

តុលាការប្រទេសអូស្ត្រាលី បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់មួយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ពីបទរំលោភបំពានផ្លូវភេទកុមារ នៅតំបន់ឆ្នេរសមុទ្រដ៏ល្បីមួយកន្លែងនៃទីក្រុងមែលប៊ន (Melbourne)។ មន្ត្រីសង្គមស៊ីវិលថា ប្រសិនបើមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់តុលាការអូស្ត្រាលីមែន នឹងត្រូវប្រឈមការជាប់ទោសធ្ងន់ ហើយទង្វើអសីលធម៌ និងការបំពានច្បាប់របស់មន្ត្រីរូបនេះ កំពុងនាំភាពអាម៉ាស់ដល់កេរ្ដិ៍ឈ្មោះកម្ពុជា។
តុលាការរដ្ឋវិកតូរីយ៉ា (Victoria)នៃប្រទេសអូស្ត្រាលី បានចោទប្រកាន់អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក សែ សុឃន ពីបទរំលោភបំពានផ្លូវភេទលើកូនក្មេងនៅឆ្នេរសមុទ្រមួយកន្លែងឈ្មោះម៉ូឌីយ៉ាឡុក (Mordialloc) ដែលជាតំបន់ឆ្នេរសមុទ្រដ៏ពេញនិយមមួយនៅភាគអាគ្នេយ៍នៃទីក្រុង Melbourne។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Herald Sun កាលពីថ្ងៃទី២៤ ខែកញ្ញា។
សារព័ត៌មានអូស្ត្រាលីមួយនេះ រៀបរាប់ថាលោក សែ សុឃន (Sokhorn Se) មានអាយុ ៥៥ ឆ្នាំ ពាក់អាវរងាស្បែកម៉ាក ហូហ្គូ បូស (Hogo Boss Leather Jacket) តម្លៃខ្ទង់ពាន់ដុល្លារ បានចូលបង្ហាញខ្លួននៅតុលាការក្រុង Melbourne (Melbourne Magistrates’ Court) ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើអនីតិជន។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះត្រូវបានទម្លាយនៅក្នុងសវនាការតុលាការកាលពីថ្ងៃទី២៤ ខែកញ្ញា។
សារព័ត៌មានមួយនេះបន្តថា លោក សែ សុឃន បានបដិសេធការចោទប្រកាន់ និងកំពុងតវ៉ាក្តីនេះ។ តុលាការអូស្ត្រាលីបានកំណត់កាលបរិច្ឆេទសវនាការនៅខែវិច្ឆិកាខាងមុខ ដោយរំពឹងថានឹងមានកុមារមួយចំនួនចូលរួមធ្វើជាសាក្សីផ្តល់ភស្តុតាង។ តុលាការ ក៏បានពន្យារពេលឱ្យមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ នៅក្រៅឃុំ ដើម្បីឱ្យរូបលោកអាចបន្តស្នាក់នៅ និងមានសេរីភាពក្នុងទីក្រុង Melbourne ជាបណ្តោះអាសន្ន មុនឈានដល់ថ្ងៃបើកសវនាការ។
ទូរទស្សន៍អាស៊ីសេរី មិនទាន់ស្វែងរកប្រភពទាក់ទងលោក សែ សុឃន បានទេ នៅថ្ងៃទី២៥ ខែកញ្ញា។ ទូរទស្សន៍អាស៊ីសេរី ក៏នៅមិនទាន់ទទួលបានព័ត៌មានណាមួយបញ្ជាក់ថា តើអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលរងការចោទប្រកាន់រឿងរំលោភបំពានផ្លូវភេទលើកូនក្មេងនៅលើទឹកដីអូស្ត្រាលីនេះ កើតឡើងក្នុងពេលដែលលោក មកបំពេញបេសកម្មការងារ ឬក៏រូបលោក និងគ្រួសារ មានសិទ្ធិរស់នៅក្នុងប្រទេសអូស្ត្រាលីនោះទេ។
ទោះជាយ៉ាងណា លោក សែ សុឃន គឺជាបុគ្គលមានអំណាចមួយរូបនៅកម្ពុជា ដោយកាន់់តួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្រោមបង្គាប់លោក គុណ ញឹម ពាក់ព័ន្ធនឹងការគ្រប់គ្រងទំនិញចេញ-ចូលនៅកម្ពុជា ដែលគេចាត់ទុកថា ជាកន្លែងខ្លាញ់បំផុត។ មន្ត្រីស្ថាប័នមួយនេះ រួមទាំងលោក គុណ ញឹម ជាដើម តែងរងការចោទប្រកាន់ពាក់ព័ន្ធរឿងអំពើពុករលួយ និងការពន្យារពេលចូលនិវត្តន៍ដោយប្រើវិធីប្រមូលលុយជូនទៅក្រុមគ្រួសារលោក ហ៊ុន សែន។ លោក សែ សុឃន ក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសពីលោក ហ៊ុន សែន ផងដែរ។
ក្រៅពីនោះ លោក សែ សុឃន ក៏ជាប្រធានក្រុមការងារចុះជួយមូលដ្ឋាននៅស្រុកគៀនស្វាយ ខេត្តកណ្ដាល នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
ប្រធានអង្គការសម្ព័ន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក អ៊ិន ណាត មានប្រសាសន៍ថា ទង្វើរំលោភបំពានលើកុមារ ជាទង្វើមួយដែលប្រទេសអូស្ត្រាលីស្អប់ខ្ពើម ហើយបើតាមច្បាប់នឹងដាក់ទោសធ្ងន់ធ្ងរទៅលើបុគ្គលដែលប្រព្រឹត្ត។ លោកថា វាជារឿងអសីលធម៌ និងភាពអាមាស់របស់ប្រទេសកម្ពុជា ដែលមានមន្ត្រីប្រព្រឹត្តទង្វើមិនគប្បី។ ក្នុងនាមលោកជាខ្មែរមិនគាំទ្រទង្វើថោកទាប និងស្នើឲ្យតុលាការអូស្ត្រាលីអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅជនប្រព្រឹត្តទាំងអស់ ដែលប្រព្រឹត្តល្មើសច្បាប់របស់អូស្ត្រាលី។
លោក អ៊ិន ណាត៖ «វាជាការមួយគួរឲ្យខ្មាសអៀនណាស់ ដែលមន្ត្រីរដ្ឋាភិបាលខ្មែរ មកពីប្រទេសកម្ពុជា ហើយមកប្រព្រឹត្តកំហុសនៅប្រទេសអូស្ត្រាលី វាគួរឲ្យខ្មាសអៀន ហើយវាជាទង្វើមួយគួរឲ្យអាមាស់សម្រាប់ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ដែលកំពុងតែស្អុយឈ្មោះអំពីការឆបោកតាមអនឡាញ ករណីគ្រឿងញៀន ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាជាដើម» ។
លោក អ៊ិន ណាត លើកឡើងទៀតថា ច្បាប់ផ្ដន្ទាទោសចំពោះជនប្រព្រឹត្ត ដែលរំលោភផ្លូវភេទលើកុមារ មានការបែងចែកតាមរយៈអាយុកុមារទាំងអស់នោះ ហើយបើករណីតុលាការរកឃើញថា រំលោភទៅក្មេងក្រោមអាយុ១៦ឆ្នាំ កាត់ទោសឲ្យជាប់ពន្ធនាគារ១០ទៅ១៥ឆ្នាំ រីឯជនបរទេស នឹងបណ្ដេញមិនឲ្យជាន់ទឹកដីអូស្ត្រាលីទៀតនោះទេ ក្រោយអនុវត្តទោសគ្រប់ចំនួន។
មាត្រា ៤៩D នៃច្បាប់ព្រហ្មទណ្ឌនៃរដ្ឋវ៉ិកតូរីយ៉ា ចែងថា បទរំលោភបំពានផ្លូវភេទលើកូនក្មេងអាចនឹងកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ តុលាការបានអនុញ្ញាតិឱ្យលោក សែ សុឃន នៅក្រៅឃុំដើម្បីបន្តស្នាក់នៅទីក្រុងមែលប៊នរហូតដល់តុលាការធ្វើសវនាការ។ បើតាមព័ត៌មានពីសារព័ត៌មាន Herald Sun បានបញ្ជាក់ថា តុលាការរំពឹងទុកថាកូនក្មេងមួយចំនួននឹងធ្វើជាសាក្សីក្នុងសវនាការខាងមុខនេះ៕







