ពលរដ្ឋ​ត្អូញត្អែរ​រឿង​ផ្លូវ​ខូច​ច្រើន​ឆ្នាំ​ពិបាក​ធ្វើដំណើរ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​​ហាក់​មិន​អើពើ​ជួសជុល​ឡើង​វិញ

0
24
ទិដ្ឋភាព​ផ្លូវជាតិ​លេខ៦៧ ដែល​រងការ​ខូចខាត​ផ្លូវ​ប្រមាណ​ជិត៣០គីឡូ​ម៉ែត្រ ប៉ះពាល់​ស្រុក​ចំនួន៣ គឺ​ស្រុក​អង្គរធំ ស្រុកអង្គរជុំ និង​ស្រុកវ៉ារិន ខេត្ត​សៀមរាប។ រូប បណ្ដាញសង្គម
ទិដ្ឋភាព​ផ្លូវជាតិ​លេខ៦៧ ដែល​រងការ​ខូចខាត​ផ្លូវ​ប្រមាណ​ជិត៣០គីឡូ​ម៉ែត្រ ប៉ះពាល់​ស្រុក​ចំនួន៣ គឺ​ស្រុក​អង្គរធំ ស្រុកអង្គរជុំ និង​ស្រុកវ៉ារិន ខេត្ត​សៀមរាប។ រូប បណ្ដាញសង្គម

ពលរដ្ឋ​ត្អូញត្អែរ​ពីបញ្ហា​ផ្លូវខូចខាត​ធ្ងន់ធ្ងរ​ជាច្រើន​ឆ្នាំ​ពិបាក​ធ្វើ​ដំណើរ​និង​ប្រកបរបរ​ចិញ្ចឹម​ជីវិត តែ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ហាក់​មិន​អើពើ​ជួសជុល​ស្តារ​ឡើងវិញ​ឡើយ។ ពួកគេ​ទទូច​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស្តារ​ផ្លូវថ្នល់​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស​ជាជាង​សន្យា​ខ្យល់។

ពលរដ្ឋ​ជាច្រើន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួសជុល​ផ្លូវថ្នល់ និង​ផ្លូវលំ​តូចៗ​ដែល​រងការ​ខូចខាត​អស់​ជាច្រើន​ឆ្នាំ រហូត​បង្កើត​ជា​រណ្តៅធំៗ ជង្ហុក និង​ផ្លូវខ្លះ​ទៀត​ពោរពេញ​ដោយ​ផ្លូវ​សំបុក​មាន់ ដោយសារ​ការ​សាងសង់​គ្មាន​គុណភាព និង​បង្ក​ឡើង​ដោយ​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់។

ការ​ជម្រុញ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ពលរដ្ឋ​ខេត្ត​សៀមរាប​បន្ត​ត្អូញត្អែរ​ពី​ផល​លំបាក​របស់​ខ្លួន​លើការ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ​លេខ៦៧ ដែល​រងការ​ខូចខាត​ផ្លូវ​ប្រមាណ​ជិត៣០គីឡូ​ម៉ែត្រ ប៉ះពាល់​ស្រុក​ចំនួន៣ គឺ​ស្រុក​អង្គរធំ ស្រុកអង្គរជុំ និង​ស្រុកវ៉ារិន ខេត្ត​សៀមរាប។

ពលរដ្ឋ រស់នៅ​ក្នុង​ឃុំគោកដូង ស្រុក​អង្គរជុំ​ខេត្ត​សៀមរាប​ម្នាក់ ថ្លែង​សុំមិន​បញ្ចេញ​ឈ្មោះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅថ្ងៃ​ទី២៣ វិច្ឆិកា​ថា អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ​ដែល​ផ្លូវមួយ​នេះ​រងការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​រថយន្ត​ធន់ធំ​ដឹកថ្ម និង​ខ្សាច់ របស់​ក្រុមហ៊ុន​ឯកជន ដឹកជញ្ជូន​ទាំង​យប់ និង​ថ្ងៃ បង្កការ​រំខាន​ដល់​ប្រជា​ពលរដ្ឋ។ លោកថា ពលរដ្ឋ​ដែល​រស់នៅ​ដោយ​ប្រើប្រាស់​ផ្លូវ​នោះ​ជួបការ​លំបាក​ជាខ្លាំង​ទាំង​រដូវប្រាំង និង​រដូវវស្សា ដោយសារ​រណ្តៅធំៗ ជ្រៅ និង​ជង្ហុក​ច្រើន ពិបាក​ធ្វើដំណើរ។ លោក​បន្ត​ថា ពលរដ្ឋ​ជា​កសិករ ជួបការ​លំបាក ពិបាក​ដឹក​កសិផល​របស់ខ្លួន​យក​ទៅ​លក់​នៅ​ទីផ្សារ ជ្រុះ​រងការ​ខូចខាត ចំណាយ​ពេល​ធ្វើ​ដំណើរ​យូរ ទឹក​ដក់ជ្រៅ លិច​មើល​មិន​ឃើញ ហើយ​ដីហុយ​នៅ​រដូវក្តៅ​ជាដើម។ លោក​ថ្លែង​ថា អ្នក​ដំណើរ​ពី​ខាងក្រៅ ឡាន​តូច​ជាដើម មិន​ចង់​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​មួយខ្សែ​នេះ​ឡើយ ដោយសារ​ជួប​ឧបសគ្គ​ច្រើន។

ពលរដ្ឋ​រូបនេះ ក៏បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ប្រឈម​ការ​លំបាក​ខ្លាំង​នៅ​ពេល​សម្រាល ដោយសារ​ពិបាក​ដឹក​បញ្ជូន​ពួកគេ​ទៅ​កាន់​មន្ទីរ​ពេទ្យ។ លោក​ថា កន្លងមក​ក្រុមហ៊ុន និង​មន្ត្រី​ភូមិឃុំ ក៏​បាន​ជួសជុល លុប​រណ្តៅ ជង្ហុក​ទាំង​នោះ ប៉ុន្តែ សំណង់​ទាំងនោះ​គ្មាន​ស្តង់ដា​គុណភាព និង​ប្រសិទ្ធ​ភាព​នោះទេ គឺវា​នៅតែ​បន្ត​ខូចខាត​កាន់តែ​ខ្លាំង។

«ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំហ្នឹង យើង​នឹង​គិតថា​ចាំឆ្នាំ​ក្រោយ​យើង​នឹង​បាន​ហើយ ជាពិសេស​គឺថា ជិត​បោះឆ្នោត យើង​នឹង​បាន​ផ្លូវ​ស្រួល​ដើរ វា​អាចិត្ត​សង្ឃឹម​នោះ វាចេះ​តែ​សង្ឃឹម​រាល់តែ​ឆ្នាំ​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ហ្នឹង យើង​នៅតែ​អត់ទាន់​បាន​ទទួល​សមិទ្ធផល​នៅ​ក្នុង​ស្រុក​គូលែន យើង ពិសេស​គឺ​ឃុំគូលែន យើង អត់​បាន​ទទួល​សមិទ្ធ​ផល​ថ្មីៗ​ដែល​ល្អ សម្រាប់​ធ្វើ​ដឹក​កសិកម្ម ដឹក​អី​ហ្នឹង វា ចេះ​តែ​រង់ចាំ​ណា»។

ពលរដ្ឋថ្លែងលាក់​ឈ្មោះ

ចំណែក មេឃុំគោកដូង​លោក ហូ ខុម ថ្លែង​ថា លោក​បាន​ធ្វើ​របាយការណ៍ និង​សំណើរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​តំបន់​នោះ​ដាក់​ជូន​អាជ្ញាធរ​ស្រុក និង ខេត្ត បន្តរហូត​មក​ដល់​ក្រសួង​ពាក់ព័ន្ធ​ផងដែរ ប៉ុន្តែ​ស្ថានភាព​នៅតែ​ស្ងប់​ស្ងាត់​ពី​មួយ​ឆ្នាំង​ទៅ​មួយ​ឆ្នាំ។ លោក​ថា លោក​ក៏ខកចិត្ត​ដែល​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​មិន​អើពើ​ចំពោះ​សំណើរ​របស់​ប្រជា​ពលរដ្ឋ ដែល​បាន​ស្នើសុំ​សាងសង់​ផ្លូវ​មួយ​ខ្សែ​នោះ​ឡើង​វិញ តែ​ជាក់ស្តែង បាន​ត្រឹមតែ​ចុះ​មក​ពិនិត្យ​រួច​ក៏​ស្ងាត់​ដដែល។ លោក​ថា ខាង​ភូមិឃុំ​បាន​ព្យាយាម​ជួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដោយការ​​សាងសង់​ផ្លូវ​វាង ដើម្បី​ជួយ​សម្រួល​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន ប៉ុន្តែ​ខាង​ភូមិឃុំ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​សាងសង់​ទាំង​ស្រុង​នោះ​ទេ។ លោក​លើកឡើង​ថា ពលរដ្ឋ​ជាច្រើន បាន​ត្អូញត្អែរ​ប្រាប់​លោក​ពី​បញ្ហាផ្លូវ​ខូចខាត​នេះ ដែល​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ប្រកបរបរ​រកស៊ី​និង​ជីវភាព​រស់នៅ​របស់​ពួកគេ។ លោក​ថា ពលរដ្ឋ​រងគ្រោះ​ខ្លាំង គឺ​នៅ​រយៈពេល ៥ទៅ៦ឆ្នាំ​ចុងក្រោយ ដោយសារ​ក្រុមហ៊ុន ដឹកថ្ម​នេះ។ លោក​អះអាង​ថា លោក​បាន​ប្រជុំ​ជាមួយ​ក្រសួង​រ៉ែនិង​ថាមពល និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត​លើ​បញ្ហា​នេះ និង​ដាក់​សំណើរ​របស់​ប្រជាពលរដ្ឋ​ជា​បន្ត​ផងដែរ ប៉ុន្តែ​នៅ​តែ​រក​ច្រក​ចេញ​មិន​ឃើញ។

«ព្រោះ​ក្រុម​ហ៊ុន គេថា​គេបង់​ពន្ធ​ជូន​រដ្ឋ គេ​មិន​អាច​ទេ ដល់​យើង​វាខូច​ខាត​ផ្លូវ ប៉ុន្តែ​គេថា​រដ្ឋ​យក​ពន្ធ​គេ​អស់​ហើយ ណែ​វា​អញ្ចេះ​ទៀត​ណា ដល់​យើង​វាពិបាក នៅ​ឯង​វា​ពិបាក យើង​ឃុំវា​ពិបាក អូ! យើង​ពិបាក​ចិត្ត​នឹង​វាហួស​ហេតុ​ហើយ យើង​មាន​សំណូមពរ​ឲ្យ​ក្រុម​ហ៊ុន​មក​ជួស​ជុល ប៉ុន្តែ​វាជួស​ជុល​ដែរ ប៉ុន្តែ​ជួសជុល​ទៅ​ដាក់​ទៅ​ក៏​លិច​ភ្លឹប ដាក់​ទៅ​ក៏​លិចភ្លឹប មិនមែន​ថាគ្នា​អត់​ជួសជុល​ទេ​ណា វាជួស​ជុល​ដែរ ប៉ុន្តែ​ខេ​ប្រសារ គឺឡាន​ដឹក​ធ្ងន់​វាថ្ម​ជួស​ជុល​ឡើង​ដាក់​ទៅ​ទៅក្រោម​អស់ ឡើង​ទៅ​ដល់​ណា»។

មេឃុំគោកដូង​លោក ហូ ខុម

ទូរទស្សន៍​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភណ្ឌ ដើម្បី​សួរ​នាំ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា។ ចំណែក រដ្ឋលេខាធិការ និងជា ប្រធាន​ក្រុម​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក ប៉ាល់ ចន្ទតារា ក៏​មិន​អាច​ទាក់ទង​បាន។

ចំណែក​ពលរដ្ឋ​មួយ​ចំនួន ក៏ធ្លាប់​បាន​បង្ហោះ​វីដេអូ​ជាហូរហែ​អំពី​បញ្ហាផ្លូវ​ខូចខាត​ក្នុង​ខេត្ត​សៀមរាប​នៅ​តាម​បណ្តាញ​សង្គម​បែប​ឌឺដង​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភណ្ឌថា ជាស្រះត្រី អាច​ចិញ្ចឹម និង​ប្រមូល​ផល​បាន ដោយ​សុំទោស​ទៅ​អភិបាល​ខេត្ត ដែល​ខ្លួន​បាន​រកត្រី​នៅ​លើ​ផ្លូវ​ជាង៩ឆ្នាំ ហើយ​ថា អភិបាល​ខេត្ត​រូបនេះ ប្រហែល​ជាមិន​បាន​ដឹង​ពី​បញ្ហា​នេះ​នោះ​ទេ។

អ្នក​គ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ទិស​ពាយ័ព្យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា បញ្ហាផ្លូវ​ខូច​នេះ គឺ​កើត​ឡើង​ស្ទើរ​គ្រប់​កន្លែង ដោយ​កន្លែង​ខ្លះ​ធ្ងន់ធ្ងរ​ខ្លាំង និង​ខ្លះទៀត​រងការ​ខូចខាត​តិច​តួច។ លោក​ថា ពលរដ្ឋ​នៅក្នុង​ស្រុក​ដែល​រងផល​ប៉ះពាល់​ទាំង​នោះ​ជួបការ​លំបាក​ខ្លាំង​ក្នុងការ​ប្រកប​របរចិញ្ចឹម​ជីវិត ដោយសារ​ផ្លូវថ្នល់​ខូចខាត​ខ្លាំង​ពិបាក​ដឹក​ជញ្ជូន និងអ្នក​ជំនួញ​ពី​ខាង​ក្រៅ​ក៏​មិន​ចង់​ចូល​ទៅ ដោយសារ​បញ្ហាការ​ធ្វើ​ដំណើរ​នេះ។ លោកបន្ត​ថា កសិផល​របស់​ពលរដ្ឋ​នៅទី​នោះ លក់​មាន​តម្លែ​ថោក គឺ​ថោក​ជា​ទីផ្សារ​ខ្លាំង ប៉ុន្តែ​ការ​ទិញ​ចូល​យក​មក​លក់វិញ គឺមាន​តម្លៃ​ថ្លៃ​ដោយសារ​តែ​ហេតុផល​ពិបាក​ដឹក​ជញ្ជូន និង​អាច​បង្កគ្រោះ​ថ្នាក់។ លោក​ថ្លែង​ថា នៅពេល​ឈឺថ្កាត់​ម្តងៗ​ពលរដ្ឋ គឺ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ជាខ្លាំង។

លោក​ទទួច​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​គួរ​យកចិត្ត​ទុក្ខ​ដាក់​ពន្លឿន​ការ​ស្តារ​ឡើង​វិញ​នូវផ្លូវ​ជាតិ​ទាំង​នោះ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​មាន​លទ្ធភាព​ប្រកប​របរ​បាន​ប្រសើរ​ឡើង​វិញ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ។ លោក​ទទូច​ឲ្យ​ក្រសួង​គួរ​សាង​សង់​សំណង់​ផ្លូវថ្នល់​ដែល​មាន​ស្តង់ដា​ត្រឹមត្រូវ មិនមែន​ធ្វើ​ហើយ​បាន​មួយ​រយៈពេល​ខ្លី ហើយ​ខូចខាត​ជាថ្មី​វិញ​នោះ​ទេ។

«យើង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ជាពិសេស​អភិបាល​ខេត្ត នាំ​រដ្ឋមន្ត្រី នាំ​ប្រធាន​មន្ទីរ​សាធារណ​ការ ជិះ​ដើរឆ្វែល​មើល​ទៅ អឺ ផ្លូវ​ក្នុងក្រុង ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​ហ្នឹង ឬ​ក៏ឲ្យ រដ្ឋបាល​ស្រុក​នានា គាត់​ធ្វើ​របាយ​ការណ៍​មក​អំពី​ការ​ខូចខាត​ផ្លូវ​ហ្នឹង ហើយ​លើក​គម្រោង​ជួស​ជុល​ទៅ ព្រោះ​អី បើ​អញ្ចឹង​សម្រាប់​កន្លែង​ដែល​វាមាន​មធ្យោ​បាយ​ហើយ កន្លែង​ដែល​វា​មាន​ធនធាន​ហើយ​នោះ វា​ត្រូវ​តែ​ប្រញាប់​រួសរាន់​ដើម្បី​ជួស​ជុល អឺ ជង្ហុក​ទាំង​អស់​ហ្នឹង​​ឲ្យ​បាន​រៀប​ស្មើ ឲ្យ​បាន ល្អប្រសើរ ឲ្យ​មាន​គុណ​ភាព​ផង បាទ។ កុំ​ដែល​ទើប​ទៅ​លុប​ផ្លុកហ្នឹង ទើប​បាន​មួយ​ថ្ងៃ ពីរថ្ងៃ ឡាន​បើក​កិន​កាត់​កន្លែង​ហ្នឹង វាទៅ​ជា​កើត​ផ្លុក​ដដែល​វិញ​អ្ហា»។

លោក អ៊ិន គង់ជិត

បញ្ហា​ផ្លូវ​ខួច​នេះ មិនមែន​កើត​ឡើង​តែនៅ​ខេត្ត​សៀមរាប​មួយ​នោះ​ទេ កន្លងមក​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត និង​ក្រុង​ផ្សេង​ទៀត ដូចជា​នៅ​ខេត្ត​បាត់ដំបង​និង​ក្រុង​ភ្នំពេញ​ជាដើម ក៏រង​ការ​ខូចខាត​ច្រើន​ពី​បញ្ហា​ផ្លូវ​គ្មាន​គុណភាព ធ្វើ​ហើយ​ឆាប់ខូច ជាពិសេស​សម្បូរ​ដោយ​ផ្លូវ​សម្បុក​មាន់​តូចៗនៅ​លើ​ផ្លូវ។ ពួកគេ​ត្អូញត្អែរ​ថា អាជ្ញាធរ​ហាក់គ្មាន​ឆន្ទៈក្នុង​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជូន​ពលរដ្ឋ​ឡើយ។ សំណង់​មួយ​ចំនួន​ទៀត​ក៏​ធ្លាប់​រងការ​រិះគន់​ខ្លាំង​ពី​បញ្ហាការ​ជួល​ជុល មិន​បាន​ស្អាត បង្កគ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ជាដើម។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជម្រុញ​ឲ្យ​អាជ្ជាធរ​ពាក់ព័ន្ធ​គួរយក​ចិត្តទុក​ដាក់​បន្ថែម​លើ​ហេដ្ឋាន​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​នេះ ឆ្លើយតប​តម្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ ដោយ​ត្រូវ​​កសាង​ផ្លូវ​លំតូចៗ បំពេញ​បន្ថែម​នូវ​រណ្តៅ​ធំៗគ្រប់​ច្រក​ល្ហក​ទាំង​អស់ មិនមែន​សន្យា​ហើយ​ស្ងាត់ ទុក​ចោល​នោះទេ។ លោក​ថា ផ្លូវ​ថ្នល់​ស្អាត ធ្វើ​ដំណើរ​បាន​ប្រសើរ​ក៏ជា​កត្តា​ទាក់ទាញ​អ្នក​វិនិយោគ ភ្ញៀវ​ទេស​ចរណ៍​បន្ថែម​មក​កម្ពុជា និង​បង្កើន​ចំណូល​ជូន​ពលរដ្ឋ​ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ