សកម្មជន​វៀតណាម​២​រូប​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ឆ្លង​ពី​កម្ពុជា​ចូល​ទឹកដី​វៀតណាម

0
127
ពលរដ្ឋវៀតណាម​សញ្ជាតិន័រវែស លោក ង្វៀន ឌឹក ធ្វឹង (Nguyen Duc Thuan) អាយុ ៥២ឆ្នាំ និងពលរដ្ឋវៀតណាមសញ្ជាតិអូស្ត្រាលី លោក ត្រឹង ហៀប (Tran Hiep)។ រូប៖ បណ្ដាញសង្គម
ពលរដ្ឋវៀតណាម​សញ្ជាតិន័រវែស លោក ង្វៀន ឌឹក ធ្វឹង (Nguyen Duc Thuan) អាយុ ៥២ឆ្នាំ និងពលរដ្ឋវៀតណាមសញ្ជាតិអូស្ត្រាលី លោក ត្រឹង ហៀប (Tran Hiep)។ រូប៖ បណ្ដាញសង្គម

រដ្ឋាភិបាល​វៀតណាម​បាន​ឃុំខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វៀតណាម ចំនួន ៣នាក់ ដោយអះអាងថា ពួកគេឆ្លងដែនខុសច្បាប់ពីកម្ពុជា ចូលប្រទេសវៀតណាម និងពាក់ព័ន្ធអំពើភេរវកម្ម។ យ៉ាងណា អ្នកឃ្លាំមើល​សង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូន​ជា​សម្ងាត់​សកម្មជន​ទាំងនេះ ពីកម្ពុជាឱ្យវៀតណាម ខណៈអង្គការ សិទ្ធិមនុស្ស​អន្តរជាតិ ហៅចំណាត់​ការ​របស់​អាជ្ញាធរៀតណាម ថា ជាការ​រំលោភ​សិទ្ធិមនុស្សឃោរឃៅ។

អាជ្ញាធរវៀតណាម អះអាង​ថា ខ្លួនបានឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យវៀតណាម ចំនួន ៣នាក់ ក្នុងនោះ មានពលរដ្ឋវៀតណាម​សញ្ជាតិន័រវែស លោក ង្វៀន ឌឹក ធ្វឹង (Nguyen Duc Thuan) អាយុ ៥២ឆ្នាំ និងពលរដ្ឋវៀតណាមសញ្ជាតិអូស្ត្រាលី លោក ត្រឹង ហៀប (Tran Hiep) អាយុ ៥០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថាយ កុងទ្រឿងសឺន (Thai Cong Truong Son)។ ប្រភពរដ្ឋាភិបាលវៀតណាម ថា ពួកគេត្រូវបានចាប់ខ្លួន ពេលឆ្លងដែន ពីកម្ពុជា ចូលទឹកដីវៀតណាមតាមច្រកព្រំដែនខេត្តរោងដំរី (តៃនិញ) នៅវេលាយប់ថ្ងៃទី១៨ កញ្ញា។

ប្រពន្ធសកម្មជនលោក  ត្រឹង ហៀ គឺលោកស្រី ឆ្លូ យ៉ាង (Chloe Dang) ប្រាប់បណ្ដាញ​ព័ត៌មាន ឌឹ ហ្គាដៀន (The Guardian) នៅថ្ងៃទី២៩ ខែកញ្ញា ថា បន្ទាប់ពីជួប​ក្រុមអ្នកការពារ សិទ្ធិមនុស្សនៅភ្នំពេញ ប្ដីលោកស្រី ត្រូវចាកចេញ ពីទីក្រុងភ្នំពេញ ត្រឡប់ទៅជួបជុំ ក្រុមគ្រួសារនៅទីក្រុងបាងកកនៅថ្ងៃទី១៩ កញ្ញា ដើម្បីបន្ត​ដំណើរទៅទីក្រុង​មែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី។ ប៉ុន្តែលោកស្រី​មិនអាចទាក់ទងប្ដីបាន តាំងពីថ្ងៃទី១៨ ខែកញ្ញា មក។

លោកស្រី ឆ្លូ យ៉ាង ស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីដាក់សម្ពាធ​លើរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកទីតាំង ដែលប្ដីលោកស្រី​កំពុង​ស្ថិត​នៅ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានេស (Anthony Albanese) មានប្រសាសន៍ថា រដ្ឋាភិបាលផ្តល់ជំនួយផ្នែកកុងស៊ុល ហើយនោះ ជាអ្វីដែលរដ្ឋាភិបាលអូស្ត្រាលីធ្វើ ដើម្បីការពារពលរដ្ឋអូស្ត្រាលី។

លោក  ង្វៀន ឌឹក ធ្វឹង និងលោក ត្រឹង ហៀប គឺជាសមាជិក​អង្គការគាំទ្រ​ប្រជាធិបតេយ្យ​របស់វៀតណាម នៅក្រៅប្រទេស ឈ្មោះ វៀត តឹង (Viet Tan) ដែលមានគោលដៅផ្លាស់ប្ដូររបបកុម្មុយនីស្ដវៀតណាម ទៅកាន់​ប្រជាធិបតេយ្យ ដោយសន្តិវិធី និងអហិង្សា ហើយក៏ជាសមាជិកពេញសិទ្ធិ របស់ ក្រុមប្រឹក្សា​សេរីនិយម និងប្រជាធិបតេយ្យអាស៊ី។ ពួកគេ គឺជាអ្នកតស៊ូមតិការពារសិទ្ធិ​មនុស្ស យូរឆ្នាំមកហើយ និងបានធ្វើការងារយ៉ាងសកម្ម ក្នុងការគាំទ្រចលនា​ប្រជាជន​មូលដ្ឋាន​នៅប្រទេសវៀតណាម ដែលចង់បានសេរីភាព និងសិទ្ធិមនុស្ស។

អាជ្ញាធរ​វៀតណាម​បានចោទសកម្មជនទាំងពីរ ថា បានឆ្លងដែនខុសច្បាប់ និង ជាក្រុមភេរវករ ដោយផ្អែកលើការអះអាងរបស់ជនទី៣ម្នាក់ទៀត ដែលរដ្ឋអំណាច វៀតណាម មិនបានបង្ហាញអត្តសញ្ញាណ។

ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ  Human Rights Watch ធ្លាប់បាន​ពណ៌នាថា វៀត តឹង ជាគណបក្ស​នយោបាយប្រឆាំង ដែលប្រតិបត្តិការដោយ​បើក​ចំហ និងស្របច្បាប់ ក្នុងប្រទេស​ជាច្រើន រួមទាំង ប្រទេសអូស្ត្រាលី​ផង គឺមិនមែនជាក្រុមភេរវករ ដូចការ​ចោទប្រកាន់​ទាំងបំពាន របស់​ទីក្រុង​ហាណូយ​នោះទេ ហើយទាមទារឱ្យដោះលែងសកម្មជនទាំងពីរនាក់ជាបន្ទាន់ ដោយគ្មាន​លក្ខខណ្ឌ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី​នៅថ្ងៃទី ២៩ ខែកញ្ញា ដោយសង្ស័យថា សកម្មជនប្រជាធិបតេយ្យវៀតណាមទាំង ៣ នាក់ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនជាសម្ងាត់ ទៅឱ្យ​វៀតណាម ពីព្រោះ លោកកត់សម្គាល់ថា ពួកគេបាត់ខ្លួននៅកម្ពុជា។

លោក ម៉ែន ណាត ៖«សកម្មជនវៀតណាមទាំងបីនាក់ ដែលជួបជុំគ្នាចេញពី​បាងកកទៅភ្នំពេញ ហើយបាត់ខ្លួននៅភ្នំពេញ អ៊ីចឹងបានន័យថា រដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺច្បាស់លាស់ សហការជាមួយរដ្ឋាភិបាល​វៀតណាមបញ្ជូនមនុស្សទាំងបីនាក់ទៅដាក់ឃុំខ្លួន​នៅវៀតណាម»។

ក្រុមគ្រួសាររបស់សកម្មជនវៀតណាមទាំងបីនាក់ បានដាក់ពាក្យស្នើសុំអន្តរាគមន៍ ទៅកាន់ក្រុមការងាររបស់អង្គការសហប្រជាជាតិ (UN) ដែលទទួលបន្ទុកលើបញ្ហា ការបាត់ខ្លួនដោយបង្ខំ។

បណ្ដាញព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឱ្យដឹងថា សកម្មជន​វៀតណាម លោក ត្រឹង ហៀប ជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា (IT) ឯករាជ្យ និងជាស្ថាបនិក អង្គការសម្ព័ន្ធអូស្ត្រាលី ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (Australian Alliance to Combat Human Trafficking)។ លោក​បាន ធ្វើដំណើរជាមួយសកម្មជនសិទ្ធិ​មនុស្សម្នាក់​ទៀត​ឈ្មោះ  ង្វៀន ឌឹក ធ្វឹង ដែលជា​ពលរដ្ឋវៀតណាមសញ្ជាតិ ន័រវែស មកកាន់ប្រទេសកម្ពុជា ដើម្បីជួបសកម្មជន វៀតណាម ដែលប្រឆាំងនឹងរដ្ឋាភិបាល​កុម្មុយនីស្ដ​វៀតណាម ក្នុង​គោលបំណង ផ្ដល់​ការ​បណ្តុះបណ្តាល។

Human Rights Watch លើកឡើងថា ក្រុមសង្គមស៊ីវិល និងអ្នកជំនាញសិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ជាបន្តបន្ទាប់ អំពីកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើង​រវាង​អាជ្ញាធរ​វៀតណាម និងរដ្ឋាភិបាលនៃប្រទេស ជិតខាង ក្នុងការកំណត់គោលដៅធ្វើទុក្ខបុកម្នេញ លើអ្នកតស៊ូមតិ។

អតីតសមាជិកសភាអូស្ត្រាលី លោក ហុង លីម ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែកញ្ញា ដោយដាស់តឿនសហគមន៍អន្តរជាតិ ឱ្យប្រុងប្រយ័ត្ន អំពីល្បិចឧក្រិដ្ឋកម្មនយោបាយ របស់រដ្ឋអំណាចកុម្មុនីយស្តវៀតណាម និង​រដ្ឋាភិបាល ក្រុមគ្រួសារត្រកូលហ៊ុន។ លោកថា បក្សកុម្មុនីយស្ត​វៀតណាម បង្កប់​ចារកម្មរបស់ ពួកគេយ៉ាងជ្រៅក្នុងប្រព័ន្ធដឹកនាំកម្ពុជាបច្ចុប្បន្ន ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គឺជាឧបករណ៍ បម្រើគោលដៅ នយោបាយ​វៀតណាម គ្រប់កាលៈទេសៈ។

លោក ហុង លីម៖ «ការដែលចាប់ហ្នឹង គេប្រើ​ចូលចាប់រំលោភសិទ្ធិរបស់គេ (transnational invasion) ធ្វើ​អន្តរាគមន៍ចូលមកក្នុងស្រុក ចូលមកក្នុងស្រុក​បរទេស ពិសេសគេនិយាយក្នុងន័យ ស្រុកខ្មែរហ្នឹង ប៉ុនយើងនឹងស្រាប់ ហើយ ស្រុកខ្មែរ ជាស្រុកអាយ៉ងរបស់គេ។ គេធ្វើអីតាំងពី​ដើម​មករហូតធ្លាប់​ចាប់ពួកជន​ជាតិភាគតិច បញ្ជូនទៅឱ្យអាជ្ញាធរវៀតណាម ធ្លាប់ចាប់ព្រះសង្ឃខ្មែរ​សឹកយក ទៅឱ្យ​វៀតណាម»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានបង្កើនការបង្ក្រាប ទៅលើអ្នកប្រឆាំង។ មានសកម្មជនយ៉ាងតិច ៥៥ នាក់ ត្រូវបានចាប់ខ្លួន ក្រោម ច្បាប់ព្រហ្មទណ្ឌវៀតណាម។ ចំណែកព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ១២​អង្គ និងរូប ក៏ត្រូវបានអាជ្ញាធរ កុម្មុយនីស្ដវៀតណាម ចាប់ដាក់ពន្ធនាគារដែរ ដោយ​គ្រាន់​តែពួកគាត់អនុវត្តសិទ្ធិ ស្របច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងនាមជាម្ចាស់ទឹកដី​កម្ពុជាក្រោម ដែលនៅ ក្រោមការត្រួតត្រា របស់រដ្ឋាភិបាលវៀតណាម។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានឱ្យដឹង កាលពីថ្ងៃទី១៨ ខែកញ្ញា ថា មានអ្នកទោសនយោបាយជាង ១៦០​នាក់ កំពុង​ជាប់ឃុំនៅក្នុង ប្រទេសវៀតណាម ហើយ​សកម្មជន​ទាំង​នោះ ត្រូវប្រឈមមុខនឹង «ការយាយី ការគំរាមកំហែង ការតាមដាន និងការសួរចម្លើយ​ពីប៉ូលីសជារៀង​រាល់ថ្ងៃ»។

នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍​នៅ ថ្ងៃទី២៩ កញ្ញាថា សហប្រតិបត្តិការពាណិជ្ជកម្មរវាងសហគមន៍អន្តរជាតិ ជាមួយ​វៀតណាម គឺជារឿងដែលមិនអាចទទួលយក​បានទេ នៅពេល​ទីក្រុងហាណូយ កំពុងពង្រីកការគាបសង្កត់ឆ្លងដែន នៅគ្រប់ទីកន្លែង។ នាយក​អង្គការសិទ្ធិ​មនុស្ស​អន្តរជាតិនេះ អំពាវនាវ​ឱ្យ​ប្រទេសន័រវែស និងអូស្ត្រាលី ដែលមានពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរវៀតណាម ចាប់ខ្លួន​ដោយ​បង្ខំ​នោះ គួរតែដឹកនាំ​ការងារ​ជាសកល ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​វៀតណាម ចំពោះ​ការមិនគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ និង​អធិបតេយ្យភាពរបស់ប្រទេសជិតខាង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ