ថៃ​បន្ត​ឈ្លានពាន​តាម​ព្រំដែន​កម្ពុជា ក្រោយ​មេដឹកនាំ​ថៃ​អះអាង​ពី​ការ​ចរចា​សន្តិភាព​ជាមួយ​កម្ពុជា​នៅ UN

0
10
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅក្នុង​សម័យប្រជុំ​លើក​ទី ៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (New York) នៃ​សហ​រដ្ឋា​អាមេរិក (USA) កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅក្នុង​សម័យប្រជុំ​លើក​ទី ៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (New York) នៃ​សហ​រដ្ឋា​អាមេរិក (USA) កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

ក្រោយពេល​មេដឹកនាំ​ថៃ បាន​និយាយ​នៅលើ​វេទិកា​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ ដោយ​អះអាង​ពី​គោលបំណង​ចរចា​សន្តិភាព ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​នោះ នៅឯ​តំបន់​ព្រំដែន​កម្ពុជា​វិញ យោធា​ថៃ​នៅតែ​បន្ត​សកម្មភាព​ឈូសឆាយ​ទៅ​តាម​ទម្លាប់ ដែល​យោធា​ថៃ​បាន​អនុវត្ត​តាំងពី​មាន​បទឈប់បាញ់​ជិត​មួយ​ឆ្នាំ​មក​នេះ។ អ្នក​ឃ្លាំមើល​ថា ការ​អះអាង​របស់​មេដឹកនាំ​ថៃ​នៅលើ​វេទិកា​អន្តរជាតិ គឺ​មិន​អាច​យក​ជា​ការ​បាន​នោះឡើយ ខណៈ​ការ​ថ្លែង​របស់​ភាគី​កម្ពុជា​វិញ ក៏​មិន​អាច​ដាក់​សម្ពាធ​ភាគី​ថៃ​ឱ្យ​គោរព​តាម​ច្បាប់​នោះ​ដែរ។

ទោះបី​ជា​ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់គ្នា​យ៉ាងណា​ក្ដី​ ​ក៏​យោធា​ថៃ​នៅតែ​បន្ត​ការ​ឈូសឆាយ និង​សាងសង់​សំណង់​ផ្សេង​ៗ ដើម្បី​កែប្រែ​ទីតាំង​ជាក់ស្ដែង​ដែល​យោធា​ថៃ​បាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា​របស់​កម្ពុជា​នោះឡើយ។

នៅ​តំបន់​មុំបី ដែល​ស្ថិត​នៅ​ព្រំដែន​ខេត្ត​ព្រះវិហារ យោធា​ថៃ​បាន​ចាប់ផ្ដើម​ជីក​ប្រឡាយ​ជា​ច្រើន​ម៉ែត្រ​នៅ​ចំណុច​ភូមិសាស្ដ្រ​ភ្នំ​៧៤៥ ដោយ​បាន​រំលោភ​ចូល​ក្នុង​ទីតាំង​របស់​កម្ពុជា​មួយ​ចំនួន និង​ចូលក្នុង​ទីតាំង​ដែល​មិន​ទាន់​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ច្បាស់លាស់។ នេះ​បើ​តាម​ការ​អះអាង​របស់​ទាហាន​ខ្មែរ​ម្នាក់ ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ។

ប្រភព​បន្ត​ថា ក្រៅ​ពី​ជីក​ប្រឡាយ​ហើយ​នោះ យោធា​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ចេញ​ពី​តំបន់​ភ្នំ​៥០០ ទៅកាន់​តំបន់​អានសេះ និង​ភ្នំ​ទ្រព្យ ដែល​ទីតាំង​ទាំងនេះ​គឺជា​មូលដ្ឋាន​យោធា​របស់​កម្ពុជា ត្រូវ​យោធា​ថៃ​ដណ្ដើម​កាន់កាប់​ដោយ​ខុស​ច្បាប់​ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន។ ទាហាន​ខ្មែរ​លើកឡើង​ថា ការណ៍​ដែល​យោធា​ថៃ​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ប្រទាក់​ក្រឡាគ្នា ដោយ​ផ្សាភ្ជាប់​បន្ទាយ​នៅ​តាម​ព្រំដែន​បែបនេះ គឺ​ដើម្បី​គាំទ្រ​ដល់​ការ​ចល័ត​ទ័ព និង​សម្ភារៈ​យោធា​បាន​ទាន់​សភាព​ការណ៍ ដែល​ជា​យុទ្ធសាស្ត្រ​ប្រជែង​ពេលវេលា​ក្នុងពេល​មាន​សង្គ្រាម​ផ្ទុះឡើង។

ទាហាន​ខ្មែរ​រូប​នេះ​បាន​អះអាង​ទៀត​ថា ស្ថានភាព​នៅ​តំបន់​មុំបី ក្នុងពេល​បច្ចុប្បន្ន កង​កម្លាំង​របស់​ភាគី​ថៃ​កំពុង​មាន​ប្រៀប​ជាង​ភាគី​កម្ពុជា​ទាំង​កម្លាំង​ទ័ព និង​ទីតាំង​ភូមិ​សាស្រ្ត ដោយសារ​យោធា​ថៃ​បាន​ដណ្ដើម​កាន់កាប់​ទីតាំង​ខ្ពស់​ភាគច្រើន​តាម​បណ្ដោយ​ខ្នង​ភ្នំ​ដងរែក និង​សាងសង់​ផ្លូវ​យុទ្ធសាស្រ្ត​តភ្ជាប់​គ្នា​ជា​ប្រព័ន្ធ ខណៈ​តំបន់​ឈរ​ជើង​របស់​កងកម្លាំង​កម្ពុជា ភាគ​ច្រើន​ស្ថិត​នៅ​ទីតាំង​ចង្កេះ​ភ្នំ​មាន​សណ្ឋាន​ជា​ល្បាក់​ចោត និង​ជ្រោះ​ជ្រៅ ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ចល័ត​ទ័ព និង​សម្ភារៈ​សឹក។

ងាក​មក​តំបន់​តា​ថាវ បុស្សស្បូវ និង​តំបន់​ភ្នំ​ខ្មោច ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ វិញ យោធា​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ លេណដ្ឋាន និង​ប៉ុស្តិ៍​យាម​ល្បាត​ជា​ច្រើន​កន្លែង។ ទោះជា​យ៉ាងណា លេណដ្ឋាន​បេតុង និង​ទីតាំង​ដែល​យោធា​ថៃ​កំពុង​សាងសង់​ទាំងនោះ ខ្លះ​ជា​មូលដ្ឋាន​ចាស់​របស់​យោធា​ថៃ ខ្លះ​ជា​ទីតាំង​ដែល​ទើប​សាងសង់​ថ្មី​ៗ និង​ខ្លះ​ទៀត យោធា​ថៃ​បាន​សាងសង់​នៅក្នុង​ទឹកដី​កម្ពុជា នៅក្នុង​ភូមិសាស្ត្រ​ដែល​យោធា​ថៃ​បាន​ចូលកាន់​កាប់ ក្រោយពី​មាន​បទឈប់បាញ់។

ដោយឡែក​នៅ​តំបន់​ភ្នំ​បេង និង​ទំនប់​តាទុំ ដែល​ស្ថិត​នៅ​ក្បែរ​ភូមិសាស្ត្រ​ច្រក​ជាំ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ វិញ ទាហាន​ខ្មែរ​ម្នាក់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែរ​ថា យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​គ្រឿង​ចក្រ​ចូល​ឈូសឆាយ និង​សាងសង់​ផ្លូវ​ចូល​ក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ បន្ទាប់ពី​ទាហាន​ខ្មែរ​បាន​ទទួល​បទបញ្ជា​ឱ្យ​ដកថយ​ចុះ​ពី​ទីតាំង​មូលដ្ឋាន​ចាស់ ដែល​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា។ ទាហាន​ខ្មែរ​បន្ត​ថា ក្រៅ​ពី​នេះ ក្រុម​ព្រះ​សង្ឃ និង​យោធា​ថៃ បាន​សាងសង់​សំណង់ និង​ទីកន្លែង​ស្នាក់នៅ​ជា​ច្រើន​ទីតាំង នៅក្នុង​តំបន់​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នេះ​ទៀតផង។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​ផ្ទៀងផ្ទាត់​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។

សកម្មភាព​សាងសង់ និង​កែប្រែ​ទីតាំង​ជាក់ស្ដែង​របស់​យោធា​ថៃ​នេះ បាន​បន្ត​កើតឡើង​ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ថ្លែង​នៅក្នុង​អង្គ​ប្រជុំ​លើក​ទី ៨១ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (New York) សហរដ្ឋអាមេរិក (USA) កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ដោយ​អះអាង​ពី​បំណង​បើក​ការ​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី​ជាមួយ​កម្ពុជា ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។

ជា​ការ​ឆ្លើយតប​ចំពោះ​ការ​អះអាង​របស់​មេដឹកនាំ​ថៃ​រូប​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ដែល​តំណាង​ឱ្យ​ភាគី​កម្ពុជា បាន​ថ្លែង​នៅក្នុង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​បន្ទាប់ ដោយ​អំពាវនាវ​ឱ្យ​ភាគី​ថៃ គោរព​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន។

ទោះជា​បែបនេះ​ក្ដី ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា ការ​អះអាង​របស់​មេដឹកនាំ​ថៃ គឺ​មិន​អាច​យក​ជា​ការ​បាន​នៅ​ឡើយ ខណៈ​ការ​ថ្លែង​របស់​ភាគី​កម្ពុជា​វិញ ក៏​មិន​អាច​ដាក់​សម្ពាធ​ភាគី​ថៃ​ឱ្យ​គោរព​តាម​ច្បាប់​នោះ​ដែរ។ លោក​បន្ត​ថា ថៃ​ដែល​ជា​ភាគី​មាន​ប្រៀប​លើ​វិស័យ​យោធា តែង​តែ​និយាយ​បាត​ដៃ​ខ្នង​ដៃ និង​បកស្រាយ​ច្បាប់ និង​កិច្ចព្រមព្រៀង​ជា​ឯកតោភាគី​តាម​អំពើចិត្ត និង​ផ្ទុយពី​សកម្មភាព​ដែល​ខ្លួន​កំពុង​ធ្វើ។

លោក អ៊ុំ សំអាន៖ «ដោយសារ​កិច្ចការ​ ការទូត​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ្នឹង​ខ្សោយ ទី១។ ទី២ ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ្នឹង​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយការ​កាន់អំណាច​ផ្តាច់ការ តពូជ រំលោភ​សិទ្ធិមនុស្សបញ្ហា​ទី​ពីរ។ដោយសារ​តែ​មាន​បទល្មើស​នៃ​ការ​ឆបោក​តាម​អនឡាញ​ច្រើន​នៅ​ស្រុក​ខ្មែរ។ អញ្ចឹង​ទៅ​ភាព​អសោច​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​លើ​ឆាក​អន្តរជាតិ​ហ្នឹងអត់​មាន​ប្រទេស​ណាមួយ​គាំទ្រ​កម្ពុជានិង​ថ្កោលទោស​ថៃឬ​ក៏​រិះគន់​ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​នោះទេ»។

ងាក​មក​មើល​សកម្មភាព​របស់​យោធា​ថៃ​នៅ​តាម​ព្រំដែន​វិញ ក្រៅ​ពី​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា​តាម​ព្រំដែន​ហើយ​នោះ ទាហាន​ថៃ​ថែមទាំង​បាន​បង្ក​ជម្លោះ​ពាក្យសម្ដី​ជាមួយ​ទាហាន​ខ្មែរ និង​បណ្ដេញ​ទាហាន​ខ្មែរ​ចេញ​ពី​ទីតាំង​ដើរល្បាត ក្នុង​ទឹកដី​កម្ពុជា បន្ទាប់ពី​ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​នៅ​ក្បែរ​ទីតាំង​ឈរ​ជើង​របស់​ទាហាន​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ