អ្នកឃ្លាំមើល​ថា ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ចូល​កម្ពុជា​ដោយសារ​ភាព​កម្សោយ​នៃ​ការដឹកនាំ​របស់​គ្រួសារ​ត្រកូល «​ហ៊ុន»

0
20
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នក​តាមដាន​បញ្ហា​សង្គម​លើកឡើង​ថា កម្ពុជា​ក្លាយជា​គោលដៅ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ដោយសារ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» កាង​ការពារ​តាមរយៈ​ការ​លក់​សញ្ជាតិ​ខ្មែរ និង​ខ្វះ​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ​។ ជាមួយ​គ្នា​នេះ ពួកគាត់​ថា ការ​ទម្លាក់​កំហុស​ទៅលើ​ប្រទេស​ថៃ​ក្នុង​រឿង​ឧក្រិដ្ឋកម្ម​នេះ គ្រាន់តែ​ជា​ការ​បង្វែរ​ចំណាប់អារម្មណ៍​រឿង​យោធា​ថៃ​កំពុង​ឈ្លានពាន​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន និង​អាច​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​បន្ថែម​ទៀត​។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្រោយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ថា កម្ពុជា​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដោយសារ​បណ្ដាញ​ឧក្រិដ្ឋជន​ហូរ​ចូល​ពី​ប្រទេស​ថៃ។

អ្នកឃ្លាំមើល​មើលឃើញ​ថា រដ្ឋអំណាច​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ជាពិសេស​ក្នុង​អាណត្តិ​របស់​លោក ហ៊ុន សែន ខ្លួនឯង​គឺជា​អ្នក​រៀបចំ​ជា​ប្រព័ន្ធ និង​ការពារ​បណ្ដាញ​ឧក្រិដ្ឋជន​ឱ្យ​មាន​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​ពាសពេញ​ទឹកដី​កម្ពុជា។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ លើកឡើង​ថា កម្ពុជា​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ហើយ​អ្នក​ដែល​បង្កើត និង​ធ្វើជា​ខ្នងបង្អែក​ការពារ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ​មិនមែន​បណ្ដា​ប្រទេសជិតខាង​ឡើយ គឺ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល «​ហ៊ុន​» ខ្លួនឯង​។ លោក គឹម សុខ បន្ត​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ទម្លាក់កំហុស និង​ដៀមដាម​លើ​ភាគី​ថៃ​ថា ជា​ប្រភព​នាំ​ឱ្យ​កម្ពុជា​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ អាច​ធ្វើ​ឱ្យ​ថៃ​មិន​ពេញចិត្ត និង​បង្ក​ភាព​តានតឹង​បន្ថែម​។ ទោះជា​យ៉ាងណា លោក​យល់ថា ថៃ​ទំនង​មិន​បើក​ការវាយប្រហារ​ឈ្លានពាន​កម្ពុជា​ទ្រង់ទ្រាយ​ធំ​ដូចជា​ពេល​កន្លងទៅ​ឡើយ ដរាបណា​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» នៅតែ​អនុញ្ញាត​ឱ្យ​ថៃ​គ្រប់គ្រង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​លើទឹក​ដី​កម្ពុជា​នៅ​តាម​តំបន់​ព្រំដែន។

លោក គឹម សុខ៖ «​ដោយសារតែ​ក្រុម​គ្រួសារ ហ៊ុន គឺជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា​ហ្នឹងហើយ ដែល​ពួក​ម៉ាហ្វីយ៉ា​បរទេស ជាពិសេស​ជនជាតិ​ចិន​នោះ​ចូល​មក​ធ្វើ​ប្រតិបត្តិ​ការ​ងាយៗ​នៅ​កម្ពុជា បាន​ទាំង​តំណែង​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត ផង​។ ចំណែក ការ​ហៀរ​ចូល​តាម​ប្រទេសជិតខាង​វា​មាន​ឥទ្ធិពល​តិចតួច​ទេ ហើយ​ឥទ្ធិពល​ទាំងនោះ ក៏​ស្ថិត​នៅ​ក្រោម​កិច្ច​សហប្រតិបត្តិការ បណ្ដា​ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​រចនាសម្ព័ន្ធ​ឆបោក​របស់​ក្រុម​គ្រួសារ​ហ៊ុន​ដដែល​ទេ​។ ម្ល៉ោះហើយ​គឺ​វិបត្តិ​នៅ​កម្ពុជា​មូល បង្កឡើង​ពី​អំណាច​ក្រុម​គ្រួសារ​ហ៊ុន​នៅ​ប្រទេស​កម្ពុជា​ហ្នឹងឯង»។

ការ​លើកឡើង​បែបនេះ​ក្រោយពេល​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ទទួលស្គាល់​ថា សេដ្ឋកិច្ច និង​មុខមាត់​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយសារតែ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ​អង្គភាព​នានា​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែឧសភា​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​បណ្ដោយ​ឱ្យ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​បន្ត​មាន​វត្តមាន​ទៀត​ឡើយ ដោយសារតែ​ក្រុម​នេះ​ជា​ពួក​ម៉ាហ្វីយ៉ា (Mafia) អាច​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កម្ពុជា​។ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ដាក់បន្ទុក​ភាគី​ថៃ​ថា ជា​ប្រភព​ដែល​បង្ហូរ​បណ្ដេញ​ឧក្រិដ្ឋជន​ឱ្យ​ចូល​ទឹកដី​កម្ពុជា។

លោក ហ៊ុន សែន៖ «​តើ​គេ​ចូល​មក​ប្រទេស​យើង​តាម​ប្រទេស​ណា​? ឥឡូវ​អ្នក​ទាំង​ហ្នឹង​មិនទាន់​ចាក​ចេញពី​កម្ពុជា​ទេ សួរចម្លើយ​ឱ្យ​ច្បាស់ ព្រោះ​មាន​ប្រទេស​ខ្លះ មាន​អ្នកខ្លះ ព្យាយាម​ដាក់​កំហុស​មក​លើ​យើង ក្នុងពេលដែល​អ្នក​ទាំង​នោះ​បាន​ចូល​មក​ប្រទេស​យើង​តាម​ប្រទេស​របស់​គេ​។ ខ្ញុំ​បាន​ស្នើ​សុំ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង ខ្ញុំ​ថា ដោយសារតែ​អ្នក​ដែល​សម្លាប់​និស្សិត​កូរ៉េ​ហ្នឹង​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ថៃ ខ្ញុំ​បាន​ស្នើ​សុំ​ចំពោះ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ថា សូម​ចែករំលែក​ព័ត៌មាន តើ​ហេតុអ្វី​បានជា​គេ​ជ្រើសរើស​កម្ពុជា​ធ្វើជា​កន្លែង​សម្លាប់​និស្សិត​កូរ៉េ ក្នុងពេលដែល​មេខ្លោង​របស់​គេ​នៅ​ឯ​ប្រទេស​ថៃ​?»។

ទន្ទឹមនឹង​ការ​ទម្លាក់​កំហុស​ដល់​ភាគី​ថៃ លោក ហ៊ុន សែន ក៏បាន​និយាយ​ការពារ​ប្រទេស​វៀតណាម​ថា បាន​អនុវត្ត​ច្បាប់​គ្រប់គ្រង​តឹងរ៉ឹង​ក្នុង​ការ​ទប់ស្កាត់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ លើកឡើង​ថា បណ្ដាញ​ក្រុម​ឧកញ៉ា​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ដែល​ធ្លាប់​សហការ​ជាមួយ​ភាគី​ថៃ​រកស៊ី​លើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​កំពុង​មាន​ទំនាក់ទំនង​ល្អក់កករ​ក្រោយ​ផ្ទុះ​សង្គ្រាម​។ ទោះជា​យ៉ាងណា លោក​ថា លោក ហ៊ុន សែន នៅតែ​ព្យាយាម​ការពារ​ភាគី​វៀតណាម ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​ទំនាក់​ទំនងជា​មួយ​ក្រុម​ម៉ាហ្វីយ៉ា​វៀតណាម។

លោក គឹម សុខ៖ «​ដូច្នេះ វា​ហាក់ដូចជា​ចម្លែក​ខ្លាំង​ណាស់ ជាមួយ​ភាគី​ថៃ​ក៏​ផ្ទុះ​ចេញ​ព័ត៌មាន​ខ្ចរខ្ចាយ​អំពី​ការ​ឆបោក​អនឡាញ ក៏ប៉ុន្តែ​ប្រព័ន្ធ​ឆបោក​អនឡាញ​លើ​ទឹកដី​កម្ពុជា​នៅ​ក្បែរ​ព្រំដែន​វៀតណាម ទាំង​លើ​ភ្នំ​បូកគោ​ត្រួតត្រា​ដោយ​លោក សុខ គង់ មនុស្ស​ស្និទ្ធ​នឹង​វៀតណាម​ដំណើរការ​ឆបោក​លុយ​យ៉ាង​ប្រក្រតី​។ រឿង​ដ៏​ចម្លែក​បែប​ហ្នឹងហើយ ដែល​លោក ហ៊ុន សែន ព្យាយាម​ឆ្លៀត​សរសើរ​ភាគី​វៀតណាម ដែល​បន្ត​ឱ្យ​ក្រុម​គ្រួសារ ហ៊ុន ហ្នឹង អាច​ដំណើរការ​ឧស្សាហកម្ម​ឆបោក​អនឡាញ ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ ហ៊ុន បន្ត​ទៀត​នោះ»។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា លើកឡើង​ថា ទោះបី​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ហូរ​ចូល​ពី​ប្រទេស ឬ​ច្រក​ណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​នៅតែ​ត្រូវ​ទទួលខុសត្រូវ​ដោយសារតែ​កម្សោយ​នៃ​ការដឹកនាំ​របស់​ខ្លួន​ខ្វះ​ប្រព័ន្ធ​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ​ឱ្យ​មាន​ប្រសិទ្ធភាព​។ លោក​បន្តថា ការ​ទម្លាក់​កំហុស ឬ​ការចោទប្រកាន់​លើ​ប្រទេសជិតខាង​ជាពិសេស​ថៃ​នោះ​ក៏​អាច​ជា​ការ​នាំ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​បន្ថែម​ទៀត។

លោក ស៊ឹង សែន​ករុណា៖ «មេដឹកនាំ​គប្បី​ធ្វើការ​ស្រាវជ្រាវ​ព័ត៌មាន​ឱ្យ​មាន​មូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ ជាជាង​យើង​ទៅ​ប្រើ​ប្រាស់​នូវ​ភាសា​ជា​សាធារណៈ​ដោយ​អត់​មាន​មូលដ្ឋាន ហើយ​យើង​ចេះតែ​វាយតម្លៃ​ទៅ​ដាក់​ប្រទេស​នេះ​ប្រទេស​នោះ ជាពិសេស​ប្រទេស​ថៃ​អ៊ីចឹង វា​អាច​មាន​បញ្ហា​មកដល់​ប្រទេស​យើង​បន្ត​ទៀត​។ គប្បី​មានការ​ស្រាវជ្រាវ​ឱ្យ​ចំ​គោលដៅ ហើយ​បើ​រក​ឃើញ​មេដឹកនាំ​ដែល​ពាក់ព័ន្ធ ជាពិសេស​អ្នក​ដែល​មាន​ឥទ្ធិពល មានអំណាច​ក្បែរៗ​ខ្លួន​ហ្នឹង ប្រសិនបើ​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ ចាប់ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់»។

បណ្ដាញ​ឧក្រិដ្ឋជន​អន្តរជាតិ​ដែល​ពង្រីក​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ភាគច្រើន​មាន​ប្រភព​ពី​ប្រទេស​ចិន ខណៈ​កម្ពុជា​ក៏​មាន​ជើងហោះហើរ​ត្រង់​ជាច្រើន​ជាមួយ​ចិន​។ មិនតែប៉ុណ្ណោះ មេខ្លោង​ឧក្រិដ្ឋជន​ចិន​ដូចជា ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និង​ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) ជាដើម​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​អង្គ​ការជំ​នាញ​ចង្អុលបង្ហាញ​ថា បាន​ចូល​មក​សហការ​ជាមួយ​ក្រុម​ឧកញ៉ា​នៅ​កម្ពុជា ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ក្រោម​ការ​កាង​ការពារ​តាមរយៈ​ការ​ផ្ដល់​តួនាទី​ជាទី​ប្រឹក្សា និង​លក់​សញ្ជាតិ​ខ្មែរ​ឱ្យ​ពួកគេ​ដោយ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល «​ហ៊ុន​»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ