បណ្ដាញ​ឆបោក​នៅ​កម្ពុជា​បំបែក​ខ្លួន​ជា​បណ្ដុំ​តូចៗ ខណៈមន្ត្រី​កាង​ពី​ក្រោយ​បន្ត​រស់​ក្រៅ​សំណាញ់​ច្បាប់

0
62
ស្នងការរងនគរបាលជាតិ លោក ​យឹម លាង (ឆ្វេង) និងលោក តេង ភីពីង (Teng Pibing) ​​ជនសង្ស័យបទឧក្រិដ្ឋឆបោកអនឡាញ។ រូប៖ បណ្ដាញសង្គម
ស្នងការរងនគរបាលជាតិ លោក ​យឹម លាង (ឆ្វេង) និងលោក តេង ភីពីង (Teng Pibing) ​​ជនសង្ស័យបទឧក្រិដ្ឋឆបោកអនឡាញ។ រូប៖ បណ្ដាញសង្គម

វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​កិច្ចការ​អន្តរជាតិ (AIIA) លើកឡើង​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ក្លាយ​ជា​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដ៏​ធំ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម ដើម្បី​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​ក្នុង​ស្ថាន​ភាព​ដូច​ជា​ទាសករ។ វិទ្យាស្ថាន​អន្តរជាតិ​ដដែល​បញ្ជាក់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​នៅ​តែ​អាច​បន្ត​ប្រតិបត្តិការ​ដោយ​បំបែក​ខ្លួន​ជា​ទីតាំង​តូចៗ និង​ផ្លាស់ប្ដូរ​ទៅ​តំបន់​ផ្សេងៗ។

វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​កិច្ចការ​អន្តរជាតិ (AIIA) នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដោយ​លើកឡើង​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ក្លាយ​ជា​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ និង​មនុស្សធម៌​មិន​ធ្លាប់​មាន​ពី​មុន​មក។

របាយការណ៍​ដដែល​បញ្ជាក់​ថា បរិវេណ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​សម្បើម​ដែល​គេ​ស្គាល់​ថា ជា «ទីក្រុង​ឆបោក» ដែល​ភាគ​ច្រើន​គ្រប់គ្រង​ដោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់​ជនជាតិ​ចិន​កំពុង​ផ្លាស់ប្ដូរ​តុល្យភាព​សន្តិសុខ​ក្នុង​តំបន់​រួម​មាន កម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​ហ្វីលីពីន។

របាយការណ៍​ដដែល​ក៏​បាន​ដក​ស្រង់​ការ​ប៉ាន់​ប្រមាណ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ថា ឧស្សាហកម្ម​ឆបោក​នៅ​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ជាង ១២ពាន់​លាន​ដុល្លារ រហូត​ដល់​ជិត ២០ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា ចំណូល​ជាក់ស្ដែង​អាច​ខ្ពស់​ជាង​នេះ ដោយសារ​តួលេខ​ពិបាក​ផ្ទៀងផ្ទាត់ ខណៈ​បណ្ដាញ​ឧក្រិដ្ឋជន​លាក់បាំង​លំហូរ​ប្រាក់​ភាគច្រើន​តាមរយៈ​រូបិយប័ណ្ណ​ឌីជីថល និង​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស។

អ្នក​វិភាគ​ភូមិសាស្ត្រ​នយោបាយ និង​ជា​សមាជិក​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ (IISS) លោក ថូម៉ាសសូ ហ្វ្រង់កូ (Tommaso Franco) បាន​លើកឡើង​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​កិច្ចការ​អន្តរជាតិ (AIIA) ថា បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ប្រើ​ការ​ផ្សព្វផ្សាយ​ការងារ​ក្លែងក្លាយ​តាម​បណ្ដាញ​សង្គម ដើម្បី​បោកបញ្ឆោត​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​មក​ធ្វើ​ការ​នៅ​កម្ពុជា ដោយ​សន្យា​ផ្ដល់​ប្រាក់​ខែ​ខ្ពស់។ ប៉ុន្តែ ពេល​មក​ដល់ ពួកគេ​ត្រូវ​បាន​ដក​ហូត​លិខិត​ឆ្លងដែន និង​ទូរស័ព្ទ ព្រម​ទាំង​បង្ខាំង​ក្នុង​អគារ​ដែល​មាន​សន្តិសុខ​យាមកាម​តឹងរ៉ឹង ដើម្បី​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។

អ្វី​ដែល​កាន់​តែ​រន្ធត់​នោះ ជនរងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​លើស​ពី ១៦ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​រង​ការ​វាយ​ដំ ធ្វើ​ទារុណកម្ម រំលោភ​បំពាន​ផ្លូវ​ភេទ ព្រម​ទាំង​បង្ខំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន។ ចំណែក អ្នក​ដែល​មិន​អាច​សម្រេច​គោលដៅ​ឆបោក​ប្រចាំ​ថ្ងៃ ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ហិង្សា និង​ការ​ឃុំឃាំង​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក។

វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​កិច្ចការ​អន្តរជាតិ (AIIA) វាយ​តម្លៃ​ថា ទោះ​បី​រដ្ឋាភិបាល​កម្ពុជា​បង្ក្រាប​ទីតាំង​ឆបោក និង​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ក៏​ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន និង​មហាសេដ្ឋី​ឧកញ៉ា​ខ្មែរ​ដែល​ត្រូវ​បាន​ចោទ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ឧស្សាហកម្ម​ឆបោក​ទាំង​នេះ នៅ​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់ និង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ។

លោក ថូម៉ាសសូ ហ្វ្រង់កូ (Tommaso Franco) ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​មិន​បង្កើន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​អាច​គ្រាន់​តែ​ផ្អាក​សកម្មភាព​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ក្រោយ​មក​ពួកគេ​នឹង​បន្ត​ប្រតិបត្តិការ​ឡើង​វិញ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទម្រង់​កាន់​តែ​បិទបាំង និង​ពិបាក​តាម​ដាន។

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល និង​បណ្ដាញ​ឆបោក​ក៏​មិន​បាន​រលាយ​បាត់​នោះ​ដែរ ប៉ុន្តែ​ក្រុម​ឧក្រិដ្ឋជន​បាន​ផ្លាស់ប្ដូរ​ទម្រង់​ប្រតិបត្តិការ ដោយ​បំបែក​ជា​មជ្ឈមណ្ឌល​ខ្នាត​តូចៗ និង​លាក់​ខ្លួន​ក្នុង​អគារ​ខុនដូ ការិយាល័យ សាលារៀន និង​ភោជនីយដ្ឋាន ជំនួស​ឱ្យ​ការ​ប្រមូល​ផ្ដុំ​ក្នុង​បរិវេណ​អគារ​ធំៗ​ដូច​ពេល​កន្លង​ទៅ។ មិន​តែ​ប៉ុណ្ណោះ បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ក៏​កំពុង​ពង្រីក​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស ឡាវ មីយ៉ាន់ម៉ា និង​ហ្វីលីពីន និង​ប្រទេស​មួយ​ចំនួន​ទៀត ក្រៅ​តំបន់​អាស៊ីអាគ្នេយ៍​ថែម​ទៀត​ផង។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មិន​​គួរ​បន្ត​នៅ​ស្ងៀម និង​បណ្ដែត​បណ្ដោយ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ជម្រក​ឧក្រិដ្ឋកម្ម​ឆបោក​ត​ទៅ​ទៀត​ឡើយ។ អ្នកស្រី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក រួម​កម្លាំង​សាមគ្គី និង​ធ្វើ​សកម្មភាព​តស៊ូ​មតិ​តាម​បែប​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន តាមរយៈ​សិទ្ធិ​បោះឆ្នោត​រប​ស់ខ្លួន។

«យើង​ជា​ខ្មែរ កាន់​សញ្ជាតិ​អ្វី​ក៏​ដោយ យើង​នៅ​ក្រៅ​ប្រទេស យើង​ត្រូវ​តែ​មាន​កាតព្វកិច្ច តួនាទី​ការពារ ថែរក្សា ផល​ប្រយោជន៍​ប្រទេស​ជាតិ​យើង ហើយ​បើសិនជា​យើង​នៅ​ស្ងាត់ស្ងៀម យើង​ទុក​ឱ្យ​អន្តរជាតិ​គេ​មក​ជួយ​យើង គេ​ធ្វើ​ការ​ឱ្យ​យើង ទៅ​អត់​រួច​ទេ។ យើង​មិនមែន​ជា​ជន​ឧក្រិដ្ឋ យើង​មិនមែន​ជា​ឧទ្ទាម យើង​មិនមែន​ជា​ជន​ក្បត់​ជាតិ បើសិនជា​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​រួម​កម្លាំង​គ្នា ការពារ​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា ការពារ​បូរណភាព​ទឹកដី​ខ្មែរ​យើង យើង​ជា​អ្នក​ដែល​យក​លទ្ធិ​ប្រជាធិបតេយ្យ យក​មក​អនុវត្ត ហើយ​ចង់​ឱ្យ​មាន​ការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជាតិ​យើង»។

អ្នកស្រី មូរ សុខហួរ

ថ្វីត្បិត​អាជ្ញាធរ​បន្ត​បង្ក្រាប​ទីតាំង​ឆបោក​តូចៗ​ស្ទើរ​រាល់​ថ្ងៃ​ក៏​ដោយ ក៏​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក ដែល​ភាគច្រើន​ដឹកនាំ​ដោយ​ជនជាតិ​ចិន នៅតែ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន ដោយ​ផ្សព្វផ្សាយ​ជ្រើសរើស​មនុស្ស​តាម​បណ្ដាញ​សង្គម​ឱ្យ​ទៅ​ធ្វើ​ជា​អ្នក​ឆបោក​ពី​តាម​ផ្ទះ។

ថ្មីៗនេះ សភា​តំណាង​រាស្ត្រ​សហរដ្ឋអាមេរិក​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​លេខ H.R. 5490 ស្ដីពី​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​បរទេស និង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ពិនិត្យ​តាម​នីតិវិធី មុន​ឈាន​ទៅ​ដល់​ការ​ចុះ​ហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ប្រធានាធិបតី​អាមេរិក។

សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ប្រឆាំង​នឹង​បណ្ដាញ​មេខ្លោង​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ និង​ការ​ឆបោក​យក​ប្រាក់​ពី​ពលរដ្ឋ​អាមេរិក។ ច្បាប់​នេះ​ក៏​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ជនបរទេស​ដែល​ជា​ម្ចាស់​អគារ អ្នក​គ្រប់គ្រង ឬ​អ្នក​គាំទ្រ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ផ​ងដែរ។

ក្រុម​អ្នក​ឃ្លាំមើល និង​អ្នក​វិភាគ​លើកឡើង​ថា នៅ​ពេល​ច្បាប់ H.R. 5490 ស្ដីពី​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​បរទេស​ចូល​ជា​ធរមាន សហរដ្ឋអាមេរិក​នឹង​មាន​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​ចាត់​វិធានការ​លើ​មេខ្លោង​ឧក្រិដ្ឋកម្ម​សំខាន់ៗ​នៅ​កម្ពុជា។ ពួកគាត់​មើល​ឃើញ​ថា អាមេរិក​អាច​បន្ត​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់​លើ​សាច់​ញាតិ​លោក ហ៊ុន សែន រួមមាន លោក ហ៊ុន តូ លោក នេត សាវឿន លោក ឌី វិជ្ជា និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត ដែល​សមាជិក​សភា​អាមេរិក​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម ដោយសារ​តែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ