
អាជ្ញាធរជប៉ុនបានឃាត់ខ្លួនអ្នកវេជ្ជសាស្ត្រ ៣នាក់ ក្រោយរកឃើញថា ពួកគេបានទទួលលុយរាប់សិបម៉ឺនដុល្លារ ដើម្បីសម្របសម្រួលរៀបចំឱ្យអ្នកជំងឺជនជាតិជប៉ុនម្នាក់ធ្វើដំណើរមកវះកាត់ប្ដូរសរីរាង្គនៅកម្ពុជា។ សមត្ថកិច្ចជប៉ុនឱ្យដឹងថា ជនសង្ស័យទាំងនោះក៏មានបណ្ដាញក្រុមគ្រូពេទ្យជនជាតិចិននៅកម្ពុជាដែលត្រូវបានសង្ស័យថា បានវះកាត់ប្តូរតម្រងនោមឱ្យអ្នកជំងឺជនជាតិជប៉ុនដោយប្រើសរីរាង្គពីស្ត្រីជនជាតិខ្មែរ។
អាជ្ញាធរជប៉ុនឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការទទួលលុយ ដើម្បីរៀបចំឱ្យអ្នកជំងឺតម្រងនោមជនជាតិជប៉ុនម្នាក់ ធ្វើដំណើរទៅវះកាត់ប្តូរសរីរាង្គនៅកម្ពុជា គឺជាសមាជិកអង្គការ ប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ (Tokyo)។
កាសែតជប៉ុនដ៏ល្បីឈ្មោះ អាសាហ៊ី ស៊ីមប៊ុន (Asahi Shimbun) ដែលមានអ្នកយកព័ត៌មានប្រចាំក្រុងភ្នំពេញរាយការណ៍នៅថ្ងៃទី៨ ខែកក្កដាថា ក្នុងចំណោមជនសង្ស័យ ៣នាក់មានម្នាក់ឈ្មោះ ហ៊ីរ៉ូមិជិ គិកុជិ (Hiromichi Kikuchi) មានអាយុ ៦៦ឆ្នាំ គឺជានាយកប្រតិបត្តិនៃអង្គការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រអន្តរជាតិ។ ប្រភពដដែលបញ្ជាក់ថា លោកធ្លាប់ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធការជួញដូរមនុស្ស និងវះកាត់ប្ដូរសរីរាង្គនៅប្រទេសបេឡារុស (Belarus)។
កាសែតដដែលបន្តរាយការណ៍ថា ជនសង្ស័យទាំង ៣នាក់ បានឃុបឃិតគ្នាស្វែងរកអ្នកជំងឺជនជាតិជប៉ុនដែលត្រូវការប្ដូរតម្រងនោម ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦។ ក្រោយមក ក្រុមជនសង្ស័យបានរៀបចំឯកសារ និងសម្របសម្រួលជាមួយក្រុមគ្រូពេទ្យជនជាតិចិននៅកម្ពុជា ដើម្បីឱ្យអ្នកជំងឺធ្វើដំណើរមកវះកាត់ប្តូរតម្រងនោម។
ប្រភពដដែលបញ្ជាក់ថា ក្រុមជនសង្ស័យបានតម្រូវឱ្យអ្នកជំងឺបង់ប្រាក់ប្រមាណ ៧ម៉ឺន ៥ពាន់ដុល្លារអាមេរិក ក្រោមហេតុផលថា ជាថ្លៃសេវារដ្ឋបាល។ លុះពេលអ្នកជំងឺធ្វើដំណើរមកដល់កម្ពុជាក្រុមជនសង្ស័យក៏បានទារលុយបន្ថែមជាង ១៥ម៉ឺនដុល្លារអាមេរិកទៀត។
ប៉ូលិសជប៉ុនសង្ស័យថា ក្រុមគ្រូពេទ្យជនជាតិចិនគឺជាបណ្ដេញក្រុមជនសង្ស័យ និងបានវះកាត់ប្តូរតម្រងនោមឱ្យអ្នកជំងឺជនជាតិជប៉ុននៅមន្ទីរពេទ្យមួយ កន្លែងក្នុងរាជធានីភ្នំពេញ។ ក្រោយការស៊ើបអង្កេតប៉ូលិសជប៉ុនក៏សង្ស័យថា សរីរាង្គ ឬក្រលៀនដែលគ្រូពេទ្យជនជាតិចិនបានប្ដូរឱ្យអ្នកជំងឺនោះគឺបានមកពីស្ត្រីជនជាតិខ្មែរម្នាក់។
ទោះជាយ៉ាងណា អ្នកជំងឺជនជាតិជប៉ុន និងស្ត្រីខ្មែរមិនត្រូវបានបង្ហាញអត្តសញ្ញាណឡើយ។
អាជ្ញាធរជប៉ុនឱ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលប៉ូលិសជប៉ុនចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនល្មើសដែលសម្របសម្រួលការប្ដូរសរីរាង្គ ជាថ្នូរនឹងការទទួលប្រាក់កម្រៃ។ កាសែតជប៉ុនដដែលឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ស្ដីពីការប្ដូរសរីរាង្គរបស់ជប៉ុន ខណៈការស៊ើបអង្កេតកំពុងបន្ត។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី៨ ខែកក្កដា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា ការជួញដូរសរីរាង្គគឺជាអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាបទល្មើសឧក្រិដ្ឋដែលកម្ពុជាគ្មានច្បាប់អនុញ្ញាតឡើយ។ លោកទាមទារដល់អាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់ និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរនៃប្រទេសជប៉ុន ដើម្បីចាត់វិធានការលើក្រុមជនល្មើសដែលពាក់ព័ន្ធ។
លោក អំ សំអាត៖ «អ៊ីចឹងត្រូវតែមានការស៊ើបអង្កេតមួយដោយហ្មត់ចត់ តម្លាភាព និងវិធានការផ្លូវច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនហ្នឹងទៅលើករណីនេះ។ ពីព្រោះបើសិនជាកម្ពុជាយើងមិនអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការទេ ទប់ស្កាត់ និងបង្ក្រាបទៅលើការជួញដូរសរីរាង្គទេ យើងមានការបារម្ភថា វាអាចនឹងបន្តកើតឡើងទៅទៀត»។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា អង្គការរបស់លោកតែងទទួលបានព័ត៌មានជាបន្តបន្ទាប់អំពីករណីសង្ស័យពាក់ព័ន្ធនឹងការជួញដូរ និងការប្ដូរសរីរាង្គនៅកម្ពុជា។ ទោះជាយ៉ាងណា លោកសង្កេតឃើញថា អាជ្ញាធរកម្ពុជាហាក់មិនទាន់យកចិត្តទុកដាក់ស៊ើបអង្កេត និងចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើសនេះឱ្យមានប្រសិទ្ធភាពនៅឡើយ។
លោក ឌី ថេហូយ៉ា បញ្ជាក់ថា ការជួញដូរសរីរាង្គ ឬការបង្ខំឱ្យជនរងគ្រោះបរិច្ចាគសរីរាង្គជាថ្នូរនឹងប្រាក់កម្រៃ គឺជាទម្រង់នៃអំពើជួញដូរមនុស្ស ដែលផ្ទុយនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ (UN) និងអង្គការសុខភាពពិភពលោក (WHO) ហើយត្រូវបានចាត់ទុកជាបទឧក្រិដ្ឋធ្ងន់ធ្ងរដែលរំលោភបំពានសិទ្ធិមនុស្ស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។
លោក ឌី ថេហូយ៉ា៖ «កម្ពុជាត្រូវតែទប់ស្កាត់បញ្ហាការជួញដូរសរីរាង្គបែបនេះនៅប្រទេសកម្ពុជាឲ្យខាងតែបាន បើមិនអ៊ីចឹងទេអាចនឹងមានមនុស្សរងគ្រោះជាច្រើន ជាពិសេសអ្នកខ្លះគាត់ក្រីក្រ គាត់អត់យល់ដឹងអំពីបញ្ហាទាំងអស់នេះ គាត់អាចចូលរួមចំណែកក្នុងការលក់សរីរាង្គ ហើយអាហ្នឹងគឺជាអំពើខុសច្បាប់។ ពេលខ្លះគាត់មិនយល់ច្បាស់ ហើយគាត់អាចចូលរួមចំណែកហ្នឹង ពេលខ្លះគាត់មិនយល់ដឹងអំពីតាក់ទិចគ្រូពេទ្យ ឬមួយអ្នកជួញដូរហ្នឹងគេមានវិធីសាស្ត្រក្នុងការលួងលោម ផ្សេងៗហ្នឹងជាថ្នូរបានលុយបានកាក់អីជាដើមហ្នឹង អ៊ីចឹងអាហ្នឹងវាប៉ះពាល់ដល់អាយុជីវិតរបស់គាត់ផ្ទាល់ ហើយវាប៉ះពាល់ដល់អំពើជួញដូរសរីរាង្គដែលធ្វើឱ្យមានការរំលោភសិទ្ធិមនុស្ស»។
អំពើជួញដូរសរីរាង្គនៅកម្ពុជានេះមិនមែនជារឿងថ្មីឡើយ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះជនជាតិចិនម្នាក់ត្រូវបានរាយការណ៍ថា ត្រូវបានក្រុមឧក្រិដ្ឋជនបោកបញ្ឆោតតាមអនឡាញល្បួងមកកម្ពុជា រួចបង្ខាំងទុក និងបូមឈាមរបស់គាត់ប្រមាណ ៨០០មីលីលីត្រជារៀងរាល់ខែ ដើម្បីយកទៅលក់បន្ត។ ចំណែក កាលពីឆ្នាំ២០២៣ អាជ្ញាធរឥណ្ឌូណេស៊ីបានសហការជាមួយសមត្ថកិច្ចកម្ពុជាបង្ក្រាបក្រុមឧក្រិដ្ឋជនដែលបាននាំពលរដ្ឋឥណ្ឌូណេស៊ីចំនួន ១២២នាក់មកវះកាត់យកក្រលៀននៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ។
អង្គការសហប្រជាជាតិ (UN) ធ្លាប់បានចេញរបាយការណ៍ព្រមានជាសកលថា ការជួញដូរសរីរាង្គគឺជាផ្នែកមួយនៃទម្រង់កេងប្រវ័ញ្ចចុងក្រោយ ដែលបង្កឡើងដោយបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ អង្គការអន្តរជាតិមួយនេះក៏ព្រមានថា ការរីករាលដាលនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញក្នុងតំបន់ចុងក្រោយនេះគឺបង្កើតបានជាអំពើទាសភាពនាសម័យទំនើប ដែលជនរងគ្រោះត្រូវបានឧក្រិដ្ឋជនកេងប្រវ័ញ្ចទាំងកម្លាំងពលកម្ម និងរងទារុណកម្មវាយដំរហូតដល់បាត់បង់ជីវិត៕








