តុលាការ​អូស្ត្រាលី​ចោទ​ប្រកាន់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ម្នាក់​ពី​បទ​រំលោភផ្លូវ​ភេទ​កុមារ

0
36
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និង​លោក សែ សុឃន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ រូប៖ បណ្ដាញសង្គម
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និង​លោក សែ សុឃន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ រូប៖ បណ្ដាញសង្គម



តុលាការ​ប្រទេស​អូស្ត្រាលី បាន​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ពី​បទរំលោភ​បំពាន​ផ្លូវភេទ​កុមារ នៅតំបន់​ឆ្នេរសមុទ្រ​ដ៏​ល្បី​មួយ​កន្លែង​នៃ​ទីក្រុង​មែលប៊ន (Melbourne)។ មន្ត្រី​សង្គមស៊ីវិល​ថា ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​រូប​នេះ ពិត​ជាបាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​តុលាការ​អូស្ត្រាលី​មែន នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ទោស​ធ្ងន់ ហើយ​ទង្វើ​អសីលធម៌ និង​ការ​បំពាន​ច្បាប់​របស់​មន្ត្រី​រូប​នេះ កំពុង​នាំ​ភាព​អាម៉ាស់​ដល់​កេរ្ដិ៍​ឈ្មោះ​កម្ពុជា។

តុលាការ​រដ្ឋ​វិកតូរីយ៉ា (Victoria)នៃ​ប្រទេស​អូស្ត្រាលី បាន​ចោទ​ប្រកាន់​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក សែ សុឃន ពី​បទរំលោភ​បំពាន​ផ្លូវភេទ​លើ​កូនក្មេង​នៅ​ឆ្នេរសមុទ្រ​មួយ​កន្លែង​ឈ្មោះ​ម៉ូឌីយ៉ាឡុក (Mordialloc) ដែល​ជា​តំបន់​ឆ្នេរសមុទ្រ​ដ៏ពេញ​និយម​មួយ​នៅ​ភាគអាគ្នេយ៍​នៃ​ទី​ក្រុង Melbourne។នេះ​បើ​តាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន Herald Sun កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

សារព័ត៌មាន​អូស្ត្រាលី​មួយ​នេះ រៀបរាប់​ថាលោក សែ សុឃន (Sokhorn Se) មាន​អាយុ ៥៥ ឆ្នាំ ពាក់​អាវរងា​ស្បែក​ម៉ាក ហូហ្គូ បូស (Hogo Boss Leather Jacket) តម្លៃ​ខ្ទង់​ពាន់​ដុល្លារ បាន​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង Melbourne (Melbourne Magistrates’ Court) ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​បំពាន​ផ្លូវភេទ​លើ​អនីតិជន។ ទោះ​ជាយ៉ាង​ណា ព័ត៌មាន​លម្អិត​តិចតួច​ប៉ុណ្ណោះ​ត្រូវបាន​ទម្លាយ​នៅ​ក្នុង​សវនាការ​តុលាការ​កាល​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា។ 

សារព័ត៌មាន​មួយ​នេះ​បន្តថា លោក សែ សុឃន បាន​បដិសេធ​ការ​ចោទ​ប្រកាន់ និង​កំពុង​តវ៉ាក្តី​នេះ។ តុលាការ​អូស្ត្រាលី​បាន​កំណត់​កាលបរិច្ឆេទ​សវនាការ​នៅ​ខែ​វិច្ឆិកា​ខាងមុខ ដោយ​រំពឹងថា​នឹង​មាន​កុមារ​មួយ​ចំនួន​ចូលរួម​ធ្វើ​ជា​សាក្សី​ផ្តល់​ភស្តុតាង។ តុលាការ ក៏​បាន​ពន្យារ​ពេល​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​រូប​នេះ នៅ​ក្រៅ​ឃុំ ដើម្បី​ឱ្យ​រូប​លោក​អាច​បន្ត​ស្នាក់​នៅ និង​មាន​សេរីភាព​ក្នុង​ទី​ក្រុង Melbourne ជា​បណ្តោះអាសន្ន មុន​ឈាន​ដល់​ថ្ងៃ​បើក​សវនាការ។

ទូរទស្សន៍​អាស៊ីសេរី មិន​ទាន់​ស្វែង​រក​ប្រភព​ទាក់ទង​លោក សែ សុឃន បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។ ទូរទស្សន៍​អាស៊ីសេរី ក៏នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​បញ្ជាក់​ថា តើ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​រង​ការ​ចោទ​ប្រកាន់​រឿង​រំលោភបំពាន​ផ្លូវភេទ​លើ​កូន​ក្មេង​នៅ​លើ​ទឹក​ដី​អូស្ត្រាលី​នេះ កើត​ឡើង​ក្នុង​ពេល​ដែល​លោក មក​បំពេញ​បេសកម្ម​ការងារ ឬ​ក៏​រូប​លោក និង​គ្រួសារ មាន​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ទេ។ 

ទោះ​ជាយ៉ាង​ណា លោក សែ សុឃន គឺ​ជា​បុគ្គល​មាន​អំណាច​មួយ​រូប​នៅ​កម្ពុជា ដោយ​កាន់់​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ក្រោម​បង្គាប់​លោក គុណ ញឹម ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ទំនិញ​ចេញ-ចូល​នៅ​កម្ពុជា ដែល​គេ​ចាត់​ទុក​ថា ជា​កន្លែង​ខ្លាញ់​បំផុត។ មន្ត្រី​ស្ថាប័ន​មួយ​នេះ រួម​ទាំង​លោក គុណ ញឹម ជា​ដើម តែង​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​រឿង​អំពើ​ពុករលួយ និង​ការ​ពន្យារ​ពេល​ចូល​និវត្តន៍​ដោយ​ប្រើ​វិធីប្រមូល​លុយ​ជូន​ទៅ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។ លោក សែ សុឃន ក៏​ធ្លាប់​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​លោក ហ៊ុន សែន ផង​ដែរ។ 

 ក្រៅ​ពី​នោះ លោក សែ សុឃន ក៏​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​នៅ​ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធខ្មែរ ដើម្បី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក អ៊ិន ណាត មាន​ប្រសាសន៍​ថា ទង្វើ​រំលោភ​បំពាន​លើ​កុមារ ជា​ទង្វើ​មួយ​ដែល​ប្រទេស​អូស្ត្រាលី​ស្អប់​ខ្ពើម ហើយ​បើ​តាម​ច្បាប់​នឹង​ដាក់​ទោស​ធ្ងន់ធ្ងរ​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត។ លោក​ថា វា​ជា​រឿង​អសីលធម៌ និង​ភាព​អាមាស់​របស់​ប្រទេស​កម្ពុជា ដែល​មាន​មន្ត្រី​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី។ ក្នុង​នាម​លោក​ជា​ខ្មែរ​មិន​គាំទ្រ​ទង្វើ​ថោកទាប និង​ស្នើ​ឲ្យ​តុលាការ​អូស្ត្រាលី​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​ជន​ប្រព្រឹត្ត​ទាំង​អស់ ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​របស់​អូស្ត្រាលី។

លោក អ៊ិន ណាត៖ «វា​ជា​ការ​មួយ​គួរ​ឲ្យ​ខ្មាសអៀន​ណាស់ ដែល​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ មក​ពី​ប្រទេស​កម្ពុជា ហើយ​មក​ប្រព្រឹត្ត​កំហុស​នៅ​ប្រទេស​អូស្ត្រាលី វា​គួរ​ឲ្យ​ខ្មាសអៀន ហើយ​វាជា​ទង្វើ​មួយ​គួរ​ឲ្យ​អាមាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​ស្អុយ​ឈ្មោះ​អំពី​ការ​ឆបោក​តាម​អនឡាញ ករណី​គ្រឿងញៀន ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាដើម» ។

លោក អ៊ិន ណាត លើក​ឡើង​ទៀត​ថា ច្បាប់​ផ្ដន្ទាទោស​ចំពោះ​ជន​ប្រព្រឹត្ត ដែល​រំលោភ​ផ្លូវភេទ​លើ​កុមារ មាន​ការ​បែងចែក​តាម​រយៈ​អាយុ​កុមារ​ទាំង​អស់​នោះ ហើយ​បើ​ករណី​តុលាការ​រក​ឃើញ​ថា រំលោភ​ទៅ​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១០​ទៅ​១៥​ឆ្នាំ រីឯ​ជន​បរទេស នឹង​បណ្ដេញ​មិន​ឲ្យ​ជាន់​ទឹកដី​អូស្ត្រាលី​ទៀត​នោះ​ទេ ក្រោយ​អនុវត្ត​ទោស​គ្រប់​ចំនួន។

មាត្រា ៤៩D នៃ​ច្បាប់​ព្រហ្មទណ្ឌ​នៃ​រដ្ឋ​វ៉ិកតូរីយ៉ា ចែង​ថា បទរំលោភបំពាន​ផ្លូវភេទ​លើ​កូន​ក្មេង​អាច​នឹង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ។ តុលាការ​បាន​អនុញ្ញាតិ​ឱ្យ​លោក សែ សុឃន នៅ​ក្រៅ​ឃុំ​ដើម្បី​បន្ត​ស្នាក់​នៅ​ទី​ក្រុង​មែលប៊ន​រហូត​ដល់​តុលាការ​ធ្វើ​សវនាការ។ បើ​តាម​ព័ត៌មាន​ពី​សារព័ត៌មាន Herald Sun បាន​បញ្ជាក់​ថា តុលាការ​រំពឹង​ទុក​ថា​កូនក្មេង​មួយ​ចំនួន​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​សវនាការ​ខាង​មុខ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ