លីកាដូ​ថា អ្នក​ជាប់ឃុំ​ដោយ​ការ​ប្រើ​សិទិ្ធ​កើនឡើង​ខ្ពស់​បំផុត ដែល​មិន​ធ្លាប់​មាន ក្នុង​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ

0
65
អ្នកទោសនយោបាយ ដែលរងការចោទប្រកាន់ពីរដ្ឋាភិបាល ករណីបញ្ចេញមតិបញ្ហានយោបាយ និងព្រំដែនជាដើម។ រូប៖ អង្គការលីកាដូ
អ្នកទោសនយោបាយ ដែលរងការចោទប្រកាន់ពីរដ្ឋាភិបាល ករណីបញ្ចេញមតិបញ្ហានយោបាយ និងព្រំដែនជាដើម។ រូប៖ អង្គការលីកាដូ

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) បង្ហាញ​របាយការណ៍​ថា ចំនួន​អ្នក​ជាប់ឃុំ ដោយសារ​ភាព​សកម្ម​និយម ឬ​ការប្រើ​សិទ្ធិ​បញ្ចេញមតិ កើនឡើង​យ៉ាង​ខ្លាំង ក្នុង​កម្រិត​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។ មន្ត្រី​សិទ្ធិ​មនុស្ស លើកឡើង​ថា កំណើន​នេះ គឺ​ដោយសារ​រដ្ឋាភិបាល ដើរ​ប្រាសចាក​គន្លង​រដ្ឋធម្មនុញ្ញ និង​ការប្រើប្រាស់​អំណាច​តុលាការ​ជា​ឧបករណ៍​បំបិទ​សិទ្ធិ​ពលរដ្ឋ។

អង្គការ​លីកាដូ រាយការណ៍​ថា ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស ដោយ​ការប្រើប្រាស់​សិទិ្ធ កើនឡើង​រហូត​ដល់ ១៣១​នាក់ គិត​ត្រឹម​ខែមេសា ហើយ​បន្ត​កើនឡើង​ទៀត មក​ដល់​ខែសីហា​ឆ្នាំ​នេះ​។ នេះ​ជា​កំណើន​ខ្ពស់ ដែល​មិន​ធ្លាប់​មាន ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​។ អ្នក​ដែល​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល ចាប់ខ្លួន ដាក់​ពន្ធនាគារ​រួមមាន សមាជិក​និង​សកម្មជន​របស់​គណបក្ស​ជំទាស់ សកម្មជន ការពារ​សិទិ្ធ​ដីធ្លី​និង​បរិស្ថាន​សមាជិក​និង​សកម្មជន​សហជីព អ្នក​សារព័ត៌មាន ព្រមទាំង ពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម។

គេហទំព័រ​របស់​អង្គការ​លីកាដូ កាលពី​ថ្ងៃទី​១៤ ខែ​សីហា បាន​ឱ្យ​ដឹង​ថា អ្នក​ជាប់ ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​ការប្រើ​សិទ្ធិ​ជាច្រើន ត្រូវ​បាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ ភាព​សកម្ម​និយម និង​ការ​បញ្ចេញមតិ​របស់​ពួកគាត់​។ លីកាដូ​កត់ត្រា​ថា ប្រជាពលរដ្ឋ​យ៉ាងច្រើន ដែល​បាន​អនុវត្ត​សិទិ្ធ​សេរីភាព របស់​ពួកគាត់​ដោយ​អហិង្សា តែងតែ​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​មាន​អត្ថន័យ​ស្រពិចស្រពិល ដូចជា បទល្មើស​ញុះញង់ ប្រមាថ និង រួមគំនិត​ក្បត់​។ បទល្មើស​នេះ អាច​ឱ្យ​ពលរដ្ឋ​ជាប់ពន្ធនាគារ​រហូតដល់​ជាង ១០​ឆ្នាំ។

ចំនួន​អ្នក​ជាប់ឃុំ​ដោយ​ការប្រើ​សិទ្ធិ​ជាង ១៣១​នាក់​សព្វថ្ងៃ គឺជា​ចំនួន​អ្នកទោស នយោបាយ និង អ្នកទោស​មនសិការ ដែល​កំពុង​ជាប់ពន្ធនាគារ បន្ទាប់ពី​អ្នកទោស នយោបាយ និង អ្នកទោស​មនសិការ លើស​ពី ១៤០​នាក់​ផ្សេងទៀត ត្រូវ​អាជ្ញាធរ ដោះលែង ដោយសារ​ការ​សុំ​ទោស ហើយ​ខ្លះ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​។ ថ្មីៗ​នេះ ក្រុម​សិទិ្ធ​មនុស្ស​អន្តរជាតិ រាយការណ៍​ថា យ៉ាង​តិចណាស់​មាន​សកម្មជន និង​សមាជិក​គណបក្សជំទាស់​ចំនួន ១៤០​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​សារភាព​កំហុស និង​សូមទោស​ជា​សាធារណៈ ដើម្បី​គេច​ផុត​ពី​ការ​គំរាមកំហែង​នានា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត លើកឡើង​ថា កំណើន​នៃ​ការ​ចាប់​ឃុំខ្លួន អ្នកប្រើប្រាស់​សិទ្ធិ តាម​រដ្ឋធម្មនុញ្ញ ពុំ​មែន​ជា​រឿង​ល្អ សម្រាប់​កម្ពុជា​នោះ​ទេ​។ លោក​ថា សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍ អន្តរជាតិ ចង់​ឃើញ​បរិយាកាស​នៃ​ការ​បើក​លំហ​សេរីភាព​នយោបាយ និង​ការ​គោរ​សិទ្ធិ​ប្រជាពលរដ្ឋ នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០២៧ តាម​អនុសាសន៍​របស់​អ្នករាយការណ៍ ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។

លោក អំ សំអាត៖ «ការ​បន្ត​កាត់ទោស ការ​បន្ត​ចាប់ខ្លួន និង​ការ​ឃុំខ្លួន​ទៅលើ​អ្នក ដែល​បាន​ប្រើប្រាស់​សិទ្ធិ​នៅក្នុង​ការ​បញ្ចេញមតិ ចែករំលែក​ព័ត៌មាន ឬក៏​ការរិះគន់ ផ្សេងៗ​វា​មិនជា​ល្អ​ទេ សម្រាប់​កម្ពុជា​យើង​ទាក់ទង​នឹង​បញ្ហា សេរី​ភាពជា​មូលដ្ឋាន ឬក៏​សិទ្ធិ​ជា​មូលដ្ឋាន ដែល​អ្នករាយការណ៍​ពិសេស​លោក​លើកឡើង​ថា អ្នក​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន មិនមែន​ជា​កម្មវត្ថុ​នៃ​ការ​ចាប់ខ្លួន ការ​ចោទប្រកាន់ និង​ការ​ផ្ដន្ទាទោស​តាមផ្លូវ​តុលាការ​ទេ»។

នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ មាន​ព្រឹត្តិការណ៍​ធំៗ​ពីរ ដែល​ធ្វើ​ឱ្យ​មានការ ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​។ ព្រឹត្តិការណ៍​ទី​១ គឺ​ការ​ចាប់ខ្លួន និង​ឃុំខ្លួន​ប្រជាពលរដ្ឋ ជិត ១០០​នាក់ កាលពី​ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ការ បញ្ចេញមតិ ឬ​ការ​ប្រមូលផ្តុំ​តវ៉ា​រឿង​កិច្ចព្រមព្រៀង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)​។ មនុស្ស​មួយចំនួន ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ ក្រោយពេល​ត្រូវ​បាន​ឃាត់ខ្លួន និង​ឃុំខ្លួន​មួយ​រយៈ​ខ្លី នៅក្នុង​ប៉ុស្តិ៍ នគរបាល និង ពន្ធនាគារ ដោយ​ការ​សុំទោស​អ្នកដឹកនាំ​ប្រទេស ឬ ព្រម​ចុះចូល​គណបក្ស​ប្រជាជន កម្ពុជា​។ រីឯ​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​រយៈពេល​ដ៏​យូរ។

ព្រឹត្តិការណ៍​ទី​២ ដែល​នាំ​ឱ្យ​អាជ្ញា​ចាប់​មនុស្ស​ជាច្រើន​ដាក់​ពន្ធនាគារ​ដែរ​នោះ គឺ​ការ ប៉ះទង្គិច​ដោយ​អាវុធ​នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ ដែល​ចាប់ផ្ដើម​នៅ​ពាក់ កណ្តាល​ឆ្នាំ​២០២៥​។ អាជ្ញាធរ​បាន​បើក​យុទ្ធនាការ​មួយ​ដ៏​ធំ ដោយ​បង្ក្រាប និង​ចាប់ ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ និង​ទស្សនៈ អំពី​ជម្លោះ​នៅ តាម​ព្រំដែន​កម្ពុជា​-​ថៃ នៅ​លើ​បណ្ដាញ​សង្គម​។ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន បាន​រង​ការចោទប្រកាន់ ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ប្រគល់​ឱ្យ រដ្ឋ​បរទេស នូវ​ព័ត៌មាន ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​។ បទចោទប្រកាន់ ទាំងនេះ បណ្ដាល​ឱ្យ​សកម្មជន​នយោបាយ អ្នកសារព័ត៌មាន និង ពលរដ្ឋ​ជាដើម ត្រូវ​ប្រឈម នឹង​ទោស​ជាប់ពន្ធនាគារ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មើលឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​ប្រាសចាក ស្មារតី​ច្បាប់​កំពូល របស់​ជាតិ គឺ​រដ្ឋធម្មនុញ្ញ ដែល​ធានា​សេរីភាព​នៃ​ការ​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ​។ លោក​ថា រដ្ឋាភិបាល​ប្រើ​អំណាច​ជ្រុល​ហួសហេតុ យក​តុលាការ​ជា​ឧបករណ៍ និង​ប្រើ​មធ្យោបាយ​សម្លុត​គំរាមកំហែង និង​ចាប់​ដាក់ ពន្ធនាគារ ទៅលើ​ពលរដ្ឋ និង​សកម្មជន​នានា ដែល​បញ្ចេញមតិ​រឿង​ព្រំដែន និង​បញ្ហា​សង្គម ទោះបីជា​ពួកគាត់ ប្រតិបត្តិ​ត្រឹមត្រូវ តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

លោក ស៊ឹង សែន​ករុណា៖ «​មែនទែន​បើសិនជា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​ប្រទេស​ហ្នឹង មិន​ត្រូវ​នៅ​ស្ងៀម​ទេ បើ​កាលណា​មើលឃើញ​អំពី​ពលរដ្ឋ​ផ្សេងទៀត​រង​នៅ​ភាព​អយុត្តិធម៌ ត្រូវតែ​ហ៊ាន​ចេញ​មុខ​ការពារ​គ្នា»។

លីកាដូ​ទទូច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ដោះលែង អ្នក​ជាប់ឃុំ​ដោយ​ប្រើប្រាស់​សិទ្ធិ ទាំងអស់ រួម​ទាំង សកម្មជន និង​សមាជិក​គណបក្សជំទាស់ ដោយ​ឥត​លក្ខខណ្ឌ និង ជាបន្ទាន់​។ លីកាដូ​លើកឡើង​ថា ការ​បញ្ចេញមតិ ការ​ប្រមូល​ផ្តុំ​ដោយ​អហិង្សា និង​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា​លោក ថម អេនឌ្រូ (Tom Andrews) កាលពី​ចុងខែ​កក្កដា បាន ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត បើកទូលាយ​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​ធានា​ការគោរព​សិទ្ធិ​នយោបាយ ខណៈ​កម្ពុជា​រៀបចំ​សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ ២០២៧ និង​២០២៨​។ លោក ថមអេនឌ្រូ ថែមទាំង​បាន​រំឭក​លោក ហ៊ុន ម៉ាណែត អំពី​ការ​រង​គ្រោះ​របស់​មនុស្ស​ជាង ១០០ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ ការប្រើប្រាស់​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ