

សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសបុគ្គលិកធនាគារម្នាក់ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់» ដោយផ្អែកលើការសន្ទនាក្នុងក្រុមតេឡេក្រាម ពាក់ព័ន្ធនឹងករណីរិះគន់ថ្នាក់ដឹកនាំ។ សង្គមស៊ីវិលលើកឡើងថា បើការបញ្ចេញមតិ ដើម្បីកែលម្អសង្គមត្រូវបានរឹតត្បិត និងគំរាមកំហែង នោះនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ របស់ប្រទេសជាតិ។
រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្ដរឹតបន្តឹងលើសេរីភាពបញ្ចេញមតិរបស់ ប្រជាពលរដ្ឋ ដោយគ្មានការលើកលែង។ ក្រុមអ្នកឃ្លាំមើល និងមន្ត្រីសិទ្ធិមនុស្ស លើកឡើងថា លោក ហ៊ុន ម៉ាណែត កំពុងដឹកនាំរដ្ឋាភិបាលមួយ ដែលមានដំណើរការបញ្ច្រាស ពីខ្លឹមសារ និងស្មារតី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងកតិការសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
បុគ្គលិកធនាគារ គឺលោក ម៉ៃ បុត្រ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៧ ខែមេសា នៅកន្លែងធ្វើការងារ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ក្រោយលោកបានផ្ញើជាកម្រងសារសន្ទនា ក្នុងក្រុមតេឡេក្រាមមួយ។ កម្រងសារសន្ទនារបស់លោក មានខ្លឹមសាររិះគន់ថ្នាក់ដឹកនាំ ប៉ុន្តែពុំមានប្រភពបញ្ជាក់ ថាតើលោកប្រើពាក្យពេចន៍ បែបណា ក្នុងសាររិះគន់នោះទេ។ ទូរទស្សន៍អាស៊ីសេរីមិនទាន់អាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសួរបញ្ជាក់ ពាក់ព័ន្ធរឿងនេះ បានទេ នៅថ្ងៃទី០១ ខែកក្កដា។
អង្គការលីកាដូ ចេញផ្សាយអត្ថបទខ្លី នៅថ្ងៃទី០១ ខែកក្កដានេះ ថា សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា បានផ្ដន្ទាទោសបុគ្គលិកធនាគារម្នាក់ គឺលោក ម៉ៃ បុត្រ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល (ឬ ប្រមាណ១ពាន់ដុល្លារអាមេរិក) ពីបទ «ញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លីកាដូថា ក្រោយប្រកាសសាលក្រម លោក ម៉ៃ បុត្រ ត្រូវបានបញ្ជូនទៅឃុំខ្លួនវិញ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា បើការបញ្ចេញមតិ ដើម្បីកែលម្អសង្គម ត្រូវបានរឹតត្បិត និង គំរាមកំហែង នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ របស់ប្រទេសជាតិ។ លោកថា ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ លើកលែងតែមតិទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យការពារជាតិ សន្តិសុខជាតិ និងសិទ្ធិបុគ្គល។
លោក អំ សំអាត៖ «អ៊ីចឹងបើសិនជាបញ្ហាអ្នកសកម្ម នៅក្នុងការបញ្ចេញមតិតាមបណ្ដាញសង្គម ការរិះគន់ ដើម្បីស្ថាបនា ឬក៏អ្នកដែលបញ្ចេញមតិផ្សេងៗទៀត ហើយត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងធ្វើការផ្ដន្ទាសទោស ដោយមិន មានហេតុផលច្បាស់ អាហ្នឹងគឺនាំឲ្យប៉ះពាល់ដល់សេរីភាពនៅក្នុងការ បញ្ចេញមតិ ហើយវាអាចមានការរិះគន់សម្រាប់ សេរីភាពក្នុងបញ្ចេញមតិនៅកម្ពុជា ដែលជា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សហ្នឹង»។
មកដល់ពេលនេះ មានពលរដ្ឋខ្មែរ សកម្មជនសង្គម និងសកម្មជននយោបាយ ជាង ១០០នាក់ហើយ ដែលត្រូវរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន ចាប់ដាក់ពន្ធនាគារ ដោយសារការបញ្ចេញមតិ រួមទាំង ធ្វើសកម្មភាពសង្គម និងនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ៕








