

អ្នកឃ្លាំមើលសង្គមថា ការឃាត់ខ្លួនមនុស្សជិត ៦០០នាក់ពីទីតាំងល្បែងភ្នាល់តាមអនឡាញមួយនៅក្រុងប៉ោយប៉ែត នៅអគារកញ្ចក់កម្ពស់ ៣០ជាន់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបង្កើតការសង្ស័យជាថ្មីអំពីវិសាលភាពនៃការបង្ក្រាបបណ្តាញឆបោកតាមអនឡាញរបស់កម្ពុជា ខណៈរដ្ឋាភិបាលធ្លាប់ប្រកាសថា មជ្ឈមណ្ឌលឆបោកខ្នាតធំៗនៅក្នុងប្រទេសត្រូវបានបោសសម្អាត។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការចុះបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ ធ្វើឱ្យមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលថា មជ្ឈមណ្ឌលឆបោកខ្នាតធំទាំងអស់ត្រូវបានលុបបំបាត់។ នៅពេលនគរបាលឃាត់ខ្លួនមនុស្សជិត ៦០០នាក់នៅទីតាំងតែមួយ ក្រោយការប្រកាសនោះមិនយូរប៉ុន្មាន សាធារណជនសមនឹងទទួលបានការបកស្រាយច្បាស់លាស់។ ការចុះបង្ក្រាបនេះជាសកម្មភាពវិជ្ជមាន ប៉ុន្តែវាក៏នាំឱ្យមានសំណួរថា ទីតាំងនោះបានដំណើរការយូរប៉ុនណាហើយ និងហេតុអ្វីអាជ្ញាធរមិនចាត់វិធានការតាំងពីមុន។
លោក សេង វណ្ណលី បន្ថែមទៀតថា ល្បែងភ្នាល់តាមអនឡាញ និងការឆបោកតាមអនឡាញ មិនមែនជារឿងតែមួយទេ។ បើនគរបាលហៅករណីនេះថាជាល្បែងភ្នាល់ ខណៈសារព័ត៌មានហៅថាជាការឆបោក អាជ្ញាធរគួរពន្យល់ថា ភស្តុតាងបង្ហាញពីអ្វីឱ្យប្រាកដ។ មិនគួរសន្មតថា អ្នកដែលត្រូវបានឃាត់ខ្លួនទាំងអស់សុទ្ធតែជាអ្នកឆបោកឡើយ។ ដូចគ្នានេះ រដ្ឋាភិបាលក៏មិនគួរប្រើពាក្យ ល្បែងភ្នាល់ ដើម្បីគេចវេះពីការស៊ើបអង្កេតលើការឆបោក ការបង្ខំឱ្យធ្វើការ ឬការលាងលុយកខ្វក់ដែលអាចកើតមាននោះដែរ។
លោក សេង វណ្ណលី អះអាងថា រដ្ឋាភិបាលគួរបកស្រាយថា អ្នកណាជាអ្នកគ្រប់គ្រងទីតាំងនោះ តើវាដំណើរការយ៉ាងដូចម្តេច និងថាតើមានអ្នកណាជួយលាក់បាំងសកម្មភាពរបស់វាដែរឬទេ។ បើមន្ត្រីចង់ឱ្យពលរដ្ឋជឿទុកចិត្ត ពួកគេត្រូវនិយាយត្រង់អំពីបញ្ហាដែលនៅសេសសល់ ហើយបង្ហាញថា ការស៊ើបអង្កេតអាចឈានដល់អ្នកមានអំណាច នៅពេលមានភស្តុតាងបង្ហាញពីការពាក់ព័ន្ធរបស់ពួកគេ។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល គួរតែត្រូវបានវាយតម្លៃតាមចំណាត់ការក្រោយការចុះបង្ក្រាប។ ការប្តេជ្ញាចិត្តទាំង ១១ ចំណុច នៃសន្និសីទដែលរដ្ឋាភិបាលកម្ពុជាបានរៀបចំកន្លងមកនេះ នឹងមិនសូវមានអត្ថន័យទេ ប្រសិនបើរដ្ឋាភិបាលមិនស៊ើបអង្កេតអ្នករៀបចំ អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកការពារសកម្មភាពឧក្រិដ្ឋកម្មនៅពីក្រោយទាំងនោះ»។
ការអះអាងរបស់អ្នកឃ្លាំមើលសង្គមរូបនេះ បន្ទាប់ពីកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញមួយកន្លែង ស្ថិតនៅអគារកញ្ចក់កម្ពស់៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ែប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៩១នាក់ (ស្រី ១០៦នាក់)។ រួមមាន ជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់ (ស្រី ៧៦នាក់) ជនជាតិថៃ ២២នាក់ (ស្រី ៧នាក់) ជនជាតិខ្មែរ ៥១នាក់ (ស្រី ២៣នាក់)សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិថៃជាមេខ្លោងពាក់ព័ន្ធក្នុងការចាត់ចែងទីតាំងខាងលើ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ គឺជាការបង្ក្រាបបទល្មើស «ល្បែងភ្នាល់ និងល្បែងស៊ីសងតាមអនឡាញ (Game Betting)» ស្មើសុំបញ្ឈប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល មិនមែនជាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយផ្ទាល់នោះទេ។
លោក ទូច សុឃៈ បន្ថែមថា ករណីចុះបង្ក្រាបនៅអគារកញ្ចក់ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កន្លងមកនេះ គឺចំពេលដែលរាជរដ្ឋាភិបាលបានកំណត់ឱសានវាទដាក់ចេញនូវគោលការណ៍ឱ្យម្ចាស់អាជីវកម្មល្បែងស៊ីសងអនឡាញដែលមានអាជ្ញាប័ណ្ណ ត្រូវធ្វើការបិទបញ្ចប់ដោយស្ម័គ្រចិត្តឱ្យអស់ក្នុងអំឡុងខែកញ្ញា ខណៈចាប់ពីខែតុលាទៅ សមត្ថកិច្ចនឹងចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតលើទីតាំងណាដែលនៅបន្តលួចលាក់ដំណើរការ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ការដាក់ចេញនូវគោលការណ៍បញ្ឈប់ល្បែងភ្នាល់ ល្បែងស៊ីសងតាមអនឡាញនេះ គឺជារបស់គន្លឹះមួយនៅក្នុងការកាត់ផ្ដាច់ច្រវាក់ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីព្រោះសម្ថកិច្ចបារម្ភខ្លាចថា ក្រុមទាំងនោះឆ្លៀតឱកាស យកល្បែងភ្នាល់តាមអនឡាញនេះ មកប្រើប្រាស់ជាយន្តការនៃការឆបោកតាមអនឡាញបន្តទៅទៀត។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា បានឲ្យដឹងថា ជុំវិញការបង្ក្រាប់ល្បែងឆបោកអនឡាញនោះ លោកមិនមានការជឿជាក់តាំងពីដើម ពីព្រោះ លោកឃើញ ការលើកឡើង របស់រដ្ឋាភិបាល ឬក៏មេដឹកនាំប្រទេសបច្ចុប្បន្ន គឺលើកឡើងតែមាត់ទទេ ប៉ុន្តែអ្វីដែលជាបញ្ហាកំពុងកើតមានគឺនៅដដែល។ លោកថា អ្វីដែលជាបញ្ហា គឺអ្នកមាននៅក្នុងបញ្ជីខ្មៅ អត់ត្រូវបានចាត់វិធានការទេ ។
លោក ស៊ឹង សែនករុណា៖ «បើកាលណាមេខ្លោង ធំ នៅតែបន្ត ធ្វើសកម្មភាពបាន ហើយអត់ទាន់បានចាត់វិធានការតាមផ្លូវច្បាប់ អញ្ចឹងបញ្ហាទាំងអង់ហ្នឹង នឹងមិនអាចដោះស្រាយបានទេ អ៊ីចឹង ការអះអាងទាំងឡាយណា វាគ្រាន់តែជាការលើកឡើង ហើយមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង អ៊ីចឹង វាធ្វើឱ្យតម្លៃនៃការលើកឡើងហ្នឹង ត្រូវបានបាត់បង់ លែងមានការជឿជាក់ ពីប្រជាពលរដ្ឋ ពីសហគមន៍អន្តរជាតិជាដើម»។
ជុំវិញការភ្នាល់ល្បែងតាមអនឡាញនេះ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ បានប្រាប់សារព័ត៌មាន ABC អូស្ត្រាលីថា ការវិភាគលើការផ្សព្វផ្សាយការងារនៅលើកម្មវិធីផ្ញើសារ Telegram ដែលបង្ហោះដោយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា បានផ្តល់ព័ត៌មានសំខាន់ៗអំពីឧស្សាហកម្មដែលមានទំហំរាប់ពាន់លានដុល្លារ ។ ព្រមទាំងបង្ហាញភស្តុតាងថា បណ្តាញនេះនៅតែបន្តសកម្មភាព ទោះបីជារដ្ឋាភិបាលកម្ពុជាកំពុងបង្ក្រាបក៏ដោយ។
លោក ង៉ែត ម៉ូសេ បន្ថែមថា ទោះបីការផ្សព្វផ្សាយការងារទាំងនោះត្រូវបានបង្ហោះដោយអនាមិកក៏ដោយ ក៏ព័ត៌មានលម្អិតមួយចំនួន រួមមានការប្រើប្រាស់ពាក្យពេចន៍ និងទីតាំងដែលបានបញ្ជាក់នៅក្នុងការផ្សព្វផ្សាយ បានបង្ហាញពីគោលបំណងរបស់អ្នកបង្ហោះ។ ឧក្រិដ្ឋជនតែងតែប្រើការផ្សព្វផ្សាយការងារជាផ្នែកមួយនៃការឆបោករបស់ពួកគេ។
អ្នកឃ្លាំមើលសង្គមកម្ពុជា អះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈបង្ក្រាបអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនោះទេ ហើយសកម្មភាពបង្ក្រាបកន្លងមក គ្រាន់តែធ្វើឡើង ដើម្បីបំភ័ន្តភ្នែកសហគមន៍អន្តរជាតិប៉ុណ្ណោះ ដោយសារតែការបង្ក្រាបគ្មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់មេខ្លោង ទើបក្រុមឧក្រិដ្ឋជនបានបែកខ្ញែក និងបត់បែនវិធីសាស្ត្រប្រតិបត្តិការពីមជ្ឈមណ្ឌលធំៗមកជាទម្រង់តូចៗដូចជាតាមបន្ទប់ជួល និងរបស់អ្នកមានលុយមានអំណាច៕









