

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យនិស្សិតប្រឹងរៀនឱ្យមានចំណេះពិតប្រាកដ ដើម្បីងាយស្រួលស្វែងរកការងារធ្វើនៅតាមស្ថាប័ន និងដើម្បីបម្រើជាតិ ប៉ុន្តែរូបលោក និងរដ្ឋមន្ត្រីភាគច្រើន សុទ្ធតែឡើងកាន់តំណែង ដោយការលើកបន្តុបពីឪពុកម្ដាយ ខណៈក្រុមបញ្ញវន្ត និងពលរដ្ឋដែលមានសមត្ថភាព ពុំសូវមានឱកាសធ្វើការតាមស្ថាប័នរដ្ឋ នោះទេ។ អ្នកឃ្លាំមើលលើកឡើងថា អ្នកដែលផ្ដល់គំរូអាក្រក់ និងបន្ទាបបន្ថោកវិស័យអប់រំ គឺជារដ្ឋាភិបាល ព្រោះអ្នកចេះដឹងពិតប្រាកដ ពុំសូវមានឱកាស ចូលធ្វើតាមក្រសួងស្ថាប័ននោះទេ ប្រសិនបើពុំចេះអែបអប និង មានសែស្រឡាយជា អ្នកមានលុយ មានអំណាច។
ថ្លែងទៅកាន់និស្សិតរាប់រយនាក់នៅថ្ងៃទី០៦ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រៀនប្រដៅដល់និស្សិត និងចែករំលែកបទពិសោធន៍ ដែលលោកធ្លាប់រៀននៅសាកលវិទ្យាល័យយោធាដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យ West Point។ អំឡុងពេលនៃការថ្លែងសាររបស់លោកជិត១ម៉ោង មិនខុសពីសព្វមួយដងនោះទេគឺ លោកតែងតែណែនាំឱ្យនិស្សិតត្រូវប្រឹងរៀនឱ្យមានចំណេះដឹង ពិតប្រាកដ មានឥរិយាបថល្អ និងមានជំនាញពិតប្រាកដ បើពុំដូច្នេះទេ នឹងពិបាកក្នុងការស្វែងរកការងារ និងគ្មានសមត្ថភាពចូលបម្រើការងារតាមក្រសួង ស្ថាប័នជាដើម។
ទន្ទឹមគ្នានោះ លោកក៏ព្រមានមិនឱ្យសាលានីមួយៗ បើកឱ្យសិស្សនិស្សិតប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិមិត្ត ឬហៅថា AIច្រើនហួសហេតុពេកនោះទេ រហូតលែងប្រឹងប្រែងរៀនសូត្រតាមរយៈការអាន ការស្រាវជ្រាវ និងការអនុវត្តការងារជាក់ស្ដែង ។ លោកបារម្ភថា ប្រសិនបើនិស្សិតប្រើតែកម្មវិធីAI ដើម្បីប្រឡងជាប់បានសញ្ញាប័ត្រនោះនាំឱ្យប្រទេសជាតិមួយសម្បូរតែមនុស្សដែលរៀនចប់ ប៉ុន្តែខ្វះសមត្ថភាព ធ្វើការងារបម្រើប្រទេសជាតិ គ្រួសារ និងសហគមន៍។
លោក ហ៊ុន ម៉ាណែត៖ «ថាតើធ្វើយ៉ាងម៉េចដើម្បីឱ្យសិស្សចេញទៅ នៅតែធានាបានគុណភាព? ពាក្យថា «គុណភាព» មិនមែនបានន័យថា ទិន្នន័យ ៩៧%ហ្នឹងជាការល្អហើយ! ៩៧% មានការងារធ្វើ ជាការល្អដែលយើងចង់បាន ពេលចេញទៅមានការងារធ្វើ។ ប៉ុន្តែ ៩៧% នេះ គុណភាពដែលគាត់បានចេញពីសាលានេះទៅ កាន់សញ្ញាប័ត្រនេះទៅ ជួយទៅដល់ស្ថាប័ន ជួយទៅដល់អង្គភាពរដ្ឋ ស៊ីវិលរបស់គាត់កាន់តែប្រសើរ បង្កើនល្បឿន ផលិតគំនិតនៃការរៀនរបស់គាត់យកទៅភ្ជាប់ជាមួយនឹងការតស៊ូធ្វើការជាក់ស្ដែង។ នេះគឺជាជោគជ័យពិតប្រាកដ»។
បើទោះបីជា លោក ហ៊ុន ម៉ាណែត តែងតែលើកឡើងឱ្យយុវជន និងនិស្សិតប្រឹងប្រែងរៀនសូត្រ ឱ្យមានសមត្ថភាពពិតប្រាកដ និងមានជំនាញច្បាស់លាស់ក្ដី ពលរដ្ឋ និងនិស្សិតជាច្រើន ហាក់ពុំសូវមានសង្ឃឹមថា ពេលរៀនចប់ នឹងមានឱកាសដើម្បីបម្រើជាតិ តាមរយៈការប្រកួតប្រជែង ដោយសមត្ថភាព ចូលស្ថាប័នរដ្ឋនោះទេ បើទោះបីជាពួកគាត់មានសមត្ថភាព និង ចេះដឹងច្បាស់លាស់ក្ដី។ ពួកគាត់យល់ថា ការមានត្រឹមតែចំណេះដឹង និងជំនាញ គឺជារឿងពិបាក ក្នុងការស្វែងរកការងារសមរម្យនៅក្នុងស្រុក ហើយរឹតតែពិបាកទៀតនោះ គឺនៅក្នុងស្ថាប័នរដ្ឋ ប្រសិនបើ ពុំចេះ អែបអប ចូលជាសមាជិកបក្សកាន់អំណាច និងពុំមានសែស្រឡាយ ជាកូនអ្នកធំ។
អ្នកឃ្លាំមើលរិះគន់ថា វិស័យអប់រំ នៅកម្ពុជា មិនអាចរីកចម្រើនបានទេ ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ពុំបានផ្ដល់ឱកាសដល់យុវជន និងពលរដ្ឋ ដែលមានសមត្ថភាពពិតប្រាកដចូលបម្រើ ការនៅតាមស្ថាប័នរដ្ឋ និងតាមស្ថាប័ននានា ប្រកបដោយស្មើភាពគ្នា តាមរយៈការប្រកួតប្រជែង ដោយសមត្ថភាព ហើយ មិនដាក់ទោសទណ្ឌដល់បុគ្គលណាដែលប្រើប្រាស់ទឹកលុយ សែស្រឡាយ និងបក្ខពួក ដើម្បីបានតំណែងគ្រាក់ៗនៅតាមស្ថាប័នរដ្ឋ ទេនោះ។
ជាក់ស្ដែង នៅក្នុងអាណត្តិដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មានរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជាច្រើនរូបទទួលបានតំណែង ដោយសារការលើកបន្តុបពីគ្រួសារ ដូចជា លោក ហ៊ុន ម៉ាណែត ផ្ទាល់ខ្លួន បានតួនាទីជានាយករដ្ឋមន្ត្រី ដោយសារតែ លោក ហ៊ុន សែន ដែលជាឪពុកជាអ្នករៀបចំឱ្យ។ រីឯលោក ស សុខា ក៏ទទួលបានតំណែង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តពីឪពុក គឺ លោក ស ខេង។ ចំណែកលោក ទៀ សីហា វិញ ក៏ទទួលបានតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយសារតែឪពុកលើកកន្តុប គឺលោក ទៀ បាញ់។ ចំណែក លោក ហ៊ុន ម៉ានី ដែលជាប្អូនពៅរបស់ លោក ហ៊ុន ម៉ាណែត ក៏ទទួលបានតួនាទីជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏ដោយសារតែលោកហ៊ុន សែន ជួយជ្រោមជ្រែង ផងដែរ។
ក្រៅពីនេះនៅមាន រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ជាង១ពាន់នាក់ (១ ៤២២) ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ដែល ភាគច្រើននៃអ្នកទាំងនោះ គឺជាសាច់ញាតិរបស់មន្ត្រីរដ្ឋាភិបាល ហើយក៏មានមួយចំនួនតូចប៉ុណ្ណោះជាអតីតសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន និងមេដឹកនាំសហជីព ដែលបានចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែងកូនប្រុសទាំងបួនរបស់អតីតឧបនាយករដ្ឋមន្ត្រី លោក សុខ អាន គឺមានកូនកំពុងតែកាន់តួនាទីសំខាន់ៗដូចជា លោក សុខ សង្វារ ក្លាយជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក សុខ ពុទ្ធិវុធ ក្លាយជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សុខ សូកាន ក្លាយជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងលោក សុខ សូកេន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប៉ុន្តែក្រោយពី លោកកាន់តួនាទីនេះ បានជាង១ឆ្នាំ ក៏ប្ដូរឱ្យ ទៅកាន់តួនាទីជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត ដែលជំរុញឱ្យនិស្សិតប្រឹងរៀនដើម្បីបម្រើជាតិ និងដើម្បីងាយស្រួលដល់ការស្វែងរកការងារ គឺជារឿងល្អក៏ប៉ុន្តែ បើយកទៅប្រៀបធៀបជាមួយនឹងការរៀបចំជាប្រព័ន្ធដឹកនាំរដ្ឋ ក្នុងជួរមន្ត្រីរដ្ឋាភិបាល គឺភាគច្រើនអ្នកទាំងនោះ ជាសាច់ញាតិ និងបក្ខពួករបស់គណបក្សកាន់អំណាច។ លោកថា បញ្ហានេះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់និស្សិត និងយុវជនមួយចំនួន មិនសូវពេញចិត្តចំពោះ ការរៀបចំ តាមរយៈការលើកបន្តុបត វង្សត្រកូល បែបនេះទេ ព្រោះទង្វើនេះ មិនត្រឹមត្រូវ ក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។
លោកអះអាងថា នៅសង្គមប្រជាធិបតេយ្យ ការកាន់តួនាទី និងទទួលតំណែងនីមួយៗគឺធ្វើឡើង តាមរយៈការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីជ្រើសរើសបុគ្គលមានសមត្ថភាព ហើយធានាថា ជាមន្ត្រី ឬជាមេដឹកនាំដែលមានសមត្ថភាពក្នុងការជួយដល់ពលរដ្ឋដែលកំពុង ជួបនូវវិបត្តិផ្សេងៗ នៅក្នុងសង្គម។
លោក ស៊ឹង សែនករុណា៖ «ក៏ប៉ុន្តែ អ្វីដែលយើងមើលឃើញគឺ ដូចដែលយើងដឹងហើយ ដូចជាតាមស្ថាប័ននានាណា ដូចជាតំណែងនាយករដ្ឋមន្ត្រីនេះ គឺទទួលបានពីការឈរឈ្មោះពីឪពុករបស់ខ្លួន ហើយផ្ទេរមកឱ្យកូនជាដើមអ៊ីចឹងទៅ ហើយខាងក្រសួងមហាផ្ទៃក៏អញ្ចឹងដែរ បាទ ក៏ផ្ទេរទៅឱ្យកូន ហើយក្រសួងពាក់ព័ន្ធនានាសុទ្ធសឹងតែផ្ទេរតំណែងមកឱ្យកូនកាន់កាប់បន្តអីជាដើម។ អញ្ចឹង វាជាអ្វីដែលអាចធ្វើឱ្យអ្នកដែលខិតខំប្រឹងប្រែងរៀនសូត្រ ដែលមានសមត្ថភាពពិតប្រាកដហ្នឹង គឺគ្មានឱកាសទៅកាន់ការងារ និងតួនាទីសំខាន់ៗដើម្បីបានជួយទៅដល់ជាតិមាតុភូមិអ្វីនោះទេ»។
ទោះជាបែបនេះក្ដី លោកថា ចំណេះដឹងពិតជា មានសំខាន់ទោះបីជារដ្ឋាភិបាលពុំសូវផ្ដល់ឱកាសឱ្យអ្នកចេះដឹង ប្រកួតប្រជែងចូលធ្វើការងារតាមស្ថាប័ន តាមរយៈការប្រជែងដោយស្មើភាព ដើម្បីចូលម្រើជាតិមាតុភូមិក្ដី ក៏យុវជន ឬពលរដ្ឋត្រូវតែប្រឹងរៀនដើម្បី អាចប្រកបមុខរបរចិញ្ចឹមជីវិត នៅតាមវិស័យឯកជនផ្សេងៗ។ ទន្ទឹមគ្នានោះលោកថា កាលណាដែលពលរដ្ឋមានចំណេះដឹងច្រើន ងាយស្រួលក្នុងការ តាមដានដោយផ្ទាល់ និងដោយប្រយោលលើកិច្ចការនយោបាយ និងសង្គម ដើម្បីកុំឱ្យអ្នកនយោបាយ ធ្វើអ្វីតាមតែអំពើចិត្ត ព្រោះប្រទេសជាតិមួយនេះពុំមែនជាកម្មសិទ្ធិរបស់គណបក្សកាន់អំណាច ផ្ដាច់មុខនោះទេ គឺជារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា៕








