

រដ្ឋាភិបាលវៀតណាមបានឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវៀតណាម ចំនួន ៣នាក់ ដោយអះអាងថា ពួកគេឆ្លងដែនខុសច្បាប់ពីកម្ពុជា ចូលប្រទេសវៀតណាម និងពាក់ព័ន្ធអំពើភេរវកម្ម។ យ៉ាងណា អ្នកឃ្លាំមើលសង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនជាសម្ងាត់សកម្មជនទាំងនេះ ពីកម្ពុជាឱ្យវៀតណាម ខណៈអង្គការ សិទ្ធិមនុស្សអន្តរជាតិ ហៅចំណាត់ការរបស់អាជ្ញាធរៀតណាម ថា ជាការរំលោភសិទ្ធិមនុស្សឃោរឃៅ។
អាជ្ញាធរវៀតណាម អះអាងថា ខ្លួនបានឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យវៀតណាម ចំនួន ៣នាក់ ក្នុងនោះ មានពលរដ្ឋវៀតណាមសញ្ជាតិន័រវែស លោក ង្វៀន ឌឹក ធ្វឹង (Nguyen Duc Thuan) អាយុ ៥២ឆ្នាំ និងពលរដ្ឋវៀតណាមសញ្ជាតិអូស្ត្រាលី លោក ត្រឹង ហៀប (Tran Hiep) អាយុ ៥០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថាយ កុងទ្រឿងសឺន (Thai Cong Truong Son)។ ប្រភពរដ្ឋាភិបាលវៀតណាម ថា ពួកគេត្រូវបានចាប់ខ្លួន ពេលឆ្លងដែន ពីកម្ពុជា ចូលទឹកដីវៀតណាមតាមច្រកព្រំដែនខេត្តរោងដំរី (តៃនិញ) នៅវេលាយប់ថ្ងៃទី១៨ កញ្ញា។
ប្រពន្ធសកម្មជនលោក ត្រឹង ហៀ គឺលោកស្រី ឆ្លូ យ៉ាង (Chloe Dang) ប្រាប់បណ្ដាញព័ត៌មាន ឌឹ ហ្គាដៀន (The Guardian) នៅថ្ងៃទី២៩ ខែកញ្ញា ថា បន្ទាប់ពីជួបក្រុមអ្នកការពារ សិទ្ធិមនុស្សនៅភ្នំពេញ ប្ដីលោកស្រី ត្រូវចាកចេញ ពីទីក្រុងភ្នំពេញ ត្រឡប់ទៅជួបជុំ ក្រុមគ្រួសារនៅទីក្រុងបាងកកនៅថ្ងៃទី១៩ កញ្ញា ដើម្បីបន្តដំណើរទៅទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី។ ប៉ុន្តែលោកស្រីមិនអាចទាក់ទងប្ដីបាន តាំងពីថ្ងៃទី១៨ ខែកញ្ញា មក។
លោកស្រី ឆ្លូ យ៉ាង ស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកទីតាំង ដែលប្ដីលោកស្រីកំពុងស្ថិតនៅ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានេស (Anthony Albanese) មានប្រសាសន៍ថា រដ្ឋាភិបាលផ្តល់ជំនួយផ្នែកកុងស៊ុល ហើយនោះ ជាអ្វីដែលរដ្ឋាភិបាលអូស្ត្រាលីធ្វើ ដើម្បីការពារពលរដ្ឋអូស្ត្រាលី។
លោក ង្វៀន ឌឹក ធ្វឹង និងលោក ត្រឹង ហៀប គឺជាសមាជិកអង្គការគាំទ្រប្រជាធិបតេយ្យរបស់វៀតណាម នៅក្រៅប្រទេស ឈ្មោះ វៀត តឹង (Viet Tan) ដែលមានគោលដៅផ្លាស់ប្ដូររបបកុម្មុយនីស្ដវៀតណាម ទៅកាន់ប្រជាធិបតេយ្យ ដោយសន្តិវិធី និងអហិង្សា ហើយក៏ជាសមាជិកពេញសិទ្ធិ របស់ ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី។ ពួកគេ គឺជាអ្នកតស៊ូមតិការពារសិទ្ធិមនុស្ស យូរឆ្នាំមកហើយ និងបានធ្វើការងារយ៉ាងសកម្ម ក្នុងការគាំទ្រចលនាប្រជាជនមូលដ្ឋាននៅប្រទេសវៀតណាម ដែលចង់បានសេរីភាព និងសិទ្ធិមនុស្ស។
អាជ្ញាធរវៀតណាមបានចោទសកម្មជនទាំងពីរ ថា បានឆ្លងដែនខុសច្បាប់ និង ជាក្រុមភេរវករ ដោយផ្អែកលើការអះអាងរបស់ជនទី៣ម្នាក់ទៀត ដែលរដ្ឋអំណាច វៀតណាម មិនបានបង្ហាញអត្តសញ្ញាណ។
ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ធ្លាប់បានពណ៌នាថា វៀត តឹង ជាគណបក្សនយោបាយប្រឆាំង ដែលប្រតិបត្តិការដោយបើកចំហ និងស្របច្បាប់ ក្នុងប្រទេសជាច្រើន រួមទាំង ប្រទេសអូស្ត្រាលីផង គឺមិនមែនជាក្រុមភេរវករ ដូចការចោទប្រកាន់ទាំងបំពាន របស់ទីក្រុងហាណូយនោះទេ ហើយទាមទារឱ្យដោះលែងសកម្មជនទាំងពីរនាក់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី ២៩ ខែកញ្ញា ដោយសង្ស័យថា សកម្មជនប្រជាធិបតេយ្យវៀតណាមទាំង ៣ នាក់ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនជាសម្ងាត់ ទៅឱ្យវៀតណាម ពីព្រោះ លោកកត់សម្គាល់ថា ពួកគេបាត់ខ្លួននៅកម្ពុជា។
លោក ម៉ែន ណាត ៖«សកម្មជនវៀតណាមទាំងបីនាក់ ដែលជួបជុំគ្នាចេញពីបាងកកទៅភ្នំពេញ ហើយបាត់ខ្លួននៅភ្នំពេញ អ៊ីចឹងបានន័យថា រដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺច្បាស់លាស់ សហការជាមួយរដ្ឋាភិបាលវៀតណាមបញ្ជូនមនុស្សទាំងបីនាក់ទៅដាក់ឃុំខ្លួននៅវៀតណាម»។
ក្រុមគ្រួសាររបស់សកម្មជនវៀតណាមទាំងបីនាក់ បានដាក់ពាក្យស្នើសុំអន្តរាគមន៍ ទៅកាន់ក្រុមការងាររបស់អង្គការសហប្រជាជាតិ (UN) ដែលទទួលបន្ទុកលើបញ្ហា ការបាត់ខ្លួនដោយបង្ខំ។
បណ្ដាញព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឱ្យដឹងថា សកម្មជនវៀតណាម លោក ត្រឹង ហៀប ជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា (IT) ឯករាជ្យ និងជាស្ថាបនិក អង្គការសម្ព័ន្ធអូស្ត្រាលី ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (Australian Alliance to Combat Human Trafficking)។ លោកបាន ធ្វើដំណើរជាមួយសកម្មជនសិទ្ធិមនុស្សម្នាក់ទៀតឈ្មោះ ង្វៀន ឌឹក ធ្វឹង ដែលជាពលរដ្ឋវៀតណាមសញ្ជាតិ ន័រវែស មកកាន់ប្រទេសកម្ពុជា ដើម្បីជួបសកម្មជន វៀតណាម ដែលប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនីស្ដវៀតណាម ក្នុងគោលបំណង ផ្ដល់ការបណ្តុះបណ្តាល។
Human Rights Watch លើកឡើងថា ក្រុមសង្គមស៊ីវិល និងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានព្រមានជាបន្តបន្ទាប់ អំពីកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើងរវាងអាជ្ញាធរវៀតណាម និងរដ្ឋាភិបាលនៃប្រទេស ជិតខាង ក្នុងការកំណត់គោលដៅធ្វើទុក្ខបុកម្នេញ លើអ្នកតស៊ូមតិ។
អតីតសមាជិកសភាអូស្ត្រាលី លោក ហុង លីម ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែកញ្ញា ដោយដាស់តឿនសហគមន៍អន្តរជាតិ ឱ្យប្រុងប្រយ័ត្ន អំពីល្បិចឧក្រិដ្ឋកម្មនយោបាយ របស់រដ្ឋអំណាចកុម្មុនីយស្តវៀតណាម និងរដ្ឋាភិបាល ក្រុមគ្រួសារត្រកូលហ៊ុន។ លោកថា បក្សកុម្មុនីយស្តវៀតណាម បង្កប់ចារកម្មរបស់ ពួកគេយ៉ាងជ្រៅក្នុងប្រព័ន្ធដឹកនាំកម្ពុជាបច្ចុប្បន្ន ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺជាឧបករណ៍ បម្រើគោលដៅ នយោបាយវៀតណាម គ្រប់កាលៈទេសៈ។
លោក ហុង លីម៖ «ការដែលចាប់ហ្នឹង គេប្រើចូលចាប់រំលោភសិទ្ធិរបស់គេ (transnational invasion) ធ្វើអន្តរាគមន៍ចូលមកក្នុងស្រុក ចូលមកក្នុងស្រុកបរទេស ពិសេសគេនិយាយក្នុងន័យ ស្រុកខ្មែរហ្នឹង ប៉ុនយើងនឹងស្រាប់ ហើយ ស្រុកខ្មែរ ជាស្រុកអាយ៉ងរបស់គេ។ គេធ្វើអីតាំងពីដើមមករហូតធ្លាប់ចាប់ពួកជនជាតិភាគតិច បញ្ជូនទៅឱ្យអាជ្ញាធរវៀតណាម ធ្លាប់ចាប់ព្រះសង្ឃខ្មែរសឹកយក ទៅឱ្យវៀតណាម»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានបង្កើនការបង្ក្រាប ទៅលើអ្នកប្រឆាំង។ មានសកម្មជនយ៉ាងតិច ៥៥ នាក់ ត្រូវបានចាប់ខ្លួន ក្រោម ច្បាប់ព្រហ្មទណ្ឌវៀតណាម។ ចំណែកព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ១២អង្គ និងរូប ក៏ត្រូវបានអាជ្ញាធរ កុម្មុយនីស្ដវៀតណាម ចាប់ដាក់ពន្ធនាគារដែរ ដោយគ្រាន់តែពួកគាត់អនុវត្តសិទ្ធិ ស្របច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងនាមជាម្ចាស់ទឹកដីកម្ពុជាក្រោម ដែលនៅ ក្រោមការត្រួតត្រា របស់រដ្ឋាភិបាលវៀតណាម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានឱ្យដឹង កាលពីថ្ងៃទី១៨ ខែកញ្ញា ថា មានអ្នកទោសនយោបាយជាង ១៦០នាក់ កំពុងជាប់ឃុំនៅក្នុង ប្រទេសវៀតណាម ហើយសកម្មជនទាំងនោះ ត្រូវប្រឈមមុខនឹង «ការយាយី ការគំរាមកំហែង ការតាមដាន និងការសួរចម្លើយពីប៉ូលីសជារៀងរាល់ថ្ងៃ»។
នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅ ថ្ងៃទី២៩ កញ្ញាថា សហប្រតិបត្តិការពាណិជ្ជកម្មរវាងសហគមន៍អន្តរជាតិ ជាមួយវៀតណាម គឺជារឿងដែលមិនអាចទទួលយកបានទេ នៅពេលទីក្រុងហាណូយ កំពុងពង្រីកការគាបសង្កត់ឆ្លងដែន នៅគ្រប់ទីកន្លែង។ នាយកអង្គការសិទ្ធិមនុស្សអន្តរជាតិនេះ អំពាវនាវឱ្យប្រទេសន័រវែស និងអូស្ត្រាលី ដែលមានពលរដ្ឋត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនដោយបង្ខំនោះ គួរតែដឹកនាំការងារជាសកល ដើម្បីដាក់ទណ្ឌកម្មលើវៀតណាម ចំពោះការមិនគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសជិតខាង៕









