អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​មនសិការ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក

0
89
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ ដើម្បី​រក្សា និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ព្រមទាំង​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការទូត​កាន់តែ​ប្រសើរ​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្របពេល​សហរដ្ឋអាមេរិក​បង្ហាញ​ជំហរ​ចង់​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ជា​បន្តបន្ទាប់ ជាពិសេស​តាមរយៈ​ផែនការ​រៀបចំ​សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ​» ឡើងវិញ បន្ទាប់ពី​ខកខាន​ចាប់តាំងពី​ឆ្នាំ​២០១៧ មក។

អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ លើកឡើង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​មិនទាន់​មាន​ភាពរឹងមាំ និង​ល្អ​ប្រសើរ​ឡើង​ពេញលេញ​នៅឡើយ​។ ពួកគាត់​យល់ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅតែ​មិនទាន់​មាន​ទំនុកចិត្ត​ពេញលេញ​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នោះ​ទេ ដរាបណា​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​បន្ត​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ​ដោយ​យក​ចិន​ជា​ខ្នងបង្អែក និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ដូច​ពេល​បច្ចុប្បន្ន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែកក្កដា​ថា ការស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ពង្រឹង​វត្តមាន និង​ទប់​ទល់នឹង​ការពង្រីក​ឥទ្ធិពល​យោធា​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។ លោក​បន្ត​ថា ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍ និង​កសាង​ទំនាក់ទំនង​ប្រកបដោយ​ស្ថិរភាព​ជាមួយ​សហរដ្ឋ​អាមេរិក លុះត្រាតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ជាបន្ទាន់​ដោយ​បញ្ចប់​ការដឹកនាំ​បែប​ផ្ដាច់ការ ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក សេង វណ្ណលី៖ «របប​ភ្នំពេញ​ការវិវត្តន៍​នេះ​គឺ​ឱកាស​មួយ ដើម្បី​យក​ធ្វើជា​ខែល​ការទូត​ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​ថា របប​នេះ​មិនបាន​នៅ​ឯ​កោ ឬក៏​លម្អៀង​ទៅ​រក​ចិន​ទាំងស្រុង​នោះ​ទេ ហើយក៏​ជា​ការ​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​សម្ពាធ​អន្តរជាតិ​លើ​បញ្ហា រំលោភសិទ្ធិ​មនុស្ស​ដែល​របប​នេះ​កំពុងតែ​យាយី​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ផលប្រយោជន៍​ទាំងនេះ​នឹង​ក្លាយជា​ល្បែង​ដ៏​គ្រោះថ្នាក់​ប្រសិនបើ កម្ពុជា​នៅតែ​បន្ត​អនុវត្ត​នយោបាយ​ក្នុងស្រុក​បែប​ផ្ដាច់ការ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​សមរភូមិ​ដណ្ដើម​ឥទ្ធិពល​គ្នា​រវាង​មហាអំណាច​ដោយ​មិនបាន​ផ្ដល់​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​ឆ្នោត​នោះ​ទេ​បាទ»។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​រូប​នេះ​ស្របពេល​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឡើងវិញ​ជា​បន្ទាប់​បន្ត បន្ទាប់​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​រកាំរកូស​ក្រោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ចាប់តាំងពី​ឆ្នាំ​២០១៧ និង​លម្អៀង​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ចិន​កុម្មុយនិស្ត​តែ​ម្ខាង។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​ឯករាជ្យ​ជាតិ​អាមេរិក​លើក​ទី​២៥០ នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ភារធារី​សហរដ្ឋអាមេរិក​ស្ដីទី អ្នកស្រី អាឡិចសាន់ដ្រា ហ្ស៊ីតថល (Aleksandra Zittle) លើកឡើង​ថា ចំណងមិត្តភាព​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​គឺ «​រីកចម្រើន​ជាង​ពេលណាៗ​ទាំងអស់​» បន្ទាប់ពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​អស់​រយៈ​ពេលនេះ​ច្រើន​ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ខេមបូចា (Camboja)​។ អ្នកស្រី អាឡិចសាន់ដ្រា ហ្ស៊ីតថល ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មាន​វឌ្ឍនភាព​ជាក់ស្ដែង​លើ​វិស័យ​ជាច្រើន​រួមមាន​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម អាកាសចរណ៍ និង​សុខាភិបាល។

មន្ត្រីជាន់ខ្ពស់​អាមេរិក​រូប​នេះ ក៏បាន​រម្លឹក​ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati LCS-20) នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​កាល​ពី​ឆ្នាំមុន និង​ផែនការ​ស្ដារ​សមយុទ្ធ​យោធា​រវាង​កម្ពុជា និង​អាមេរិក​ឡើងវិញ ដោយ​អ្នកស្រី​ចាត់ទុកថា ការ​វិវត្ត​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​ការ​បន្ត​ពង្រីក​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថា ការ​លើកឡើង​របស់​ភារធារី​សហរដ្ឋអាមេរិក​ស្ដីទី អ្នកស្រី អាឡិចសាន់ដ្រា ហ្ស៊ីតថល គឺជា​ភាសា​ការទូត និង​ជា​យុទ្ធសាស្ត្រ​អាមេរិក ដើម្បី​អូសទាញ​ឱ្យ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ងាក​ចេញពី​ការដឹកនាំ​បែប​ផ្ដាច់ការ និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​កុម្មុយនិស្ត​ចិន​តែប៉ុណ្ណោះ​។ លោក​ថា ស្ថានភាព​ជាក់ស្ដែង​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​មិន​ទាន់​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​នោះ​ទេ ហើយ​អាមេរិក​ក៏​មិន​ទាន់​មាន​ទំនុកចិត្ត​នៅឡើយ ដរាបណា​មេដឹកនាំ​ក្រុងភ្នំពេញ​នៅតែ​បន្ត​ចាប់​ចង​ប្រជាពលរដ្ឋ​ដាក់គុក​តាម​ទំនើងចិត្ត​នោះ។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឱ្យដឹង​ថា កងទ័ពជើងគោក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​កង​ឆ្មាំ​ជាតិ​រដ្ឋ​អៃដាហូ (Idaho Army National Guard) បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ និង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC) ដើម្បី​រៀបចំ​ផែនការ​សមយុទ្ធ «​ឆ្មាំ​អង្គរ​» នៅ​ឆ្នាំ​២០២៧ ខាងមុខ​។ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា សមយុទ្ធ​នេះ គ្រោង​នឹង​ចាប់ផ្ដើម​ឡើងវិញ​ជា​លើកដំបូង បន្ទាប់ពី​បាន​ផ្អាក​តាំងពី​ឆ្នាំ​២០១៧ ហើយក៏​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត​រួម​របស់​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​ត្រៀម​ខ្លួន​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក។

រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ​» ជាមួយ​អាមេរិក និង​សមយុទ្ធ​យោធា «​ដនគោព្រៃ» ជាមួយ​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៧ ដោយ​ខ្លួនឯង និង​មិន​បាន​បញ្ជាក់​ហេតុផល​ច្បាស់លាស់ ប៉ុន្តែ​កម្ពុជា​បែរជា​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «​នាគ​មាស​» ជាមួយ​ចិន​ជា​រៀងរាល់​ឆ្នាំ។

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា ទោះបី​សហរដ្ឋអាមេរិក​បង្ហាញ​ជំហរ​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា​ឡើងវិញ​ក៏ដោយ អាមេរិក​នឹង​មិន​ផាត់​ចោលការ​ជំរុញ និង​បន្ត​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន គិតគូរ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើយ​។ លោក​យល់ថា ជំហរ​របស់​អាមេរិក​ចុងក្រោយ​នេះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​អាមេរិក ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន និង​បង្កើន​ឱកាស​ដាក់​សម្ពាធ​ឱ្យ​របប​ក្រុងភ្នំពេញ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​ឧក្រិដ្ឋជន​បាន​ប្លន់​លុយ​ពី​ពលរដ្ឋ​អាមេរិក​ក្នុង​មួយឆ្នាំ​រាប់ពាន់​លាន​ដុល្លារ។

លោក គឹម សុខ៖ «ការណ៍​ដែល​បញ្ជ្រាប​កម្លាំង​អាមេរិក​ចូល​ទៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន បាន​កាន់តែ​ច្រើន និង​កាន់តែ​ណែន​ហើយ នោះ​អាមេរិកកាំង​ក៏​អាច​គាបសង្កត់ ឬ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន ចាប់ផ្ដើម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​បាន​ដែរ ខ្ញុំ​មើលឃើញ​ថា នេះ​ជា​យុទ្ធវិធី​ថ្មី​របស់​សហរដ្ឋអាមេរិក គឺ​អាមេរិកកាំង​ដាច់ខាត​មិន​បោះបង់ចោល​នូវ​ការ​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ​នោះ​ទេ បើ​ទោះបី​ជាតាក់ទិច​ត្រូវ​មាន​ការផ្លាស់ប្ដូរ​បន្តិច​បន្តួច​ខ្លះ​ក៏ដោយ​នៅ​ក្នុង​ពេល​ចុងក្រោយ»។

រីឯ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ការ​ចាប់ផ្ដើម​ស្ដារ​ទំនាក់ទំនង​តាមរយៈ​គម្រោង​រៀបចំ​សមយុទ្ធ​យោធា​ឡើងវិញ គឺជា​ផ្នែក​មួយ​នៃ​ការ​វិវត្ត​សំខាន់​ក្នុង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​។ លោក​បន្ថែម​ថា បើ​កម្ពុជា​ពិតជា​ចង់​ទទួល​បាន​ផល​ចំណេញ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​ពី​អាមេរិក​ពិតប្រាកដ​នោះ កម្ពុជា​គប្បី​រក្សា​ជំហរ​អព្យាក្រឹត្យ​កុំ​បន្ត​ផ្ដេកផ្ដួល​ពឹង​ផ្អែកលើ​បណ្ដា​ប្រទេស​កុម្មុយនិស្ត ជាពិសេស​គឺ​ចិន​តែ​ម្ខាង​។ ក្រៅពី​នេះ លោក​ថា មេដឹកនាំ​កម្ពុជា​ក៏​ត្រូវតែ​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​វិបត្តិ​នយោបាយ ស្ដារ​នីតិរដ្ឋ បើក​លំហ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ រួម​ទាំង​ចាប់​មេខ្លោង​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

លោក ស៊ឹង សែនករុណា៖ «អ្នក​ដែល​កាន់​ការងារ​ហិរញ្ញវត្ថុ​គណបក្សកាន់អំណាច​គឺ​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​ជាមួយ និង​សហរដ្ឋអាមេរិក​ដែល​គេ​បាន​រក​ឃើញ​ទៅទៀត ដូចជា​ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និង​លោក ហ៊ុន តូ ឧកញ៉ា​មួយចំនួន​ទៀត មន្ត្រី​គ្រាក់ៗ​ដែល​មាន​តួនាទី និង​មានអំណាច​ទៅទៀត បែរជា​អត់​ទាន់​ចាត់វិធានការ​ទេ​។ អ៊ីចឹង​ដើម្បី​បង្កើន​នូវ​ភាព​ស្អិតល្មួត​គួរតែ​ពិនិត្យមើល​រឿង​ហ្នឹង​ឡើងវិញ​លើ​រឿង​ស្គេម​អនឡាញ លើ​រឿង​ការ​រំលោភបំពាន​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​អី​ទាំង​អស់ហ្នឹង អាហ្នឹង​យើង​ត្រូវ​ធ្វើ​ឱ្យ​ស្អាត​ធ្វើ​ឱ្យ​ល្អ ហើយ​ធ្វើ​ដោយ​ស្មោះ​ត្រង់​ឱ្យ​ច្បាស់លាស់​ត្រឹមត្រូវ អាហ្នឹង​ទើប​ជា​ការ​ទំនាក់ទំនង​មួយ​ដែល​សហរដ្ឋអាមេរិក​គេ​អាច​ទុកចិត្ត​បាន»។

អ្នក​តាមដាន​បញ្ហា​កិច្ចការ​អន្តរជាតិ​មើលឃើញ​ថា ភាព​រកាំរកូស​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ខ្លួនឯង​ដឹកនាំ​បែប​ផ្ដាច់ការ បង្ក្រាប និង​បំបិទ​សំឡេង​ប្រជាពលរដ្ឋ ព្រមទាំង​លម្អៀង​ទៅ​មហាអំណាច​ចិន​តែ​ម្ខាង ដែល​សកម្មភាព​ទាំងនេះ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក។

អ្នកឃ្លាំមើល​យល់ថា បើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ពិតជា​គិតគូរ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ចម្បង ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ស្វះ​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ឡើងវិញ​នេះ កម្ពុជា​គួរ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ដឹកនាំ​បែប​ហិង្សា និង​វិល​មក​ពង្រឹង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​អាច​ចាប់​យក​ឱកាស​ក្នុង​ការ​ទាញ​ផលប្រយោជន៍​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​សំខាន់ៗ​ជាមួយ​សហរដ្ឋអាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ