើរការឧស្សាហកម្មឆបោកអនឡាញ ប្រមូលលុយចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងអំណាចក្រុមគ្រួសារ ហ៊ុន បន្តទៀតនោះ»។
ជាមួយគ្នានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ទោះបីបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញហូរចូលពីប្រទេស ឬច្រកណាក៏ដោយ រដ្ឋាភិបាលកម្ពុជានៅតែត្រូវទទួលខុសត្រូវដោយសារតែកម្សោយនៃការដឹកនាំរបស់ខ្លួនខ្វះប្រព័ន្ធគ្រប់គ្រង និងការត្រួតពិនិត្យឱ្យមានប្រសិទ្ធភាព។ លោកបន្តថា ការទម្លាក់កំហុស ឬការចោទប្រកាន់លើប្រទេសជិតខាងជាពិសេសថៃនោះក៏អាចជាការនាំគ្រោះថ្នាក់ដល់ប្រទេសជាតិបន្ថែមទៀត។
លោក ស៊ឹង សែនករុណា៖ «មេដឹកនាំគប្បីធ្វើការស្រាវជ្រាវព័ត៌មានឱ្យមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ ជាជាងយើងទៅប្រើប្រាស់នូវភាសាជាសាធារណៈដោយអត់មានមូលដ្ឋាន ហើយយើងចេះតែវាយតម្លៃទៅដាក់ប្រទេសនេះប្រទេសនោះ ជាពិសេសប្រទេសថៃអ៊ីចឹង វាអាចមានបញ្ហាមកដល់ប្រទេសយើងបន្តទៀត។ គប្បីមានការស្រាវជ្រាវឱ្យចំគោលដៅ ហើយបើរកឃើញមេដឹកនាំដែលពាក់ព័ន្ធ ជាពិសេសអ្នកដែលមានឥទ្ធិពល មានអំណាចក្បែរៗខ្លួនហ្នឹង ប្រសិនបើពាក់ព័ន្ធ ត្រូវមានវិធានការ ចាប់ខ្លួនយកទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់»។
បណ្ដាញឧក្រិដ្ឋជនអន្តរជាតិដែលពង្រីកឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា ភាគច្រើនមានប្រភពពីប្រទេសចិន ខណៈកម្ពុជាក៏មានជើងហោះហើរត្រង់ជាច្រើនជាមួយចិន។ មិនតែប៉ុណ្ណោះ មេខ្លោងឧក្រិដ្ឋជនចិនដូចជា ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និងឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) ជាដើមត្រូវបានសហរដ្ឋអាមេរិក និងអង្គការជំនាញចង្អុលបង្ហាញថា បានចូលមកសហការជាមួយក្រុមឧកញ៉ានៅកម្ពុជា ដើម្បីពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញ ក្រោមការកាងការពារតាមរយៈការផ្ដល់តួនាទីជាទីប្រឹក្សា និងលក់សញ្ជាតិខ្មែរឱ្យពួកគេដោយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល «ហ៊ុន»៕









