អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត មិនក្លាហានបង្ហាញលទ្ធផល​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​អ.ស.បរឿង​សិទ្ធិមនុស្ស​

0
33
​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបអ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ​លោក ថម អេនឌ្រូ (Thom Andrews) កាល​ពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបអ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ​លោក ថម អេនឌ្រូ (Thom Andrews) កាល​ពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួបពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ លោក ថម អេនឌ្រូ (Thom Andrews) ប៉ុន្តែ​មិនបាន​បញ្ចេញ​ខ្លឹមសារ នៅក្នុង​ជំនួប​នោះ​ឡើយ​។ បើ​ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល​ជឿ​ថា ជំនួប​នេះ នឹង​មាន​ការ​ជជែក​គ្នា ស៊ីជម្រៅ​លើ បញ្ហា​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទើប​ធ្វើ​ឱ្យ​លោក​ហ៊ុន ម៉ា​ណែ​ត ខ្វះ​ភាព​ក្លាហាន​ក្នុង​ការ​បង្ហាញ​ខ្លឹមសារ​ជា​សាធារណៈ ព្រោះ​បារម្ភ​ខ្លាច​ការរិះគន់​ពី​ពលរដ្ឋ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង។

ជិត​១​សប្ដាហ៍​ហើយ ដែល​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ​លោក ថម អេនឌ្រូ (Thom Andrews) បាន​មក​កាន់​ទឹកដី​កម្ពុជា ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយពី​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​ជំនួស​លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែល​ជនជាតិ​ថៃ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក បាន​ជួប​ជាមួយ​លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​រងគ្រោះ និង​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប ហើយ នៅ​ថ្ងៃទី​៣០ ខែកក្កដា​នេះ លោក​ក៏បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផង​ដែរ។

ប៉ុន្តែ​នៅក្នុង​ជំនួប​ជាមួយ នឹង​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើឡើង​នៅ​ឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ខ្លឹមសារ​លម្អិត អំពី​ជំនួប​មួយ​នេះ​ឡើយ ខុសពី​កាល ដែល លោក ថម អេនឌ្រូ បាន​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែកក្កដា ដែល​ក្នុង​ជំនួប​នោះ អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​រៀបរាប់​យ៉ាង​លម្អិត អំពី​ខ្លឹមសារ​នៃ​ជំនួប​នោះ ជាពិសេស​ពាក់ព័ន្ធ ការ​ស្នើ​របស់ លោក ថម អេនឌ្រូ ទៅកាន់​លោក ហ៊ុន សែន ឱ្យ​រដ្ឋាភិបាល គោរព​សិទ្ធិមនុស្ស និង​បើក​លំហ​សេរីភាព​បញ្ចេញមតិ​ដល់​ពលរដ្ឋ​ឡើងវិញ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែកក្កដា​ថា ប្រធានបទ ពាក់ព័ន្ធ​បញ្ហា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គឺ​ប្រាកដ ជា​បាន​លើកឡើង​នៅក្នុង​ជំនួប​រវាង លោក ហ៊ុន ម៉ាណែត និង លោក ថម អេនឌ្រូ ព្រោះ​នេះ​ជា​បេសកកម្ម​ចម្បង​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​។ លោក​យល់​ឃើញ​ថា ការ​រក្សា​ភាព​ស្ងាត់ស្ងៀម​មិន​ហ៊ាន​បើកចំហ​ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នេះ​គ្រាន់តែ​ជា​រូបភាព​បិទបាំង​ភាព​ទន់ខ្សោយ និង​បង្ហាញ​ពី​ការភ័យខ្លាច ចំពោះ​ការរិះគន់ ជុំវិញ​ការរំលោភ​សិទ្ធិ​សេរីភាព និង ការ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ទោះបីជា អ្នករាយការណ៍​ពិសេស​គ្មាន​អំណាច​ផ្លូវច្បាប់​ក្នុង​ការ​ទាមទារ ឬ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​ភ្លាមៗ​ក៏ដោយ ប៉ុន្តែ​របាយការណ៍ និង​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​មាន​ទម្ងន់​ធ្ងន់ នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ឥទ្ធិពល​ទាំងនោះ​ជា​សម្ពាធ​ការទូត​យ៉ាង​ខ្លាំង ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល ហើយក៏​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ប្រជាធិបតេយ្យ ក្នុង​ការ​ពិចារណា​លើ​ចំណាត់ការ​ការទូត ការកាត់បន្ថយ​ជំនួយ ឬ​ការ​ទាមទារ​លក្ខខណ្ឌ​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា ជាដើម​។ ប៉ុន្តែ លោក សេង វណ្ណ​លី ហាក់​មាន​សង្ឃឹម​តិច​តូច​ណាស់​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ នឹង​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង គោរព​សិទ្ធិមនុស្ស ឡើងវិញ ដោយ​ងាយៗ ប្រសិនបើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ​ជាក់លាក់​ទេ​នោះ។

លោក សេង វណ្ណលី៖ «រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ច្រើនតែ​ប្រើប្រាស់​ជំនួប​បែបនេះ គ្រាន់តែ​ជា​រូបភាព​លម្អ​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​បង្ហាញថា រដ្ឋាភិបាល​លោក​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ ប៉ុន្តែ​ផ្ទៃក្នុង​នៅតែ បន្ត​ក្រសោប​អំណាច តាមរបៀប​ចាស់ និង​មិន​ងាយ​បើកចំហ​លំហ​សេរីភាព​ពិតប្រាកដ តាម​សំណើ​របស់​អ្នករាយការណ៍​ពិសេស​នោះ​ទេ ប្រសិនបើ​គ្មាន​សម្ពាធ​សេដ្ឋកិច្ច ឬ​ការទូត​ជាក់ស្ដែង មក​ទន្ទឹមគ្នា​ទេ​នោះ»។

ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​កាលពី​ថ្ងៃទី​២២ ខែកក្កដា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បាន​ជួបពិភាក្សា​ជាមួយ លោក ថម អេនឌ្រូ ដែរ ដោយ​លោក បាន​ទាត់ចោល​ចំពោះ​សំណើ​របស់​លោក ថម អាន់ឌ្រូ ពាក់ព័ន្ធ​ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ជាពិសេស ការ​បើក​សិទ្ធិ សេរីភាព​បញ្ចេញមតិ ដល់​ពលរដ្ឋ ដោយ​គ្មាន​ការ​រឹតត្បិត​។ ក្នុង​នោះ លោក ហ៊ុន សែន បាន​ឆ្លើយ​ថា ប្រទេស​នៅ​លើ​សកលលោក ការអនុវត្ត​ប្រជាធិបតេយ្យ ឬ​ការគោរព​សិទ្ធិមនុស្ស តែងតែមាន​ចំណុច​ខ្វះខាត​ខ្លះ មិនអាច​អនុវត្ត​បាន​ល្អឥតខ្ចោះ​នោះ​ទេ។ លោក ហ៊ុន សែន ក៏បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ថា កម្ពុជា​មិនដែល​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ អ្នកនយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស ណា​ម្នាក់ នោះ​ឡើយ​។ ប៉ុន្តែ ការ​អះអាង​របស់ លោក ហ៊ុន សែន នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង ពលរដ្ឋ​រិះគន់​ថា ជា​រឿង​មិន​ពិត ខណៈ​ដែល លោក ហ៊ុន សែន នេះ​ហើយ ជា​អ្នកបង្កើត​យុទ្ធសាស្ត្រ​ដ៏​ឃោរឃៅ គឺ​«​ងើប​មួយ​វាយ​មួយ​»​មិន​ខ្វល់​ពី​ច្បាប់ទម្លាប់។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាល ត្រកូល​ហ៊ុន គួរតែ​បើក​ចិត្ត​ស្ដាប់​មតិ​របស់ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ លោក ថម អេនឌ្រូ (Thomas Andrews)​នៅ​ពេល​ដែល​លោក​ផ្ដល់​អនុសាសន៍ មួយចំនួន ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ លោក​អះអាង ការ​រឹងរូស​និង ការ​គេចវេះ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​មិន​កែប្រែ​របៀប ដឹកនាំ​របស់​ខ្លួន​ទេ ករណីនេះ​មិនបាន​ធ្វើ​ឱ្យ​មុខមាត់​រដ្ឋាភិបាល​ល្អ នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ ផ្ទុយទៅវិញ ធ្វើ​ឱ្យ​កិច្ច​ការទូត និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី នឹង​បន្ត​បរាជ័យ។

លោក ម៉ែន ណាត៖ «ទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត ហ្នឹង មាន​ជំហរ​បែប​ណាក៏ដោយ ក៏​ត្រូវ​ទុក រដ្ឋធម្មនុញ្ញ​កម្ពុជា​ជា​សំខាន់ ដែល​កម្ពុជា​ត្រូវតែ​ដើរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ហើយ​ត្រូវតែ​ស្ដារ​មុខមាត់​កម្ពុជា តាមរយៈ អ្វី​ដែល​អង្គការសហប្រជាជាតិ​អំពាវនាវ​ចង់បាន ហើយ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន ចង់​ឃើញ​ហ្នឹង ធ្វើតាម​ហ្នឹង​ទៅ»។

អ្នកឃ្លាំមើល​យល់ថា បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គឺជា​បញ្ហា​ឈ្នួល​ដែល​ធ្វើ​ឱ្យ​សង្គមជាតិ​ខ្មែរ បែកបាក់​សាមគ្គី ហើយ បញ្ហា​នយោបាយ​នៅតែ​បន្ត​គាំង​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ ការ​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ ដោយសារតែ​អ្នកនយោបាយ និង​មន្ត្រីរាជការ ទុច្ចរិត មួយចំនួន បាន​យក​ស្ថាប័នរដ្ឋ គ្រាន់តែ​កន្លែង​រកលុយ​តាម​បែប​ពុករលួយ ប្រកាន់​បក្ខពួក​និយម និង ក្ដោប​ក្ដាប់ អំណាច​បុណ្យស័ក្ដិ ដើម្បី​កៀបសង្កត់ ឆក់​ប្លន់ ទ្រព្យសម្បត្តិ​ពលរដ្ឋ និង​បង្កើន​ភាព​អយុត្តិធម៌​ជាច្រើន​នៅក្នុង​ប្រទេស។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​បើក​លំហ​សិទ្ធិ សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ទើប​ធ្វើ​ឱ្យ​សង្គមជាតិ​រីកចម្រើន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ