លោក ហ៊ុន ម៉ានី រៀបការ​ភរិយា​ថ្មី ខណៈ​គ្មាន​​វិធានការ​ផ្លូវច្បាប់​​រឿង​អាស្រូវ​ទារុណកម្ម​ផ្លូវភេទ​របស់​លោក

0
839
(ពី​ឆ្វេង) លោក ហ៊ុន សែន និង​ភរិយា​អ្នកស្រី ប៊ុន រ៉ានី និង​កូន​ប្រុស​ពៅ លោក ហ៊ុន ម៉ានី ក្នុង​ពិធី​រៀបការ កាល​ពី​ថ្ងៃទី២៦ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ខៀវ កាញារីទ្ធ
(ពី​ឆ្វេង) លោក ហ៊ុន សែន និង​ភរិយា​អ្នកស្រី ប៊ុន រ៉ានី និង​កូន​ប្រុស​ពៅ លោក ហ៊ុន ម៉ានី ក្នុង​ពិធី​រៀបការ កាល​ពី​ថ្ងៃទី២៦ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ខៀវ កាញារីទ្ធ

កូនប្រុស​ពៅ​របស់​ប្រធាន​គណបក្សកាន់អំណាច លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​មាន​រឿងអាស្រូវ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ដែល​ពុំ​មាន​សមត្ថកិច្ច​ណាហ៊ាន​ចាត់វិធានការ​ផ្លូវច្បាប់​នោះ បាន​រៀបការ​ភរិយា​ថ្មី​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ជាមួយ​អតីត​ប្រធាន​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច​ប្រចាំ​គម្រោង​ខុនដូ ហ្គាដិន វ័ន (Garden One)។ អតីត​ភរិយា​របស់​លោក ហ៊ុន ម៉ានី គឺ អ្នកស្រី យឹម ឆៃ​លីន ជា​កូនស្រី​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។

នៅក្នុង​ថ្ងៃ​រៀប​មង្គលការ​ដ៏​ស្ងៀមស្ងាត់ ប៉ុន្តែ​ត្រូវ​បាន​បែកធ្លាយ​តាមរយៈ​ការ​បង្ហោះ លើ​គណនី​ហ្វេសប៊ុក​របស់​លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា បាន​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង ដោយ​រូបភាព​វត្តមាន​កូនកំលោះ គឺ​លោក ហ៊ុន ម៉ានី និង​កូនក្រមុំ​សំពះ​ក្នុង​ពិធី​មង្គលការ។

តាមរយៈ​រូបភាព​បង្ហោះ​នេះ លោក ខៀវ កាញារីទ្ធ បាន​សរសេរ​ភ្ជាប់​មក​ជាមួយ​ចំណងជើង​ខ្លី​ថា ៖ «​ពិធី​ពិសា​ស្លា​កំណត់ ចម្ការមន ២៦ វិច្ឆិកា ២០២៥» ដែល​មាន​រូបថត​លោក ហ៊ុន ម៉ានី កំពុង​សំពះ​ផ្ទឹម ជាមួយនឹង​កូនក្រមុំ ឈ្មោះ ឆាយ ថងឌី ដែល​ធ្លាប់​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច​ប្រចាំ​គម្រោង​ខុនដូ ហ្គាដិន វ័ន កាលពី​ឆ្នាំ​២០២១។

លោក ហ៊ុន ម៉ានី ជា​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ក្នុងចំណោម​កូន​៥​នាក់ ត្រូវ​បាន​ឪពុក​រុញ​ឲ្យ​ចូល​វិស័យ​នយោបាយ កាលពី​មាន​អាយុ​៣០​ឆ្នាំ ដែល​ជា​តំណាងរាស្ត្រ​វ័យក្មេង​ជាងគេ​នៅក្នុង​សភា កាលពី​ឆ្នាំ​២០១៣។ នៅក្នុង​តំណែង​ជា​អ្នកនយោបាយ​វ័យក្មេង ៥​ឆ្នាំ​ក្រោយមក លោក ហ៊ុន ម៉ានី ត្រូវ​បាន​ជនអនាមិក ឬ​ហែកគ័រ (Hacker) បាន​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​លោក ដោយ​បង្ហាញ​ពី​សារ​ឆ្លងឆ្លើយ​គ្នា​ជាមួយ​តារាៗ​មួយចំនួន​ពាក់ព័ន្ធ​ការ​ជួញដូរ​ផ្លូវភេទ និង​ការ​រួមភេទ​ហិង្សា ក្នុង​នោះ​មាន​តារា​ស្រី​ម្នាក់ ឈ្មោះ អាយីង​បាន​អារ​ដៃ​សម្រក់​ឈាម​ដើម្បី​សម្លាប់​ខ្លួន និង​បាន​រៀបរាប់​ពី​ការឈឺចាប់​ក្រោយពេល លោក ហ៊ុន ម៉ានី បោះបង់​រូប​នាង​ចោល​នៅពេល​ដឹង​ថា នាង​មាន​ផ្ទៃពោះ​ជាមួយ លោក ហ៊ុន ម៉ានី។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ដែល​មាន​ជំនាញ ខាំ ក្រញៅ ទៅលើ​នារី​ដែល​លោក​យក​ទៅ​កំដរ​ផ្លូវភេទ ដែល​គេ​ចាត់ទុកថា ជា​អំពើ​ហិង្សា​ផ្លូវភេទ​នេះ ទោះ​ជា​មាន​សំឡេង​និង​រូបថត​ជនរងគ្រោះ​យ៉ាងណាក្ដី ក៏​គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ស៊ើបអង្កេត ឬ​ចាត់ការ​លោក ហ៊ុន ម៉ានី ពី​រឿង​ជួញដូរ និង​ទារុណកម្ម​ផ្លូវភេទ​នេះ​តាមផ្លូវ​ច្បាប់​ឡើយ។

មុន​ពេល​មាន​ពិធី​មង្គលការ​នេះ លោក ហ៊ុន ម៉ានី និង​ភរិយា​មុន មិនសូវ​ឃើញ​បង្ហាញមុខ​ជាមួយ​លោក ហ៊ុន ម៉ានី ជា​សាធារណៈ​ទេ លើកលែងតែ​ព្រឹត្តិការណ៍​បុណ្យជាតិ​ធំៗ​ដែល​តម្រូវ​ឲ្យ​ភរិយា​ចូលរួម​ទើប ភរិយា​របស់​លោក​បង្ហាញ​មុខ។

អតីត​ភរិយា លោក ហ៊ុន ម៉ានី គឺ​អ្នកស្រី យឹម ឆៃលីន តែងតែ​ចេញទៅ​ស្វែងរក​ការ​សប្បាយ រួច​បាន​បង្ហាញ​ជីវិត​ហឺ​ហា​ហាយ​សូ (High so) នៅ​ក្រៅ​ប្រទេស​ជាមួយ​គូកន​នាង។ នាង​គឺជា​ស្ត្រី​ខ្មែរ​ទី​១ ដែល​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​កាបូប​ម៉ាក​ល្បី​លំដាប់​ពិភពលោក​គឺ យីហោ ហ៊ឺម៉េស (Hermes) កាលពី​ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៉ារីស ហើយ​ថែមទាំង​មាន​អង្គរក្ស​បើកឡាន​ជូន​ដើម្បី​សម្ញែង​ឫក មិន​ខុស​ពី​ព្រះមហាក្សត្រិយានី​ឡើយ​។ ក្រៅពី​ការ​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​កាបូប​យីហោ​ល្បី​នោះ​ហើយ នាង​ក៏​ជា​អតិថិជន​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​កាបូប​យីហោ ហ៊ឺម៉េស នេះ​ថែម​ទៀត​ផង។ នាង​បាន​ប្រើ​ហ៊ឺម៉េស​ជាច្រើន​ប្រភេទ ដែល​កាបូប​ម៉ាក​នេះ មានតម្លៃ​ថោក​បំផុត ចាប់ពី ១០​ម៉ឺន​ដុល្លារ​ទៅ ១​លាន​ដុល្លារ​អាមេរិក។

លោក ហ៊ុន ម៉ានី បាន​សិក្សា​នៅ​ប្រទេស​បារាំង​តាំងពី​អាយុ​៩​ឆ្នាំ។ បន្ទាប់​មក បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក ដោយ​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​យោធា ជំនាញ​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​ដែល​ផ្ដោត​លើ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​សហរដ្ឋអាមេរិក។ លោក​ក៏បាន​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី​ផង​ដែរ។

ទោះបីជា​ធ្លាប់​បាន​រៀន​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ក៏ដោយ លោក ហ៊ុន ម៉ានី ហាក់​មិន​សូវ​មាន​ចរិត​ជា​អ្នក​ប្រជាធិបតេយ្យ​លើក​កំពស់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ឡើយ។ លោក​ហាក់​ចូលចិត្ត​និយាយ​មេក្រូ ឬ​ថ្លែង​សុន្ទរកថា ហើយ​ជារឿយៗ គេ​តែង​បានឮ​លោក​ថ្លែង​សារ​បែប​ហិង្សា​គំរាម​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ដែល​មាន​បំណង​ចេញ​ផ្លូវ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការដឹកនាំ​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ