ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​គ្រោង​តវ៉ា​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ​ទៅ ICJ និង ដោះលែង​អ្នកទោស​មនសិការ

0
18
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ថ្នែងក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០២៣។ Photo Courtesy of AP

ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ប្រទេស​បារាំង គ្រោង​នឹង​ជួបជុំគ្នា​តវ៉ា​ទាមទារ​នៅ​ទីក្រុង​លីយ៉ុង (Lyon) ស្របពេល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​«​សុខភាព​តែមួយ​» នៅ​ប្រទេស​បារាំង​។ ពួកគាត់​ថា ការ​ជួបជុំ​នេះ​ធ្វើឡើង ដើម្បី​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ ទៅកាន់​តុលាការ​អន្តរជាតិ ពាក់ព័ន្ធ​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា និង​ទាមទារ​ឱ្យ​ដោះលែង អ្នក​ទោស​មនសិការ ទាំងអស់​ឱ្យ​មាន​សេរីភាព រួម​នឹង​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត គោរព​នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បង្រួបបង្រួម​ជាតិ​ឡើង​វិញ។

ខណៈ​ដែល​ទឹកដី ជាច្រើន​ទីតាំង​ត្រូវ​បាន​យោធា​ថៃ ឈ្លានពាន​យក ដោយ​ការ​បង្ក​សង្គ្រាម និង ការ​រាយ​លួស​បន្លា ចូល​ដី​ខ្មែរ ស្ទើរតែ​រាល់ថ្ងៃ ពលរដ្ឋ​ខ្មែរ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ចង់ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​«​ហ៊ុន​» ប្ដឹង​ថៃ​ទៅកាន់ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ទាមទារ​យក​ទឹកដី​ដែល​បាត់បង់​ទាំងនោះ​មកវិញ។

ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​លីយ៉ុង (Lyon) ប្រទេស​បារាំង លោកស្រី សារ៉ាំ យ៊ូ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែមេសា​ថា លោកស្រី និង​ពលរដ្ឋ​ខ្មែរ​ជាង ១០​នាក់​ផ្សេងទៀត គ្រោង​នឹង​ប្រមូល​ម្ដុំ​គ្នា​លើក​បដា​តវ៉ា​នៅ​ថ្ងៃទី៧ ខែ​មេសា ក្នុង​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​ស្ដីពី​«​សុខភាព​តែមួយ​» នៅ​ទីក្រុង​លីយ៉ុង ព្រោះ​កិច្ចប្រជុំ​នេះ មាន​វត្តមាន​មេដឹកនាំ​ជាច្រើន នៅ​លើ​ពិភពលោក​មក​ចូលរួម ហើយ​មាន​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផង​ដែរ។

លោកស្រី​ថា ការ​ជួបជុំ​តវ៉ា​នេះ​គឺ​លក្ខណៈ​ទ្រង់ទ្រាយ​តូច ក្នុង​គោលដៅ​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព និង​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដើម្បី​ផ្សះផ្សា​ជាតិ​ឡើងវិញ។ មួយទៀត គឺ​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត យក​ឯកសារ​ពាក់ព័ន្ធ​ផែនទី ព្រំដែន​កម្ពុជា​-​ថៃ ពី​ប្រទេស​បារាំង ទុកជា​ភស្តុតាង​សម្រាប់​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ទាំងអស់​យក​មក​វិញ។ ចុងក្រោយ លោកស្រី​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត គោរព​នូវ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ផ្ដោត លើ​ការ​បង្រួប​សង្រួម​ជាតិ ការផ្សះផ្សា​ជាតិ គោរព​សិទ្ធិមនុស្ស លុបបំបាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​រៀបចំ​ប្រព័ន្ធ បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌ ត្រឹមត្រូវ​ឡើងវិញ។

លោកស្រី សារ៉ាំ យ៊ូ៖ «​មិនមែន​ធម្មតា​ទេ ព្រោះ​សព្វថ្ងៃ​នេះ​យើង​កំពុងតែ​ត្រូវ​បាន​បរទេស​ឈ្លានពាន​យើង ដូច្នេះហើយ អ្វីៗ​ដែល​គេ​បាន​គ្រប់គ្រង​ហើយ យើង​មិន​ត្រូវ​ស្ងាត់​ទេ។ កាលណា​បើ​ស្ងាត់​គឺ​យើង​នឹង​ត្រូវ​បាត់បង់​ហើយ​។ ដូច្នេះហើយ ក្នុង​នាម​រដ្ឋាភិបាល ក្នុង​នាម​មេដឹកនាំ​ប្រទេសជាតិ​ទាំងមូល​គឺ ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ​យើង​។ យើង​មាន​បូរណភាព ព្រំ​ដែនទឹក គោក ត្រូវតែ​ការពារ​ឯករាជ្យ មិន​ត្រូវ​ឱ្យ​នរណា​គេ​មក​ឈ្លានពាន​បាន​ឡើយ»។

ការ​គ្រោង​តវ៉ា​នេះ​ធ្វើឡើង ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់ កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី «​សុខភាព​តែមួយ​» ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា One Hearth Summit ដែល​នឹង​ធ្វើឡើង​នៅ​ទី​ថ្ងៃទី​០៧​ខែមេសា នៅ​ទីក្រុង​លីយ៉ុង។ ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃទី​៣ ខែមេសា បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON)។

ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ា​ណែ​ត គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ ប្រធានាធិបតី បារាំង អំពី​ការពង្រឹង និង​ពង្រីក នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​-​បារាំង​ក្នុង​គោលបំណង លើកកម្ពស់​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​។ ក្រសួង​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​លើក​ទី​៩​នេះ គឺជា​កិច្ចប្រជុំ​កំពូល​ស្ដីពី ភព​ផែនដី​តែមួយ ក្នុងនាម​ប្រទេស​បារាំង ជា​ប្រធាន​ប្ដូរ​វេន​នៃ ក្រុម​ប្រទេស G7 នៅ​ឆ្នាំ​២០២៦​។ ក្នុង កិច្ចប្រជុំ​នេះ ជា​វេទិកា សម្រាប់ ជួបជុំ​ប្រមុខរដ្ឋ រដ្ឋាភិបាល តំណាង​អង្គការ​អន្តរជាតិ សង្គម​ស៊ីវិល និង​អ្នកវិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ពាក់ព័ន្ធ នឹង​សុខភាព មនុស្ស សត្វ និង ប្រព័ន្ធ​អេកូឡូស៊ី។

បើ​ទោះបីជា​កិច្ចប្រជុំ​នេះ ពុំ​ពាក់ព័ន្ធ បូរណភាព​ទឹកដី និង​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​ក្ដី លោកស្រី សារ៉ាំ យ៊ូ យល់​ឃើញ​ថា ជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ នៅ​បារាំង ត្រូវ​ក្រោកឈរ​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត គិតគូរ​ពី​បញ្ហា​បូរណភាព​ទឹកដី ដែល​ត្រូវ​បាន​យោធា​ថៃ ឈ្លានពាន​យក។ លោកស្រី​ព្រួយបារម្ភ​ជា​ខ្លាំង ដែល​ជា​ច្រើន​ខែ​មកនេះ លោក ហ៊ុន ម៉ាណែត ហាក់​ពុំ​អើពើ ក្នុង​ការ​ទាមទារ​ទឹកដី ពី​ថៃ តាមរយៈ​ការ​ប្ដឹង ទៅ​កាន់​តុលាការអន្តរជាតិ​។ ទន្ទឹមគ្នា​នោះ លោកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរតែ​លុបបំបាត់​របៀប​ដឹក​នាំ​យក​ខ្មែរ​គ្នាឯង ជាស​ត្រូវ តាម​លំនាំ​ចាស់​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់តែ​ដុនដាប​គ្រប់​វិស័យ។

លោកស្រី សារ៉ាំ យ៊ូ៖ «​ខ្មែរ​គ្មាន​ទេ​សន្តិសុខ សន្តិភាព​យូរអង្វែង​គឺ​នឹង​មាន​បញ្ហា​រហូត​។ គ្មាន​ទេ​សន្តិភាព គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​។ បើ​គាត់​នៅតែ​ចាប់​ពលរដ្ឋ​ដែល​បញ្ចេញមតិ​ជា​ស្ថាបនា​ដាក់គុក ចោទ​ថា​ញុះញង់ គឺ​ប្រទេសជាតិ​អត់​អាច​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​បាន​នោះ​ឡើយ​។ ត្រូវតែ​ប្ដូរ​ផ្នត់គំនិត​ក្នុងនាម​ជា​មេដឹកនាំ​ល្អ​។ បើ​នៅតែ​ដឹកនាំ​តាម​លំនាំ​ឪពុក​របស់​គាត់ ប្រទេសជាតិ​មិនអាច​រីកចម្រើន ទៅរួច​ឡើយ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកដឹកនាំ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប ជុំវិញ​រឿង​នេះ បានទេ​នៅ​ថ្ងៃទី៦ ខែ​មេសា។ យ៉ាងណា គេ​សង្កេត​ឃើញ​ថា ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​លិខិត​ថ្កោលទោស​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន និង​ការសាងសង់​សំណង់ រឹង​ជាច្រើន របស់​យោធា​ថៃ នៅ​លើ​ដី​ខ្មែរ​។ ទន្ទឹមគ្នា​នោះ ភាគី​ថៃ​ក៏​កំពុងតែ បន្ត​ពង្រីក​ការ ចូលកាន់​កាប់​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់ ដូចជា​កាលពី​ថ្ងៃទី​០៤ ខែមេសា យោធា​ថៃ​បាន​ឈូស​ឆាយ​ដី​ព្រៃ ក្បែរ​ប្រាសាទព្រះវិហារ ភាគ​ខាងជើង​នៃ​វត្ត​កែវ​សិក្ខាគិរីស្វារៈ និង​រាយ​លួស​បន្លា​ចូល​ដី​ខ្មែរ​ជាង ១០០​ម៉ែត្រ​ក្នុង​តំបន់​បុស្ស​ស្បូវ​-​ជាំ​តែ ខេត្ត​ព្រះវិហារ ជាដើម។

បើ​ទោះបីជា​ភាគី​ថៃ​បន្ត​គឃ្លើន​ឈ្លានពាន​ទឹកដី​ខ្មែរ​មិន​ចេះ​ឈប់ឈរ និង​ប្រមាថ​មើល​ងាយ​ទាហាន​ខ្មែរ​រាប់​សិប​ដង ក្ដី ភាគី​កម្ពុជា​បាន​ត្រឹម​តែ​ចេញ​លិខិត​ថ្កោលទោស តវ៉ា​ភាគី​ថៃ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប៉ុណ្ណោះ​។ អ្នកឃ្លាំមើល និង​ពលរដ្ឋ រិះគន់​ថា បើទោះបីជា កម្ពុជា​ចេញ​លិខិត​ថ្កោល ១​ពាន់ ឬ​១​ម៉ឺន​ដង​ទៀត ក៏​កម្ពុជា​មិន​អាច​ទាមទារ​ទឹកដី​ទាំងនោះ បាន​មក​វិញ​ដែរ ដរាបណា កម្ពុជា​មិន​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឱ្យ​បាន​ឆាប់​ទេ​នោះ។

ប្រធាន​ក្រុមប្រឹក្សាអ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​ប្រមូល​ម្ដុំ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​នេះ ជា​រឿង​ល្អ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ឱ្យ​បាន​ឆាប់។ លោក​ថា បច្ចុប្បន្ន​នេះ កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​តវ៉ា លើ​ឆាក​អន្តរជាតិ តាមរយៈ​កំណត់​ទូត និង​ការ​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ​នោះ​ឡើយ ព្រោះ​កម្ពុជា គ្មាន​សមត្ថភាព​ទាមទារ​ទឹកដី​ដែល​បាត់បង់​ទាំងនោះ​តាមរយៈ​កម្លាំងយោធា តទល់​ជាមួយ​ថៃ និង​លិខិត​ថ្កោលទោស នោះ​ឡើយ​។ លោក​ថា លោក ហ៊ុន ម៉ាណែត គួរតែ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​ស្ដាប់​មតិ​ពលរដ្ឋ។

លោក ម៉ែន ណាត៖ «ដូច​សព្វថ្ងៃ​នេះ​ការ​តវ៉ា​រឿង​ថៃ​ឈ្លានពាន គឺជា​ការ​តវ៉ា​ងាប់ក្រឡា អត់​មានការ​វិវដ្ដ​អ្វី​នោះ​ទេ ហើយ​ថៃ ក៏​មិន​ស្ដាប់​ដែរ​។ អ៊ីចឹង​កម្ពុជា​ត្រូវតែ​មាន​ជម្រើស​ច្រើន​ទៀត ដូចជា​ជម្រើស​ប្ដឹង​ថៃ ទៅកាន់​តែ តុលាការអន្តរជាតិ ជម្រើស​ការ​ការពារ​ខ្លួន ជម្រើស​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ជម្រើស​តាម យន្តការ​អន្តរជាតិ​ដទៃទៀត ដើម្បី​ដាក់​សម្ពាធ​ថៃ ឱ្យ​ដក​កងទ័ព​ចេញពី​ទឹកដី កម្ពុជា និង​ទាមទារ​យុត្តិធម៌​ពី​ថៃ​ត្រឡប់មកវិញ ទល់​តែ​អ៊ីចឹង​បាន​អាច​បាន​។ បើ​ធ្វើ​ដូច​សព្វថ្ងៃ យើង​មិន​សង្ឃឹមថា​ថៃ​នឹង​ប្រគល់​ទឹកដី​មក​ឱ្យ​កម្ពុជា​វិញ ដោយ​ស្រួលៗ​នោះ​ទេ»។

ក្នុង​សង្គ្រាម​វាយប្រហារ​ឈ្លានពាន​របស់​យោធា​ថៃ​ចំនួន​២​លើក​មក​លើ​កម្ពុជា យោធា​ថៃ​បាន​វាយ​រុលចូល​កាន់កាប់​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ជាង​៥០​ទីតាំង និង បំផ្លិចបំផ្លាញ ផ្ទះសម្បែង​អ្នកភូមិ​អស់​រាប់ពាន់​ខ្នង ហើយ រារាំង ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ មិន​ឱ្យ​ចូល​ទៅ​រស់នៅ​ក្នុង​លំនៅឋាន​វិញ​បាន។ ករណីនេះ​ពលរដ្ឋ និង​អ្នកវិភាគ​ថា កម្ពុជា​ត្រូវតែ​ប្ដឹង​ថៃ ទៅកាន់​តុលាការអន្តរជាតិ ទើប​អាច​រារាំង​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ​បន្ត​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ