មហាជន​រិះគន់​លោក សូ ណារ៉ូ រឿង​ចោទ​ពលរដ្ឋក្បត់ជាតិ​ដែលនិយាយរឿង​បាត់​ដី​ទៅថៃ

0
31
រដ្ឋមន្ត្រីប្រតិភូរបស់​លោក ហ៊ុន ម៉ាណែត គឺលោក សូ ណារ៉ូ (ឆ្វេង) និងប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន។ រូប៖ បណ្ដាញសង្គម
រដ្ឋមន្ត្រីប្រតិភូរបស់​លោក ហ៊ុន ម៉ាណែត គឺលោក សូ ណារ៉ូ (ឆ្វេង) និងប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន។ រូប៖ បណ្ដាញសង្គម

មហាជននាំគ្នារិះគន់ព្រោងព្រាតលើបណ្ដាញសង្គមថា រដ្ឋមន្ត្រីប្រតិភូ អម​នាយករដ្ឋមន្ត្រី គឺលោក សូ ណារ៉ូ មិនព្រមខ្វល់ខ្វាយរកវិធីឱ្យលោក ហ៊ុន ម៉ាណែត ការពារ និង​ទាមទារទឹកដីកម្ពុជា​ដែល​បាត់បង់ ប៉ុន្តែ បែរជានិយាយចងអាឃាត​ជាមួយប្រជាពលរដ្ឋស្លូតត្រង់ ដែល​បញ្ចេញមតិ​រឿង​បាត់​ទឹកដីកម្ពុជា ទៅប្រទេសជិតខាង ថា «ជាជនក្បត់ជាតិ» ទៅវិញ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមមន្ត្រីនៅជុំវិញលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដែលបានប្រាក់ខែពីការបង់ពន្ធ របស់ប្រជាពលរដ្ឋ​នាំគ្នា​ចេញមុខ​បញ្ជោរ​មេដឹកនាំ​របស់​ពួកគេ និងធ្វើយុទ្ធនាការ​ចម្លែកៗ ក្នុងការចោទ ប្រកាន់លើអ្នកនយោបាយប្រឆាំង​នៅក្រៅ​ប្រទេស និងប្រជាពលរដ្ឋទូទៅ ដែល​ហ៊ាននិយាយអំពី​ការបាត់បង់ទឹកដីកម្ពុជា ទៅ​ប្រទេស​ជិតខាង ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្រុមគ្រួសារត្រកូលហ៊ុន។

ថ្មីៗនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា វាយប្រហារ​លើលោក សម រង្ស៊ី តាមការញុះញង់របស់អតីតមន្ត្រីរដ្ឋាភិបាល​ថៃ។ បន្ទាប់​មក រដ្ឋមន្ត្រីប្រតិភូរបស់​លោក ហ៊ុន ម៉ាណែត គឺលោក សូ ណារ៉ូ បាន​ចេញថ្លែង​ចងអាឃាត​លើខ្មែរទូទៅ ថា អ្នកណាក៏ដោយ ទាំង​អ្នក​នយោបាយ និងប្រជាពលរដ្ឋ​ដែល​ហ៊ាននិយាយថា កម្ពុជាបាត់ដី នៅក្រោមការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត គឺជាអំពើក្បត់ជាតិ។ លោក សូ ណារ៉ូ ថា ដីខ្មែរ មិនទាន់​បាត់បង់ទេ ហើយ​គ្រាន់តែស្ថិតនៅក្រោមការគ្រប់គ្រងខុសច្បាប់ ជា​បណ្ដោះអាសន្ន របស់បរទេស​ជិតខាង​ប៉ុណ្ណោះ។

លោក សូ ណារ៉ូ៖ «ពាក្យបាត់ដីហ្នឹង សូមបងប្អូនទាំងអស់លុបលាង ចេញមិន​ឱ្យប្រើជា​ដាច់ខាត រាប់ទាំងអ្នកណាក៏ដោយ ពីព្រោះថា ពាក្យនេះ​គឺជាពាក្យ​ក្បត់ជាតិ ដីយើងមិនទាន់មានបាត់ទាល់​តែសោះ»។

អ្នកប្រើប្រាស់បណ្ដាញសង្គម បានហៅ​មតិយោបល់​របស់​លោក សូ ណារ៉ូ និងមន្ត្រីអ្នកនាំពាក្យ​ផ្សេង​ទៀត នៃក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជា​ថា ជា​ក្រុមបុគ្គល ដែលទទួលប្រាក់ពី​ប្រជាពលរដ្ឋ ប៉ុន្តែប្រសប់តែធ្វើបាបខ្មែរគ្នាឯង និង​ការពារប្រយោជន៍បរទេសឈ្លានពាន។

អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ សួន មៀង (Suon Meang) និយាយថា លោក សូ ណារ៉ូ គឺជាបណ្ឌិត តែគំនិតជាតិសូន្យ។ ឈ្មោះ ឃាង ចិត្រា (Kheang Chetra) ថា លោក សូ ណារ៉ូ មិនសមងារជាបណ្ឌិតទេ ស្តាប់ហើយទទួលយកអត់បាន។ ឈ្មោះ ថូ នីមល់ (Tho Nimol) លើកឡើងថា ស្តាយឈ្មោះបណ្ឌិត ចេញមកបែបៗនេះ បើខ្មែរមិនរលាយ ទើបចម្លែក។

ចំណែកឯ អ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ សាយ ធីម (Say Thim) និយាយថា ស្តាយ​លុយ​បង់​ពន្ធ​ជូនរដ្ឋណាស់ ដែលបើកប្រាក់ខែឱ្យអស់លោកមន្ត្រីមួយចំនួន ដែលធ្វើការមិនមើល​ពីភ័យ​អន្តរាយជាតិមាតុភូមិ និងរាស្ត្ររងទុក្ខ។ ឈ្មោះ ស្រី ម៉ៅ បញ្ចេញយោបល់ថា គេយកដីរបស់ខ្លួន​ហើយ គម្រាមមិនឱ្យពលរដ្ឋនិយាយទៀត។ ស្រី ម៉ៅ ហៅមន្ត្រីប្រភេទលោក សូ ណារ៉ ថា ជា​មន្ត្រីលីលា ជាអ្នកជួយថៃដែល​ឈ្លានពានកម្ពុជា ហើយគំរាមដាក់សម្ពោធលើពលរដ្ឋខ្មែរ ថា “ក្បត់ជាតិ” ថែមទៀត។

ឈ្មោះ នូន ភា (Nun Phea) វិញ ប្រាប់លោក សូ ណារ៉ូ ឱ្យទៅសួរពលរដ្ឋ ភៀសសឹក ថាពួកគាត់​ដែលរត់ចោលផ្ទះសំបែងនោះ តើពួកគាត់បាត់ដីដែរទេ? ខណៈឈ្មោះ ខ្មែរ ទល់ដែន (Khmer Torlden) ចំអកឱ្យលោក សូ ណារ៉ូ ថា យើងមិននិយាយបាត់ដី មានតែនិយាយថា ដីខ្មែរបាន​ផ្លាស់ប្ដូរម្ចាស់។

ជុំវិញរឿងនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២១ ខែតុលា ថា ភាគីថៃ កំពុងតែត្រួតត្រាលើដី ជាច្រើនតំបន់​តូចធំ របស់កម្ពុជាជាក់ស្ដែងហើយ ដូច្នេះ​ការលើកឡើងរបស់អ្នក នយោបាយណាក៏ដោយ និង ប្រជាពលរដ្ឋក្ដី គឺជាការបារម្ភអំពីការបាត់បង់ទឹកដី ដែលនេះ គឺជាមនសិការស្នេហាទឹកដីជាតិ គឺពុំមែនជាអំពើក្បត់ជាតិ ដូចការចោទ ប្រកាន់របស់មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នោះទេ។ លោកថា ជនក្បត់ ជាតិ គឺពួកអ្នកបំផ្លាញជាតិ និង ធ្វើឱ្យបាត់បង់ទឹកដីជាតិ។

លោក ស៊ឹង សែនករុណា៖ «បើកវចនានុក្រមសម្ដេច ជួន ណាត មើលទៅ តើជន ក្បត់ជាតិហ្នឹង គឺមានខ្លឹមសាររបៀបម៉េច។ អ៊ីចឹង គឺអ្នកដែលធ្វើឱ្យខាតប្រយោជន៍​ជាតិ អ្នកដែលធ្វើឱ្យបាត់បង់​ទឹកដី អីទាំងអស់ហ្នឹងហើយ គឺអ្នកក្បត់ជាតិ អ្នករកតែ​ប្រយោជន៍ខ្លួនឯងទាំងអស់ហ្នឹង មិនខ្វល់​បញ្ហា​របស់​សង្គម​បញ្ហាជាតិ អាហ្នឹង​ហើយ​ជាអ្នកក្បត់ជាតិ។ អ្នកដែលគេស្នេហាជាតិ គេបារម្ភពី​ទឹកដី គេបញ្ចេមតិជាក់ស្ដែងថា ដីកំពុងតែបាត់បង់​ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ។ អ៊ីចឹងឱ្យគេ [ពលរដ្ឋនិងអ្នកនយោបាយក្រៅរដ្ឋាភិបាល]និយាយអី»។

អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ថន សុវណ្ណ មានយោបល់ថា ថៃចូលយកដី ហើយ​ហាមគេមិនឲ្យ​និយាយ គឺអ្នកហាមហ្នឹងហើយ ដែលឃុបឃិត ឬកាត់ទឹកដី កម្ពុជា ឱ្យបរទេសឈ្លានពាននោះ ជាបុគ្គលមហាសែនក្បត់ជាតិ។ ឈ្មោះ ទីន ធី (Tin Thy) វិញ និយាយថា អ្នកដឹកនាំដែលមិនកើត និង​ការពារទឹកដីមិនបាន គួរហៅថា «ក្បត់ជាតិ»។

បន្ថែមលើនេះអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត អះអាងថា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ទៅវិញទេ ដែលក្បត់ជាតិពិតប្រាកដ គឺមិនមែនប្រជាពលរដ្ឋ ដែលនិយាយបារម្ភពីការបាត់បង់ទឹកដីឡើយ។ ឈ្មោះ បណ្ឌិត ចាប(Pondith Chap) លើកឡើងចំៗថា មេដឹកនាំពីរនាក់ឪកូន ដែលធ្វើឱ្យបាត់ដីកម្ពុជា ឲ្យទៅថៃ ហ្នឹងឯង ហើយមិនហ៊ានតវ៉ាយកដីមកវិញ បែបហ្នឹងហើយបានជាប្រជាជន ហៅថា មេដឹកនាំ​ទាំងពីរនាក់​នេះថា «ក្បត់ជាតិ» នោះ។

អ្នកឃ្លាំមើល លើកឡើង​ថា ពួកមេដឹកនាំរដ្ឋាភិបាលត្រកូលហ៊ុន គឺជាក្រុមបុគ្គល ដែល​អសមត្ថភាព​ការពារទឹកដី រហូតដល់គប់គិតកាត់ទឹកដីកម្ពុជា ឱ្យបរទេសជិត​ខាង លើករណី​ជាច្រើន រួមទាំង​បំផ្លាញជាតិកម្ពុជាដោយគ្មានការអៀនខ្មាស ប៉ុន្តែ​បែរជាក្រុមមន្ត្រីរបស់ខ្លួន ចេញមុខនិយាយព្រួសឈាមដាក់អ្នកដទៃ ជាពិសេស ទម្លាក់កំហុស​លើប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីតែការពារកំហុសរបស់មេដឹកនាំខ្លួន​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ