

អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បង្ហាញរបាយការណ៍ថា ចំនួនអ្នកជាប់ឃុំ ដោយសារភាពសកម្មនិយម ឬការប្រើសិទ្ធិបញ្ចេញមតិ កើនឡើងយ៉ាងខ្លាំង ក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ មន្ត្រីសិទ្ធិមនុស្ស លើកឡើងថា កំណើននេះ គឺដោយសាររដ្ឋាភិបាល ដើរប្រាសចាកគន្លងរដ្ឋធម្មនុញ្ញ និងការប្រើប្រាស់អំណាចតុលាការជាឧបករណ៍បំបិទសិទ្ធិពលរដ្ឋ។
អង្គការលីកាដូ រាយការណ៍ថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ដោយការប្រើប្រាស់សិទិ្ធ កើនឡើងរហូតដល់ ១៣១នាក់ គិតត្រឹមខែមេសា ហើយបន្តកើនឡើងទៀត មកដល់ខែសីហាឆ្នាំនេះ។ នេះជាកំណើនខ្ពស់ ដែលមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ អ្នកដែលត្រូវអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួន ដាក់ពន្ធនាគាររួមមាន សមាជិកនិងសកម្មជនរបស់គណបក្សជំទាស់ សកម្មជន ការពារសិទិ្ធដីធ្លីនិងបរិស្ថានសមាជិកនិងសកម្មជនសហជីព អ្នកសារព័ត៌មាន ព្រមទាំង ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម។
គេហទំព័ររបស់អង្គការលីកាដូ កាលពីថ្ងៃទី១៤ ខែសីហា បានឱ្យដឹងថា អ្នកជាប់ ឃុំក្នុងពន្ធនាគារដោយសារការប្រើសិទ្ធិជាច្រើន ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគាត់។ លីកាដូកត់ត្រាថា ប្រជាពលរដ្ឋយ៉ាងច្រើន ដែលបានអនុវត្តសិទិ្ធសេរីភាព របស់ពួកគាត់ដោយអហិង្សា តែងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលមានអត្ថន័យស្រពិចស្រពិល ដូចជា បទល្មើសញុះញង់ ប្រមាថ និង រួមគំនិតក្បត់។ បទល្មើសនេះ អាចឱ្យពលរដ្ឋជាប់ពន្ធនាគាររហូតដល់ជាង ១០ឆ្នាំ។
ចំនួនអ្នកជាប់ឃុំដោយការប្រើសិទ្ធិជាង ១៣១នាក់សព្វថ្ងៃ គឺជាចំនួនអ្នកទោស នយោបាយ និង អ្នកទោសមនសិការ ដែលកំពុងជាប់ពន្ធនាគារ បន្ទាប់ពីអ្នកទោស នយោបាយ និង អ្នកទោសមនសិការ លើសពី ១៤០នាក់ផ្សេងទៀត ត្រូវអាជ្ញាធរ ដោះលែង ដោយសារការសុំទោស ហើយខ្លះចុះចូលគណបក្សប្រជាជនកម្ពុជា។ ថ្មីៗនេះ ក្រុមសិទិ្ធមនុស្សអន្តរជាតិ រាយការណ៍ថា យ៉ាងតិចណាស់មានសកម្មជន និងសមាជិកគណបក្សជំទាស់ចំនួន ១៤០នាក់ ត្រូវបានគេបង្ខំឱ្យសារភាពកំហុស និងសូមទោសជាសាធារណៈ ដើម្បីគេចផុតពីការគំរាមកំហែងនានា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា កំណើននៃការចាប់ឃុំខ្លួន អ្នកប្រើប្រាស់សិទ្ធិ តាមរដ្ឋធម្មនុញ្ញ ពុំមែនជារឿងល្អ សម្រាប់កម្ពុជានោះទេ។ លោកថា សង្គមស៊ីវិលជាតិ និងសហគមន៍ អន្តរជាតិ ចង់ឃើញបរិយាកាសនៃការបើកលំហសេរីភាពនយោបាយ និងការគោរសិទ្ធិប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតឆ្នាំ២០២៧ តាមអនុសាសន៍របស់អ្នករាយការណ៍ ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោក អំ សំអាត៖ «ការបន្តកាត់ទោស ការបន្តចាប់ខ្លួន និងការឃុំខ្លួនទៅលើអ្នក ដែលបានប្រើប្រាស់សិទ្ធិនៅក្នុងការបញ្ចេញមតិ ចែករំលែកព័ត៌មាន ឬក៏ការរិះគន់ ផ្សេងៗវាមិនជាល្អទេ សម្រាប់កម្ពុជាយើងទាក់ទងនឹងបញ្ហា សេរីភាពជាមូលដ្ឋាន ឬក៏សិទ្ធិជាមូលដ្ឋាន ដែលអ្នករាយការណ៍ពិសេសលោកលើកឡើងថា អ្នកដែលបានប្រើប្រាស់សិទ្ធិជាមូលដ្ឋាន មិនមែនជាកម្មវត្ថុនៃការចាប់ខ្លួន ការចោទប្រកាន់ និងការផ្ដន្ទាទោសតាមផ្លូវតុលាការទេ»។
នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានព្រឹត្តិការណ៍ធំៗពីរ ដែលធ្វើឱ្យមានការ ចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនប្រជាពលរដ្ឋដ៏ច្រើន។ ព្រឹត្តិការណ៍ទី១ គឺការចាប់ខ្លួន និងឃុំខ្លួនប្រជាពលរដ្ឋ ជិត ១០០នាក់ កាលពីឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការ បញ្ចេញមតិ ឬការប្រមូលផ្តុំតវ៉ារឿងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ មនុស្សមួយចំនួន ត្រូវបានអាជ្ញាធរដោះលែងវិញ ក្រោយពេលត្រូវបានឃាត់ខ្លួន និងឃុំខ្លួនមួយរយៈខ្លី នៅក្នុងប៉ុស្តិ៍ នគរបាល និង ពន្ធនាគារ ដោយការសុំទោសអ្នកដឹកនាំប្រទេស ឬ ព្រមចុះចូលគណបក្សប្រជាជន កម្ពុជា។ រីឯមនុស្សមួយចំនួនទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងរយៈពេលដ៏យូរ។
ព្រឹត្តិការណ៍ទី២ ដែលនាំឱ្យអាជ្ញាចាប់មនុស្សជាច្រើនដាក់ពន្ធនាគារដែរនោះ គឺការ ប៉ះទង្គិចដោយអាវុធនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលចាប់ផ្ដើមនៅពាក់ កណ្តាលឆ្នាំ២០២៥។ អាជ្ញាធរបានបើកយុទ្ធនាការមួយដ៏ធំ ដោយបង្ក្រាប និងចាប់ ខ្លួនពលរដ្ឋជាច្រើននាក់ ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងទស្សនៈ អំពីជម្លោះនៅ តាមព្រំដែនកម្ពុជា-ថៃ នៅលើបណ្ដាញសង្គម។ អ្នកដែលត្រូវបានចាប់ខ្លួន បានរងការចោទប្រកាន់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទប្រគល់ឱ្យ រដ្ឋបរទេស នូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ។ បទចោទប្រកាន់ ទាំងនេះ បណ្ដាលឱ្យសកម្មជននយោបាយ អ្នកសារព័ត៌មាន និង ពលរដ្ឋជាដើម ត្រូវប្រឈម នឹងទោសជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងដើរប្រាសចាក ស្មារតីច្បាប់កំពូល របស់ជាតិ គឺរដ្ឋធម្មនុញ្ញ ដែលធានាសេរីភាពនៃការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ។ លោកថា រដ្ឋាភិបាលប្រើអំណាចជ្រុលហួសហេតុ យកតុលាការជាឧបករណ៍ និងប្រើមធ្យោបាយសម្លុតគំរាមកំហែង និងចាប់ដាក់ ពន្ធនាគារ ទៅលើពលរដ្ឋ និងសកម្មជននានា ដែលបញ្ចេញមតិរឿងព្រំដែន និងបញ្ហាសង្គម ទោះបីជាពួកគាត់ ប្រតិបត្តិត្រឹមត្រូវ តាមខ្លឹមសាររដ្ឋធម្មនុញ្ញក៏ដោយ។
លោក ស៊ឹង សែនករុណា៖ «មែនទែនបើសិនជានៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងប្រទេសហ្នឹង មិនត្រូវនៅស្ងៀមទេ បើកាលណាមើលឃើញអំពីពលរដ្ឋផ្សេងទៀតរងនៅភាពអយុត្តិធម៌ ត្រូវតែហ៊ានចេញមុខការពារគ្នា»។
លីកាដូទទូចឱ្យអាជ្ញាធររដ្ឋាភិបាល ដោះលែង អ្នកជាប់ឃុំដោយប្រើប្រាស់សិទ្ធិ ទាំងអស់ រួមទាំង សកម្មជន និងសមាជិកគណបក្សជំទាស់ ដោយឥតលក្ខខណ្ឌ និង ជាបន្ទាន់។ លីកាដូលើកឡើងថា ការបញ្ចេញមតិ ការប្រមូលផ្តុំដោយអហិង្សា និងការចូលរួមក្នុងសកម្មភាពនយោបាយ មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជាលោក ថម អេនឌ្រូ (Tom Andrews) កាលពីចុងខែកក្កដា បាន ជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បើកទូលាយលំហសេរីភាពសង្គមស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ ខណៈកម្ពុជារៀបចំសម្រាប់ការបោះឆ្នោត នៅឆ្នាំ ២០២៧ និង២០២៨។ លោក ថមអេនឌ្រូ ថែមទាំងបានរំឭកលោក ហ៊ុន ម៉ាណែត អំពីការរងគ្រោះរបស់មនុស្សជាង ១០០ នាក់ ដែលកំពុងជាប់ពន្ធនាគារ ដោយសារ ការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការបង្កើតសមាគម៕









