មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​ពឹង​ការ​អូសទាញ​អ្នក​វិនិយោគ ជាង​ពឹង​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បរទេស

0
28
ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៧ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល
ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៧ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល

ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល លើកឡើង​ថា កម្ពុជា​គឺជា​អ្នក​សម្រេច​ជោគវាសនា​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​តាមរយៈ​ពឹង​ផ្អែកលើ​ការ​អូសទាញ​អ្នក​វិនិយោគ មិនមែន​ពឹង​លើ​ប្រព័ន្ធ​អនុគ្រោះ​អន្តរជាតិ ឬ​កំណត់​អត្រាពន្ធគយ​របស់​បរ​ទេស​ឡើយ​។ ជាមួយ​គ្នា​នេះ លោក​យល់ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប​ក៏​ថ្ងៃ​ណាមួយ​កម្ពុជា​អាច​នឹង​បាត់បង់​ដែរ​។ លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​អត្រាពន្ធគយ​ថ្មី​ដែល​អាមេរិក​ប្រកាស​ដាក់​លើ​កម្ពុជា ១០​ភាគរយ​លើ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​អាមេរិក ដោយសារ​កង្វល់​រឿង​ពលកម្ម​ដោយ​បង្ខំ។

ឧបនាយករដ្ឋមន្ត្រី និង​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ចាត់ទុក​ចំណាត់ការ​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក​កំណត់​ពន្ធគយ​ថ្មី​ចំនួន ១០% លើ​ទំនិញ​ដែល​នាំចូល​ពី​កម្ពុជា ពាក់ព័ន្ធ​នឹង​កង្វល់​ស្ដីពី​បញ្ហា​ពលកម្ម​ដោយ​បង្ខំ​នោះ គឺជា​លេស​របស់​អាមេរិក​ក្នុង​ការ​ប្រមូល​ពន្ធគយ​ឱ្យ​បាន​ច្រើន។ លោក​ថា កម្ពុជា​គ្មាន​ការប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ ឬ​ទិញ​សម្ភារៈ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​ពី​បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​ឡើយ​។​

លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​អត្រាពន្ធគយ​ថ្មី​ក្នុង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ការស៊ើបអង្កេត​តាម​មាត្រា​៣០១ នៃ​ច្បាប់ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី​២៧ ខែកក្កដា។

លោក ស៊ុន ចាន់ថុល៖ «សហរដ្ឋអាមេរិក​រក​នីតិវិធី​យើង​និយាយ​ភាសា​សាមញ្ញ​ថា លេស រក​លេស​គ្រប់បែបយ៉ាង ដើម្បី​យក​ឱ្យ​បាន​វិញ ព្រោះ​តុលាការ​កំពូល លុបចោល​បាត់​ហើយ អ៊ីចឹង​អ្នកឯង​លុប តុលាការ​កំពូល​លុបចោល​មែន ប៉ុន្តែ​ប្រធានាធិបតី​មាន​សិទ្ធិ​លើ​មាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤ របស់​សហរដ្ឋអាមេរិក​។ ប្រទេស​ជប៉ុន មាន​ពន្ធ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ (Force Labor) ឯណា អឺរ៉ុប​មាន​ពន្ធ កម្លាំង​ពលកម្ម​ដោយ​បង្ខំ (Force Labor) ឯណា​គាត់ ប៉ុន្តែ​គាត់​បាន ១២​ភាគរយ​កន្លះ ជប៉ុន ១២​កន្លះ ១២​ភាគ​កន្លះ គឺថា និយាយ​ភាសា​សាមញ្ញ យក​លេស»។

ទាក់ទង​រឿង​ពន្ធគយ​នេះ​ដែរ លោក ស៊ុន ចាន់ថុល លើកឡើង​ទៀត​ថា កម្ពុជា​គឺជា​អ្នក​សម្រេច​ជោគវាសនា​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​តាមរយៈ​ការ​ពឹង​ផ្អែកលើ​ការ​អូសទាញ​អ្នក​វិនិយោគ មិនមែន​ពឹង​លើ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អន្តរជាតិ ឬ​កំណត់​អត្រាពន្ធគយ​បរទេស​ឡើយ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ទម្លាក់​លុយរាប់​សិប​ពាន់​លាន​ដុល្លារ​សម្រាប់​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ការ​ដើរ​ទាក់​ម៉ូយ​អ្នក​វិនិយោគ​ពី​ប្រទេស​ចិន​ចុង​ក្រោយនេះ ដើម្បី​ពង្រីក​ទីផ្សារ​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​ប្រទេស​មហាអំណាច​តែមួយ​។ ជាមួយ​គ្នា​នេះ លោក ស៊ុន ចាន់ថុល អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប និង​ការ​អនុគ្រោះ​ពន្ធគយ​ពី​បរទេស​ថ្ងៃ​ណាមួយ​កម្ពុជា​អាច​នឹង​បាត់បង់ ដូច្នេះ​លោក​ថា កម្ពុជា​មានតែ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​តាមរយៈ​ការ​អូសទាញ​អ្នក​វិនិយោគ​បរទេស​មក​បង្កើត​រោងចក្រ និង​បណ្ដុះ​ជំនាញ​កម្មករ ដើម្បី​ឱ្យ​កម្ពុជា​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាងមុខ។

ប្រតិកម្ម​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ​សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​ស៊ើបអង្កេត ស្ដីពី​ការងារ​ដោយ​បង្ខំ។ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ដែល​ស្ថិត​ក្រោម​ខុទ្ទកាល័យ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃទី​២៣ ខែកក្កដា កន្លងទៅ បាន​ប្រកាស​ដាក់​អត្រាពន្ធគយ​ថ្មី​ចន្លោះ​ពី ១០​ភាគរយ ដល់ ១២,៥​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចំនួន ៦០ រួម​ទាំង​កម្ពុជា​ផង ដោយសារតែ​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ពលកម្ម​ដោយ​បង្ខំ។

ប្រទេស​ដែល​ជា​ប់​ក្នុង​បញ្ជី​ស្ដីពី​ការ​ដាក់​ពន្ធគយ​ថ្មី​នេះ មាន​សរុប ៦០ ប្រទេស ក្នុង​នោះ​មាន​ជាអាទិ៍ សហភាព​អឺរ៉ុប កាណាដា ឥណ្ឌា ប៉ាគីស្ថាន ចិន កម្ពុជា ថៃ និង​វៀតណាម​ជាដើម។

ឯកអគ្គរដ្ឋទូត​ទទួលបន្ទុក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) លោក ជេមីសុន ហ្គ្រើរ (Jamieson Greer) អះអាងថា ទណ្ឌកម្ម​ពន្ធគយ​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំងនោះ​គឺជា​ចំណុច​ចាប់ផ្ដើម​កែតម្រូវ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការអនុវត្ត​ពាណិជ្ជកម្ម​ដោយ​គ្មាន​ភាពស្មោះត្រង់ ដើម្បី​កែ​លម្អ​សុខុមាលភាព​របស់​កម្ម​ករ​គ្រប់​ទីកន្លែង។

អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន រួម​ទាំង​ក្រសួង​ការងារ​សហរដ្ឋអាមេរិក​ផង ធ្លាប់​បាន​រក​ឃើញ និង​ចងក្រង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​មាន​បញ្ហា​ពលកម្ម​ដោយ​បង្ខំ​ជាច្រើន​ករណី ក្នុង​នោះ​ក៏​រួមបញ្ចូល​នូវ​ទម្រង់​អាក្រក់​បំផុត​នៃ​ពលកម្ម​កុមារ​ផង​ដែរ។

អនុប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) លោក អាត់ ធន់ ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ពលកម្ម​ដោយ​បង្ខំ និង​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ដែល​ពាក់ព័ន្ធ​នឹង​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ពី​ក្រៅប្រទេស​។ លោក​ព្រួយបារម្ភ​ថា ការ ដាក់​អត្រាពន្ធគយ​ថ្មី ១០​ភាគរយ​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញពី​កម្ពុជា អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ធ្វើ​ឱ្យ​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​កាន់​អន់ថយ។

លោក អាត់ ធន់៖ «​តាម​របាយការណ៍ ការ​នាំចូល​សូត្រ​ពី​សហរដ្ឋអាមេរិក​ក៏​មិន​ច្រើន​ដែរ អ៊ីចឹង​ការ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន​តែមួយ ចំនួន​ច្រើន​ខ្ញុំ​គិតថា ជា​បញ្ហា​។ អ៊ីចឹង​ជា​វិធីសាស្ត្រ ខ្ញុំ​គិតថា ទីមួយ រដ្ឋាភិបាល​កម្ពុជា គួរតែ​រិះរក​មធ្យោបាយ ដើម្បី​បង្កើត​រោងចក្រ​ផលិត​ក្រណាត់​ខ្លួនឯង ឬក៏​នាំចូល​នូវ​សម្ភារ ឬក៏​វត្ថុធាតុដើម ឬក៏​ផលិតផល​ដែល​មិន​មាន​ការ​ដាក់​ពន្ធ​ពី​អាមេរិក​ដូចជា សហរដ្ឋអាមេរិក និង​ប្រទេស​នៅក្នុង​តំបន់​ណា​ដែល​អាច​ឱ្យ​ពន្ធគយ​យើង នៅក្នុង​កម្រិត​ដូច​គេ​ដូច​ឯង ឬក៏​ទាប​ជាង​ហ្នឹង ហើយ​យើង​អាច​នឹង​ប្រកួតប្រជែង​បាន»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អតីត​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បារណេត (Casey Barnett) លើកឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ថា ការកំណត់​អត្រាពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក​ចំពោះ​កម្ពុជា គឺ​ទាំង​ឱកាស ហើយក៏​ជា​ហានិភ័យ​សម្រាប់​កម្ពុជា​ដែរ​។ លោក​ឱ្យដឹង​ថា ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំចេញ​សំលៀកបំពាក់​ទៅ​សហរដ្ឋអាមេរិក​មានតម្លៃ​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​កប្បាស និង​ក្រណាត់​ពី​ប្រទេស​ចិន​មានតម្លៃ ២,៨​ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​សំលៀកបំពាក់​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក និង​សហភាព​អឺរ៉ុប​។ ផ្ទុយទៅវិញ កម្ពុជា​នាំចូល​កប្បាស និង​ក្រណាត់​ពី​សហរដ្ឋអាមេរិក​មាន​ត្រឹមតែ ១៣​ម៉ឺន ៧​ពាន់​ដុល្លារ​ប៉ុណ្ណោះ។

លោក​ព្រមាន​ថា ក្នុង​រយៈពេល​ខ្លី​កម្ពុជា​អាច​បាត់បង់​ការ​បញ្ជាទិញ​ទៅ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី និង​បង់ក្លាដេស ដែល​ទទួល​បាន​អត្រាពន្ធគយ ១០​ភាគរយ​ដូចគ្នា និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ទាក់ទាញ​វិនិយោគ​លើ​ឧស្សាហកម្ម​ផលិត​ក្រណាត់ ព្រោះ​បើ​នៅតែ​ពឹង​ផ្អែកលើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​កម្ពុជា​អាច​នឹង​បាត់បង់​ការ​បញ្ជាទិញ​កាន់តែ​ច្រើន។

លោក ខេស៊ី បារណេត (Casey Barnett) លើកឡើង​ថា កម្ពុជា​នៅ​ប្រឈម​ទាំង​ឱកាស និង​ហានិភ័យ​ពី​ការកំណត់​អត្រាពន្ធគយ​ជុំ​ទី​ពីរ​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ក្រោម​ការស៊ើបអង្កេត​តាម​មាត្រា ៣០១ ដែល​គ្រោង​ប្រកាស​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​។ លោក​ថា កម្ពុជា​អាច​ទទួល​បាន​អត្រាពន្ធ​អំណោយផល ប៉ុន្តែ​កម្ពុជា​ត្រូវ​បំពេញ​លក្ខខណ្ឌ​កាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន។

លោក ខេស៊ី បារណេត (Casey Barnett) បន្ថែម​ទៀត​ថា ឧបសគ្គ​មួយទៀត​សម្រាប់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា គឺ​ការ​ខ្វះ​វឌ្ឍនភាព​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​។ លោក​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ EBA ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជំនួស នោះ​ម៉ាក​យីហោ​អន្តរជាតិ​នានា​អាច​នឹង​បន្ថយ ឬ​ផ្លាស់ប្ដូរ​ការ​បញ្ជាទិញ​ផលិត​ចេញពី​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ