

អាជ្ញាធរតាមបណ្តាខេត្ត និងក្រុងភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញដោយឃាត់ខ្លួនបានជនបរទេសជាង១០០នាក់ ពាក់ព័ន្ធបង្កើតទីតាំងឆបោកអនឡាញ និងគ្រឿងញៀន។ អ្នកឃ្លាំមើលយល់ឃើញថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញមិនអាចលុបបំបាត់នោះទេ ប្រសិនបើអាជ្ញាធរបង្ក្រាបមិនចំគោលដៅ។
កាលពីថ្ងៃទី២០ខែសីហាអាជ្ញាធរខេត្តស្វាយរៀង ត្បូងឃ្មុំ និងក្រុងភ្នំពេញ ចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញ និងបានឃាត់ខ្លួនជនសង្ស័យបានជាង១០០នាក់ ក្នុងនោះ អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបនៅផ្ទះជួលមួយកន្លែង ស្ថិតនៅឃុំសំរោង ស្រុកចន្ទ្រា ឃាត់ខ្លួនបានជនបរទេស១១០នាក់ភាគច្រើនជាជនជាតិចិន និងវៀតណាម ។ដោយឡែក អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនបានបរទេស និងខ្មែរដោយបានដកហូតឧបករណ៍ប្រើប្រាស់ ដូចជា កុំព្យូទ័រយួរដៃ និងទូរស័ព្ទជាច្រើនគ្រឿង។ ចំណែកនៅខេត្តត្បូងឃ្មុំ វិញ អាជ្ញាធរ បានរកឃើញជនបរទេស២០នាក់ និងមនុស្ស៤នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២១ ខែសីហាថា អាជ្ញាធរត្រូវស្រាវជ្រាវ ស្វែងរកមេខ្លោងនៅពីខាងក្រោយខ្នង និងចាត់វិធានការតាមច្បាប់មិនត្រូវលើកលែង ឬប្រកាន់ជាប់ខ្សែស្រឡាយអ្នកកាន់អំណាចនោះទេ។ លើសពីនោះ លោកថា ដើម្បីឲ្យកម្ពុជាជៀសផុតពីការដាក់ទណ្ឌកម្ម ឬចង់ស្ដារមុខមាត់លើឆាកអន្តរជាតិ អាជ្ញាធរគួរចាប់អ្នកជាប់ពាក់ព័ន្ធ ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រកឃើញថា ជាអ្នករកស៊ីជុំវិញករណីឆបោកតាមអនឡាញនៅកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «មិនត្រូវយោគយល់ទៅលើជនល្មើសណាមួយទ្បើយ ទោះបីអ្នកនឹងអ្នកមានលុយកម្រិតណាក៏ដោយ មានឋានៈកម្រិតណាក៏ដោយហើយជាសាច់ញត្តិឯងក៏ដោយ នៅក្នុងជួរបក្សនយោបាយមេដឹកនាំជាមួយគ្នាក៏ដោយ ត្រូវតែអារកាត់ហើយត្រូវចាប់ខ្លួនអ្នកទាំងអស់នឹងយកទៅផ្ដន្ទាទោស ជៀសវាងក្រុមអេហ្វបីអាយ (FBI) ដែលជាប្រទេសផ្សេងគេរកឃើញ គេនាំខ្លួន គេចាប់ខ្លួនវាអាចនឹងប៉ះពាល់ មានវិសាលភាពធំធេងជាង អញ្ចឹងយើងដែរជារដ្ឋាភិបាលខ្លួនឯងនឹង ដែលមានអំណាចក្នុងដៃត្រូវចាត់វិធានការ»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ឲ្យដឹងថា អាជ្ញាធរត្រូវតែរកឬសគល់នៃបញ្ហាទាំងនោះ ទើបចុះបង្ក្រាបករណីឆបោកតាមអនឡាញមានប្រសិទ្ធភាព និងប្រញាប់ធ្វើកិច្ចការងារទាំងនោះជាបន្ទាប់ ដើម្បីស្ដារមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិឡើងវិញ។ លោកថា ប្រសិនបើអាជ្ញាធរមិនបង្ក្រាបឲ្យចំគោលដៅ នៃបញ្ហានោះទេ សកម្មភាពឆបោកទាំងនោះ នៅតែបន្តកើតមាន។
លោក ប៉ោ មករា៖ «រឿងនេះរដ្ឋាភិបាលគួរតែធ្វើរឿងនេះឲ្យមានប្រសិទ្ធភាព លឿន និងរហ័ស ដើម្បីស្តាកិត្តិយសកេរ្តិ៍ឈ្មោះកម្ពុជាពាក់ព័ន្ធនឹងបញ្ហាស្កេមអនទ្បាញ ពីព្រោះអ្វីដែរសំខាន់យើងរងគ្រោះកេរ្តិ៍ឈ្មោះរបស់កម្ពុជាកំពុងតែមិនល្អ បញ្ហាកម្ពុជាប្រឈមពាក់ព័ន្ធនឹងបញ្ហាការវិនិយោគពីបរទេសគឺនៅមានការខ្លាចរអាពាក់ព័ន្ធនឹងកម្ពុជារឿងស្កេមនឹង ហើយមួយទៀតក៏មានបញ្ហាដែរជាមួយនឹងដែរយើងហៅថាទេសចរណ៍សម្រាប់កម្ពុជា ពីព្រោះយើងដឹងហើយថាជាប្រទេសសម្បូរដោយសម្បត្តិធម្មជាតិ និងវប្បធម៌ប្រពៃណីជាច្រើន»។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីខែមិថុនា រកឃើញថា មជ្ឈមណ្ឌលឆបោកជាច្រើននៅកម្ពុជានៅតែដំណើរការ ទោះបីរដ្ឋាភិបាលបានបង្កើនការបង្ក្រាបក៏ដោយ។
កន្លងថ្មីៗនេះសហភាពអឺរ៉ុប (EU) សម្រេចចាត់វិធានការលើកដំបូងដោយដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ និងអង្គភាពចំនួន ៣ ឱ្យទទួលខុសត្រូវលើបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា និងមីយ៉ាន់ម៉ា។ ក្នុងចំណោមបុគ្គលរងទណ្ឌកម្មនេះរួមមានប្រធានក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) និងជាអតីតទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និងប្រធានក្រុមហ៊ុន ជីនប៉ី (Jin Bei Group) លោក ហ្សូ ហ្សុងប៉ាវ (Zhu Zhongbiao) ដែលសហភាពអឺរ៉ុបរកឃើញថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស បង្ខាំងមនុស្សធ្វើទារុណកម្ម និងបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមអនឡាញ។
ក្រៅពីនោះ កាលខែមិថុនា ឆ្នាំ២០២៦ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានពង្រីកទណ្ឌកម្ម ដោយដាក់ឈ្មោះ លោក ចេន ហ្សី (Chen Zhi) មេក្រុមហ៊ុន (Prince Holding Group) រួមជាមួយបុគ្គល ៩នាក់ និងអង្គភាព ២៦ ដែលអាមេរិកចាត់ទុកថា ជាផ្នែកនៃបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន (Prince Group) ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និងការលាងលុយកខ្វក់។
បុគ្គលដែលរងទណ្ឌកម្មទាំងនេះ សុទ្ធតែត្រូវបានគេចាត់ទុកថា មានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ លោក ចេន ហ្សី ធ្លាប់កាន់តំណែងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ខណៈលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ទាំងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក កុក អាន ដែលអ្នកជំនួញដ៏មានឥទ្ធិពល និងជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់គ្រួសារ ត្រកូល«ហ៊ុន»៕









