អាជ្ញាធរ​ជប៉ុន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា

0
61

អាជ្ញាធរ​ជប៉ុន​បាន​ឃាត់ខ្លួន​អ្នក​វេជ្ជសាស្ត្រ ៣​នាក់ ក្រោយ​រក​ឃើញ​ថា ពួកគេ​បាន​ទទួល​លុយរាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​សម្របសម្រួល​រៀបចំ​ឱ្យ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ម្នាក់​ធ្វើដំណើរ​មក​វះកាត់​ប្ដូរ​សរីរាង្គ​នៅ​កម្ពុជា​។ សមត្ថកិច្ច​ជប៉ុន​ឱ្យដឹង​ថា ជនសង្ស័យ​ទាំងនោះ​ក៏​មាន​បណ្ដាញ​ក្រុម​គ្រូពេទ្យ​ជនជាតិ​ចិន​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​វះកាត់​ប្តូរ​តម្រងនោម​ឱ្យ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ដោយ​ប្រើ​សរីរាង្គ​ពី​ស្ត្រីជន​ជាតិខ្មែរ។

អាជ្ញាធរ​ជប៉ុន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៣​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ ដើម្បី​រៀបចំ​ឱ្យ​អ្នកជំងឺ​តម្រងនោម​ជនជាតិ​ជប៉ុន​ម្នាក់ ធ្វើដំណើរ​ទៅ​វះកាត់​ប្តូរ​សរីរាង្គ​នៅ​កម្ពុជា គឺជា​សមាជិក​អង្គការ ប្រឹក្សា​យោបល់​ផ្នែក​វេជ្ជសាស្ត្រ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ (Tokyo)។

កាសែត​ជប៉ុន​ដ៏​ល្បីឈ្មោះ អាសាហ៊ី ស៊ីមប៊ុន (Asahi Shimbun) ដែល​មាន​អ្នកយកព័ត៌មាន​ប្រចាំ​ក្រុងភ្នំពេញ​រាយការណ៍​នៅ​ថ្ងៃទី​៨ ខែកក្កដា​ថា ក្នុង​ចំណោម​ជនសង្ស័យ ៣​នាក់​មាន​ម្នាក់​ឈ្មោះ ហ៊ីរ៉ូមិជិ គិកុជិ (Hiromichi Kikuchi) មាន​អាយុ ៦៦​ឆ្នាំ គឺជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ប្រឹក្សា​យោបល់​ផ្នែក​វេជ្ជសាស្ត្រ​អន្តរជាតិ។ ប្រភព​ដដែល​បញ្ជាក់​ថា លោក​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន​ចាប់ខ្លួន​ម្ដង​រួច​មក​ហើយ ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស និង​វះកាត់​ប្ដូរ​សរីរាង្គ​នៅ​ប្រទេស​បេឡារុស (Belarus)​។​

កាសែត​ដដែល​បន្ត​រាយការណ៍​ថា ជនសង្ស័យ​ទាំង ៣​នាក់ បាន​ឃុបឃិត​គ្នា​ស្វែងរក​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​ការ​ប្ដូរ​តម្រងនោម ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ ដល់​ខែមករា ឆ្នាំ​២០២៦​។ ក្រោយ​មក ក្រុម​ជនសង្ស័យ​បាន​រៀបចំ​ឯកសារ និង​សម្របសម្រួល​ជាមួយ​ក្រុម​គ្រូពេទ្យ​ជនជាតិ​ចិន​នៅ​កម្ពុជា ដើម្បី​ឱ្យ​អ្នកជំងឺ​ធ្វើដំណើរ​មក​វះកាត់​ប្តូរ​តម្រងនោម។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​បាន​តម្រូវ​ឱ្យ​អ្នកជំងឺ​បង់ប្រាក់​ប្រមាណ ៧​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ក្រោម​ហេតុផល​ថា ជា​ថ្លៃ​សេវា​រដ្ឋបាល​។ លុះ​ពេល​អ្នកជំងឺ​ធ្វើដំណើរ​មកដល់​កម្ពុជា​ក្រុម​ជនសង្ស័យ​ក៏បាន​ទារ​លុយ​បន្ថែម​ជាង ១៥​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត។

ប៉ូលិស​ជប៉ុន​សង្ស័យ​ថា ក្រុម​គ្រូពេទ្យ​ជនជាតិ​ចិន​គឺជា​បណ្ដេញ​ក្រុម​ជនសង្ស័យ និង​បាន​វះកាត់​ប្តូរ​តម្រងនោម​ឱ្យ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​នៅ​មន្ទីរពេទ្យ​មួយ កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​ការស៊ើបអង្កេត​ប៉ូលិស​ជប៉ុន​ក៏​សង្ស័យ​ថា សរីរាង្គ ឬ​ក្រលៀន​ដែល​គ្រូពេទ្យ​ជនជាតិ​ចិន​បាន​ប្ដូរ​ឱ្យ​អ្នកជំងឺ​នោះ​គឺ​បាន​មក​ពី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់។

ទោះជា​យ៉ាងណា អ្នកជំងឺ​ជនជាតិ​ជប៉ុន និង​ស្ត្រី​ខ្មែរ​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ឡើយ។

អាជ្ញាធរ​ជប៉ុន​ឱ្យ​ដឹង​ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ប៉ូលិស​ជប៉ុន​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ជនល្មើស​ដែល​សម្របសម្រួល​ការ​ប្ដូរ​សរីរាង្គ ជា​ថ្នូរ​នឹង​ការ​ទទួល​ប្រាក់កម្រៃ​។ កាសែត​ជប៉ុន​ដដែល​ឱ្យដឹង​ថា ជនសង្ស័យ​ទាំង ៣​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភច្បាប់​ស្ដីពី​ការ​ប្ដូរ​សរីរាង្គ​របស់​ជប៉ុន ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​៨ ខែ​កក្កដា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា ការ​ជួញដូរ​សរីរាង្គ​គឺជា​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​កម្ពុជា​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​។ លោក​ទាមទារ​ដល់​អាជ្ញាធរ​កម្ពុជា​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ និង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​ជប៉ុន ដើម្បី​ចាត់វិធានការ​លើ​ក្រុម​ជនល្មើស​ដែល​ពាក់ព័ន្ធ។

លោក អំ សំអាត៖ «អ៊ីចឹង​ត្រូវតែ​មាន​ការស៊ើបអង្កេត​មួយ​ដោយ​ហ្មត់ចត់ តម្លាភាព និង​វិធានការ​ផ្លូវច្បាប់ ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន​ហ្នឹង​ទៅលើ​ករណីនេះ​។ ពីព្រោះ​បើសិនជា​កម្ពុជា​យើង​មិន​អនុវត្ត​វិធានការ​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​ទេ ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​ការ​ជួញដូរ​សរីរាង្គ​ទេ យើង​មានការ​បារម្ភ​ថា វា​អាច​នឹង​បន្ត​កើតឡើង​ទៅទៀត»។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា អង្គការ​របស់​លោក​តែង​ទទួល​បាន​ព័ត៌មាន​ជា​បន្តបន្ទាប់​អំពី​ករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​ការ​ប្ដូរ​សរីរាង្គ​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​ហាក់​មិនទាន់​យកចិត្តទុកដាក់​ស៊ើបអង្កេត និង​ចាត់វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​បទល្មើស​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ។

លោក ឌី ថេហូយ៉ា បញ្ជាក់​ថា ការ​ជួញដូរ​សរីរាង្គ ឬ​ការ​បង្ខំ​ឱ្យ​ជនរងគ្រោះ​បរិច្ចាគ​សរីរាង្គ​ជា​ថ្នូរ​នឹង​ប្រាក់កម្រៃ គឺជា​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ដែល​ផ្ទុយ​នឹង​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ (UN) និង​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​ត្រូវ​បាន​ចាត់ទុកជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​រំលោភបំពាន​សិទ្ធិមនុស្ស និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស។

លោក ឌី ថេហូយ៉ា៖ «កម្ពុជា​ត្រូវតែ​ទប់ស្កាត់​បញ្ហា​ការ​ជួញដូរ​សរីរាង្គ​បែបនេះ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ខាងតែ​បាន បើ​មិន​អ៊ីចឹង​ទេ​អាច​នឹង​មាន​មនុស្ស​រងគ្រោះ​ជាច្រើន ជាពិសេស​អ្នកខ្លះ​គាត់​ក្រីក្រ គាត់​អត់​យល់ដឹង​អំពី​បញ្ហា​ទាំងអស់​នេះ គាត់​អាច​ចូលរួម​ចំណែក​ក្នុង​ការ​លក់​សរីរាង្គ ហើយ​អាហ្នឹង​គឺជា​អំពើ​ខុសច្បាប់​។ ពេលខ្លះ​គាត់​មិន​យល់​ច្បាស់ ហើយ​គាត់​អាច​ចូលរួម​ចំណែក​ហ្នឹង ពេលខ្លះ​គាត់​មិន​យល់ដឹង​អំពី​តាក់​ទិច​គ្រូពេទ្យ ឬមួយ​អ្នកជួញដូរ​ហ្នឹង​គេ​មាន​វិធីសាស្ត្រ​ក្នុង​ការ​លួងលោម ផ្សេងៗ​ហ្នឹង​ជា​ថ្នូរ​បាន​លុយ​បាន​កាក់​អី​ជាដើម​ហ្នឹង អ៊ីចឹង​អាហ្នឹង​វា​ប៉ះពាល់​ដល់​អាយុជីវិត​របស់​គាត់​ផ្ទាល់ ហើយ​វា​ប៉ះពាល់​ដល់​អំពើ​ជួញដូរ​សរីរាង្គ​ដែល​ធ្វើ​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស»។

អំពើ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា​នេះ​មិនមែន​ជា​រឿង​ថ្មី​ឡើយ។ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ ជនរងគ្រោះ​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បោក​បញ្ឆោត​តាម​អនឡាញ​ល្បួង​មក​កម្ពុជា រួច​បង្ខាំង​ទុក និង​បូម​ឈាម​របស់​គាត់​ប្រមាណ ៨០០​មី​លី​លីត្រ​ជា​រៀងរាល់​ខែ ដើម្បី​យក​ទៅ​លក់​បន្ត។ ចំណែក កាលពី​ឆ្នាំ​២០២៣ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​នាំ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ចំនួន ១២២​នាក់​មក​វះកាត់​យក​ក្រលៀន​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

អង្គការសហប្រជាជាតិ (UN) ធ្លាប់​បាន​ចេញ​របាយការណ៍​ព្រមាន​ជា​សកល​ថា ការ​ជួញដូរ​សរីរាង្គ​គឺជា​ផ្នែក​មួយ​នៃ​ទម្រង់​កេងប្រវ័ញ្ច​ចុងក្រោយ ដែល​បង្កឡើង​ដោយ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏​ព្រមាន​ថា ការ​រីក​រាលដាល​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ក្នុង​តំបន់​ចុងក្រោយ​នេះ​គឺ​បង្កើត​បាន​ជា​អំពើ​ទាសភាព​នា​សម័យ​ទំនើប ដែល​ជនរងគ្រោះ​ត្រូវ​បាន​ឧក្រិដ្ឋជន​កេងប្រវ័ញ្ច​ទាំង​កម្លាំង​ពលកម្ម និង​រង​ទារុណកម្ម​វាយដំ​រហូតដល់​បាត់បង់​ជីវិត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ