

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាជាថ្មីទៀតថា នឹងបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យដល់ឫសគល់ចេញពីទឹកដីកម្ពុជា។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាមួយរូបទៀតមកពីគណបក្សកាន់អំណាចគឺឧកញ៉ា កុក អាន និងបណ្ដាញបក្ខពួកខ្លួន ២៨នាក់ទៀតដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញលក្ខណៈអន្តរជាតិ។ អ្នកឃ្លាំមើលថា ការប្រកាសរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើឡើងឱ្យតែល្អមើល និងដើម្បីបំភ័ន្តភ្នែកអន្តរជាតិដោយសារតែមិនបង្ក្រាបជាក់ស្ដែងលើឧកញ៉ា និងមន្ត្រីកំពូលៗជាមេខ្លោងនៅពីក្រោយឧក្រិដ្ឋកម្មនេះ។
រដ្ឋាភិបាលត្រកូល ហ៊ុន បានប្រកាសដោយបញ្ជាក់ជំហរដាច់ខាតកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលកំពុងបំផ្លាញដល់សន្តិសុខសង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេសលើឆាកអន្តរជាតិ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាស្ដីពីការបង្ក្រាបបទល្មើសបច្ចេកវិទ្យានៅរសៀលថ្ងៃទី២៤ ខែមេសា ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមន្ត្រីកងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យបង្ក្រាបឱ្យដល់ឫសគល់នៃបណ្ដាញដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញដោយគ្មានការលើកលែង។ ជាមួយគ្នានេះ លោកថា ការបង្កើត «ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ថ្មីៗនេះក៏ដើម្បីបំពេញចន្លោះប្រហោងនៃច្បាប់ព្រហ្មទណ្ឌ និងបង្កើនស្ថានទម្ងន់ទោសលើជនល្មើស។
ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលក៏បដិសេធចំពោះការចោទប្រកាន់ថា កម្ពុជាជាជម្រកនៃឧក្រិដ្ឋកម្មអនឡាញ ដោយអះអាងថា កម្ពុជាខ្លួនឯងក៏ជាជនរងគ្រោះនៃឧក្រិដ្ឋកម្មឆ្លងដែននេះ និងកំពុងបង្កើតនូវយុទ្ធនាការបង្ក្រាប។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សាធារណជន និងសហគមន៍អន្តរជាតិ ចូលរួមកិច្ចសហប្រតិបត្តិការ និងស្នើឱ្យជួយគាំទ្រដល់រដ្ឋាភិបាលក្នុងការលុបបំបាត់អំពើឆបោកតាមអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។
ការប្រកាសរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះគឺធ្វើឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ ខែមេសា បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្ដាញបក្ខពួកសរុបចំនួន ២៨ នាក់ រួមទាំងអង្គភាពពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញលក្ខណៈអន្តរជាតិ។ អាមេរិកបញ្ជាក់ថា ក្រុមហ៊ុន និងអចលនទ្រព្យជាច្រើនរបស់លោក កុក អាន នៅកម្ពុជាត្រូវបានប្រើជាទីតាំងសម្រាប់ប្រតិបត្តិការបោកប្រាស់ និងអំពើជួញដូរមនុស្ស។ កាន់តែអាក្រក់ជាងនេះ ជនរងគ្រោះមួយចំនួនត្រូវបានបង្ខំឱ្យ ធ្វើការបោកប្រាស់ក្រោមការគំរាមកំហែង ទទួលរងការធ្វើទារុណកម្ម និងអំពើហិង្សា។
ទាក់ទងនឹងរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលចុងក្រោយនេះគឺជារូបភាពដដែលៗ គ្មានប្រសិទ្ធភាព និងបង្កើតឡើងឱ្យគ្រាន់តែល្អមើលតែប៉ុណ្ណោះ។ លោករិះគន់ថា ចំណាត់ការរបស់មេដឹកនាំក្រុងភ្នំពេញមិនបានបង្ក្រាបឱ្យចំគោលដៅមេខ្លោងធំៗពិតប្រាកដដែលនៅពីក្រោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ ទើបឧក្រិដ្ឋកម្មនេះនៅតែបន្តកើតឡើងដដែល។
«ដូច្នេះត្រូវតែហ៊ានចាត់វិធានការត្រូវតែហ៊ានអាកាត់ ទោះបីជាជាសាច់ញាតិរបស់មេដឹកនាំក៏ដោយក៏ត្រូវតែចាត់វិធានការឱ្យខានតែបាននោះខ្ញុំជឿជាក់ថា សហគមន៍អន្តរជាតិគេក៏អាចជឿទុកចិត្តបានដែរបើសិនជាចំណាត់ការតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជាយើងធ្វើឡើងដោយមានភាពម៉ឺងម៉ាត់ត្រឹមត្រូវច្បាស់លាស់បែបហ្នឹង»
រយៈពេលជាង ៩ខែចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើឆបោកតាមអនឡាញជាង ២៥០ករណី និងបានបញ្ជូនជនសង្ស័យចម្រុះជាតិសាសន៍ជាង ១ពាន់នាក់ទៅតុលាការ។ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាក៏បានបណ្ដេញជនបរទេសពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មអនឡាញជាង ១៣ម៉ឺននាក់ចេញពីកម្ពុជា រីឯ ជនបរទេសចម្រុះជាតិសាសន៍ជាង ២៤ម៉ឺននាក់ផ្សេងទៀតបានចាកចេញពីកម្ពុជាដោយខ្លួនឯង។
យុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលត្រកូល ហ៊ុន កន្លងមក រងការរិះគន់ថា ផ្ដោតតែលើការបិទទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញប៉ុណ្ណោះ ចំណែកឥស្សរជនដែលជាមេខ្លោងធំៗនៅពីក្រោយឧក្រិដ្ឋកម្មនេះមិនត្រូវបានចាប់ខ្លួន ឬយកមកផ្ដន្ទាទោសឡើយ។
អ្នកឃ្លាំមើលយល់ថា ការមិនអើពើបង្ក្រាប ឬស៊ើបអង្កេតលើឥស្សរជននយោបាយ និងអ្នកមានអំណាចដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ឧក្រិដ្ឋជននឹងកាន់តែពង្រីកបណ្ដាញឆបោក និងពិបាកទប់ស្កាត់ក្នុងរយៈពេលវែង៕









