តុលាការ​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​ជនជាតិ​ចិន ៨នាក់​ចំនួន ៦បទល្មើស​ករណី​ដឹក​គ្រឿងញៀន​ជិត ១តោន

0
134
ទិដ្ឋភាពកងកម្លាំង​នាយកដ្ឋាន​នគរបាល​ជើង​ទឹក​បង្ហាញគ្រឿងញៀន​ ដែលត្រូវបានចាប់​នៅតាម​ដែន​សមុទ្រ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ ស្នងការខេត្ត​ព្រះសីហនុ
ទិដ្ឋភាពកងកម្លាំង​នាយកដ្ឋាន​នគរបាល​ជើង​ទឹក​បង្ហាញគ្រឿងញៀន​ ដែលត្រូវបានចាប់​នៅតាម​ដែន​សមុទ្រ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះសីហនុ
កាល​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ ស្នងការខេត្ត​ព្រះសីហនុ

សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ចោទ​ប្រកាន់​ជនជាតិ​ចិន ៨នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ជិត ១តោន។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ស៊ើបអង្កេត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​បន្ថែម ពីព្រោះ​ពួកគាត់​ជឿ​ថា ប្រសិនបើ​គ្មាន​អ្នក​មាន​អំណាច ឬ​មន្ត្រី​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក៏​ក្រុម​​ឈ្មួញ​មិន​អាច​ដឹក​ជញ្ជូន​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ចូល​កម្ពុជា​បាន​ដែរ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី៥ ខែតុលា ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន ៨នាក់​ដែល​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត ១តោន​តាម​ផ្លូវ​ទឹក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន ៦បទល្មើស។ ក្នុង​នោះ​រួម​មាន​បទ ដឹកជញ្ជូន ផ្ដើម​គំនិត​ក្នុង​អំពើ​ដឹក​ជញ្ជូន សម​គំនិត​ក្នុង​អំពើ​ដឹក​ជញ្ជូន ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​សម្អាត​ប្រាក់។

ការ​ចោទ​ប្រកាន់​នេះ ផ្អែក​តាម​បញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កងកម្លាំង​នាយកដ្ឋាន​នគរបាល​ជើង​ទឹក​បង្ក្រាប​បាន​ជនសង្ស័យ​ជនជាតិ​ចិន ៨នាក់ កាល​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​សម្ងាត់​ថា ពួកគេ​បាន​ដឹកជញ្ជូន​គ្រឿងញៀន​តាម​ដែន​សមុទ្រ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះសីហនុ។

ក្នុង​សំណុំ​រឿង​នេះ​មិនមែន​មាន​តែ​គ្រឿងញៀន​ដែល​បណ្ដាញ​ឧក្រិដ្ឋជន​រៀបចំ​រុំ​ប្លាស្ទិក​ច្រក​ក្នុង​បាវ​នោះ​ទេ ប៉ុន្តែ​ក៏​មាន​កាំភ្លើង​វែង​ខ្លី​ថ្មី​ស្រឡាង និង​គ្រាប់​កាំភ្លើង​ជាច្រើន​គ្រាប់​ផង​ដែរ។ ក្នុង​ប្រតិបត្តិការ​នោះ ក្រៅពី​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​កេតាមីន​ទម្ងន់​ជិត ១តោន កម្លាំង​សមត្ថកិច្ច​ក៏​ឆែកឆេរ​ទូក​របស់​ជនសង្ស័យ​ដោយ​បាន​រក​ឃើញ និង​រឹបអូស​បាន​កាំភ្លើង​វែង​ខ្លី​ជិត ៥០ដើម បង់​កាំភ្លើង​ជាង ១រយ​បង់ និង​គ្រាប់​កាំភ្លើង​ជិត ៨ពាន់គ្រាប់ (៧,៩៣៧)។

ទោះ​ជា​យ៉ាងណា នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្តព្រះសីហនុ តំណាង​អយ្យការ​មិន​បាន​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ដែល​កាន់​កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ទាំង​នេះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លាវ ស្រេង ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​បាន​ទេ​នៅ​ថ្ងៃ​ទី៦ ខែតុលា។

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ អាជ្ញាធរ​ក៏​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​តាម​ផ្លូវ​អាកាស​ចំនួន ២ករណី និង​បាន​ឃាត់​ខ្លួន​អ្នក​ដំណើរ​ជនបរទេស​ចំនួន ៣នាក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ និង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ កាល​ពី​ថ្ងៃ​ទី២៩ ខែកញ្ញា ព្រម​ទាំង​រឹប​អូស​បាន​គ្រឿងញៀន និង​កញ្ឆា​ក្រៀម​ជាង ៥០គីឡូ​ក្រាម។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង ព្រួយ​បារម្ភ​ថា បើ​គ្រឿងញៀន​បន្ត​ហូរ​ចូល​កម្ពុជា​ទាំង​តោនៗ នោះ​មិន​ត្រឹម​តែ​បំផ្លាញ​សេដ្ឋកិច្ច និង​សន្តិសុខ​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​អនាគត​យុវជន​ដែល​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​រួម​ចំណែក​កសាង​ប្រទេស​ជាតិ។

ជាមួយ​គ្នា​នេះ លោក យង់ គិមអេង ក៏​ចោទ​ជា​សំណួរ​ទៅ​កាន់​អាជ្ញាធរ​ថា អាវុធ​ដែល​ជនបរទេស​ដឹក​ជញ្ជូន និង​ប្រើប្រាស់​បាញ់​បោះ​តាម​អំពើ​ចិត្ត​នៅ​កម្ពុជា​អាច​នាំ​ចូល​បាន​ដោយ​របៀបណា ខណៈ​កម្ពុជា​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ជនបរទេស និង​ជនស៊ីវិល​កាន់​កាប់​អាវុធ ព្រម​ទាំង​មាន​អាជ្ញាធរ​ដាក់​កម្លាំង​យាមកាម​ត្រួតពិនិត្យ​តាម​ព្រំដែន​នានា​ផង​នោះ។

លោក យង់ គិមអេង៖ «ហើយ​បើសិនជា​បញ្ហា​ជនបរទេស​នៅ​មាន​អាវុធ​កើតឡើង​ដដែលៗ ថា តើ​ការ​គ្រប់គ្រង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​យ៉ាង​ម៉េច​ទៅ​វិញ? ចំណាត់​ការ​របស់​អាជ្ញាធរ​គួរតែ​ត្រូវ​បាន​រឹត​បន្តឹង​ឱ្យ​បាន​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ជាពិសេស​គឺ​ជុំវិញ​ជនបរទេស​ថា តើ​អ្នកណា​ខ្លះ​ដែល​ទៅ​ឃុបឃិត​ផ្ដល់​អាវុធ​ឱ្យ​ជនបរទេស? បើ​រក​ឃើញ​ត្រូវ​តែ​ដាក់​ទោស​ទណ្ឌ​ឱ្យ​ធ្ងន់ មិន​ត្រូវ​មាន​ការ​លើកលែង​ទេ។ បើសិនជា​ករណី​នេះ​នៅ​តែ​រក​អត់​ឃើញ នៅ​តែ​រក​អ្នក​ដែល​លួច​លក់​អាវុធ ឬ​ក៏​ផ្ដល់​អាវុធ​ឱ្យ​ជនបរទេស​ហ្នឹង​មិន​ឃើញ​ទេ បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​បាន​កើត​មាន​តែ​តាម​មជ្ឈមណ្ឌល​កម្សាន្ត​របស់​ជនជាតិ​ចិន ឬ​តំបន់​ទីប្រជុំ​ជន​នោះ​ទេ ប៉ុន្តែ​បាន​រីក​រាល​ដាល​ដល់​តំបន់​ជនបទ និង​សហគមន៍​មូលដ្ឋាន។ មិន​តែ​ប៉ុណ្ណោះ ឈ្មួញ​ខ្លះ​ថែម​ទាំង​បាន​ចែកចាយ និង​ដើរ​លក់​គ្រឿងញៀន​រហូត​ទៅ​ដល់​មុខ​ផ្ទះ​ពលរដ្ឋ​ដូចជា​ដើរ​លក់​ត្រី ខណៈ​យុវជន យុវតី​ខ្លះ​ទៀត​ក៏​ក្លាយ​ជា​ជនរងគ្រោះ និង​ក្លាយ​ជា​ជន​បង្ក​អសន្តិសុខ​ក្នុង​សហគមន៍​ដោយសារ​តែ​ប្រើប្រាស់​គ្រឿងញៀន។

រយៈពេល ៦ខែ​ដំបូង ឆ្នាំ២០២៦ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជិត ៥ពាន់​ករណី (៤,៧៥៩) ឃាត់​ខ្លួន​មនុស្ស​ជិត ២ម៉ឺន​នាក់ ព្រម​ទាំង​រឹប​អូស​បាន​គ្រឿងញៀន​ជាង ២តោន និង​សារធាតុ​គីមី​ផ្សំ​សម្រាប់​កែច្នៃ​ជា​គ្រឿងញៀន​ជាង ១តោន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ