បក្សប្រឆាំង និង​សង្គមស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់ឃុំជាង ១០០ នាក់ និង​បើក​លំហ​សេរីភាព​មុន​ការ​បោះឆ្នោត

0
122
សកម្មជន​គណបក្ស ​ភ្លើងទៀន លោក រ័ត្ន សុធី លោក អាំ វង្ស និង លោក សួន ប៊ុនឡោ និង​​មគ្គទេសក៍​ទេសចរ​ក្នុង​ខេត្តសៀមរាប លោក ពិន ប៉ូច (ស្ដាំ​ខាងក្រោម)។ រូប​បណ្ដាញសង្គម
សកម្មជន​គណបក្ស ​ភ្លើងទៀន លោក រ័ត្ន សុធី លោក អាំ វង្ស និង លោក សួន ប៊ុនឡោ និង​​មគ្គទេសក៍​ទេសចរ​ក្នុង​ខេត្តសៀមរាប លោក ពិន ប៉ូច (ស្ដាំ​ខាងក្រោម)។ រូប​បណ្ដាញសង្គម

គណបក្សប្រឆាំង និង អង្គការសង្គមស៊ីវិល លើកឡើងថា លិខិតបទដ្ឋាន របស់ក្រសួងមហាផ្ទៃ ដែលណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោម សម្រួលដល់សកម្មភាពគណបក្សនយោបាយ មិនគ្រប់គ្រាន់​ធ្វើឱ្យបរិយាកាសបោះឆ្នោត ប្រព្រឹត្តទៅដោយសេរីទេ ប៉ុន្តែទាល់តែរដ្ឋាភិបាល ចាប់បើកសេរីភាពបញ្ចេញមតិ និង​ដោះលែងអ្នកជាប់ឃុំជាង ១០០ នាក់ ដើម្បី​ធានា​បាន​នូវ​ដំណើរការ​បោះឆ្នោត ដែលអាច​ទទួល​យក​បាន។ ការលើកឡើងនេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បានណែនាំ​ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បង្កបរិយាកាសងាយស្រួយ​ដល់គណបក្ស​នយោបាយ ដែលចង់ចូលរួមបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨។

គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល លើកឡើងថា ដើម្បីធានាឱ្យមានការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងប្រទេស ត្រូវបើកចំហ ឱ្យទូលំទូលាយនូវសេរីភាពជាមូលដ្ឋាន របស់​ប្រជាពលរដ្ឋ ហើយកាន់តែចាំបាច់បំផុតនោះ ត្រូវដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការជាង ១០០ នាក់ ដែលកំពុងជាប់ពន្ធនាគារបច្ចុប្បន្ន។

បន្ថែមលើនេះ ពួកគាត់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួង មហាផ្ទៃ ត្រូវធានាការអនុវត្តឱ្យបានត្រឹមត្រូវ នូវលក្ខខណ្ឌបច្ចេកទេសជាច្រើនទៀត ដូចជា ការសើរើ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកបោះឆ្នោត ឱ្យមានតម្លាភាព ព្រមទាំង​ការផ្ដល់សេរីភាពដល់អ្នក​សង្កេតការណ៍ ទាំងឯករាជ្យ ទាំងតំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន អាច​ប្រតិបត្តិការការងារបាន​ដោយគ្មានការភ័យខ្លាច។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់ទូរទស្សន៍ នៅថ្ងៃ ទី១៩ ខែតុលា ថា អ្វីដែលគណបក្សភ្លើងទៀនចង់បាន គឺការអនុវត្តឲ្យបានត្រឹមត្រូវ និង​ស្មើភាពគ្នា ក្នុងចំណោមគណបក្សនយោបាយប្រកួតប្រជែង និង ជាពិសេស​មន្រ្តីពាក់ព័ន្ធ​ត្រូវប្រតិបត្តិ​ឱ្យស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ និង​សេចក្តី​ណែនាំផ្សេងៗ ដោយពុំមានការ​លំអៀង​នយោបាយ។ លោកបន្ថែមថា ជាការ​សំខាន់ណាស់ ក្នុងការផ្ដល់នូវសេរីភាព​ធ្វើ​សកម្មភាព​នយោបាយ ដល់សកម្មជន និង​អ្នក​នយោបាយទាំងឡាយ។

លោក លី សុធារ៉ាយុត្តិ៖ «យើងស្នើសុំឱ្យមានការដោះលែង ស្នើសុំឱ្យមានការបើក លំហនៅសេរីភាព បើកលំហនយោបាយ បើកលំហប្រជាធិបតេយ្យ ក្នុងគោលបំណង ដើម្បីយើងរួមគ្នា ស្ដារនិងពង្រឹងប្រជាធិបតេយ្យ ពីពេលនេះទៅរហូតដល់ថ្ងៃបោះឆ្នោត ឬក៏ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឆ្នាំ២០២៧។ អ្វីដែលយើងចង់ឃើញទី២ គឺចង់ឃើញទីលានប្រកួតស្មើគ្នាមួយសម្រាប់បណ្ដាល គណបក្ស​នយោបាយ​ទាំងអស់​មិនថា គណបក្សតូច គណបក្សធំទេ គណបក្សនៅ ក្នុងរដ្ឋាភិបាល ឬគណបក្សនៅក្រៅរដ្ឋាភិបាលទេ»។

ប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក នី សុខា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៩ ខែតុលា ថា ដើម្បីឱ្យការបោះឆ្នោត ក្នុងពេលខាងមុននេះ ប្រព្រឹត្តទៅដោយមាន​ការសាទរ​ពីគ្រប់មជ្ឈដ្ឋាន ទាំងប្រជាពលរដ្ឋខ្មែរ គណបក្សនយោបាយប្រកួតប្រជែង និង​សហគមន៍អន្តរជាតិនោះ ជាការចាំបាច់ ដែលក្នុង​កាលៈទេសៈនេះ​រដ្ឋាភិបាលគួរ​តែដោះស្រាយ​បញ្ហានយោបាយ និងដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការ​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក នី សុខា៖ «ពិសេស គឺ​ការ​សម្របសម្រួល​ខាង​ផ្លូវ​នយោបាយ​បើក​ឱកាស ទូលំទូលាយ​ខាង​សិទ្ធិ​នយោបាយ​សិទ្ធិបញ្ចេញមតិ សិទ្ធិអីហ្នឹងឱ្យបានទូលំទូលាយ ហើយរឿងសំខាន់​បំផុត​នោះ គឺការដោះលែងសកម្មជន ដែលប្រើប្រាស់សិទ្ធិសេរីភាពនៅក្នុងការធ្វើសកម្មភាព ទាំង​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថានអីទាំងអស់ហ្នឹង គួរតែឱ្យមានសេរីភាពឡើងវិញ មុនការ​បោះឆ្នោតនេះ»។

លោក នី សុខា មានប្រសាសន៍បន្ថែមថា ក្រសួងមហាផ្ទៃបានចេញលិខិតបទដ្ឋាន​ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោមជាបន្តបន្ទាប់ហើយ ប៉ុន្តែ មិនទាន់មានការសាទរពី គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល លើការអនុវត្តលិខិតបទដ្ឋានទាំងនោះទេ។ លោកថា ក្រសួងមហាផ្ទៃ មិនគួរធ្វើត្រឹមតែការណែនាំឡើយ ប៉ុន្តែត្រូវតាមដានការអនុវត្ត ហើយហ៊ានដាក់ទោសក្រុមមន្ត្រី ដែល​បំពានខ្លឹមសារ​លិខិត​បទដ្ឋានរបស់ក្រសួង។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​បង្កបរិយាកាសងាយស្រួយ និងល្អប្រសើរ​ដល់គណបក្សនយោបាយ ដែលបានចុះបញ្ជី និងចង់ចូលរួមការបោះឆ្នោត ឆ្នាំ២០២៧ និង ឆ្នាំ ២០២៨។ ក្រសួងមហាផ្ទៃ អះអាង​ថា រដ្ឋាភិបាលមានគោលដៅ ដើម្បីធានាដំណើរការ​រៀបចំការបោះឆ្នោត ដែល​អាចប្រព្រឹត្ត​ទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែតុលា គណបក្សនយោបាយ ដែលចូលរួម​បោះឆ្នោតនៅពេលខាងមុខ ពុំមានឧបសគ្គក្នុងការបើកទីស្នាក់ការ ការលើកស្លាក​សញ្ញា ការ​ចូលរួម​ប្រជុំ ឬការជួបជុំ ព្រមទាំងការធ្វើនីត្យានុកូលកម្ម និងលិខិតបញ្ជាក់ផ្សេងៗទៀតហើយ។ ក្រសួង​មហាផ្ទៃ​បានប្រាប់អាជ្ញាធរ​រាជធានី​គ្រប់​ខេត្តក្រុង ឱ្យ​ផ្ដល់​ការងាយស្រួល​លើបញ្ហា​ទាំង​នេះ ដល់​គណបក្ស​នយោបាយ​ស្របច្បាប់ទាំងអស់។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខគឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៩ ខែតុលាថា លិខិតបទដ្ឋានណែនាំជាហូរហែ របស់ក្រសួង​មហាផ្ទៃ​ច្បាប់​ពាក់ព័ន្ធនឹងការបោះឆ្នោត និងខ្លឹមសារ​រដ្ឋធម្មនុញ្ញ​មានគ្រប់គ្រាន់អស់ហើយ សម្រាប់រៀបចំដំណើរការបោះឆ្នោតមួយ ឱ្យបានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែ លោកថា អាជ្ញាធរអនុវត្ត ដោយត្រូវរង់ចាំអនុសាសន៍​ពី​ថ្នាក់លើរបស់ពួកគេទៅវិញ ដោយមិនខ្វល់ពីបទដ្ឋានគតិយុត្តិឡើយ។

លោក សុខ គឹមសេង មានប្រសាសន៍ថា កាលណាអាជ្ញាធរ នៅតែអនុវត្តមិនបាន​តាមស្មារតី​រដ្ឋធម្មនុញ្ញ ដែលផ្ដល់សេរីភាពដល់ពលរដ្ឋ និង​គណបក្សនយោបាយ នោះពុំមានបរិយាកាសល្អ ក្នុងការ​បោះឆ្នោតទេ។

លោក សុខ គឹមសេង៖ «កន្លងទៅយើងឃើញហើយ មានការចាប់ចងសកម្មជន គណបក្ស​នយោបាយ។ នេះជាបញ្ហាដែលគណបក្សកម្លាំងជាតិមានការបារម្ភ បើសិនជាយើងចង់​ឱ្យ​មាន​បរិយាកាសនយោបាយល្អ មិនត្រឹមតែសេចក្ដីណែនាំ សម្រាប់ឯកសាររដ្ឋបាលទេ ប៉ុន្តែ​ត្រូវ​បង្ក​លក្ខណៈងាយស្រួលកុំឱ្យមានការចាប់ចង ជាពិសេសមុនការបោះឆ្នោត ជាពិសេសថ្នាក់ដឹកនាំ​គណបក្សនយោបាយ ក៏ដូចជា សកម្មជននយោបាយ គួរតែត្រូវបានការលើកលែងទោស ដើម្បី​ឱ្យគាត់អាចមាន ឱកាសនៅក្នុងការចូលរួមការប្រកួតប្រជែងនាពេលខាងមុខនេះ។ អាហ្នឹង បានគេហៅថា បរិយាកាសនយោបាយកាន់តែល្អប្រសើរ»។

អ្នករាយការណ៍ពិសេស ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andraws) ធ្លាប់ដាស់តឿន លោក ហ៊ុន ម៉ាណែត កាលពីចុងខែកក្កដា ឱ្យដោះលែង​អ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជាង ១០០នាក់ ខណៈ​ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ និងការ បោះឆ្នោតជាតិ ឆ្នាំ២០២៨ ខិតជិតមកដល់។

គណបក្សកម្លាំងជាតិ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ គឺជាគណបក្ស​ប្រឆាំង ដែលរងការធ្វើទុក្ខបុកម្នេញ និង​មានសកម្មជន​រហូត​ដល់​អ្នកនយោបាយ​ជាន់ខ្ពស់ រងការប្ដឹងផ្ដល់ទៅតុលាការ និង​ជាប់ពន្ធនាគារច្រើនជាងគេ បន្ទាប់ពី ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ