លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​និស្សិត​ប្រឹងរៀន​ដើម្បី​បម្រើ​ជាតិ ប៉ុន្តែ​លោក និង​មន្ត្រី​​ខ្លួន​ត្រូវ​បាន​លើក​បន្តុប​ពី​ម៉ែឪ

0
78
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​និស្សិត​ប្រឹងរៀន​ឱ្យ​មាន​ចំណេះ​ពិតប្រាកដ ដើម្បី​ងាយស្រួល​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​ស្ថាប័ន និង​ដើម្បី​បម្រើ​ជាតិ ប៉ុន្តែ​រូបលោក និង​រដ្ឋមន្ត្រី​ភាគច្រើន សុទ្ធតែ​ឡើងកាន់​តំណែង ដោយ​ការ​លើក​បន្តុប​ពី​ឪពុកម្ដាយ ខណៈ​ក្រុម​បញ្ញវន្ត និង​ពលរដ្ឋ​ដែល​មាន​សមត្ថភាព ពុំ​សូវ​មានឱកាស​ធ្វើការ​តាម​ស្ថាប័នរដ្ឋ នោះ​ទេ​។ អ្នកឃ្លាំមើល​លើកឡើង​ថា អ្នក​ដែល​ផ្ដល់​គំរូ​អាក្រក់ និង​បន្ទាបបន្ថោក​វិស័យ​អប់រំ គឺជា​រដ្ឋាភិបាល ព្រោះ​អ្នកចេះដឹង​ពិតប្រាកដ ពុំ​សូវ​មានឱកាស ចូល​ធ្វើតាម​ក្រសួង​ស្ថាប័ន​នោះ​ទេ ប្រសិនបើ​ពុំ​ចេះ​អែបអប និង មាន​សែស្រឡាយ​ជា អ្នកមាន​លុយ មានអំណាច។

ថ្លែង​ទៅកាន់​និស្សិត​រាប់​រយ​នាក់​នៅ​ថ្ងៃទី​០៦ ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រៀនប្រដៅ​ដល់​និស្សិត និង​ចែករំលែក​បទពិសោធន៍ ដែល​លោក​ធ្លាប់​រៀន​នៅ​សាកលវិទ្យាល័យ​យោធា​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក គឺ​សាកលវិទ្យាល័យ West Point​។ អំឡុង​ពេល​នៃ​ការ​ថ្លែង​សារ​របស់​លោក​ជិត​១​ម៉ោង មិន​ខុសពី​សព្វមួយដង​នោះ​ទេ​គឺ លោក​តែងតែ​ណែ​នាំ​ឱ្យ​និស្សិត​ត្រូវ​ប្រឹងរៀន​ឱ្យ​មាន​ចំណេះដឹង ពិតប្រាកដ មាន​ឥរិយាបថ​ល្អ និង​មាន​ជំនាញ​ពិតប្រាកដ បើ​ពុំ​ដូច្នេះ​ទេ នឹង​ពិបាក​ក្នុង​ការ​ស្វែងរក​ការងារ និង​គ្មាន​សមត្ថភាព​ចូល​បម្រើ​ការងារ​តាម​ក្រសួង ស្ថាប័ន​ជាដើម​។​

ទន្ទឹមគ្នា​នោះ លោក​ក៏​ព្រមាន​មិន​ឱ្យ​សាលា​នីមួយៗ បើក​ឱ្យ​សិស្ស​និស្សិត​ប្រើប្រាស់​កម្មវិធី​បញ្ញា​សិប្ប​និមិត្ត ឬ​ហៅថា AI​ច្រើន​ហួសហេតុ​ពេក​នោះ​ទេ រហូត​លែង​ប្រឹងប្រែង​រៀនសូត្រ​តាមរយៈ​ការ​អាន ការស្រាវជ្រាវ និង​ការអនុវត្ត​ការងារ​ជាក់ស្ដែង ។ លោក​បារម្ភ​ថា ប្រសិនបើ​និស្សិត​ប្រើ​តែ​កម្មវិធី​AI ដើម្បី​ប្រឡង​ជាប់​បាន​សញ្ញាប័ត្រ​នោះ​នាំ​ឱ្យ​ប្រទេសជាតិ​មួយ​សម្បូរ​តែ​មនុស្ស​ដែល​រៀន​ចប់ ប៉ុន្តែ​ខ្វះ​សមត្ថភាព ធ្វើ​ការងារ​បម្រើ​ប្រទេសជាតិ គ្រួសារ និង​សហគមន៍។

លោក ហ៊ុន ម៉ាណែត៖ «ថា​តើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​សិស្ស​ចេញទៅ នៅតែ​ធានា​បាន​គុណភាព​? ពាក្យ​ថា «​គុណភាព​» មិនមែន​បាន​ន័យ​ថា ទិន្នន័យ ៩៧%​ហ្នឹង​ជា​ការ​ល្អ​ហើយ​! ៩៧% មានការ​ងារ​ធ្វើ ជា​ការ​ល្អ​ដែល​យើង​ចង់បាន ពេល​ចេញទៅ​មានការ​ងារ​ធ្វើ​។ ប៉ុន្តែ ៩៧% នេះ គុណភាព​ដែល​គាត់​បាន​ចេញពី​សាលា​នេះ​ទៅ កាន់​សញ្ញាប័ត្រ​នេះ​ទៅ ជួយ​ទៅដល់​ស្ថាប័ន ជួយ​ទៅដល់​អង្គភាព​រដ្ឋ ស៊ីវិល​របស់​គាត់​កាន់តែ​ប្រសើរ បង្កើន​ល្បឿន ផលិត​គំនិត​នៃ​ការ​រៀន​របស់​គាត់​យក​ទៅ​ភ្ជាប់​ជាមួយនឹង​ការ​តស៊ូ​ធ្វើការ​ជាក់ស្ដែង​។ នេះ​គឺជា​ជោគជ័យ​ពិតប្រាកដ»។

បើ​ទោះបីជា លោក ហ៊ុន ម៉ា​ណែ​ត តែងតែ​លើកឡើង​ឱ្យ​យុវជន និង​និស្សិត​ប្រឹងប្រែង​រៀនសូត្រ ឱ្យ​មាន​សមត្ថភាព​ពិតប្រាកដ និង​មាន​ជំនាញ​ច្បាស់លាស់​ក្ដី ពលរដ្ឋ និង​និស្សិត​ជាច្រើន ហាក់​ពុំ​សូវ​មាន​សង្ឃឹមថា ពេល​រៀន​ចប់ នឹង​មាន​ឱកាស​ដើម្បី​បម្រើ​ជាតិ តាមរយៈ​ការប្រកួតប្រជែង ដោយ​សមត្ថភាព ចូល​ស្ថាប័នរដ្ឋ​នោះ​ទេ បើទោះបីជា​ពួកគាត់​មាន​សមត្ថភាព និង ចេះដឹង​ច្បាស់លាស់​ក្ដី​។ ពួកគាត់​យល់ថា ការ​មាន​ត្រឹមតែ​ចំណេះដឹង និង​ជំនាញ គឺជា​រឿង​ពិបាក ក្នុង​ការ​ស្វែងរក​ការងារ​សមរម្យ​នៅក្នុង​ស្រុក ហើយ​រឹតតែ​ពិបាក​ទៀត​នោះ គឺ​នៅក្នុង​ស្ថាប័នរដ្ឋ ប្រសិនបើ ពុំ​ចេះ អែបអប ចូល​ជា​សមាជិក​បក្ស​កាន់អំណាច និង​ពុំ​មាន​សែស្រឡាយ ជា​កូន​អ្នកធំ។

អ្នកឃ្លាំមើល​រិះគន់​ថា វិស័យ​អប់រំ នៅ​កម្ពុជា មិនអាច​រីកចម្រើន​បានទេ ប្រសិនបើ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត ពុំបាន​ផ្ដល់​ឱកាស​ដល់​យុវជន និង​ពលរដ្ឋ ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ចូល​បម្រើ ការ​នៅ​តាម​ស្ថាប័នរដ្ឋ និង​តាម​ស្ថាប័ន​នានា ប្រកបដោយ​ស្មើភាព​គ្នា តាមរយៈ​ការប្រកួតប្រជែង ដោយ​សមត្ថភាព ហើយ មិន​ដាក់​ទោសទណ្ឌ​ដល់​បុគ្គល​ណា​ដែល​ប្រើប្រាស់​ទឹក​លុយ សែស្រឡាយ និង​បក្ខពួក ដើម្បី​បាន​តំណែង​គ្រាក់ៗ​នៅ​តាម​ស្ថាប័នរដ្ឋ ទេ​នោះ។

ជាក់ស្ដែង នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត មាន​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ជាច្រើន​រូប​ទទួល​បាន​តំណែង ដោយសារ​ការ​លើក​បន្តុប​ពី​គ្រួសារ ដូចជា លោក ហ៊ុន ម៉ា​ណែ​ត ផ្ទាល់ខ្លួន បាន​តួនាទី​ជា​នាយករដ្ឋមន្ត្រី ដោយសារតែ លោក ហ៊ុន សែន ដែល​ជា​ឪពុក​ជា​អ្នក​រៀបចំ​ឱ្យ​។ រីឯ​លោក ស សុខា ក៏​ទទួល​បាន​តំណែង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្ត​ពី​ឪពុក គឺ លោ​ក ស ខេង​។ ចំណែក​លោក ទៀ សីហា វិញ ក៏​ទទួល​បាន​តំណែង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយសារតែ​ឪពុក​លើក​កន្តុប គឺ​លោក ទៀ បាញ់​។ ចំណែក លោក ហ៊ុន ម៉ា​នី ដែល​ជា​ប្អូន​ពៅ​របស់ លោក ហ៊ុន ម៉ា​ណែ​ត ក៏​ទទួល​បាន​តួនាទី​ជា ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ក៏​ដោយសារតែ​លោក​ហ៊ុន សែន ជួយ​ជ្រោមជ្រែង ផង​ដែរ​។​

ក្រៅពីនេះ​នៅ​មាន រដ្ឋលេខាធិការ ឬ​អនុរដ្ឋលេខាធិការ ជាង​១​ពាន់​នាក់ (១ ៤២២) ដែល​ត្រូវបាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ ដែល ភាគច្រើន​នៃ​អ្នក​ទាំងនោះ គឺជា​សាច់ញាតិ​របស់​មន្ត្រី​រដ្ឋា​ភិ​បាល ហើយ​ក៏​មាន​មួយចំនួន​តូច​ប៉ុណ្ណោះ​ជា​អតីត​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន និង​មេដឹកនាំ​សហជីព ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​។ ជាក់ស្ដែង​កូនប្រុស​ទាំង​បួន​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី លោក សុខ អាន គឺ​មានកូន​កំពុងតែ​កាន់​តួនាទី​សំខាន់ៗ​ដូចជា លោក សុខ សង្វារ ក្លាយជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ លោក សុខ ពុទ្ធិ​វុ​ធ ក្លាយជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សុខ សូ​កាន ក្លាយជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​លោក សុខ សូកេន ត្រូវ​បានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប៉ុន្តែ​ក្រោយពី លោក​កាន់​តួនាទី​នេះ បាន​ជាង​១​ឆ្នាំ ក៏​ប្ដូរ​ឱ្យ ទៅកាន់​តួនាទី​ជា រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​វិញ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ​យល់ថា ការ​ថ្លែង​របស់ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជំរុញ​ឱ្យ​និស្សិត​ប្រឹងរៀន​ដើម្បី​បម្រើ​ជាតិ និង​ដើម្បី​ងាយស្រួល​ដល់​ការស្វែងរក​ការងារ គឺជា​រឿង​ល្អ​ក៏ប៉ុន្តែ បើ​យក​ទៅ​ប្រៀបធៀប​ជាមួយនឹង​ការរៀបចំ​ជា​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល គឺ​ភាគច្រើន​អ្នក​ទាំងនោះ ជា​សាច់ញាតិ និង​បក្ខពួក​របស់​គណបក្ស​កាន់អំណាច​។ លោក​ថា បញ្ហា​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​និស្សិត និង​យុវជន​មួយចំនួន មិនសូវ​ពេញចិត្ត​ចំពោះ ការរៀបចំ តាមរយៈ​ការ​លើក​បន្តុប​ត វង្ស​ត្រកូល បែបនេះ​ទេ ព្រោះ​ទង្វើ​នេះ មិន​ត្រឹមត្រូវ ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។

លោក​អះអាង​ថា នៅ​សង្គម​ប្រជាធិបតេយ្យ ការ​កាន់​តួនាទី និង​ទទួល​តំណែង​នីមួយៗ​គឺធ្វើ​ឡើង តាមរយៈ​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ជ្រើសរើស​បុគ្គល​មាន​សមត្ថភាព ហើយ​ធានា​ថា ជា​មន្ត្រី ឬ​ជា​មេដឹកនាំ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង ជួប​នូវ​វិបត្តិ​ផ្សេងៗ នៅក្នុង​សង្គម។

លោក ស៊ឹង សែនករុណា៖ «ក៏ប៉ុន្តែ អ្វី​ដែល​យើង​មើលឃើញ​គឺ ដូចដែល​យើង​ដឹង​ហើយ ដូចជា​តាម​ស្ថាប័ន​នានា​ណា ដូចជា​តំណែង​នាយករដ្ឋមន្ត្រី​នេះ គឺ​ទទួល​បាន​ពី​ការ​ឈរឈ្មោះ​ពី​ឪពុក​របស់​ខ្លួន ហើយ​ផ្ទេរ​មក​ឱ្យ​កូន​ជាដើម​អ៊ីចឹង​ទៅ ហើយ​ខាង​ក្រសួងមហាផ្ទៃ​ក៏​អញ្ចឹង​ដែរ បាទ ក៏​ផ្ទេរ​ទៅ​ឱ្យ​កូន ហើយ​ក្រសួង​ពាក់ព័ន្ធ​នានា​សុទ្ធសឹងតែ​ផ្ទេរតំណែង​មក​ឱ្យ​កូន​កាន់កាប់​បន្ត​អី​ជាដើម​។ អញ្ចឹង វា​ជា​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ហ្នឹង គឺ​គ្មាន​ឱកាស​ទៅកាន់​ការងារ និង​តួនាទី​សំខាន់ៗ​ដើម្បី​បាន​ជួយ​ទៅដល់​ជាតិ​មាតុភូមិ​អ្វី​នោះ​ទេ»។

ទោះជា​បែបនេះ​ក្ដី លោក​ថា ចំណេះដឹង​ពិតជា មាន​សំខាន់​ទោះបីជា​រដ្ឋាភិបាល​ពុំ​សូវ​ផ្ដល់​ឱកាស​ឱ្យ​អ្នកចេះដឹង ប្រកួតប្រជែង​ចូល​ធ្វើ​ការងារ​តាម​ស្ថាប័ន តាមរយៈ​ការ​ប្រជែង​ដោយ​ស្មើភាព ដើម្បី​ចូល​ម្រើ​ជាតិ​មាតុភូមិ​ក្ដី ក៏​យុវជន ឬ​ពលរដ្ឋ​ត្រូវតែ​ប្រឹងរៀន​ដើម្បី អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត នៅ​តាម​វិស័យ​ឯកជន​ផ្សេងៗ​។ ទន្ទឹមគ្នា​នោះ​លោក​ថា កាលណា​ដែល​ពលរដ្ឋ​មាន​ចំណេះដឹង​ច្រើន ងាយស្រួល​ក្នុង​ការ តាមដាន​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​លើ​កិច្ចការ​នយោបាយ និង​សង្គម ដើម្បី​កុំឱ្យ​អ្នកនយោបាយ ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ព្រោះ​ប្រទេសជាតិ​មួយ​នេះ​ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​កាន់អំណាច ផ្ដាច់មុខ​នោះ​ទេ គឺជា​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ