តុលាការ​​ផ្ដន្ទាទោស​បុគ្គលិក​ធនាគារ​ម្នាក់​២​ឆ្នាំ​ពី​បទ​ញុះញង់​ដែល​សន្ទនា​ក្នុង​ក្រុម​តេឡេក្រាម​រិះគន់​ថ្នាក់​ដឹកនាំ

0
92
បុគ្គលិក​ធនាគារ គឺ​លោក ម៉ៃ បុត្រ ត្រូវ​បាន​ចាប់ខ្លួន នៅ​កន្លែងធ្វើការ​ងារ ក្នុងស្រុក​ន្ទាយមាស ខេត្ត​កំពត កាលពី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២៦។ រូប៖ លីកាដូ
បុគ្គលិក​ធនាគារ គឺ​លោក ម៉ៃ បុត្រ ត្រូវ​បាន​ចាប់ខ្លួន នៅ​កន្លែងធ្វើការ​ងារ ក្នុងស្រុក​ន្ទាយមាស ខេត្ត​កំពត កាលពី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២៦។ រូប៖ លីកាដូ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​បុគ្គលិក​ធនាគារ​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពី​បទ «ញុះញង់​» ដោយ​ផ្អែកលើ​ការសន្ទនា​ក្នុង​ក្រុម​តេឡេក្រាម ពាក់ព័ន្ធ​នឹង​ករណី​រិះគន់​ថ្នាក់ដឹកនាំ​។ សង្គម​ស៊ីវិល​លើកឡើង​ថា បើ​ការ​បញ្ចេញមតិ ដើម្បី​កែ​លម្អ​សង្គម​ត្រូវ​បាន​រឹតត្បិត និង​គំរាមកំហែង នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ របស់​ប្រទេសជាតិ។

រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែ​បន្ដ​រឹត​បន្តឹង​លើ​សេរីភាព​បញ្ចេញមតិ​របស់ ប្រជាពលរដ្ឋ ដោយ​គ្មាន​ការលើកលែង​។ ក្រុម​អ្នកឃ្លាំមើល និង​មន្ត្រី​សិទ្ធិមនុស្ស លើកឡើង​ថា លោក ហ៊ុន ម៉ា​ណែត កំពុង​ដឹកនាំ​រដ្ឋាភិបាល​មួយ ដែល​មាន​ដំណើរការ​បញ្ច្រាស ពី​ខ្លឹមសារ និង​ស្មារតី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកា​រសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

បុគ្គលិក​ធនាគារ គឺ​លោក ម៉ៃ បុត្រ ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី ១៧ ខែមេសា នៅ​កន្លែងធ្វើការ​ងារ ក្នុងស្រុក​បន្ទាយមាស ខេត្ត​កំពត ក្រោយ​លោក​បាន​ផ្ញើ​ជា​កម្រង​សារ​សន្ទនា ក្នុង​ក្រុម​តេឡេក្រាម​មួយ​។ កម្រង​សារ​សន្ទនា​របស់​លោក មាន​ខ្លឹមសារ​រិះគន់​ថ្នាក់ដឹកនាំ ប៉ុន្តែ​ពុំ​មាន​ប្រភព​បញ្ជាក់ ថា​តើ​លោក​ប្រើ​ពាក្យពេចន៍ បែប​ណា ក្នុង​សារ​រិះគន់​នោះ​ទេ។ ទូរទស្សន៍​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សួរ​បញ្ជាក់ ពាក់ព័ន្ធ​រឿង​នេះ បានទេ នៅ​ថ្ងៃទី​០១ ខែ​កក្កដា។

អង្គការ​លីកាដូ ចេញផ្សាយ​អត្ថបទ​ខ្លី នៅ​ថ្ងៃទី​០១ ខែកក្កដា​នេះ ថា សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមិថុនា បាន​ផ្ដន្ទាទោស​បុគ្គលិក​ធនាគារ​ម្នាក់ គឺ​លោក ម៉ៃ បុត្រ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល (​ឬ ប្រមាណ​១​ពាន់​ដុល្លារ​អាមេរិក​) ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ លីកាដូ​ថា ក្រោយ​ប្រកាស​សាលក្រម លោក ម៉ៃ បុត្រ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​វិញ នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បើ​ការ​បញ្ចេញមតិ ដើម្បី​កែ​លម្អ​សង្គម ត្រូវ​បាន​រឹតត្បិត និង គំរាមកំហែង នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ របស់​ប្រទេសជាតិ​។ លោក​ថា ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ លើកលែងតែ​មតិ​ទាំងឡាយ​ណា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ និង​សិទ្ធិ​បុគ្គល។

លោក អំ សំអាត៖ «​អ៊ីចឹង​បើសិនជា​បញ្ហា​អ្នក​សកម្ម នៅក្នុង​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម ការរិះគន់ ដើម្បី​ស្ថាបនា ឬក៏​អ្នក​ដែល​បញ្ចេញមតិ​ផ្សេងៗ​ទៀត ហើយ​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និង​ធ្វើការ​ផ្ដន្ទា​ស​ទោស ដោយ​មិន មាន​ហេតុផល​ច្បាស់ អាហ្នឹង​គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៅក្នុង​ការ បញ្ចេញមតិ ហើយ​វា​អាច​មាន​ការរិះគន់​សម្រាប់ សេរីភាព​ក្នុង​បញ្ចេញមតិ​នៅ​កម្ពុជា ដែល​ជា ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហ្នឹង»។

មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​ខ្មែរ សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ជាង ១០០​នាក់​ហើយ ដែល​ត្រូវ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ការ​បញ្ចេញមតិ រួម​ទាំង ធ្វើ​សកម្មភាព​សង្គម និង​នយោបាយ ស្របតាម​រដ្ឋធម្មនុញ្ញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ