

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ ស្នងការខេត្តព្រះសីហនុ
សាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ជនជាតិចិន ៨នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ១តោន។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបន្តស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធបន្ថែម ពីព្រោះពួកគាត់ជឿថា ប្រសិនបើគ្មានអ្នកមានអំណាច ឬមន្ត្រីឃុបឃិតប្រព្រឹត្តអំពើពុករលួយក៏ក្រុមឈ្មួញមិនអាចដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំចូលកម្ពុជាបានដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី៥ ខែតុលា ឱ្យដឹងថា ជនសង្ស័យជាជនជាតិចិន ៨នាក់ដែលដឹកជញ្ជូនគ្រឿងញៀនជិត ១តោនតាមផ្លូវទឹកត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៦បទល្មើស។ ក្នុងនោះរួមមានបទ ដឹកជញ្ជូន ផ្ដើមគំនិតក្នុងអំពើដឹកជញ្ជូន សមគំនិតក្នុងអំពើដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់។
ការចោទប្រកាន់នេះ ផ្អែកតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកងកម្លាំងនាយកដ្ឋាននគរបាលជើងទឹកបង្ក្រាបបានជនសង្ស័យជនជាតិចិន ៨នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានសម្ងាត់ថា ពួកគេបានដឹកជញ្ជូនគ្រឿងញៀនតាមដែនសមុទ្រស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ក្នុងសំណុំរឿងនេះមិនមែនមានតែគ្រឿងញៀនដែលបណ្ដាញឧក្រិដ្ឋជនរៀបចំរុំប្លាស្ទិកច្រកក្នុងបាវនោះទេ ប៉ុន្តែក៏មានកាំភ្លើងវែងខ្លីថ្មីស្រឡាង និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។ ក្នុងប្រតិបត្តិការនោះ ក្រៅពីវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីនទម្ងន់ជិត ១តោន កម្លាំងសមត្ថកិច្ចក៏ឆែកឆេរទូករបស់ជនសង្ស័យដោយបានរកឃើញ និងរឹបអូសបានកាំភ្លើងវែងខ្លីជិត ៥០ដើម បង់កាំភ្លើងជាង ១រយបង់ និងគ្រាប់កាំភ្លើងជិត ៨ពាន់គ្រាប់ (៧,៩៣៧)។
ទោះជាយ៉ាងណា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ តំណាងអយ្យការមិនបានចោទប្រកាន់លើជនសង្ស័យដែលកាន់កាប់ និងដឹកជញ្ជូនអាវុធទាំងនេះឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លាវ ស្រេង ដើម្បីឆ្លើយតបជុំវិញរឿងបានទេនៅថ្ងៃទី៦ ខែតុលា។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ អាជ្ញាធរក៏បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវអាកាសចំនួន ២ករណី និងបានឃាត់ខ្លួនអ្នកដំណើរជនបរទេសចំនួន ៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២៩ ខែកញ្ញា ព្រមទាំងរឹបអូសបានគ្រឿងញៀន និងកញ្ឆាក្រៀមជាង ៥០គីឡូក្រាម។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង ព្រួយបារម្ភថា បើគ្រឿងញៀនបន្តហូរចូលកម្ពុជាទាំងតោនៗ នោះមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ច និងសន្តិសុខសង្គមប៉ុណ្ណោះទេ ថែមទាំងបំផ្លាញអនាគតយុវជនដែលជាធនធានដ៏សំខាន់សម្រាប់រួមចំណែកកសាងប្រទេសជាតិ។
ជាមួយគ្នានេះ លោក យង់ គិមអេង ក៏ចោទជាសំណួរទៅកាន់អាជ្ញាធរថា អាវុធដែលជនបរទេសដឹកជញ្ជូន និងប្រើប្រាស់បាញ់បោះតាមអំពើចិត្តនៅកម្ពុជាអាចនាំចូលបានដោយរបៀបណា ខណៈកម្ពុជាគ្មានច្បាប់អនុញ្ញាតឱ្យជនបរទេស និងជនស៊ីវិលកាន់កាប់អាវុធ ព្រមទាំងមានអាជ្ញាធរដាក់កម្លាំងយាមកាមត្រួតពិនិត្យតាមព្រំដែននានាផងនោះ។
លោក យង់ គិមអេង៖ «ហើយបើសិនជាបញ្ហាជនបរទេសនៅមានអាវុធកើតឡើងដដែលៗ ថា តើការគ្រប់គ្រងសន្តិសុខនៅក្នុងប្រទេសកម្ពុជាយើងយ៉ាងម៉េចទៅវិញ? ចំណាត់ការរបស់អាជ្ញាធរគួរតែត្រូវបានរឹតបន្តឹងឱ្យបានខ្លាំងជាងនេះទៅទៀត ជាពិសេសគឺជុំវិញជនបរទេសថា តើអ្នកណាខ្លះដែលទៅឃុបឃិតផ្ដល់អាវុធឱ្យជនបរទេស? បើរកឃើញត្រូវតែដាក់ទោសទណ្ឌឱ្យធ្ងន់ មិនត្រូវមានការលើកលែងទេ។ បើសិនជាករណីនេះនៅតែរកអត់ឃើញ នៅតែរកអ្នកដែលលួចលក់អាវុធ ឬក៏ផ្ដល់អាវុធឱ្យជនបរទេសហ្នឹងមិនឃើញទេ បញ្ហានេះមិនអាចដោះស្រាយបានទេ»។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្ន មិនបានកើតមានតែតាមមជ្ឈមណ្ឌលកម្សាន្តរបស់ជនជាតិចិន ឬតំបន់ទីប្រជុំជននោះទេ ប៉ុន្តែបានរីករាលដាលដល់តំបន់ជនបទ និងសហគមន៍មូលដ្ឋាន។ មិនតែប៉ុណ្ណោះ ឈ្មួញខ្លះថែមទាំងបានចែកចាយ និងដើរលក់គ្រឿងញៀនរហូតទៅដល់មុខផ្ទះពលរដ្ឋដូចជាដើរលក់ត្រី ខណៈយុវជន យុវតីខ្លះទៀតក៏ក្លាយជាជនរងគ្រោះ និងក្លាយជាជនបង្កអសន្តិសុខក្នុងសហគមន៍ដោយសារតែប្រើប្រាស់គ្រឿងញៀន។
រយៈពេល ៦ខែដំបូង ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ៥ពាន់ករណី (៤,៧៥៩) ឃាត់ខ្លួនមនុស្សជិត ២ម៉ឺននាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង ២តោន និងសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង ១តោន៕







