សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកសារព័ត៌មាន​ពលរដ្ឋ​ដែល​ជា​អតីត​ព្រះសង្ឃ

0
12
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ របស់​អ្នកសារព័ត៌មាន​ពលរដ្ឋ និង​ជា​អតីត​ព្រះសង្ឃ​លោក ជា វុទ្ធី។ ម្ដាយ​លោក ជា វុទ្ធី រន្ធត់ចិត្ត បន្ទាប់ពី​តុលាការ​នៅតែ​មិន​ដោះលែង​កូនប្រុស ឲ្យ​បាន​ជួប​ម្ដាយ ដែល​កំពុង​ទន្ទឹង​ចាំ​មើល​ផ្លូវ​កូន។

ម្ដាយ​របស់​អតីត​ព្រះ​ភិក្ខុសង្ឃ លោក ជា វុទ្ធី គឺ​លោកស្រី ចាន់ ម៉ៅ ខកចិត្ត ចំពោះ​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​មិន​ព្រម​ដោះលែង កូនប្រុស ឲ្យ​នៅ​ក្រៅ​ឃុំ​។ លោកស្រី មានប្រសាសន៍ថា តុលាការ​កំពុង​ធ្វើ​បាប​កូនប្រុស និង​ដាក់​សម្ពាធ​ផ្លូវចិត្ត​លោកស្រី​ដែល​មាន​វ័យ​កាន់តែ​ចាស់ជរា និង​មាន​សុខភាព​ទ្រុឌទ្រោម។

លោកស្រី និយាយ​ផង យំ​ផង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែមិថុនា នេះ​ថា ជីវិត​លោកស្រី​ពឹង​ផ្អែកលើ​កូនប្រុស​ដោយសារតែ​បច្ចុប្បន្ន លោកស្រី​មានតែ​ពីរ​នាក់​ម្ដាយ​និង​កូន​។ លោកស្រី​ថា ចាប់តាំងពី​កូន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​មក លោកស្រី​បាត់បង់​សា្មរតី និង វង្វេង ព្រោះតែ​តក់ស្លុត និង​ចេះតែ​គិត​ស្រណោះ​អាណិតកូន។

លោកស្រី ចាន់ ម៉ៅ៖ «បើ​ខ្ញុំ​ប្ដូរ​បាន ខ្ញុំ​សុខចិត្ត​ដើរទៅ​ចូល​គុក​ខ្លួនឯង ឲ្យ​តែ​កូន​ខ្ញុំ​រួចខ្លួន គិតថា​ម៉េច​ទេ វង្វេង​ទៀត​ហើយ​ខ្ញុំ​។ ខ្ញុំ​សុំ​ថា រដ្ឋាភិបាល​លោក​តុលាការ អាណិត ខ្ញុំ​ជួយ​ដោះលែង​កូន​ខ្ញុំ​ផង មានតែ​ពីរ​នាក់​ម្ដាយ​និង​កូន ជួប​ការ​លំបាក​ណាស់»។

អង្គការ​លីការដូ (LICADHO) ចេញផ្សាយ​អត្ថបទ​ខ្លី នៅ​ថ្ងៃទី​២៤ ខែមិថុនា​នេះ ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៣ ខែមិថុនា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ជា វុទ្ធី ដែល​ជា​អ្នកសារព័ត៌មាន​ពលរដ្ឋ និង​ជា​អតីត​ព្រះសង្ឃ។

លោក ជា វុទ្ធី ត្រូវ​បាន​ចាប់ខ្លួន កាលពី​ខែ​មេសា ឆ្នាំ​២០២៦ និង​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​ចោទ ប្រកាន់​អតីត​ព្រះសង្ឃ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម​ធ្វើ ការរិះគន់​អំពី​រឿង​ព្រំដែន​កម្ពុជា​-​ថៃ និង​បញ្ហា​ជនភៀសសឹក។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែមិថុនា ថា លោក ជា វុទ្ធី កាល​នៅ​ជា​ព្រះសង្ឃ មាន​ភាព​សកម្ម​ក្នុង​កិច្ចការ​សង្គម បរិស្ថាន ព្រៃឈើ និង​ការងារ​ការពារ​សិទ្ធិមនុស្ស​ជាដើម ហើយ​អ្នកសារព័ត៌មាន ពលរដ្ឋ​រូប​នេះ តែងតែ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​ព័ត៌មាន​។ លោក​បន្ត​ថា ការ​បន្ត​ឃុំខ្លួន​លោក ជា វុទ្ធី មិន​ចំណេញ​អ្វី​ដល់​សង្គមជាតិ​ឡើយ ផ្ទុយទៅវិញ អាច​នឹង​មាន​ការរិះគន់​បន្ថែម​ទៀត ទៅលើ​រដ្ឋាភិបាល ដែល​កំពុង​ដឹកនាំ​ប្រទេស។

លោក អំ សំអាត៖ «ការ​ឃុំខ្លួន​បន្ត​របស់​លោក ជា វុទ្ធី មិន​មាន​អ្វី​ជា​ចំណេញ​ទេ តែ​ផ្ទុយទៅវិញ យើង​ដឹង​ហើយ ការ​ឃុំខ្លួន​នេះ វា​ប៉ះពាល់​ទី​១ គ្រួសារ​របស់​គាត់ ដែល​ពឹង​ផ្អែកលើ​កូន ទី​២ វា​ប៉ះពាល់​ទៅដល់​ការ​បន្ត​ការសិក្សា​របស់​គាត់ ។ គាត់​ត្រូវ​បន្ត​ការសិក្សា​ជា​បន្ត​ទៅ​ទៀត​។ ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន មិនមែន​ថា បញ្ចប់​នីតិវិធី នៅ​តុលាការ​ទេ គឺ​នីតិវិធី​នៅតែ​ដើរ​អ៊ីចឹង នៅ​ពេល​ដែល​តុលាការ​រក​ឃើញថា មាន​កំហុស អាហ្នឹង​យើង​អនុវត្ត​ច្បាប់​មកវិញ ក៏​វា​អត់​មាន​បញ្ហា​ដែរ​។ អ៊ីចឹង ការ​ឃុំខ្លួន​ហ្នឹង វា​អត់​មានអី​ចំណេញ ផ្ទុយទៅវិញ វា​អាច​មាន​ការរិះគន់ បន្ថែម​តទៅទៀត»។

អ្នកឃ្លាំមើល និង ពលរដ្ឋ​ទូទៅ​ចាត់ទុក​ការ​ឃុំខ្លួន​អតីត​ព្រះសង្ឃ ជា វុទ្ធី គឺជា​ការ​បំបិទ​សំឡេង​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ ពួកគាត់​ថា រដ្ឋាភិបាល​គ្រួសារ ត្រកូល​ហ៊ុន បង្ហាញ​ចេតនា​អនុវត្ត​ផែនការ​បំបាក់ស្មារតី​ពលរដ្ឋ​ផ្សេងទៀត​មិន​ឲ្យ និយាយ​អំពី​កំហុស​ដឹកនាំ​របស់​គ្រួសារ​ហ៊ុន ទាក់ទង​នឹង​វិបត្តិ​សង្គម​នានា ជាពិសេស បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កម្ពុជា​បាត់បង់​ទឹកដី​ទៅ ក្រោម​ការ​កាន់កាប់​របស់​ភាគី​ថៃ កាន់​តែ​ច្រើន​ទីតាំង។

គិត​មកដល់​ពេល​នេះ មាន​ពលរដ្ឋ ជាង​១០០​នាក់​ហើយ រួមមាន ព្រះសង្ឃ កម្មករ សកម្មជន​សង្គម សកម្មជន​នយោបាយ និង​អ្នកសារព័ត៌មាន​ជាដើម ត្រូវ​បាន​រដ្ឋាភិបាល គ្រួសារ​ត្រកូល​ហ៊ុន​ឃុំខ្លួន​ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​និយាយ​ពី​បញ្ហា​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ