អ្នកឃ្លាំមើល​សង្គម​ថា ពាក្យ «​រួបរួម​» ដើម្បី​ការពារ​ជាតិ​របស់​លោក ហ៊ុន សែន គឺ​និយាយ​ឱ្យ​តែ​ល្អ​ស្តាប់

0
86
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម​ថា អត្ថន័យ​នៃ​ការ​រួបរួម​របស់​ប្រធាន​គណបក្ស​ប្រជាជន​លោក ហ៊ុន សែន ដែល​បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​មានការ​រួបរួម​គ្នា​ទើប​ធ្វើ​ឲ្យ​កម្ពុជា​មាន​កម្លាំង​ខ្លាំង អាច​ការពារ​ទឹកដី​ខ្មែរ​បាន គឺ​ចង់​សំដៅ​ឲ្យ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ទាំងអស់ ទៅ​ជ្រក​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា​។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត នៅ​ថ្ងៃទី​២៨ ខែមិថុនា ដែល​ជា​ខួប​៧៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អំពាវនាវ​ឲ្យ​មានការ​រួបរួម​គ្នា ទើប​អាច​ការពារ​បូរណភាព​ទឹកដី និង​អត្តសញ្ញាណ​ជាតិខ្មែរ​បាន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា អត្ថន័យ​នៃ​ការ​រួបរួម​របស់​លោក ហ៊ុន សែន គឺ ចង់​សំដៅ​ទៅលើ អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ទាំងអស់​ទៅ​ជ្រក​ក្រោម​គណបក្ស​ប្រជាជន ឬក៏​ទៅ​ជ្រក​ក្រោម​ការដឹកនាំ​របស់ គណបក្សកាន់អំណាច​ទើប​ហៅថា​ការ​រួបរួម​។ ប៉ុន្តែ​បើ​អ្នកណា​មានគំនិត​ផ្ទុយ ទស្សនៈ​ផ្ទុយ ហើយ​ប្រឆាំង​នឹង​ការដឹកនាំ ដែល​មិន​រណប មិន​ចូលរួម​ជាមួយនឹង​គណ​បក្ស​កាន់អំណាច គឺ​លោក​ចាត់ទុកថា​មិនមែន​ជា​ការ​រួបរួម​ជាតិ​នោះ​ទេ។

លោក ស៊ឹង សែន​ករុណា បន្ថែមទៀត​ថា តាម​ការសង្កេត​របស់​លោក​កន្លងមក​ឃើញ​មាន ដូចជា​គណបក្ស​ដែល​រណប​គណបក្ស​ប្រជាជន គឺ​មានតែ​គណបក្ស ហើយ​មិន​ធ្វើ​សកម្មភាព​រិះគន់​ចំណុច​ខ្វះ​ខាត់​របស់​រដ្ឋាភិបាល មិន​រិះគន់​ការដឹកនាំ​របស់​គណបក្ស​កាន់អំណាច នោះ​ទើប​អាច​រស់នៅ​បាន​សុខ។

លោក ស៊ឹង សែនករុណា៖ «ក៏ប៉ុន្តែ បើសិនជា​គណបក្ស​ណា សកម្មជន​នយោបាយ​ណា មេដឹកនាំ​នយោបាយ​ណា​ដែល​ហ៊ាន​រិះគន់ ចំៗ​ទៅលើ​ការដឹកនាំ​មិន​ត្រឹមត្រូវ មិន​ច្បាស់លាស់​របស់​លោក ហ៊ុន សែន ឬក៏​គណបក្សកាន់អំណាច​បច្ចុប្បន្ន​ហ្នឹង ច្បាស់​ណាស់ ច្បាស់​ជា​មិនអាច​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​បានទេ ឬក៏​ធ្វើ​នយោបាយ​នៅក្នុង​ប្រទេស គឺ​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​អញ្ចឹង​ទៅ​។ ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ ចាប់​ដាក់​ឃុំ​អញ្ចឹង​ទេ»។

ការ​អះអាង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ទាប់​ពី​ក្នុង​សារលិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៨ ខែមិថុនា ប្រមុខ​បក្ស​កាន់អំណាច​រូប​នេះ​បាន​បញ្ជាក់​ថា មានតែ​ការ​រួបរួម​គ្នា ខិតខំ​ធ្វើ​ឲ្យ​កម្ពុជា​មាន​កម្លាំង​ខ្លាំង ទាំង​សេដ្ឋកិច្ច យោធា និង​នយោបាយ​ប៉ុណ្ណោះ ទើប​អាច​ការពារ​បូរណភាព​ទឹកដី និង​អត្តសញ្ញាណ​ជាតិខ្មែរ​បាន។

នៅក្នុង​សារលិខិត​ដដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រឈម​ការ​លំបាក និង​ឧបសគ្គ​ជាច្រើន​ដែល​បណ្តាល​មក​ពី​កត្តា​ខាងក្នុង​ផង និង​កត្តា​ខាងក្រៅ​ផង​។ ការ​ប្រឈម​ពី​កត្តា​ខាងក្រៅ​គឺ​ពិបាក​ប៉ាន់ស្មាន​បំផុត​។ ប៉ុន្តែ​គណបក្សកាន់អំណាច ប្តូរផ្តាច់​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ និង​សន្តិភាព​ឲ្យ​បាន​គង់វង្ស។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ធ្វើ​ឲ្យ​កម្ពុជា​ខ្លាំង ដោយ​ការ​រួបរួម​គ្នា ការ​ពង្រឹង​កម្លាំង​នយោបាយ កម្លាំងយោធា មិនមែន​អាច​សម្រេច​បាន​ដោយ​ការ​សូត្រ​ទ្រឹស្ដី ដូច​លោក ហ៊ុន សែន​ទេ គឺ​ទាល់តែ​ធ្វើ​ជាក់ស្ដែង គឺ​អនុវត្ត​តាម​ស្មារតី​និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ដោយ​បើក​ឲ្យ​មានការ​ផ្សះផ្សា បង្រួបបង្រួម​ជាតិ បើក​ឲ្យ​មានការ​ប្រកួតប្រជែង​នយោបាយ ត្រឹមត្រូវ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា លោក​យល់ឃើញ​ថា ការអះអាង របស់​លោក ហ៊ុន សែន ផ្ទុយ​ពី​តថភាព​សង្គម និង​នយោបាយ​ជាក់ស្តែង​នៅពេល​បច្ចុប្បន្ន​។ លោក សេង វណ្ណលី កត់សម្គាល់​ថា លោក ហ៊ុន សែន តែងតែ​លើកឡើង​ពី​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​នេះ​លោក ថា​គ្រាន់តែ​ជា​សន្តិភាព​ផ្នែក​រូបវន្ត ឬក៏​ជា​ស្ថិរភាព​ដែល​កើត​ចេញ​ពី​ការគាបសង្កត់​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិនមែន​ជា​សន្តិភាព​សង្គម​ពិតប្រាកដ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ទេ។

លោក សេង វណ្ណលី៖ «សន្តិភាព​នយោបាយ​បច្ចុប្បន្ន​បាន​បង្ហាញ​ឱ្យ​កាន់តែ​ច្បាស់​ពី​ការ​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ការ​រំលាយ​គណបក្សប្រឆាំង ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ដីធ្លី និង​សកម្មជន​បរិស្ថាន​ជា​បន្តបន្ទាប់ ដែល​ទង្វើ​ទាំងនេះ​បាន​ធ្វើ​ឱ្យ​លំហ​សេរីភាព​របស់​ប្រជាពលរដ្ឋ​រួម​តូច រហូតដល់​ថ្នាក់ មិន​ហ៊ាន​បញ្ចេញមតិ រិះគន់​រដ្ឋាភិបាល»។

អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​រូបនេះ​បន្ថែម​ថា ស្ថិរភាព​នយោបាយ​ដែល​លោក ហ៊ុន សែន តែងតែ លើក​យក​មក​ធ្វើជា​ខ្នងបង្អែក ការពារ​អំណាច​របស់​បក្ស គឺជា​រូបភាព​នៃ​ការ​រក្សា​អំណាច​ដាច់​មុខ​របស់​គ្រួសារនិយម និង​បក្ខពួក​និយម​ដែល​ផ្ទុយ​ស្រឡះ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ផ្ដោត​តែ​លើ​ការ​រក្សា​អំណាច​គ្រួសារ ជាជាង​ផលប្រយោជន៍​ជាតិ ហើយ​តុលាការ​គ្រាន់តែ​ជា​ឧបករណ៍​បំបិទ​សិទ្ធិ​គូប្រជែង និង អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ