

ក្រោយពេលមេដឹកនាំថៃ បាននិយាយនៅលើវេទិកាមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដោយអះអាងពីគោលបំណងចរចាសន្តិភាព ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានោះ នៅឯតំបន់ព្រំដែនកម្ពុជាវិញ យោធាថៃនៅតែបន្តសកម្មភាពឈូសឆាយទៅតាមទម្លាប់ ដែលយោធាថៃបានអនុវត្តតាំងពីមានបទឈប់បាញ់ជិតមួយឆ្នាំមកនេះ។ អ្នកឃ្លាំមើលថា ការអះអាងរបស់មេដឹកនាំថៃនៅលើវេទិកាអន្តរជាតិ គឺមិនអាចយកជាការបាននោះឡើយ ខណៈការថ្លែងរបស់ភាគីកម្ពុជាវិញ ក៏មិនអាចដាក់សម្ពាធភាគីថៃឱ្យគោរពតាមច្បាប់នោះដែរ។
ទោះបីជាស្ថានភាពនៅតាមតំបន់ព្រំដែនមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នាយ៉ាងណាក្ដី ក៏យោធាថៃនៅតែបន្តការឈូសឆាយ និងសាងសង់សំណង់ផ្សេងៗ ដើម្បីកែប្រែទីតាំងជាក់ស្ដែងដែលយោធាថៃបានដណ្ដើមកាន់កាប់ពីកម្ពុជាដោយខុសច្បាប់ ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជានោះឡើយ។
នៅតំបន់មុំបី ដែលស្ថិតនៅព្រំដែនខេត្តព្រះវិហារ យោធាថៃបានចាប់ផ្ដើមជីកប្រឡាយជាច្រើនម៉ែត្រនៅចំណុចភូមិសាស្ដ្រភ្នំ៧៤៥ ដោយបានរំលោភចូលក្នុងទីតាំងរបស់កម្ពុជាមួយចំនួន និងចូលក្នុងទីតាំងដែលមិនទាន់កំណត់ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់។ នេះបើតាមការអះអាងរបស់ទាហានខ្មែរម្នាក់ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។
ប្រភពបន្តថា ក្រៅពីជីកប្រឡាយហើយនោះ យោធាថៃបានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រចេញពីតំបន់ភ្នំ៥០០ ទៅកាន់តំបន់អានសេះ និងភ្នំទ្រព្យ ដែលទីតាំងទាំងនេះគឺជាមូលដ្ឋានយោធារបស់កម្ពុជា ត្រូវយោធាថៃដណ្ដើមកាន់កាប់ដោយខុសច្បាប់ក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែន។ ទាហានខ្មែរលើកឡើងថា ការណ៍ដែលយោធាថៃសាងសង់ផ្លូវយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នា ដោយផ្សាភ្ជាប់បន្ទាយនៅតាមព្រំដែនបែបនេះ គឺដើម្បីគាំទ្រដល់ការចល័តទ័ព និងសម្ភារៈយោធាបានទាន់សភាពការណ៍ ដែលជាយុទ្ធសាស្ត្រប្រជែងពេលវេលាក្នុងពេលមានសង្គ្រាមផ្ទុះឡើង។
ទាហានខ្មែររូបនេះបានអះអាងទៀតថា ស្ថានភាពនៅតំបន់មុំបី ក្នុងពេលបច្ចុប្បន្ន កងកម្លាំងរបស់ភាគីថៃកំពុងមានប្រៀបជាងភាគីកម្ពុជាទាំងកម្លាំងទ័ព និងទីតាំងភូមិសាស្រ្ត ដោយសារយោធាថៃបានដណ្ដើមកាន់កាប់ទីតាំងខ្ពស់ភាគច្រើនតាមបណ្ដោយខ្នងភ្នំដងរែក និងសាងសង់ផ្លូវយុទ្ធសាស្រ្តតភ្ជាប់គ្នាជាប្រព័ន្ធ ខណៈតំបន់ឈរជើងរបស់កងកម្លាំងកម្ពុជា ភាគច្រើនស្ថិតនៅទីតាំងចង្កេះភ្នំមានសណ្ឋានជាល្បាក់ចោត និងជ្រោះជ្រៅ ដែលបង្កជាឧបសគ្គដល់ការចល័តទ័ព និងសម្ភារៈសឹក។
ងាកមកតំបន់តាថាវ បុស្សស្បូវ និងតំបន់ភ្នំខ្មោច ដែលស្ថិតនៅក្បែរតំបន់ប្រាសាទព្រះវិហារ វិញ យោធាថៃបានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រ លេណដ្ឋាន និងប៉ុស្តិ៍យាមល្បាតជាច្រើនកន្លែង។ ទោះជាយ៉ាងណា លេណដ្ឋានបេតុង និងទីតាំងដែលយោធាថៃកំពុងសាងសង់ទាំងនោះ ខ្លះជាមូលដ្ឋានចាស់របស់យោធាថៃ ខ្លះជាទីតាំងដែលទើបសាងសង់ថ្មីៗ និងខ្លះទៀត យោធាថៃបានសាងសង់នៅក្នុងទឹកដីកម្ពុជា នៅក្នុងភូមិសាស្ត្រដែលយោធាថៃបានចូលកាន់កាប់ ក្រោយពីមានបទឈប់បាញ់។
ដោយឡែកនៅតំបន់ភ្នំបេង និងទំនប់តាទុំ ដែលស្ថិតនៅក្បែរភូមិសាស្ត្រច្រកជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ វិញ ទាហានខ្មែរម្នាក់ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណដែរថា យោធាថៃបានបន្តប្រើប្រាស់គ្រឿងចក្រចូលឈូសឆាយ និងសាងសង់ផ្លូវចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ បន្ទាប់ពីទាហានខ្មែរបានទទួលបទបញ្ជាឱ្យដកថយចុះពីទីតាំងមូលដ្ឋានចាស់ ដែលស្ថិតក្នុងទឹកដីកម្ពុជា។ ទាហានខ្មែរបន្តថា ក្រៅពីនេះ ក្រុមព្រះសង្ឃ និងយោធាថៃ បានសាងសង់សំណង់ និងទីកន្លែងស្នាក់នៅជាច្រើនទីតាំង នៅក្នុងតំបន់ដែលកំពុងមានភាពចម្រូងចម្រាសនេះទៀតផង។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីផ្ទៀងផ្ទាត់អំពីរឿងនេះបានទេ នៅថ្ងៃទី២៨ ខែកញ្ញា។
សកម្មភាពសាងសង់ និងកែប្រែទីតាំងជាក់ស្ដែងរបស់យោធាថៃនេះ បានបន្តកើតឡើងស្របពេលដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានថ្លែងនៅក្នុងអង្គប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក (New York) សហរដ្ឋអាមេរិក (USA) កាលពីថ្ងៃទី២៥ ខែកញ្ញាដោយអះអាងពីបំណងបើកការចរចាជាលក្ខណៈទ្វេភាគីជាមួយកម្ពុជា ដើម្បីបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា។
ជាការឆ្លើយតបចំពោះការអះអាងរបស់មេដឹកនាំថៃរូបនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលតំណាងឱ្យភាគីកម្ពុជា បានថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅថ្ងៃបន្ទាប់ ដោយអំពាវនាវឱ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះព្រំដែន។
ទោះជាបែបនេះក្ដី ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា ការអះអាងរបស់មេដឹកនាំថៃ គឺមិនអាចយកជាការបាននៅឡើយ ខណៈការថ្លែងរបស់ភាគីកម្ពុជាវិញ ក៏មិនអាចដាក់សម្ពាធភាគីថៃឱ្យគោរពតាមច្បាប់នោះដែរ។ លោកបន្តថា ថៃដែលជាភាគីមានប្រៀបលើវិស័យយោធា តែងតែនិយាយបាតដៃខ្នងដៃ និងបកស្រាយច្បាប់ និងកិច្ចព្រមព្រៀងជាឯកតោភាគីតាមអំពើចិត្ត និងផ្ទុយពីសកម្មភាពដែលខ្លួនកំពុងធ្វើ។
លោក អ៊ុំ សំអាន៖ «ដោយសារកិច្ចការ ការទូតគាំទ្ររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងខ្សោយ ទី១។ ទី២ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងកើតចេញពីការបោះឆ្នោតក្លែងក្លាយការកាន់អំណាចផ្តាច់ការ តពូជ រំលោភសិទ្ធិមនុស្សបញ្ហាទីពីរ។ដោយសារតែមានបទល្មើសនៃការឆបោកតាមអនឡាញច្រើននៅស្រុកខ្មែរ។ អញ្ចឹងទៅភាពអសោចរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិហ្នឹងអត់មានប្រទេសណាមួយគាំទ្រកម្ពុជានិងថ្កោលទោសថៃឬក៏រិះគន់ចំពោះការឈ្លានពានរបស់ថៃនោះទេ»។
ងាកមកមើលសកម្មភាពរបស់យោធាថៃនៅតាមព្រំដែនវិញ ក្រៅពីធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជាតាមព្រំដែនហើយនោះ ទាហានថៃថែមទាំងបានបង្កជម្លោះពាក្យសម្ដីជាមួយទាហានខ្មែរ និងបណ្ដេញទាហានខ្មែរចេញពីទីតាំងដើរល្បាត ក្នុងទឹកដីកម្ពុជា បន្ទាប់ពីទាហានថៃបានរាយបន្លាលួសនៅក្បែរទីតាំងឈរជើងរបស់ទាហានខ្មែរ៕









