

អ្នកវិភាគស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សិក្សាពីផលប៉ះពាល់នៃការបិទព្រំដែនជាមួយថៃដោយឯករាជ្យ ជាជាងគ្រាន់តែនិយាយថា គ្មានផលប៉ះពាល់។ ការលើកឡើងនេះគឺក្រោយពីលោក ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ទោះបីជាប្រទេសថៃបានបិទព្រំដែនជិតមួយឆ្នាំក៏ដោយ ក៏កម្ពុជាមិនស្លាប់នោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ។
អ្នកវិភាគលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែសិក្សាពីផលប៉ះពាល់សេដ្ឋកិច្ច និងបញ្ហាជីវភាពរបស់ពលរដ្ឋនៅតាមព្រំដែនដោយឯករាជ្យ និងមានអំណះអំណាងច្បាស់លាស់ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាជាក់ស្ដែង ក្រោយពីភាគីថៃបានសម្រេចបិទច្រកព្រំដែនជាឯកតោភាគីជិតមួយឆ្នាំមកនេះ។
ពួកគាត់ថា កន្លងមក ប្រជាពលរដ្ឋតែងតែឮរដ្ឋាភិបាលលើកឡើងថា «កម្ពុជាមិនស្លាប់» ហើយជីវភាពពលរដ្ឋកាន់តែប្រសើរឡើង។ ប៉ុន្តែជាក់ស្ដែង ពលរដ្ឋមួយចំនួនបានបាត់បង់ចំណូលស្ទើរទាំងស្រុង និងស្ទើរតែគ្មានអាហារហូបចុកគ្រប់គ្រាន់ដោយសារតែការបិទព្រំដែននេះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែវិច្ឆិកា ថា ការដែលរដ្ឋាភិបាលអះអាងថា កម្ពុជាមិនស្លាប់ ទោះបីជាថៃបានបិទច្រកព្រំដែនជាមួយកម្ពុជា គឺជារឿងត្រឹមត្រូវ ព្រោះកម្ពុជាបានពង្រីកទីផ្សារនាំចូល និងនាំចេញទំនិញទៅកាន់ប្រទេសវៀតណាម ចិន និងប្រទេសមួយចំនួនទៀត។ ក្រៅពីនេះ លោកថា ក៏មានការកើនឡើងនៃសហគ្រាសធុនតូចនិងធំមួយចំនួននៅក្នុងស្រុកផងដែរ ក្រោយពីមានការបិទច្រកព្រំដែនជាមួយថៃ។
ប៉ុន្តែលោកថា រដ្ឋាភិបាលមិនគួរមើលរំលងផលប៉ះពាល់នៃការបិទច្រកព្រំដែន ដែលកំពុងគំរាមកំហែងដល់ជីវភាពពលរដ្ឋនោះទេ។ ជាពិសេស រដ្ឋាភិបាលត្រូវពិនិត្យមើលថា តើប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូលកើនឡើង និងមានលទ្ធភាពរស់នៅប្រសើរជាងមុនឬអត់។
ទន្ទឹមគ្នានេះ លោកថា កម្ពុជាមិនគួរវាស់វែងស្ថានភាពសេដ្ឋកិច្ចតែតាមបរិមាណផលិតកម្មក្នុងស្រុកដែលកើនឡើង និងការនាំចេញទៅកាន់ប្រទេសដទៃក្រៅពីថៃនោះទេ។ លោកបញ្ជាក់ថា ចាប់តាំងពីកម្ពុជា និងថៃមានជម្លោះព្រំដែន រហូតដល់ការបិទច្រកព្រំដែន និងលែងមានការរកស៊ីជាមួយគ្នា កម្ពុជានៅមិនទាន់មានទិន្នន័យច្បាស់លាស់ ដែលបង្ហាញថា ប្រទេសខាតបង់ ឬទទួលបានផលចំណេញយ៉ាងណានោះទេ។ ដូច្នេះ លោកថា រដ្ឋាភិបាលគួរតែសិក្សាពីផលប៉ះពាល់ និងផលអវិជ្ជមានដែលកើតមាន ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោកអះអាងថា ការប្រើប្រាស់វោហារសាស្ត្រនយោបាយរបស់រដ្ឋាភិបាលគឺជារឿងមួយ ប៉ុន្តែការគិតគូរពីជីវភាព ប្រាក់ចំណូល និងស្ថិរភាពការងារប្រចាំថ្ងៃរបស់ពលរដ្ឋ គឺជាបញ្ហាចម្បងដែលរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញ។
«យើងសួរថាតើពលករខ្មែរដែល១លាននាក់ ឥឡូវនេះមានការងារធ្វើប៉ុន្មាន ហើយជីវភាពយ៉ាងណា គឺយើងអត់ទាន់បានការស្រាវជ្រាវ ឬការស្ទឹងមតិ ដើម្បីរកដំណោះស្រាយ វិបត្តិយ៉ាងណានោះ ពុំទាន់បានធ្វើនៅឡើយទេ។ ហើយអ្នកដែលបាត់បង់ផ្ទះសម្បែង និងការងារនៅតាមព្រំដែន ដោយសារតែជម្លោះព្រំដែននោះថាតើ យើងបានដោះស្រាយយ៉ាងម៉េច នេះគឺជាកិច្ចការងារដែលយើងត្រូវឆ្លុះបញ្ចាំង»។
លោក ឯម សុវណ្ណារ៉ា
ការលើកឡើងនេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានអះអាងថា ចាប់តាំងពីថៃបានបិទព្រំដែនមក កម្ពុជាបានបង្វែរផលិតកម្មក្នុងស្រុកជាច្រើន ជាពិសេសផលិតផលកសិកម្ម នាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតបានទាន់ពេលវេលា ទាំងតាមផ្លូវទឹក និងផ្លូវគោក។ លោកបញ្ជាក់ថា កម្ពុជាមិនត្រូវការឱ្យថៃបើកច្រកព្រំដែនឡើងវិញនោះឡើយ ព្រោះកម្ពុជាមិនស្លាប់នោះទេ។
«យើងមិនមានតម្រូវការបើកស្អីនោះទេ។ ពីណាថាបិទឱ្យឲ្យយើងស្លាប់ កម្ពុជាអត់ស្លាប់ទេ ប៉ុន្តែផ្ទុយទៅវិញ ការបិទគឺជាឱកាស។ ការបង្កើតការលំបាក ធ្វើឲ្យយើងមើលខ្លួនឯង ពង្រឹងខ្លួនឯង ដើម្បីរឹងមាំខ្លួនឯងជាឱកាសមាស។ គេថាពេលខ្លះសុខ យើងអត់បានគិត ទាល់តែលំបាកបានប្រឹង។ របង២ ម៉ែត្រធម្មតា គ្រាន់តែឃើញដួលបាត់ហើយ អត់លោតទេ តែបើឆ្កែដេញ លើកលោតរួច។ បើយើងមិនប្រឹង យើងត្រូវស្លាប់ យើងត្រូវឆ្កែខាំ យើងត្រូវរបួស អញ្ចឹងយើងគេថាបដិសេធនឹងនៅស្លាប់ យើងត្រូវរួមគ្នា ធ្វើស្អីផ្សេង»។
លោក ហ៊ុន ម៉ាណែត
ទោះជាមានការអះអាងបែបនេះក្ដី អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាវោហារសាស្ត្រដើម្បីទាក់ទាញការចាប់អារម្មណ៍ផ្នែកនយោបាយ ប៉ុន្តែលោកមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយពីផលប៉ះពាល់នៃការបិទច្រកព្រំដែននេះឡើយ។ ជាពិសេស លោកបានមើលរំលងពីជីវភាពពលរដ្ឋនៅតាមព្រំដែន និងអាជីវកម្មខ្នាតតូច និងធំជាច្រើនដែលត្រូវបានបិទទ្វារ ដូចជារោងចក្រកាត់ដេរជាច្រើននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម។
ពួកគេថា បញ្ហាធំមួយទៀត គឺការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ។ ការសិក្សារបស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា ពលករខ្មែរប្រមាណ ៩០ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញនៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥។ ការវិលត្រឡប់របស់ពលករទាំងនេះបានធ្វើឱ្យទីផ្សារការងារក្នុងស្រុកប្រឈមនឹងសម្ពាធកាន់តែខ្លាំង ដោយសារតម្រូវការការងារកើនឡើង ដែលធ្វើឱ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើសមរម្យ។
ការសិក្សារបស់វិទ្យាស្ថាន ISEAS–Yusof Ishak ដែលចេញផ្សាយនៅខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ប្រាក់ចំណូលប្រចាំខែរបស់ពលករមួយចំនួនដែលត្រឡប់មកពីថៃវិញបានធ្លាក់ចុះយ៉ាងខ្លាំង។ ការស្ទង់មតិដំបូងក្រោយជម្លោះបានបង្ហាញថា ពលករជាច្រើនប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូល ៤០ភាគរយ ឬច្រើនជាងនេះ បើធៀបនឹងពេលធ្វើការនៅថៃ។
ទោះបីជាក្រោយមកមានពលករមួយចំនួនរកការងារថ្មីបានក៏ដោយ ក៏ការបាត់បង់ប្រាក់ចំណូលពីមុននៅតែជាបញ្ហាសម្រាប់គ្រួសាររបស់ពួកគេ។ ចំណែករបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមចំណងជើងថា «ផលប៉ះពាល់នៃការបិទព្រំដែនលើសេដ្ឋកិច្ចកម្ពុជា៖ ការវិភាគតាមគំរូសេដ្ឋកិច្ច» បានបង្ហាញថា នៅឆ្នាំ២០៣០ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាអាចខ្ពស់ជាងពេលដែលគ្មានការបិទព្រំដែនប្រមាណ ១,៥ភាគរយ ហើយការងារសរុបអាចកើនឡើងប្រមាណ ៣,៩ភាគរយ។ ប៉ុន្តែទន្ទឹមនឹងនេះ GDP សម្រាប់មនុស្សម្នាក់អាចទាបជាងកម្រិតដែលគួរតែទទួលបានប្រមាណ ១ភាគរយ ហើយការប្រើប្រាស់ជាក់ស្ដែងសម្រាប់មនុស្សម្នាក់អាចធ្លាក់ចុះប្រមាណ ៥,៤ភាគរយ បើធៀបនឹងពេលដែលគ្មានការបិទព្រំដែន។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ការរីកចម្រើនរបស់សហគ្រាសក្នុងស្រុកមួយចំនួន ក្រោយពីថៃបិទព្រំដែន មិនមានន័យថា ពលរដ្ឋទូទាំងប្រទេសទទួលបានផលប្រយោជន៍នោះទេ។ លោកថា លោក ហ៊ុន ម៉ាណែត គួរតែចុះទៅស្ដាប់ដោយផ្ទាល់ពីពលរដ្ឋ អាជីវករ កសិករ និងពលករនៅតាមតំបន់ព្រំដែន ដែលកំពុងបាត់បង់ការងារ មុខរបរ និងប្រាក់ចំណូល។ អ្នកខ្លះឈានដល់ការលក់ដីធ្លី និងផ្ទះសម្បែង ដើម្បីដោះស្រាយបញ្ហាជីវភាព និងបំណុល។
លោកសង្កត់ធ្ងន់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គួរទទួលស្គាល់បញ្ហា និងស្វែងរកដំណោះស្រាយ ជាជាងនិយាយបង្ហាញពីភាពរឹងមាំរបស់រដ្ឋាភិបាល ដោយមើលរំលងការលំបាករបស់ពលរដ្ឋ។
លោក សេង វណ្ណលី បន្ថែមថា មុននឹងលោក ហ៊ុន ម៉ាណែត វាយតម្លៃថា កម្ពុជាកាន់តែរឹងមាំដោយសារការបិទព្រំដែន លោកគួរមានទិន្នន័យច្បាស់លាស់ និងការសិក្សាដោយឯករាជ្យមកបញ្ជាក់។ លោកបន្តថា រដ្ឋាភិបាលគួរសិក្សាថា តើមានពលរដ្ឋប៉ុន្មាននាក់បាត់បង់ការងារ អាជីវកម្មប៉ុន្មានត្រូវបិទទ្វារ គ្រួសារប៉ុន្មានធ្លាក់ចូលក្នុងវិបត្តិបំណុល កសិករប៉ុន្មាននាក់បាត់បង់ទីផ្សារ និងពលករប៉ុន្មាននាក់ត្រូវបង្ខំចិត្តត្រឡប់ទៅធ្វើការនៅថៃដោយខុសច្បាប់។
លោកបន្តថា ជាក់ស្ដែង ការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ជាច្រើនបានបង្ហាញថា ការបិទព្រំដែនបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា លើសពីវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដូច្នេះ លោកថា លោក ហ៊ុន ម៉ាណែត មិនគួរយកភាពជោគជ័យរបស់អាជីវករមួយចំនួនមកធ្វើជាមូលដ្ឋានសម្រាប់វាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះទេ។ ការដឹកនាំប្រទេសត្រូវផ្អែកលើទិន្នន័យ និងការពិត មិនមែនផ្អែកលើអារម្មណ៍ មោទនភាពជាតិនិយម ឬការឃោសនានយោបាយនោះឡើយ។
«ចំពោះដំណោះស្រាយ ខ្ញុំយល់ថា លោក ហ៊ុន ម៉ាណែត គួរបញ្ឈប់ការប្រើប្រាស់សារនយោបាយប្រជាភិថុតិ ហើយបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីឈានទៅរកការបើកច្រកព្រំដែនឡើងវិញជាបណ្ដើរៗ ក្រោមលក្ខខណ្ឌដែលធានាបាននូវសន្តិសុខ និងការគោរពអធិបតេយ្យភាពរបស់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលគួរមានវិធានការបន្ទាន់ ដូចជា ការជួយសម្រួលការសងបំណុលធនាគារ ការបង្កើតការងារ ការផ្ដល់ជំនួយដល់គ្រួសារដែលបាត់បង់ប្រាក់ចំណូល និងការស្វែងរកទីផ្សារសម្រាប់កសិករ»។
លោក សេង វណ្ណលី
អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនគួរយកការបិទព្រំដែនធ្វើជាឱកាសបង្ហាញតែភាពរឹងមាំផ្នែកនយោបាយ ឬជាតិនិយមនោះទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈសមត្ថភាពដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋជាក់ស្ដែង។ ព្រោះការការពារជាតិមិនអាចវាស់វែងតែតាមសមត្ថភាពការពារព្រំដែនបានឡើយ ប៉ុន្តែត្រូវវាស់វែងតាមសមត្ថភាពការពារសន្តិសុខសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងសេចក្ដីថ្លៃថ្នូរនៃជីវិតប្រជាពលរដ្ឋផងដែរ។
លោក សេង វណ្ណលី បន្ថែមថា លោក ហ៊ុន ម៉ាណែត គួរយល់ថា ប្រជាពលរដ្ឋមិនអាចយកសារជាតិនិយមទៅចិញ្ចឹមគ្រួសារ ឬសងបំណុលធនាគារបានទេ។ ភាពរឹងមាំពិតប្រាកដរបស់ប្រទេស គឺស្ថិតនៅលើជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ មិនមែនស្ថិតនៅលើសម្តីរបស់មេដឹកនាំនោះទេ៕









