អាមេរិក​បន្ត​ជំរុញ​ឱ្យ​មន្ត្រី​​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់

0
35
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួប​ឯកអគ្គរដ្ឋទូតអាមេរិក លោក គ្រីស្តូហ្វឺ អ៊ែនដឺសិន (Christopher Anderson) នារាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៨ វិច្ឆិកា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួប​ឯកអគ្គរដ្ឋទូតអាមេរិក លោក គ្រីស្តូហ្វឺ អ៊ែនដឺសិន (Christopher Anderson) នារាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៨ វិច្ឆិកា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មេខ្លោង អ្នក​សម្របសម្រួល និង​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ប្រើប្រាស់​គ្រប់​វិធានការ​ដែល​ខ្លួន​មាន​តាម​កម្ទេច​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដើម្បី​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​អាមេរិក និង​ជនរងគ្រោះ​នៅ​ជុំវិញ​ភពលោក។

អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាម​សារ​អ៊ីមែល (Email) ថា មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ (Scam Centers) បាន​វិវត្ត​យ៉ាង​ឆាប់​រហ័ស​ទៅ​ជា​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ពហុ​ទម្រង់ ដែល​មាន​ទំហំ​ប្រតិបត្តិការ​ឧស្សាហកម្ម និង​បង្ក​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច សន្តិសុខ​ជាតិ និង​មនុស្សធម៌ សម្រាប់​ពលរដ្ឋ​អាមេរិក និង​ពិភព​លោក​ទាំង​មូល។

ស្ថានទូត​អាមេរិក​ឱ្យ​ដឹង​ទៀត​ថា បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ មិនមែន​គ្រាន់​តែ​ជា​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ចាត់​ទុក​ថា ជា​បញ្ហា​សន្តិសុខ​ជាតិ​ដោយ​ផ្ទាល់។ ស្ថាន​ទូត​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន គឺជា​អាទិភាព​កំពូល​មួយ​ផ្នែក​នៃ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​អាមេរិក​កំពុង​ប្រមូល​ផ្ដុំ និង​ប្រើប្រាស់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​រួម​ពី​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​ពាក់ព័ន្ធ ដោយ​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់ ការ​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​រារាំង​សកម្មភាព និង​កម្ទេច​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ដែល​កំណត់​គោលដៅ​លើ​ពលរដ្ឋ​អាមេរិក។

ការ​លើកឡើង​របស់​ស្ថានទូត​អាមេរិក គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ១៣ ជា​សមាជិក​ក្រុម​ទំនាក់ទំនង​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ និង​មជ្ឈមណ្ឌល​ឆបោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​គោលការណ៍​រួម​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្ក្រាប និង​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ សហរដ្ឋអាមេរិក​រំពឹង​ថា រដ្ឋាភិបាល​នានា​ក្នុង​តំបន់​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​លុប​បំបាត់​ប្រតិបត្តិការ​ឆបោក​ទាំង​នេះ និង​នាំ​យក​អ្នក​ប្រព្រឹត្ត​បទល្មើស​រួម​ទាំង​មេខ្លោង មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

សហរដ្ឋអាមេរិក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​ដោះស្រាយ​បញ្ហា​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល ឬ​ផ្ដល់​ការ​ការពារ​ដល់​សកម្មភាព​ឧក្រិដ្ឋកម្ម​ទាំង​នេះ។ ស្ថានទូត​អាមេរិក​បញ្ជាក់​ទៀត​ថា សហរដ្ឋអាមេរិក​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​ទាំង​នេះ។

ប្រទេស​ជា​សមាជិក ១៣ នៃ​ក្រុម​ទំនាក់ទំនង​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក​រួម​មាន អូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ហ្វីលីពីន សាធារណរដ្ឋ​កូរ៉េ សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និង​វៀតណាម។ ថ្មីៗនេះ ក្រុម​ប្រទេស​ទាំង​នេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ដោយ​ប្រកាស​សហការ​គ្នា​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន តាមរយៈ​ការ​ផ្ដល់​អាទិភាព​ដល់​ការ​ស៊ើបអង្កេត និង​ចោទ​ប្រកាន់​មេខ្លោង ព្រម​ទាំង​អ្នក​ជួយ​សម្រួល​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ ជា​មួយ​គ្នា​នេះ អាមេរិក និង​សម្ពន្ធមិត្ត ព្រម​ទាំង​ដៃគូ​ប្រទេស​ជា​សមាជិក​ចំនួន ១២ ក៏​សង្កត់​ធ្ងន់ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​ចាត់​វិធានការ​លើ​មន្ត្រី និង​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ជាមួយ​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដើម្បី​នាំ​ខ្លួន​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

កាល​ពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា សភា​អាមេរិក​ក៏​បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ដ៏​សំខាន់​មួយ ដែល​មាន​គោល​បំណង​បង្ក្រាប និង​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឆ្លងដែន គឺ​ច្បាប់​ស្ដីពី​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​បរទេស (Dismantle Foreign Scam Syndicates Act) ហើយ​បាន​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​បន្ត​ទៅ​កាន់​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​ចាត់​ការ​តាម​នីតិវិធី។

ប្រធាន​ស្ថាប័ន​កិច្ចការ​បរទេស​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អ្នកស្រី ធិត គឹមហ៊ុន មាន​ប្រសាសន៍​ថា តាម​នីតិវិធី​ច្បាប់​របស់​សហរដ្ឋអាមេរិក បន្ទាប់​ពី​គណៈកម្មាធិការ​កិច្ចការ​បរទេស​ពិនិត្យ និង​ផ្ដល់​ការ​យល់ព្រម​រួច សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ជូន​អង្គ​ព្រឹទ្ធសភា​ពេញ​អង្គ ដើម្បី​ពិភាក្សា និង​បោះឆ្នោត​អនុម័ត។ ប្រសិន​បើ​ព្រឹទ្ធសភា​អនុម័ត សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​ចុះ​ហត្ថលេខា និង​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ច្បាប់​ជា​ផ្លូវការ។

សេចក្ដីព្រាង​ច្បាប់​នេះ​មាន​លេខ H.R. 5490 ស្ដីពី​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​បរទេស សហរដ្ឋអាមេរិក​មាន​វិធានការ​ស្នូល​សំខាន់ៗ​ដូចជា ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​បរទេស និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ឬ​មិន​អើពើ ចាត់​វិធានការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក កំណត់​ការ​ស៊ើបអង្កេត​លើ​ទំនាក់ទំនង​រវាង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ចិន មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ ការពារ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស និង តាម​ដាន​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​រូបភាព​ផ្កាយរណប ជាដើម។ ច្បាប់ H.R. 5490 ក៏​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ជនបរទេស​ដែល​ជា​ម្ចាស់​អគារ អ្នក​គ្រប់គ្រង ឬ​គាំទ្រ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ប្រសាសន៍​ថា ច្បាប់ H.R. 5490 ស្ដីពី​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​បរទេស នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​ឧកញ៉ា​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ភ័យ​ស្លន់ស្លោ។ អ្នកស្រី​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​កើត​ចេញ​ពី​ការ​រួម​ចំណែក និង​ការ​តស៊ូ​មតិ​របស់​ពលរដ្ឋ​អាមេរិក ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង ដែល​បាន​រងគ្រោះ​ពី​អំពើ​ឆបោក​តាម​អនឡាញ។

អ្នកស្រី មូរ សុខហួរ ពន្យល់​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​បរទេស​នេះ មិន​ត្រឹម​តែ​មាន​គោលដៅ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកស្រី​ចាត់​ទុក​ថា ច្បាប់​នេះ​ក៏​ជា​យន្តការ​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា គោរព​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស គោរពច្បាប់ និង​ប្រឆាំង​អំពើ​ពុករលួយ។

«ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល ជា​ប្រភព​នៃ​ការ​ឆបោក​អនឡាញ ហើយ​គេ​ដឹង​ច្បាស់​ណាស់ ប្រទេស​កម្ពុជា មិនមែន​ជា​ប្រទេស​ដែល ជា​ជនរងគ្រោះ​ទេ។ រដ្ឋាភិបាល​កម្ពុជា អ្នក​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា ជា​អ្នក​ដែល​ការពារ​ឧក្រិដ្ឋកម្ម​ទាំង​អស់​នេះ ដូច្នេះ សហរដ្ឋអាមេរិក គេ​យក​ចិត្ត​ទុក​ដាក់​ពិតប្រាកដ ទៅ​លើ​ការ​ធានា​រក្សា​នូវ​អាយុ​ជីវិត​សន្តិសុខ​នៃ​ពលរដ្ឋ​អាមេរិកាំង ក្នុង​នេះ​មាន​ខ្មែរ​អាមេរិកាំង»។

អ្នកស្រី មូរ សុខហួរ

កន្លងទៅ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ពី​លោក លី យ៉ុងផាត់ និង​លោក កុក អាន។ មន្ត្រី​ដែល​មាន​ងារ​ជា​ឧកញ៉ា​ទាំង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា មនុស្ស​ជំនិត​លោក ហ៊ុន សែន ហើយ​ក៏​ជា​អ្នក​កាន់​ហឹប​លុយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី មូរ សុខហួរ លើកឡើង​ថា នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់ H.R. 5490 ស្ដីពី​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​បរទេស ចូល​ជា​ធរមាន សហរដ្ឋអាមេរិក​នឹង​មាន​មធ្យោបាយ និង​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដូចជា​ការ​ចោទ​ប្រកាន់ និង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ក្រុម​ឧកញ៉ា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក ព្រម​ទាំង​ពង្រីក​ការ​ស៊ើបអង្កេត​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ថែម​ទៀត។

សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ២០២៥ ពលរដ្ឋ​អាមេរិក​បាន​ខាតបង់​លុយ​ប្រមាណ​ជិត ២១ពាន់​លាន​ដុល្លារ ដោយសារ​តែ​បណ្ដាញ​ឆបោក​តាម​អនឡាញ​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា និង​ពី​តំបន់​អាស៊ីអាគ្នេយ៍។ ជាមួយ​គ្នា​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) រក​ឃើញ​ថា ប្រជាជន​នៅ​អាស៊ី​បូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និង​នូវែលហ្សេឡង់ ក៏​បាន​ខាតបង់​ប្រាក់​ជាង ១១៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ២០២៥ ដោយសារ​ការ​ឆបោក​តាម​អនឡាញ​នៅ​អាស៊ីអាគ្នេយ៍។

វិទ្យាស្ថាន​សហរដ្ឋអាមេរិក ដើម្បីសន្តិភាព (USIP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) ធ្លាប់​លាត​ត្រដាង​ថា ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ជា​អ្នក​ចាំ​កាង «ការពារ» ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ ដោយសារ​តែ​ភាព​ចំណេញ​កប់​ក្តោង​នៃ​ឧស្សាហកម្ម​មួយ​នេះ។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​នេះ​ប៉ាន់​ស្មាន់​ថា កម្ពុជា​តែ​ឯង​បាន​លួច​លុយ​ពី​ពិភពលោក​យ៉ាងហោចណាស់​ជាង ១២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​តាមរយៈ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ ដែល​ភាគ​ច្រើន​ដំណើរការ​ដោយ​ក្រុម​ឧក្រិដ្ឋកម្ម​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ចិន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ