អ្នករាយការណ៍​ពិសេស​UN ជំរុញឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស ខណៈ​កម្ពុជា​ប្រឈម​វិបត្តិ​ព្រំដែន ឆបោក​អន​ឡាញ និង​ការបោះឆ្នោត​

0
140
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ការ​ការពារ​សិទ្ធិមនុស្ស ខណៈ​ប្រទេស​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន រួមមាន​ជម្លោះព្រំដែន​ជាមួយ​ថៃ វិបត្តិ​ឆបោក​តាម​អន​ឡាញ និង​ការ​ត្រៀម​រៀបចំ​ការបោះឆ្នោត​នា​ពេល​ខាងមុខ។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៣១ ខែកក្កដា បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ផ្លូវការ​លើកដំបូង​របស់​លោក​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បាន​និយាយ​ថា បញ្ហា​ប្រឈម​បច្ចុប្បន្ន​របស់​កម្ពុជា ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​នេះ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​លើ​ការគោរព​សិទ្ធិមនុស្ស​តាមរយៈ​សកម្មភាព​ជាក់ស្តែង​ផង​ដែរ។

លោក ថម អេនឌ្រូ បាន​មានប្រសាសន៍ថា បេសកកម្ម​លើកដំបូង​របស់​លោក​នៅ​កម្ពុជា បាន​បន្សល់ទុក​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ អ្នក​ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស និង​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពួកគេ។

លោក អេនឌ្រូ បាន​ឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ជាង ១០០​នាក់ អាច​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​កម្ពុជា ដោយសារ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​បង្កើត​សមាគម។

លោក​បាន​បន្ថែម​ថា លោក​បាន​លើកយក​បញ្ហា​ការ​ឃុំខ្លួន និង​លក្ខខណ្ឌ​រស់នៅ​របស់​អ្នក​ទាំងនោះ ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​ទទួល​បាន​ការ​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​សហការ​ជាមួយ​លោក ខណៈ​លោក​កំពុង​ពិនិត្យ​ករណី​ទាំងនេះ​បន្ត​ទៀត​។ លោក អេន ឌ្រូ បាន​ជំរុញ​ឱ្យ​កម្ពុជា​បើកទូលាយ​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​ធានា​ការគោរព​សិទ្ធិ​នយោបាយ ខណៈ​ប្រទេស​កំពុង​ឈាន​ទៅ​រក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​២០២៨។

ក្នុង​អំឡុង​បេសកកម្ម លោក​បាន​ចុះ​ទស្សនកិច្ច​ពន្ធនាគារ​ចំនួន​៤​កន្លែង និង​បាន​ជួប​ជាមួយ​សកម្មជន អ្នកសារព័ត៌មាន និង​សមាជិក​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ចូល​ទៅ​កាន់​ពន្ធនាគារ និង​តំបន់​ព្រំដែន ដោយ​ចាត់ទុកថា កិច្ចសហការ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក អេនឌ្រូ បន្ថែម​ថា លោក​ក៏បាន​ចុះទៅ​កាន់​ទីតាំង​ផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​អាច​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ខ្លួន​វិញ នៅក្នុង​តំបន់​ដែល​ត្រូវ​បាន​រាយការណ៍​ថា ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​យោធា​ថៃ។

លោក​បាន​និយាយ​ថា តាម​ច្បាប់​អន្តរជាតិ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ មាន​សិទ្ធិ​វិលត្រឡប់​ទៅផ្ទះ​របស់​ខ្លួន​វិញ​។ វា​ជា​រឿង​ចាំបាច់​ដែល​ថៃ និង​កម្ពុជា ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ពន្លឿន​ការ​វិលត្រឡប់​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​។ ពួកគេ​ត្រូវការ និង​សម​នឹង​ទទួល​បាន​ការ​វិល​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ។

លោក អេនឌ្រូ៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​ស៊ីវិល​ដែល​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​មិនអាច​ត្រឡប់​ទៅផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​បានទេ ដោយសារតែ​ភូមិ និង​ទីប្រជុំជន​របស់​ពួកគេ​ត្រូវ បាន​កាន់កាប់​ដោយ​ទាហាន​ថៃ​នា​ពេល​ឥឡូវនេះ​។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​គែម​នៃ​ក្រុង​ព្រំដែន​មួយ ហើយ​បានឃើញ​រនាំង និង​លួស​បន្លា​រារាំង​ប្រជាពលរដ្ឋ រួម​ទាំង​អ្នកខ្លះ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ មិន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​។ ខ្ញុំ​បានឃើញ​ផ្ទះសម្បែង​ជាច្រើន​ដែល​ធ្លុះធ្លាយ​ដោយ​ស្នាម​គ្រាប់កាំភ្លើង រោង​ជាង និង​ឃ្លាំង​ស្តុក​ទំនិញ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ ហើយ​ថែមទាំង​បានឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​កណ្តាល​គំនរ​បាក់បែក​ទៀត​ផង»។

ទាក់ទង​ទៅ​នឹង​វិបត្តិ​ឆបោក​អនឡាញ និង​ការ​ជួញដូរ​មនុស្ស អ្នករាយការណ៍​ពិសេស UN ក៏បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែរ​។ លោក​បាន​ទទួលស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ប៉ុន្តែ​លោក​នៅតែ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ខ្វះខាត​ការទទួលខុសត្រូវ​ចំពោះ​មន្ត្រីជាន់ខ្ពស់​មួយចំនួន ដែល​ត្រូវ​បាន​ចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​អនឡាញ និង​ស្ថានភាព​របស់​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​ទីតាំង​ឆបោក។

លោក ថា ការ​ការពារ​ជនរងគ្រោះ និង​ធានា​ឱ្យ​មាន​ការទទួលខុសត្រូវ គឺជា​ផ្នែក​សំខាន់​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ផ្នែក​សិទ្ធិមនុស្ស​ពី​បណ្ដាញ​ឆបោក​តាម​អនឡាញ។

លោក អេនឌ្រូ បាន​បញ្ជាក់​ថា លោក​ត្រៀមខ្លួន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង​ការអនុវត្ត​អនុសាសន៍​ដែល​កម្ពុជា​បាន​ទទួលយក​ក្នុង​ដំណើរការ​ពិនិត្យ​សិទ្ធិមនុស្ស​ជាស​កល (Universal Periodic Review) របស់​អង្គការ​សហប្រជាជាតិ។

កាលពី​ថ្ង​ស​ទី​៣០ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ក៏បាន​ជួប​ជាមួយ​អ្នករាយការណ៍​ពិសេស​រូប​នេះ​ដែរ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ដោយ​ផ្អែកលើ​ច្បាប់​ជាតិ និង​លិខិតូបករណ៍​អន្តរជាតិ​នានា ជាពិសេស ការ​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ការអប់រំ​ជាដើម។

បន្ថែម​ពី​នេះ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់​ថា ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព ត្រូវ​ធ្វើ​ឡើង​ប្រកបដោយ​ការទទួលខុសត្រូវ និង​ស្របតាម​ដែន​កំណត់​នៃ​ច្បាប់​។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​បន្ថែម​ថា ទោះជា​ប្រទេស​តូច ឬ​ធំក្តី ការអនុវត្ត​ច្បាប់ និង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់ ហើយ​ប្រទេស​នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​ពីគ្នា​។ ជាមួយ​គ្នា​នេះ លោក ក៏បាន​លើកទឹកចិត្ត​ឱ្យ​អ្នករាយការណ៍​ពិសេស បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​លើក​ទឹកចិត្ត​ឱ្យ​ការ​សរសេរ​របាយការណ៍ ដោយ​ផ្អែកលើ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​រួមចំណែក​ដល់​ការអនុវត្ត និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ​ដែរ។

ទោះជា​យ៉ាងណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ជាក់ស្តែង​ដែល​កំពុង​កើតមាន​ក្នុង​សង្គម​កម្ពុជា។ លោក​ថា អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស គឺជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​កម្ពុជា យក​ទៅ​ពិចារណា និង​ដាក់ចេញ​វិធានការ​កែ​លម្អ ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សង្គម នយោបាយ និង​សិទ្ធិមនុស្ស។

លោក ស៊ឹង សែនករុណា៖ «​វា​ជា​រឿង ដែល​ល្អ​ហើយ ដែល​ខាង​អ្នករាយការណ៍​ពិសេស រក​ឃើញ​នូវ​បញ្ហា នៃ​ស្ថានភាព ដែល​កំពុង​កើតឡើង​ជាក់ស្ដែង នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​។ ហើយ ជា​យោបល់​របស់​គេ​ហ្នឹង គឺ​គេ​ឲ្យ​យោបល់​ហ្នឹង​ល្អ​ហើយ ពីព្រោះ​កម្ពុជា​កំពុង​ធ្លាក់ ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ កាន់តែ​ធ្ងន់ធ្ងរ​ទៅ»។

លោក ស៊ឹង សែន​ករុណា មានប្រសាសន៍ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ការ​រក​ឃើញ​របស់​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ ដោយ​ចាត់ទុកថា ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ទាំងនេះ អាច​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ