វៀតណាមកាត់ទោសស្ត្រីខ្មែរក្រោមអាយុ៧២ឆ្នាំដាក់​ពន្ធនាគារ ២ឆ្នាំ ៦ខែ ពាក់ព័ន្ធការទាមទារ សិទ្ធិ​ខ្មែរ​ក្រោម​លើ​បណ្តាញ​សង្គម

0
119
​ស្ត្រី​ខ្មែរក្រោម​​លោកស្រី ចៅ ធីទៀង ក្នុងវ័យ ៧២​ឆ្នាំ ដែលត្រូវសមត្ថកិច្ចវៀតណាមចាប់ខ្លួន។ រូប៖ ផ្ដល់ឱ្យ
​ស្ត្រី​ខ្មែរក្រោម​​លោកស្រី ចៅ ធីទៀង ក្នុងវ័យ ៧២​ឆ្នាំ ដែលត្រូវសមត្ថកិច្ចវៀតណាមចាប់ខ្លួន។ រូប៖ ផ្ដល់ឱ្យ

ស្ត្រីខ្មែរក្រោម និងជាសកម្មជនការពារសិទ្ធិជនជាតិដើមលោកស្រី ចៅ ធីទៀង ត្រូវបានតុលាការវៀតណាមក្រុងព្រែកឫស្សី កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ៦ខែ ពាក់ព័ន្ធនឹងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមខ្មែរក្រោម និង​ការបញ្ចេញមតិ តាម​បណ្ដាញសង្គម។ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសរដ្ឋ​អំណាច​វៀតណាម និង​ប្ដេជ្ញារតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បី​ការពារសិទ្ធិ និង​អត្តសញ្ញណ​ពលរដ្ឋ​ខ្មែរក្រោម។

ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត គឺលោកស្រី ចៅ ធីទៀង អាយុ ៧២ ឆ្នាំ ត្រូវបាន​តុលាការវៀតណាម កាត់ទោសកាលពីថ្ងៃទី៣០ ខែ​កញ្ញា ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ៦ខែ ដោយ​ពុំ​មាន​វត្តមានលោកស្រីក្នុងសវនាការ ព្រោះជាការកាត់​ក្តីពីចំងាយ​តាមប្រព័ន្ធអនឡាញ និង គ្មាន​មេធាវីការពារ​ក្ដី។ តុលាការចោទប្រកាន់លោកស្រី ពីបទ «រំលោភលើសេរីភាពប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រម​ព្រហ្មទណ្ឌ​វៀតណាម។

ការកាត់ទោស លោកស្រី ចៅ ធីទៀង កើតឡើងក្នុងពេលតែ ៦ថ្ងៃ បន្ទាប់ពី​តុលាការ​វៀតណាមនៅខេត្តលង់ហោរ ផ្ដន្ទាទោសសកម្មជនខ្មែរក្រោម លោក ថាច់ ចាន់ត្រា ឲ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ៦ខែ ទាក់ទងនឹងការសម្តែង​មតិនៅលើ​បណ្តាញ​សង្គម​ដូចគ្នា ។ ទោះជាយ៉ាងណា តុលាការ​មិន​បាន​ផ្តល់​ដំណឹងដល់សាច់ញាតិ​របស់លោកស្រី ចៅ ធីទៀង អំពី​ការ​ជំនុំជម្រះនេះឡើយ។ 

នគរបាលវៀតណាម បានចុះទៅឆែកឆេរផ្ទះរបស់លោកស្រី ចៅ ធីទៀង កាលពី ថ្ងៃទី១៩ ខែមិថុនា ហើយរឹបអូសយកទូរស័ព្ទដៃ ២គ្រឿង ព្រមទាំង​សម្ភារៈដែល ទាក់ទងនឹងអត្តសញ្ញាណខ្មែរក្រោមរបស់លោកស្រី។ លោកស្រីត្រូវបានអាជ្ញាធរ​វៀតណាមចាប់ខ្លួននៅថ្ងៃដដែលនោះ នៅពេលពួកគេកោះហៅអ្នកស្រីទៅ​សាក​សួរ​នៅសាលាឃុំ។នៅក្នុង​សវនាការ តុលាការ​បាន​ចោទ​ថា លោកស្រីបាន​ប្រើប្រាស់បណ្តាញសង្គមនិយាយ «មិនពិត» និង «បរិហារកេរ្តិ៍» បក្សនិង​រដ្ឋ​វៀតណាម ហើយធ្វើឱ្យប៉ះពាល់ដល់ «ឯកភាពជាតិ»។

ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣០ ខែកញ្ញា ដោយបដិសេធការចោទប្រកាន់របស់អាជ្ញាធរ និង​តុលាការវៀតណាម ទៅលើលោកស្រី ចៅ ធីទៀង ហើយកត់សម្គាល់ថា អាជ្ញាធរវៀតណាម មិនបានបង្ហាញ របាយការណ៍ណាមួយឲ្យជាក់លាក់ អំពីកំហុសរបស់លោកស្រីទេ។ លើសពីនេះ ទៀត អាជ្ញាធរ​វៀតណាម បាន​ទទួលស្គាល់​ថា បញ្ហាកើតឡើងពីជម្លោះដិធ្លី ហើយ​សហព័ន្ធថា លោកស្រី ចៅ ធីទៀង មិនបានប្រព្រឹត្ត ឬក៏លើកទឹកចិត្តឱ្យ​មានអំពើហិង្សាណាមួយឡើយ។
សហព័ន្ធខ្មែរកម្ពុជាក្រោម​អះអាងថា ស្ត្រីខ្មែរក្រោមរូបនេះ ត្រូវបាននគរបាល​វៀតណាម ចាប់ខ្លួន ដោយសារ​តែការបញ្ចេញមតិរបស់លោកស្រី ពាក់ព័ន្ធនឹង​អយុត្តិធម៌ ក្នុងសហគមន៍ប៉ុណ្ណោះ។ សហព័ន្ធខ្មែរកម្ពុជាក្រោម​បំភ្លឺថា លោកស្រី ចៅ ធីទៀង បាននិយាយពីជម្លោះដីធ្លី ដោយ​ផ្សាយផ្ទាល់​តាម​ហ្វេសប៊ុក​នូវ​មតិយោបល់ និង​ការពិភាក្សាតាមអ៊ីនធឺណិត តាំងពីក្នុងឆ្នាំ ២០២៣។

ក្រៅពីទោសជាប់ពន្ធនាគារនៅពេលនេះ លោកស្រី ចៅ ធីទៀង កាលពីឆ្នាំ២០២៣ ក៏ត្រូវបានអាជ្ញាធរវៀតណាម ពិន័យជាប្រាក់ ពីរដងរួចហើយ សរុបជាង ១៧លានដុងឬ ប្រមាណ ៧០០ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកស្រី «ចែករំលែកព័ត៌មានមិនពិត» ប៉ុន្តែ អាជ្ញាធរវៀតណាម​មិនបានពន្យល់​មូលហេតុអ្វីទាំងអស់។

អនុប្រធានសមាគមនខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០១ ខែតុលា ថា ការកាត់​ទោសលោកស្រី ចៅ ធីទៀង ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ គឺជារឿងអយុត្តិធម៌ ពីព្រោះលោកស្រី គ្រាន់តែប្រើសិទ្ធិផ្សព្វផ្សាយ​ពីបញ្ហាក្នុងសហគមន៍ និងបញ្ចេញមតិយោបល់ការពារអត្តសញ្ញាណខ្មែរក្រោម ដែលស្របនឹងស្មារតីច្បាប់ក្នុងប្រទេសវៀតណាមប៉ុណ្ណោះ។ លោកថា ពលរដ្ឋខ្មែរក្រោម នៅគ្រប់ទិសទី មិននៅស្ងៀមទេ ហើយប្រឹងប្រែងតវ៉ាជាអន្តររជាតិ​ឲ្យរដ្ឋអំណាចវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរ​កម្ពុជាក្រោម។


លោកបណ្ឌិត សឺន ជុំជួន៖ «មិនអាចគេចផុតពីភ្នែកអន្តរជាតិបាននោះទេ ហើយជា​ពិសេសនៅដើមឆ្នាំខាងមុខនេះ ឆ្នាំ២០២៧ ក៏មាននិយាមការត្រួតពិនិត្យពាក់ណ្ដាល អាណត្តិនៃការដំណើរការការអនុវត្តសិទ្ធិមនុស្សរបស់វៀតណាម។ អ៊ីចឹងសង្ឃឹមថា បញ្ហាទាំងអស់ហ្នឹង រដ្ឋសមាជិកអង្គការសហប្រជាជាតិគេហ្នឹង ពិនិត្យឡើងវិញ​ទាំងអស់ហ្នឹង ហើយនឹងដាក់សម្ពាធបន្ថែមទៅដល់រដ្ឋាភិបាលវៀតណាម ដើម្បីឱ្យ​មានការលុបបំបាត់ និងកាត់បន្ថយការបំពានសិទ្ធិមនុស្ស»។

សហព័ន្ធខ្មែរកម្ពុជាក្រោម តែងបានថ្កោលទោសតុលាការ និង​អាជ្ញារធរវៀតណាម ចំពោះការផ្ដន្ទាទោស និង​ធ្វើទុក្ខបុកម្នេញលោកស្រី ចៅ ធីទៀង និង ពលរដ្ឋ​ខ្មែរក្រោមជាច្រើនរូបទៀតដែលកំពុងជាប់ពន្ធនាគារ ហើយទាមទារឲ្យដោះលែង​អ្នកទោសមនសិការខ្មែរក្រោម ទាំង ១២ អង្គនិងរូប ឲ្យមានសេរីភាពវិញ ឲ្យស្រប​នឹងគោលការណ៍ដែល​ប្រទេសវៀតណាម ជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)។

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​អះអាងថា ប្រទេសវៀតណាម​កំពុងប្រើប្រាស់មាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ខ្លួន ដែលចែងបញ្ញត្តិមិនច្បាស់លាស់​ពាក់ព័ន្ធ​នឹងការចោទអំពី«ការរំលោភសេរីភាព» ដើម្បីចាប់ខ្លួនពលរដ្ឋខ្មែរក្រោម ដាក់​ពន្ធនាគារ ក្នុងគោលដៅគាបសង្កត់កាន់តែខ្លាំងឡើង លើសេរីភាពពលរដ្ឋខ្មែរ​ក្រោម ដែលជាម្ចាស់ទឹកដីកម្ពុជាក្រោមពីដូនតា។

អ្នកឃ្លាំមើលកត់សសម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរ​វៀតណាម បានបង្កើនការបង្ក្រាប លើក្រុមអ្នកការពារសិទ្ធិមនុស្ស ហើយពលរដ្ឋ​ខ្មែរក្រោម ក៏ជាគោលដៅបង្ក្រាបដ៏ចំបង របស់រដ្ឋាភិបាលវៀតណាម ដែរ។អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា ថា មានអ្នកទោសនយោបាយជាង ១៦០នាក់ កំពុងជាប់ឃុំនៅក្នុង ប្រទេសវៀតណាម ហើយសកម្មជនទាំងនោះ ត្រូវប្រឈមមុខនឹង «ការយាយី ការគំរាមកំហែង ការតាមដាន និងការសួរចម្លើយពីប៉ូលិសជារៀងរាល់ថ្ងៃ»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ