កម្ពុជា​ស្នើ​​ថៃ​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​ក្រោយ​ថៃ​មាន​រដ្ឋាភិបាល​ថ្មី

0
24
កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ថៃ (ឆ្វេង) និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។ រូប៖ Pressocm
កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ថៃ (ឆ្វេង) និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។ រូប៖ Pressocm

រដ្ឋលេខាធិការដ្ឋាន​ព្រំដែន​កម្ពុជា នៅ​សប្ដាហ៍​នេះ បាន​ដាក់​លិខិត​ជាថ្មី ស្នើ​ឱ្យ​ភាគី​ថៃ​ចូល​តុ​ចរចា រក​ដំណោះស្រាយ បញ្ហា​ព្រំដែន តាមរយៈ​កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​JCBរវាង​ប្រទេស​ទាំងពីរ ក្រោយពី​ភាគី​ថៃ មាន​រដ្ឋាភិបាល​ថ្មី​។ អ្នកឃ្លាំមើល​ថា កម្ពុជា នៅតែ​ពិបាក​ក្នុង​ការ​ហៅ​ភាគី​ថៃ ឱ្យ​ចូល​តុ​ចរចា បើ​ទោះ​មាន​រដ្ឋាភិបាល​ថ្មី​ក្ដី ព្រោះ​ភាគី​ថៃ មិន​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា ដែល​ពួកគេ វាយ​ដណ្ដើម​យក​បាន​នោះ​ឡើយ។

ក្រោយពី​ភាគី​ថៃ​បាន​បើក​ការវាយប្រហារ​ឈ្លានពាន​ទឹកដី​ខ្មែរ​បានជា​ច្រើន​កន្លែង និង​សម្លាប់​ទាហាន​ខ្មែរ រួម​នឹង​បំផ្លិចបំផ្លាញ លំនៅឋាន​របស់​ជន​ស៊ីវិល​ខ្មែរ អស់​ជាច្រើន​ពាន់​ខ្នង រួចមក ភាគី​ថៃ​តែងតែ​គេចវេះ មិន​ចូល​តុ​ចរចា​ជាមួយ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នោះ​ឡើយ ខណៈ​ដែល​កម្ពុជា​វិញ​ក៏​ពុំ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ ដែល​ធ្វើ​ឱ្យ​ភាគី​ថៃ ចេះតែ​មិន​ខ្វល់​ហើយ​រក​លេស​មិន​ចេះ​ឈប់ និង​មិន​ឱ្យ​តម្លៃ មក​លើ​កម្ពុជា។

រដ្ឋលេខាធិការដ្ឋាន​ព្រំដែន​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែមេសា បាន​ផ្សព្វផ្សាយ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​លើ​គណនី​ហ្វេសប៊ុក ដោយមាន​ខ្លឹមសារ​ថា កន្លងមក គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ភាគី​កម្ពុជា បាន​បញ្ជូន​កំណត់​ទូត​ជាច្រើនលើក​ទៅ​គណៈកម្មការ JBC ភាគី​ថៃ ដើម្បី​ស្នើ​រៀបចំ​កិច្ចប្រជុំ​ពិសេស​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ប៉ុន្តែ​ភាគី​ថៃ​បាន​ឆ្លើយតប​ដោយ​ស្នើ​លើក​ពេល​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​រង់ចាំ នីតិវិធី​ផ្ទៃក្នុង​ដើម្បី​តែងតាំង សមាសភាព JBC ថ្មី​របស់​ខ្លួន ក្រោយ​ពី​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី ត្រូវ​បាន​បង្កើត​ឡើង។

ទោះ​យ៉ាងណា​ណា នៅ​ថ្ងៃទី៧ ខែមេសា​នេះ​គណៈកម្មការ IBC ភាគី​កម្ពុជា ក៏បាន​ស្នើ​សាជាថ្មី​ទៀត​ទៅ​គណៈកម្មការ IBC ភាគី​ថៃ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ពិសេស​បន្ទាន់ JBC និង​ជំរុញ​ឱ្យ​បន្ត​អនុវត្ត​ការងារ នៅ​លើ​ដី​ជាក់ស្ដែង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លងមក​។ សំណើ​ទាំងនោះ​រួមមាន កម្ពុជា​ស្នើ​ឱ្យ​រៀបចំ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC កម្ពុជា​-​ថៃ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ដល់​២២ ខែមេសា ស្ថិតនៅ​ខេត្ត​សៀមរាប។

សំណើ​មួយទៀត​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) នៃ​ភាគី​ទាំងពីរ​ចុះ​វាស់វែង លើ​ដី​ជាក់ស្ដែង នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២០ ដល់​២៤ ខែ​មេសា ដើម្បី​បន្ត​អនុវត្ត​ការងារ​វាស់វែង និង បោះបង្គោល​បណ្ដោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២-៤៧ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ បង្គោល លេខ ៥២-៥៩ ស្ថិត​ក្នុង​ភូមិសាស្ត្រ ស្រុក​កំរៀង ខេត្ត​បាត់ដំបង ជាដើម។

បន្ថែម​ពីលើ​ស​នោះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ក៏បាន​បញ្ជាក់​ថា គណៈកម្មការ JBC​ភាគី​កម្ពុជា ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ទៅ​នឹង​សកម្មភាព​ឈ្លានពាន កាន់កាប់​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ របស់​យោធា​ថៃ និង ការ​បន្ត​ធ្វើ​សកម្មភាព​រំលោភ បំពាន​លើ​បូរណភាព​ទឹកដី និង អធិបតេយ្យ​កម្ពុជា​។ ទន្ទឹមគ្នា​នោះ គណៈកម្មការ JBC ភាគី​កម្ពុជា ក៏ ប្រកាស​មិន ទទួលស្គាល់ ជាដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន ណាមួយ​ដែល​កើត​ចេញ​ពី​ការប្រើប្រាស់​កម្លាំង ទាំង​ពេល​កន្លង​មក ទាំង​បច្ចុប្បន្ន និង​អនាគត។

ទោះជា​យ៉ាងណា មកទល់​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ ភាគី​ថៃ​ឆ្លើយតប លិខិត​អញ្ជើញ​របស់​ភាគី​កម្ពុជា នៅឡើយ​ទេ​។ ប៉ុន្តែ តាមរយៈ​សារ ដាច់ដោយឡែក នៅ​ថ្ងៃទី​០៧ ខែមេសា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ អឌុល ប៊ុនធម្មចម្រើន (Adul Boonthamcharoen) បាន​ប្រាប់​សារព័ត៌មាន​ថៃ The Nationថា ភាគី​ថៃ​បាន​ត្រៀមលក្ខណៈ ផ្ទុះ​សង្គ្រាម​ជាមួយ​កម្ពុជា ជុំ​ទី​៣ គ្រប់​ពេល​វេលា ក៏ប៉ុន្តែ​លោក​ថា លទ្ធភាព ដែល​អាច​ផ្ទុះឡើង ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត។

បន្ថែម​ពីលើ​នោះ លោក​និយាយ​បែប​ឌឺដង​ថា ប្រសិនបើ​សង្គ្រាម​បាន​កើត​ឡើង​ម្ដង​ទៀត​ថា តើ សត្រូវ គឺ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ប្រយុទ្ធ​ជាមួយ​ប្រទេស​ថៃ​ហើយ ឬ​នៅ។

ចាប់តាំងពី​យោធា​ថៃ​បាន​ចូលកាន់​កាប់​ទឹកដី​ខ្មែរ ជាង​៥០​ទីតាំង​មក ភាគី​ថៃ ពុំ​សូវ​ឃើញ​និយាយ​រឿង ចូល​ទុក​ចរចា ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​កម្ពុជា​នោះ​ទេ ក្រៅ​តែ​ពី និយាយ​សារ​គំរាមកំហែង និង​ការ​បើក​កកាយ អំពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ដើម្បី​លាក់បាំង​នូវ​កំហុស​របស់​ខ្លួន​ដែល​ឈ្លានពាន​ទឹកដី​កម្ពុជា និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ជន​ស៊ីវិល​ខ្មែរ​អស់​រាប់ពាន់​ខ្នង បើ​ទោះ​បី​ជា​កម្ពុជា​ព្យាយាម​ស្នើ​ឱ្យ​ថៃ​ចូល​តុ​ចរចា​ជា​ច្រើនដង​ក្ដី។

ប្រធាន​ក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការដែល​ភាគី​កម្ពុជា​ពិបាក​ហៅ​ថៃ​ចូល​តុ​ចរចា ពុំ​មែន​ពាក់ព័ន្ធ​បញ្ហា​ផ្ទៃក្នុង​ថៃ​នោះ​ទេ ការពិត គឺ​ភាគី​ថៃ មិន​ចង់​ដោះស្រាយ​បញ្ហា ព្រំដែន​ជាមួយ​កម្ពុជា​តាមរយៈ​គណៈកម្ម​ការ​JBC​នោះ​ឡើយ ព្រោះ​ភាគី​ថៃ​បាន​កំណត់​រួចទៅ​ហើយ​ថា ពួកគេ​នឹង​មិន​ប្រគល់​ទឹកដី​ដែល​វាយ​ដណ្ដើម​បាន ឱ្យ​កម្ពុជា​វិញ​នោះ​ឡើយ​។ ទន្ទឹមគ្នា​នោះ លោក​ថា ប្រសិនបើ​ភាគី​ថៃ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ JBC ជាមួយ​ក្ដី ក៏​ភាគី​ថៃ​មិន​យល់ព្រម​វាស់វែង បោះបង្គោល​ព្រំដែន ស្របតាម សន្ធិសញ្ញា​បារាំង​-​សៀម ដែល​កម្ពុជា​ទាមទារ​នោះ​ដែរ​។ លោ​ក​ថា ជម្រើស​តែ​មួយ​គត់ ដែល​កម្ពុជា អាច​ដាក់​សម្ពាធ​ថៃ​បាន គឺ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង បង្កើន​សកម្មភាព​ការទូត​ឱ្យ​សកម្ម​បំផុត​លើ​ឆាក​អន្តរជាតិ។

លោក ម៉ែន ណាត៖ «ពិនិត្យ​ឱ្យ​មែនទែន​ទៅ​រដ្ឋាភិបាល​ខ្សោយ​។ មិន​ត្រឹមតែ​ខ្សោយ​ផ្នែក​វិស័យ​ការពារ​ជាតិ​ទេ ខ្សោយ​ក្នុង​ការ​សម្រេចចិត្ត​ទៀត រួម​នឹង​ខ្សោយ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​ស្របតាម​ច្បាប់​អន្តរជាតិ​។ ខ្សោយ​នេះ​នៅត្រង់​ខ្លាច​បាត់បង់​អំណាច​បច្ចុប្បន្ន​ហ្នឹង អ៊ីចឹង​ហើយ​បាន​ខំ​ការពារ​អំណាច​ជាជាង​ការពារ​ទឹកដី​ជាតិ»។

ស្របពេល​ភាគី​ថៃ​ព្យាយាម​អូស​បន្លាយ​មិន​ចូល​តុ​ចរចា​ជាមួយ​កម្ពុជា យោធា ព្រះសង្ឃ និង​ពលរដ្ឋ​ថៃ កំពុង​ញាប់ដៃ​ញាប់​ជើង ក្នុង​ការ​ធ្វើ​លេណដ្ឋាន ផ្លូវ​បេតុង និង​រូប​ព្រះពុទ្ធ​បដិមា នៅ​លើ​ដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ដែល​ពួកគេ ចង់​បង្ហាញ​ថា នេះ​ជា​ទឹកដី​របស់​ថៃ​អចិន្ត្រៃយ៍​។ បន្ថែម​ពីលើ​នោះ អ្នកឃ្លាំមើល ថា ភាគី​ថៃ​បានដឹង​ច្បាស់ ពី​ចំណុចខ្សោយ​របស់​កម្ពុជា​ថា មិនអាច​ប្រើ​កម្លាំងយោធា ទាមទារ​ទឹកដី ដែល​បាត់បង់​ទាំងនោះ​បានទេ ខណៈ កិច្ច​ការទូត​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ក៏​គ្មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ ធ្វើ​ឱ្យ​ភាគី​ថៃ​បន្ត​ពង្រីក សកម្មភាព​ឈ្លានពាន តាមរយៈ​ការ​ដើរ​រាយ​លួស​បន្លា និង​កសាង​ផ្លូវ​បេតុង ជាច្រើន ចូល​ក្នុង​ទឹក​ដី​ខ្មែរ កាន់តែ​ជ្រៅ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ