សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
17
សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៥៨​ស្ថាប័ន អំពាវនាវ ដល់​ធនាគារពិភពលោក ឱ្យ​ទទួលយក​របាយការណ៍​ស៊ើបអង្កេត របស់​ស្ថាប័ន ទទួល​ពាក្យ​បណ្តឹង​ឯករាជ្យ (​ស៊ី​អេ​អូ​-CAO) របស់ធនាគារពិភពលោក។ រូប៖ លីកាដូ
សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៥៨​ស្ថាប័ន អំពាវនាវ ដល់​ធនាគារពិភពលោក ឱ្យ​ទទួលយក​របាយការណ៍​ស៊ើបអង្កេត របស់​ស្ថាប័ន ទទួល​ពាក្យ​បណ្តឹង​ឯករាជ្យ (​ស៊ី​អេ​អូ​-CAO) របស់ធនាគារពិភពលោក។ រូប៖ លីកាដូ

សង្គមស៊ីវិល​ថា ការ​វិនិយោគ​ក្នុងវិស័យធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​មិន​គោរព​គោលការណ៍​ធុរកិច្ច និង​គោរព​សិទ្ធិមនុស្ស​ឲ្យ​បានត្រឹមត្រូវ ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ​លក់ទ្រព្យ​ដោះបំណុល​អស់​ពី​គ្រួសារ និង​មាន​ការ​សម្លាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយសារបន្ទុកបំណុលវ័ណ្ឌក ដោះស្រាយមិនរួច។


សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។ ពួកគាត់ថា បើមិនដូច្នោះទេ ពលរដ្ឋ​រងគ្រោះ​ដែលត្រូវលក់ផ្ទះ ដី និង​ទ្រព្យក្នុង​គ្រួសារ ដើម្បី​ដោះបំណុលនោះ នឹងកើន​លើសលប់ ដែលនឹងកាន់តែច្រើនលើសពី ១៧ម៉ឺន​គ្រួសារ​ទៅ​ទៀត ហើយករណី​ពលរដ្ឋដែលសម្លាប់ខ្លួន ព្រោះតែវ័ណ្ឌក​នឹង​បំណុល ក៏កាន់តែ​ច្រើន​ដែរ។


ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់អង្គការ លីកាដូ ដែល​បង្ហាញថា ប្រជាពលរដ្ឋខ្មែរ ជិត ១៧ម៉ឺន (ជាង ១៦៧.០០០) គ្រួសារ បាន​លក់ដី ដើម្បី​ដោះបំណុល​មីក្រូហិរញ្ញវត្ថុ ។ បន្ថែមលើនេះទៀត ពលរដ្ឋរងគ្រោះ​ទាំងនោះ​បានកាត់បន្ថយម្ហូប​អាហារ​ប្រចាំថ្ងៃ​កូនៗត្រូវឈប់រៀនដើម្បីធ្វើការងារ​ដោះបំណុល ហើយករណីកូនបំណុលមួយ​ចំនួន ធ្វើអត្តឃាត ដោយសារជំពាក់បំណុលវ័ណ្ឌក។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍អាស៊ីសេរី​ថា អ្នក​ជំនួញធំៗមួយ​ចំនួន ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គិតតែ​ពីផលចំណេញ តែមិនបានយកចិត្តទុក​ដាក់លើការរំ​លោភ​សិទ្ធិមនុស្ស ពីការវិនិយោគ​របស់​ពួកគេ​ឡើយ។ លោកថា គោលការណ៍វិនិយោគ​ដោយភ្ជាប់​ជាមួយការ​គោរព​សិទ្ធិកូន​បំណុល មានចែងច្បាស់ ក្នុងក្របខណ្ឌ​នៃការ​ដាក់ទុនវិនិយោគ​នៅ​កម្ពុជា។

លោក អំ សំអាត មានប្រសាសន៍​ថា ពេល​មាន​បញ្ហា​ដែល​រកឃើញដោយ​អង្គការ​សិទ្ធិមនុស្ស ពួកអ្នកជំនួញទាំងនោះ ព្យាយាមគេចពីការទទួលខុសត្រូវ។ លោកថា ទង្វើរបស់ពួកគេ គឺផ្ទុយពីគោល​នយោបាយ ដែលផ្ដល់ការវិនិយោគ ក្នុងវិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។ លោកបន្ថែម​ថា ការរំលោភលើ​សិទ្ធិកូន​បំណុល គឺជាផលវិបាក ដែលធ្វើឲ្យពលរដ្ឋ ត្រូវរងគ្រោះ​លក់ទ្រព្យសងបំណុល និង​ជួបបញ្ហាជីវភាពគ្រួសារ​ធ្ងន់ធ្ងរ។

លោក អំ សំអាត៖ «បើសិនជាក្រុមហ៊ុនធំៗ ដែលដាក់វិនិយោគ មិនគោរព​តាម​គោលការណ៍ គោលនយោបាយ ឬក៏លក្ខខណ្ឌ ហើយថ្មីៗនេះ តាមគោល​ការណ៍មួយទៀត គឺ​ធុរកិច្ច និងសិទ្ធិមនុស្ស ហើយសិនជាក្រុមហ៊ុនទាំងអស់នោះ ព្យាយាមគេចមិនទទួលខុសត្រូវ។ អាហ្នឹងផលលំបាកបញ្ហានៃការរំលោភសិទ្ធិ វា​នៅ​តែបន្តកើតឡើងជាបន្តទៅទៀត» ។

របាយការណ៍របស់​លីកាដូ ចុងក្រោយនេះ អំពីបំណុលពលរដ្ឋ​បង្ហាញថា កម្ពុជា​ស្ថិតក្នុងចំណោមប្រទេស ដែលមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ​ធ្ងន់ធ្ងរជាង​គេ​បំផុត លើពិភពលោក។ របាយការណ៍នេះ ស្រាវជ្រាវដោយ​អ្នកសារព័ត៌មាន​ស៊ើបអង្កេត លោកស្រី ឃ្លែរ៍ ស្តាម (Claire Stam) ដែលបានសិក្សាទៅលើខ្សែ​សង្វាក់ហិរញ្ញវត្ថុ​ដោយចាប់ផ្តើមពី​ពលរដ្ឋខ្មែរ ដែលជាអ្នកខ្ចីប្រាក់ រួមទាំង ស្ថាប័ន​អន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិពាក់ព័ន្ធ។

ការស៊ើបអង្កេតនេះ បង្ហាញថា ឥណទាន ឬ​ផលប័ត្រឥណទានសរុប មានចំនួន​ប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) ព្រមទាំងរក​ឃើញដែរថា វិស័យមីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា មាន​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា ដែល​ពលរដ្ឋ​ជាប់បំណុលវ័ណ្ឌក បញ្ហាបង្ខំឱ្យកូនបំណុលលក់ដីក្រៅប្រព័ន្ធតុលាការ និងការរំលោភបំពានសិទិ្ធមនុស្សផ្សេងទៀត ។ បញ្ហាទាំងនេះ ជះឥទ្ធិពលមិនល្អ​ឡើយ ដោយបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ជិត ១៧ម៉ឺនគ្រួសារ ត្រូវលក់ដីសង​បំណុល និង​ខ្វះម្ហូបអាហារប្រចាំថ្ងៃ រីឯ កូនៗត្រូវឈប់រៀនដើម្បីជួយ​រកប្រាក់​សងបំណុលគ្រួសារ ខណៈកូនបំណុលមួយចំនួន បានធ្វើអត្តឃាត ព្រោះទ័ល​ពេក។


ទូរទស្សន៍អាស៊ីសេរី មិន​អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបំភ្លឺអំពីបញ្ហានេះ បានទេ នៅថ្ងៃទី០៨ ខែតុលា។
ជុំវិញរឿងនេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៨ ខែតុលាថា បញ្ហាធំ ជាពិសេស បញ្ហាវិនិយោគ ក្នុងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដែល​ធ្វើឲ្យពលរដ្ឋកាន់តែច្រើន វ័ណ្ឌកដោយបំណុល នោះ គឺព្រោះតែ​រដ្ឋាភិបាល​គ្មានសមត្ថភាពដឹកនាំ ខ្វះការទទួលខុសត្រូវ និង ខ្វះអភិបាលកិច្ចល្អ ដោយប្រព័ន្ធ​ដឹកនាំជាតិទាំងមូល ញាំញី​ដោយ​អំពើពុករលួយ បក្ខពួកនិយម និង ប្រយោជន៍​និយម របស់អ្នកដឹកនាំប្រទេស។

លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពួកមេដឹកនាំនៃគណបក្ស កាន់​អំណាច ជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះការដឹកនាំសេដ្ឋកិច្ចដ៏អន់ខ្សោយ​នេះ ដែល​បណ្ដាល​ឲ្យប្រជាពលរដ្ឋភាគច្រើនទូទាំងប្រទេស ធ្លាក់ខ្លួនក្រីក្រនិង​វ័ណ្ឌក​ដោយ​បំណុល។


លោក ស៊ឹង សែនករុណា៖ «ក្នុងលក្ខខណ្ឌកម្ចីដែលធ្វើឲ្យពួកគាត់កើនបំណុល ពី​មួយ​ទៅមួយកាន់តែច្រើន គឺដោយសារតែអ្នកទាំងអស់ហ្នឹង តែងតែធ្វើការផ្ដល់នូវ បំណុល​ទៅដល់​ប្រជាពលរដ្ឋ ឬក៏គេហៅថា ប្រាក់ឥណនាទៅដល់ប្រជាពលរដ្ឋ ហ្នឹង គឺមិនបានសិក្សាធ្វើយ៉ាងណាសម្រួលឲ្យ ជីវភាពគាត់មានការងារធ្វើ មុខរបប ឲ្យបានល្អប្រសើរទេ ចេះតែបន្តបន្ថែមបំណុលទៅ ហើយធ្វើឲ្យពួកគាត់មាន ការ​លំបាកក្នុងការឆ្លើយតបសងត្រឡប់។ អ៊ីចឹងអ្វីៗទាំងអស់ខ្ញុំលើកឡើងនេះ ខ្ញុំ​ចាត់​ទុករឿងរ៉ាវទាំងអស់នេះ គឺជាបញ្ហានៃការដឹកនាំរដ្ឋ ឬក៏មេដឹកនាំ ឬក៏គណបក្ស​កាន់អំណាចបច្ចុប្បន្នហ្នឹងតែម្ដង ដែលធ្វើឲ្យបញ្ហាស្ថានភាពប្រជាពលរដ្ឋធ្លាក់ចុះ នៅក្នុងសភាពក្រីក្របំណុលវណ្ឌកហ្នឹងតែម្ដង»។

អ្នកឃ្លាំមើល​ទាមទារឲ្យធនាគារជាតិ ស្ថាប័នពាក់ព័ន្ធ និង​ក្រុមអ្នកវិនិយោគ ក្នុងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ ត្រូវសហការគ្នាដោះស្រាយបញ្ហា ដោយផ្អែក លើច្បាប់​ព្រមទាំង គោលការណ៍​ធុរកិច្ច និង​គោរពសិទ្ធិមនុស្ស ក្នុង​ក្របខណ្ឌ​វិនិយោគនៅកម្ពុជា ឲ្យបានត្រឹមត្រូវ ទើបអាចជួយសម្រាលបន្ទុកដ៏ លំបាករបស់​កូន​បំណុល នៅទូទាំងប្រទេសបាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ