

ស្ត្រីខ្មែរក្រោម និងជាសកម្មជនការពារសិទ្ធិជនជាតិដើមលោកស្រី ចៅ ធីទៀង ត្រូវបានតុលាការវៀតណាមក្រុងព្រែកឫស្សី កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ៦ខែ ពាក់ព័ន្ធនឹងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមខ្មែរក្រោម និងការបញ្ចេញមតិ តាមបណ្ដាញសង្គម។ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសរដ្ឋអំណាចវៀតណាម និងប្ដេជ្ញារតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីការពារសិទ្ធិ និងអត្តសញ្ញណពលរដ្ឋខ្មែរក្រោម។
ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត គឺលោកស្រី ចៅ ធីទៀង អាយុ ៧២ ឆ្នាំ ត្រូវបានតុលាការវៀតណាម កាត់ទោសកាលពីថ្ងៃទី៣០ ខែកញ្ញា ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ ដោយពុំមានវត្តមានលោកស្រីក្នុងសវនាការ ព្រោះជាការកាត់ក្តីពីចំងាយតាមប្រព័ន្ធអនឡាញ និង គ្មានមេធាវីការពារក្ដី។ តុលាការចោទប្រកាន់លោកស្រី ពីបទ «រំលោភលើសេរីភាពប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម។
ការកាត់ទោស លោកស្រី ចៅ ធីទៀង កើតឡើងក្នុងពេលតែ ៦ថ្ងៃ បន្ទាប់ពីតុលាការវៀតណាមនៅខេត្តលង់ហោរ ផ្ដន្ទាទោសសកម្មជនខ្មែរក្រោម លោក ថាច់ ចាន់ត្រា ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ៦ខែ ទាក់ទងនឹងការសម្តែងមតិនៅលើបណ្តាញសង្គមដូចគ្នា ។ ទោះជាយ៉ាងណា តុលាការមិនបានផ្តល់ដំណឹងដល់សាច់ញាតិរបស់លោកស្រី ចៅ ធីទៀង អំពីការជំនុំជម្រះនេះឡើយ។
នគរបាលវៀតណាម បានចុះទៅឆែកឆេរផ្ទះរបស់លោកស្រី ចៅ ធីទៀង កាលពី ថ្ងៃទី១៩ ខែមិថុនា ហើយរឹបអូសយកទូរស័ព្ទដៃ ២គ្រឿង ព្រមទាំងសម្ភារៈដែល ទាក់ទងនឹងអត្តសញ្ញាណខ្មែរក្រោមរបស់លោកស្រី។ លោកស្រីត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួននៅថ្ងៃដដែលនោះ នៅពេលពួកគេកោះហៅអ្នកស្រីទៅសាកសួរនៅសាលាឃុំ។នៅក្នុងសវនាការ តុលាការបានចោទថា លោកស្រីបានប្រើប្រាស់បណ្តាញសង្គមនិយាយ «មិនពិត» និង «បរិហារកេរ្តិ៍» បក្សនិងរដ្ឋវៀតណាម ហើយធ្វើឱ្យប៉ះពាល់ដល់ «ឯកភាពជាតិ»។
ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣០ ខែកញ្ញា ដោយបដិសេធការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការវៀតណាម ទៅលើលោកស្រី ចៅ ធីទៀង ហើយកត់សម្គាល់ថា អាជ្ញាធរវៀតណាម មិនបានបង្ហាញ របាយការណ៍ណាមួយឲ្យជាក់លាក់ អំពីកំហុសរបស់លោកស្រីទេ។ លើសពីនេះ ទៀត អាជ្ញាធរវៀតណាម បានទទួលស្គាល់ថា បញ្ហាកើតឡើងពីជម្លោះដិធ្លី ហើយសហព័ន្ធថា លោកស្រី ចៅ ធីទៀង មិនបានប្រព្រឹត្ត ឬក៏លើកទឹកចិត្តឱ្យមានអំពើហិង្សាណាមួយឡើយ។
សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ស្ត្រីខ្មែរក្រោមរូបនេះ ត្រូវបាននគរបាលវៀតណាម ចាប់ខ្លួន ដោយសារតែការបញ្ចេញមតិរបស់លោកស្រី ពាក់ព័ន្ធនឹងអយុត្តិធម៌ ក្នុងសហគមន៍ប៉ុណ្ណោះ។ សហព័ន្ធខ្មែរកម្ពុជាក្រោមបំភ្លឺថា លោកស្រី ចៅ ធីទៀង បាននិយាយពីជម្លោះដីធ្លី ដោយផ្សាយផ្ទាល់តាមហ្វេសប៊ុកនូវមតិយោបល់ និងការពិភាក្សាតាមអ៊ីនធឺណិត តាំងពីក្នុងឆ្នាំ ២០២៣។
ក្រៅពីទោសជាប់ពន្ធនាគារនៅពេលនេះ លោកស្រី ចៅ ធីទៀង កាលពីឆ្នាំ២០២៣ ក៏ត្រូវបានអាជ្ញាធរវៀតណាម ពិន័យជាប្រាក់ ពីរដងរួចហើយ សរុបជាង ១៧លានដុងឬ ប្រមាណ ៧០០ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកស្រី «ចែករំលែកព័ត៌មានមិនពិត» ប៉ុន្តែ អាជ្ញាធរវៀតណាមមិនបានពន្យល់មូលហេតុអ្វីទាំងអស់។
អនុប្រធានសមាគមនខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០១ ខែតុលា ថា ការកាត់ទោសលោកស្រី ចៅ ធីទៀង ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ គឺជារឿងអយុត្តិធម៌ ពីព្រោះលោកស្រី គ្រាន់តែប្រើសិទ្ធិផ្សព្វផ្សាយពីបញ្ហាក្នុងសហគមន៍ និងបញ្ចេញមតិយោបល់ការពារអត្តសញ្ញាណខ្មែរក្រោម ដែលស្របនឹងស្មារតីច្បាប់ក្នុងប្រទេសវៀតណាមប៉ុណ្ណោះ។ លោកថា ពលរដ្ឋខ្មែរក្រោម នៅគ្រប់ទិសទី មិននៅស្ងៀមទេ ហើយប្រឹងប្រែងតវ៉ាជាអន្តររជាតិឲ្យរដ្ឋអំណាចវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោកបណ្ឌិត សឺន ជុំជួន៖ «មិនអាចគេចផុតពីភ្នែកអន្តរជាតិបាននោះទេ ហើយជាពិសេសនៅដើមឆ្នាំខាងមុខនេះ ឆ្នាំ២០២៧ ក៏មាននិយាមការត្រួតពិនិត្យពាក់ណ្ដាល អាណត្តិនៃការដំណើរការការអនុវត្តសិទ្ធិមនុស្សរបស់វៀតណាម។ អ៊ីចឹងសង្ឃឹមថា បញ្ហាទាំងអស់ហ្នឹង រដ្ឋសមាជិកអង្គការសហប្រជាជាតិគេហ្នឹង ពិនិត្យឡើងវិញទាំងអស់ហ្នឹង ហើយនឹងដាក់សម្ពាធបន្ថែមទៅដល់រដ្ឋាភិបាលវៀតណាម ដើម្បីឱ្យមានការលុបបំបាត់ និងកាត់បន្ថយការបំពានសិទ្ធិមនុស្ស»។
សហព័ន្ធខ្មែរកម្ពុជាក្រោម តែងបានថ្កោលទោសតុលាការ និងអាជ្ញារធរវៀតណាម ចំពោះការផ្ដន្ទាទោស និងធ្វើទុក្ខបុកម្នេញលោកស្រី ចៅ ធីទៀង និង ពលរដ្ឋខ្មែរក្រោមជាច្រើនរូបទៀតដែលកំពុងជាប់ពន្ធនាគារ ហើយទាមទារឲ្យដោះលែងអ្នកទោសមនសិការខ្មែរក្រោម ទាំង ១២ អង្គនិងរូប ឲ្យមានសេរីភាពវិញ ឲ្យស្របនឹងគោលការណ៍ដែលប្រទេសវៀតណាម ជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)។
សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ប្រទេសវៀតណាមកំពុងប្រើប្រាស់មាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ខ្លួន ដែលចែងបញ្ញត្តិមិនច្បាស់លាស់ពាក់ព័ន្ធនឹងការចោទអំពី«ការរំលោភសេរីភាព» ដើម្បីចាប់ខ្លួនពលរដ្ឋខ្មែរក្រោម ដាក់ពន្ធនាគារ ក្នុងគោលដៅគាបសង្កត់កាន់តែខ្លាំងឡើង លើសេរីភាពពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដីកម្ពុជាក្រោមពីដូនតា។
អ្នកឃ្លាំមើលកត់សសម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានបង្កើនការបង្ក្រាប លើក្រុមអ្នកការពារសិទ្ធិមនុស្ស ហើយពលរដ្ឋខ្មែរក្រោម ក៏ជាគោលដៅបង្ក្រាបដ៏ចំបង របស់រដ្ឋាភិបាលវៀតណាម ដែរ។អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា ថា មានអ្នកទោសនយោបាយជាង ១៦០នាក់ កំពុងជាប់ឃុំនៅក្នុង ប្រទេសវៀតណាម ហើយសកម្មជនទាំងនោះ ត្រូវប្រឈមមុខនឹង «ការយាយី ការគំរាមកំហែង ការតាមដាន និងការសួរចម្លើយពីប៉ូលិសជារៀងរាល់ថ្ងៃ»៕









