ការ​បង្ក្រាប​ទីតាំង​ល្បែង​នៅ​ប៉ោយប៉ែត​បង្កើត​ឲ្យ​មាន​ការសង្ស័យ​ថ្មី​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ

0
125
សកម្មភាពបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញមួយកន្លែង ស្ថិតនៅអគារកញ្ចក់កម្ពស់៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ែប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០២៦។ រូប៖ នគរបាលជាតិ
សកម្មភាពបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញមួយកន្លែង ស្ថិតនៅអគារកញ្ចក់កម្ពស់៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ែប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០២៦។ រូប៖ នគរបាលជាតិ

អ្នកឃ្លាំមើលសង្គមថា ការឃាត់ខ្លួនមនុស្សជិត ៦០០នាក់ពីទីតាំងល្បែងភ្នាល់​តាមអនឡាញមួយ​នៅ​ក្រុងប៉ោយប៉ែត នៅ​អគារកញ្ចក់កម្ពស់ ៣០ជាន់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបង្កើតការសង្ស័យជាថ្មីអំពីវិសាលភាពនៃការបង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញរបស់កម្ពុជា ខណៈរដ្ឋាភិបាលធ្លាប់ប្រកាសថា មជ្ឈមណ្ឌលឆបោក​ខ្នាតធំៗ​នៅក្នុងប្រទេសត្រូវបានបោសសម្អាត។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការ​ចុះបង្ក្រាបទីតាំងល្បែង​ភ្នាល់​តាម​អនឡាញមួយ​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ ធ្វើឱ្យមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលថា មជ្ឈមណ្ឌលឆបោកខ្នាតធំទាំងអស់​ត្រូវបាន​លុបបំបាត់។ នៅពេលនគរបាលឃាត់ខ្លួនមនុស្សជិត ៦០០នាក់នៅទីតាំងតែមួយ ក្រោយការ​ប្រកាស​នោះមិនយូរប៉ុន្មាន សាធារណជនសមនឹងទទួលបានការបកស្រាយ​ច្បាស់លាស់។ ការចុះបង្ក្រាបនេះជាសកម្មភាពវិជ្ជមាន ប៉ុន្តែវាក៏នាំឱ្យមានសំណួរថា ទីតាំងនោះបានដំណើរការ​យូរប៉ុនណាហើយ និងហេតុអ្វីអាជ្ញាធរមិនចាត់វិធានការតាំងពីមុន។

លោក សេង វណ្ណលី បន្ថែមទៀតថា ល្បែងភ្នាល់តាមអនឡាញ និងការឆបោកតាមអនឡាញ មិនមែនជារឿងតែមួយទេ។ បើនគរបាលហៅករណីនេះថាជាល្បែងភ្នាល់ ខណៈសារព័ត៌មាន​ហៅថាជាការឆបោក អាជ្ញាធរគួរពន្យល់ថា ភស្តុតាងបង្ហាញពីអ្វីឱ្យប្រាកដ។ មិនគួរសន្មតថា អ្នកដែលត្រូវបានឃាត់ខ្លួនទាំងអស់សុទ្ធតែជាអ្នកឆបោកឡើយ។ ដូចគ្នានេះ រដ្ឋាភិបាលក៏មិនគួរប្រើ​ពាក្យ ល្បែងភ្នាល់ ដើម្បីគេចវេះពីការស៊ើបអង្កេតលើការឆបោក ការ​បង្ខំ​ឱ្យធ្វើការ ឬការលាងលុយកខ្វក់ដែលអាចកើតមាននោះដែរ។

លោក សេង វណ្ណលី អះអាងថា រដ្ឋាភិបាលគួរបកស្រាយថា អ្នកណាជាអ្នកគ្រប់គ្រងទីតាំងនោះ តើវាដំណើរការយ៉ាងដូចម្តេច និងថាតើមានអ្នកណាជួយលាក់បាំងសកម្មភាពរបស់វាដែរឬទេ។ បើមន្ត្រីចង់ឱ្យពលរដ្ឋជឿទុកចិត្ត ពួកគេត្រូវនិយាយត្រង់អំពីបញ្ហាដែលនៅសេសសល់ ហើយបង្ហាញ​ថា ការស៊ើបអង្កេតអាចឈានដល់អ្នកមានអំណាច នៅពេលមានភស្តុតាងបង្ហាញពីការ​ពាក់ព័ន្ធ​របស់​ពួកគេ។

លោក សេង វណ្ណលី៖ «ខ្ញុំគិតថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល គួរតែត្រូវបានវាយតម្លៃតាម​ចំណាត់ការ​ក្រោយការចុះបង្ក្រាប។ ការប្តេជ្ញាចិត្តទាំង ១១ ចំណុច នៃសន្និសីទដែលរដ្ឋាភិបាល​កម្ពុជាបានរៀបចំកន្លងមកនេះ នឹងមិនសូវមានអត្ថន័យទេ ប្រសិនបើរដ្ឋាភិបាលមិន​ស៊ើបអង្កេត​អ្នករៀបចំ អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកការពារសកម្មភាពឧក្រិដ្ឋកម្មនៅពីក្រោយទាំងនោះ»។

ការអះអាងរបស់អ្នកឃ្លាំមើលសង្គមរូបនេះ បន្ទាប់ពីកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញមួយកន្លែង ស្ថិតនៅអគារកញ្ចក់កម្ពស់៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ែប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៩១នាក់ (ស្រី ១០៦នាក់)។ រួមមាន ជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់ (ស្រី ៧៦នាក់) ជនជាតិថៃ ២២នាក់ (ស្រី ៧នាក់) ជនជាតិខ្មែរ ៥១នាក់ (ស្រី ២៣នាក់)សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិថៃជាមេខ្លោងពាក់ព័ន្ធក្នុងការចាត់ចែងទីតាំងខាងលើ។

អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំនេះ គឺជាការបង្ក្រាបបទល្មើស «ល្បែងភ្នាល់ និងល្បែងស៊ីសងតាមអនឡាញ (Game Betting)» ស្មើសុំបញ្ឈប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល មិនមែនជាការបង្ក្រាបបទល្មើសឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយផ្ទាល់នោះទេ។

លោក ទូច សុឃៈ បន្ថែម​ថា ករណីចុះបង្ក្រាបនៅអគារកញ្ចក់ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កន្លងមកនេះ គឺចំពេលដែលរាជរដ្ឋាភិបាលបានកំណត់ឱសានវាទដាក់ចេញ​នូវ​គោលការណ៍ឱ្យម្ចាស់អាជីវកម្មល្បែងស៊ីសងអនឡាញដែលមានអាជ្ញាប័ណ្ណ ត្រូវធ្វើការបិទ​បញ្ចប់ដោយស្ម័គ្រចិត្តឱ្យអស់ក្នុងអំឡុងខែកញ្ញា ខណៈចាប់ពីខែតុលាទៅ សមត្ថកិច្ចនឹងចុះត្រួត​ពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត​លើទីតាំងណាដែលនៅបន្តលួចលាក់ដំណើរការ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ការដាក់ចេញនូវ​គោលការណ៍បញ្ឈប់ល្បែងភ្នាល់ ល្បែងស៊ីសងតាមអនឡាញនេះ គឺជារបស់គន្លឹះ​មួយនៅក្នុងការ​កាត់ផ្ដាច់ច្រវាក់ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ពីព្រោះសម្ថកិច្ចបារម្ភខ្លាចថា ក្រុមទាំងនោះ​ឆ្លៀត​ឱកាស យកល្បែងភ្នាល់តាមអនឡាញនេះ មកប្រើប្រាស់ជាយន្តការនៃការឆបោកតាម​អនឡាញ​បន្តទៅទៀត។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា បានឲ្យដឹងថា ជុំវិញការបង្ក្រាប់ល្បែងឆបោកអនឡាញនោះ លោកមិនមានការជឿជាក់តាំងពីដើម ពីព្រោះ លោកឃើញ ការលើកឡើង របស់រដ្ឋាភិបាល ឬក៏មេដឹកនាំប្រទេសបច្ចុប្បន្ន គឺលើកឡើងតែមាត់ទទេ ប៉ុន្តែអ្វីដែលជាបញ្ហាកំពុងកើតមានគឺនៅដដែល។ លោកថា អ្វីដែលជាបញ្ហា គឺអ្នកមាននៅក្នុងបញ្ជីខ្មៅ អត់ត្រូវបានចាត់វិធានការទេ ។

លោក ស៊ឹង សែនករុណា៖ «បើកាលណាមេខ្លោង ធំ នៅតែបន្ត ធ្វើសកម្មភាពបាន ហើយអត់ទាន់បានចាត់វិធានការតាមផ្លូវច្បាប់ អញ្ចឹងបញ្ហាទាំងអង់ហ្នឹង នឹងមិនអាចដោះស្រាយបានទេ អ៊ីចឹង ការអះអាងទាំងឡាយណា វាគ្រាន់តែជាការលើកឡើង ហើយមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង អ៊ីចឹង វាធ្វើឱ្យតម្លៃនៃការលើកឡើងហ្នឹង ត្រូវបានបាត់បង់ លែងមានការជឿជាក់ ពីប្រជាពលរដ្ឋ ពីសហគមន៍អន្តរជាតិជាដើម»។

ជុំវិញការភ្នាល់ល្បែងតាមអនឡាញនេះ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ បាន​ប្រាប់​សារព័ត៌មាន ABC អូស្ត្រាលីថា ការវិភាគ​លើការផ្សព្វផ្សាយការងារនៅលើកម្មវិធីផ្ញើសារ Telegram ដែល​បង្ហោះ​ដោយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា បានផ្តល់ព័ត៌មាន​សំខាន់ៗអំពីឧស្សាហកម្មដែលមានទំហំរាប់ពាន់លានដុល្លារ ។ ព្រមទាំងបង្ហាញភស្តុតាងថា បណ្តាញ​នេះ​នៅតែ​បន្ត​សកម្មភាព ទោះបីជារដ្ឋាភិបាលកម្ពុជាកំពុងបង្ក្រាបក៏ដោយ។

លោក ង៉ែត ម៉ូសេ បន្ថែមថា ទោះបីការផ្សព្វផ្សាយការងារទាំងនោះ​ត្រូវបានបង្ហោះដោយ​អនាមិក​ក៏ដោយ ក៏ព័ត៌មានលម្អិតមួយចំនួន រួមមានការប្រើប្រាស់ពាក្យពេចន៍ និងទីតាំងដែលបាន​បញ្ជាក់​នៅក្នុងការផ្សព្វផ្សាយ បានបង្ហាញពីគោលបំណងរបស់អ្នកបង្ហោះ។ ឧក្រិដ្ឋជនតែងតែប្រើ​ការ​ផ្សព្វផ្សាយការងារ​ជាផ្នែកមួយនៃការឆបោករបស់ពួកគេ។

អ្នកឃ្លាំមើលសង្គមកម្ពុជា អះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈបង្ក្រាបអ្នកមានអំណាច​ដែល​ពាក់ព័ន្ធ​នឹងឧក្រិដ្ឋកម្មនោះទេ ហើយសកម្មភាពបង្ក្រាបកន្លងមក គ្រាន់តែធ្វើឡើង ដើម្បីបំភ័ន្តភ្នែក​សហគមន៍អន្តរជាតិប៉ុណ្ណោះ ដោយសារតែការបង្ក្រាបគ្មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់មេខ្លោង ទើបក្រុមឧក្រិដ្ឋជនបានបែកខ្ញែក និងបត់បែនវិធីសាស្ត្រប្រតិបត្តិការពីមជ្ឈមណ្ឌលធំៗ​មកជា​ទម្រង់​តូចៗដូចជាតាមបន្ទប់ជួល និងរបស់អ្នកមានលុយមានអំណាច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ