

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងការការពារសិទ្ធិមនុស្ស ខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាជាច្រើន រួមមានជម្លោះព្រំដែនជាមួយថៃ វិបត្តិឆបោកតាមអនឡាញ និងការត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បាននិយាយថា បញ្ហាប្រឈមបច្ចុប្បន្នរបស់កម្ពុជា ក៏ជាឱកាសមួយសម្រាប់ប្រទេសនេះបង្ហាញការប្តេជ្ញាចិត្តលើការគោរពសិទ្ធិមនុស្សតាមរយៈសកម្មភាពជាក់ស្តែងផងដែរ។
លោក ថម អេនឌ្រូ បានមានប្រសាសន៍ថា បេសកកម្មលើកដំបូងរបស់លោកនៅកម្ពុជា បានបន្សល់ទុកនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអ្នកដែលត្រូវបានផ្លាស់ទីលំនៅនៅតាមព្រំដែនជាមួយថៃ អ្នកដែលរងគ្រោះដោយការជួញដូរមនុស្ស និងអ្នកដែលកំពុងស្ថិតនៅក្នុងពន្ធនាគារ ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគេ។
លោក អេនឌ្រូ បានឱ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា លោកបានទទួលព័ត៌មានថា មានមនុស្សជាង ១០០នាក់ អាចកំពុងត្រូវបានឃុំខ្លួននៅកម្ពុជា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសិទ្ធិបង្កើតសមាគម។
លោកបានបន្ថែមថា លោកបានលើកយកបញ្ហាការឃុំខ្លួន និងលក្ខខណ្ឌរស់នៅរបស់អ្នកទាំងនោះ ពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ហើយទទួលបានការប្តេជ្ញាចិត្តថា នឹងបន្តសហការជាមួយលោក ខណៈលោកកំពុងពិនិត្យករណីទាំងនេះបន្តទៀត។ លោក អេន ឌ្រូ បានជំរុញឱ្យកម្ពុជាបើកទូលាយលំហសេរីភាពសង្គមស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ ខណៈប្រទេសកំពុងឈានទៅរកការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨។
ក្នុងអំឡុងបេសកកម្ម លោកបានចុះទស្សនកិច្ចពន្ធនាគារចំនួន៤កន្លែង និងបានជួបជាមួយសកម្មជន អ្នកសារព័ត៌មាន និងសមាជិកគណបក្សនយោបាយប្រឆាំងដែលកំពុងជាប់ឃុំ។ លោកបានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាដែលបានអនុញ្ញាតឱ្យលោកចូលទៅកាន់ពន្ធនាគារ និងតំបន់ព្រំដែន ដោយចាត់ទុកថា កិច្ចសហការនេះមានសារៈសំខាន់សម្រាប់ការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក អេនឌ្រូ បន្ថែមថា លោកក៏បានចុះទៅកាន់ទីតាំងផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងបានជួបជាមួយប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ នៅក្នុងតំបន់ដែលត្រូវបានរាយការណ៍ថា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។
លោកបាននិយាយថា តាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ វាជារឿងចាំបាច់ដែលថៃ និងកម្ពុជា ត្រូវធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ។ ពួកគេត្រូវការ និងសមនឹងទទួលបានការវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
លោក អេនឌ្រូ៖ «ខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋស៊ីវិលដែលបានប្រាប់ខ្ញុំថា ពួកគេមិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបានទេ ដោយសារតែភូមិ និងទីប្រជុំជនរបស់ពួកគេត្រូវ បានកាន់កាប់ដោយទាហានថៃនាពេលឥឡូវនេះ។ ខ្ញុំបានធ្វើដំណើរទៅកាន់គែមនៃក្រុងព្រំដែនមួយ ហើយបានឃើញរនាំង និងលួសបន្លារារាំងប្រជាពលរដ្ឋ រួមទាំងអ្នកខ្លះដែលខ្ញុំបាននិយាយជាមួយ មិនឱ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ ខ្ញុំបានឃើញផ្ទះសម្បែងជាច្រើនដែលធ្លុះធ្លាយដោយស្នាមគ្រាប់កាំភ្លើង រោងជាង និងឃ្លាំងស្តុកទំនិញដែលត្រូវបានបំផ្លិចបំផ្លាញ ហើយថែមទាំងបានឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់នៅកណ្តាលគំនរបាក់បែកទៀតផង»។
ទាក់ទងទៅនឹងវិបត្តិឆបោកអនឡាញ និងការជួញដូរមនុស្ស អ្នករាយការណ៍ពិសេស UN ក៏បានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដែរ។ លោកបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មក្នុងរយៈពេលមួយឆ្នាំកន្លងមក ប៉ុន្តែលោកនៅតែមានក្តីបារម្ភចំពោះការខ្វះខាតការទទួលខុសត្រូវចំពោះមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលត្រូវបានចោទថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញ និងស្ថានភាពរបស់ជនរងគ្រោះពីការជួញដូរមនុស្សដែលត្រូវបានជួយសង្គ្រោះចេញពីទីតាំងឆបោក។
លោក ថា ការការពារជនរងគ្រោះ និងធានាឱ្យមានការទទួលខុសត្រូវ គឺជាផ្នែកសំខាន់ក្នុងការដោះស្រាយផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សពីបណ្ដាញឆបោកតាមអនឡាញ។
លោក អេនឌ្រូ បានបញ្ជាក់ថា លោកត្រៀមខ្លួនគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ រួមទាំងការអនុវត្តអនុសាសន៍ដែលកម្ពុជាបានទទួលយកក្នុងដំណើរការពិនិត្យសិទ្ធិមនុស្សជាសកល (Universal Periodic Review) របស់អង្គការសហប្រជាជាតិ។
កាលពីថ្ងសទី៣០ ខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក៏បានជួបជាមួយអ្នករាយការណ៍ពិសេសរូបនេះដែរ។ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំជាដើម។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺត្រូវស្ថិតនៅក្រោមច្បាប់ ហើយប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗពីគ្នា។ ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យការសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃដែរ។
ទោះជាយ៉ាងណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ការរកឃើញរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងពីបញ្ហាជាក់ស្តែងដែលកំពុងកើតមានក្នុងសង្គមកម្ពុជា។ លោកថា អនុសាសន៍របស់អ្នករាយការណ៍ពិសេស គឺជាឱកាសសម្រាប់រដ្ឋាភិបាលកម្ពុជា យកទៅពិចារណា និងដាក់ចេញវិធានការកែលម្អ ដើម្បីទប់ស្កាត់ការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៃស្ថានភាពសង្គម នយោបាយ និងសិទ្ធិមនុស្ស។
លោក ស៊ឹង សែនករុណា៖ «វាជារឿង ដែលល្អហើយ ដែលខាងអ្នករាយការណ៍ពិសេស រកឃើញនូវបញ្ហា នៃស្ថានភាព ដែលកំពុងកើតឡើងជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាហ្នឹង។ ហើយ ជាយោបល់របស់គេហ្នឹង គឺគេឲ្យយោបល់ហ្នឹងល្អហើយ ពីព្រោះកម្ពុជាកំពុងធ្លាក់ ក្នុងស្ថានភាពធ្ងន់ធ្ងរ កាន់តែធ្ងន់ធ្ងរទៅ»។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិនិត្យមើលការរកឃើញរបស់អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិផ្សេងៗ ដោយចាត់ទុកថា ការឆ្លើយតបចំពោះបញ្ហាទាំងនេះ អាចនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ៕








