
ពលរដ្ឋភៀសសឹកបារម្ភថា រដ្ឋាភិបាលនឹងទុកពួកគាត់ចោល បន្ទាប់ពីពួកគាត់ប្ដូរទៅរស់នៅផ្ទះបណ្ដោះអាសន្ន ដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន ដែលពុំមានហេដ្ឋារចនាសម្ព័ន្ធសមរម្យ។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានសង់ផ្ទះបណ្ដោះអាសន្នឲ្យពលរដ្ឋភៀសសឹក ខណៈ រដ្ឋាភិបាលរបស់លោកមិនអាចយកដី ផ្ទះសម្បែង និងទាមទារសំណងពីភាគីថៃឲ្យពលរដ្ឋខ្មែរ ដែលត្រូវយោធាថៃឈ្លានពានយក។
ពលរដ្ឋភៀសសឹក ទទូចឲ្យរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន យកដីធ្លីនិងផ្ទះរបស់ពួកគាត់ពីភាគីថៃវិញឲ្យបានឆាប់។ ក្រៅពីនេះ ពួកគាត់ ស្នើឲ្យលោក ហ៊ុន ម៉ាណែត ទាមទារឲ្យរដ្ឋាភិបាលថៃ សងសំណងខូចខាតដល់ពួកគាត់ដែរ ដោយថា ពួកគាត់មិនអាចរស់នៅផ្ទះបណ្ដោះអាសន្នរហូតឡើយ។
បន្ថែមលើនេះទៀត ពលរដ្ឋភៀសសឹកបានស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចុះទៅពិនិត្យមើលដោយផ្ទាល់សិន ពាក់ព័ន្ធនឹងគុណភាពផ្ទះបណ្ដោះអាសន្នទាំងនោះ និងបញ្ហាសន្តិសុខជុំវិញ ដើម្បីធានាសុវត្តិភាព មុនពេលឲ្យពួកគាត់ប្ដូរទៅស្នាក់នៅ។
ជនភៀសសឹក រស់នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ប្រាប់ទូរទស្សន៍អាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះថា ទោះបីជារស់នៅផ្ទះបណ្ដោះអាសន្ន ប្រសើរ ជាងការស្នាក់នៅក្នុងតង់ក៏ពិតមែន ប៉ុន្តែមិនកក់ក្ដៅដូចរស់នៅលើដីនិងផ្ទះ ដែលជាកម្មសិទ្ធិរបស់ខ្លួនឯងនោះទេ។ លោកស្រីបន្តថា ការសម្រេចចិត្តទៅរស់នៅផ្ទះបណ្ដោះអាសន្ន ដែលស្ថិតនៅឆ្ងាយពីទីប្រជុំជនបែបនេះ គឺដោយសារតែពួកគាត់គ្មានជម្រើសប៉ុណ្ណោះ ខណៈទ្រព្យសម្បត្តិជាប់ខ្លួនក៏គ្មាន ហើយនៅជាប់បំណុលធនាគារដោះស្រាយមិនចេញ។
លោកស្រីបន្ថែមថា គ្រួសាររបស់គាត់ បានខ្ចីប្រាក់ពីធនាគារជាង ១ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះ និងធ្វើរបង ប៉ុន្តែបច្ចុប្បន្ន ផ្ទះក៏ត្រូវកងទ័ពថៃព័ទ្ធយក ហើយបំណុល ធនាគារ ក៏មិនទាន់សងរួច។
ពលរដ្ឋ៖ «បារម្ភៗយើងមិនធ្វើម៉េច យើងមិនដឹងធ្វើម៉េចខ្ញុំគ្រាន់តែទៅ មើលខ្ញុំទឹកភ្នែកបាត់ទៅ ហើយព្រោះវាកណ្ដោចកណ្ដែង វាដាច់ឆ្ងាយពីភូមិគេ។ ខ្ញុំទៅដល់កន្លែងផ្ទះហ្នឹង ខ្ញុំគិតបាត់ ខ្ញុំទៅធ្វើការវិញអត់កើតទេ មានតែ ខ្ញុំទៅដេកនៅនឹងរោងចក្រប៉ុណ្ណឹងឯង បានធ្វើការងារបាន បើទៅវិលត្រឡប់ ល្ងាចវិញ វិលអត់កើតទេ ឆ្ងាយពីទីប្រជុំជន ថ្ងៃនោះខ្ញុំជិះទៅអត់បានមើលគីឡូទេ ជិះរយៈពេលជិត ២ម៉ោងដែរ។ ផ្លូវលំបាកផ្លូវ គេដឹកដីហុយ អាឡានដឹកដីគេហ្នឹង ជិះពីកន្លែងភៀសសឹកទៅជិត ២ ម៉ោង»។
ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន ២០៣គ្រួសារ បានទទួលផ្ទះពីរដ្ឋាភិបាលកម្ពុជា។ រដ្ឋបាល ខេត្តឧត្តរមានជ័យ ជាអ្នកប្រគល់ជូនពលរដ្ឋភៀសសឹកដោយផ្ទាល់ ឲ្យស្នាក់នៅបណ្ដោះអាសន្ន។ រដ្ឋាភិបាល អះអាងថា ផ្ទះទាំង ២០៣ខ្នងនេះ ត្រូវបានសាង សង់ ឡើងតាមស្តង់ដារបច្ចេកទេសរឹងមាំ និងមានរៀបចំជាប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ផ្ទុយពីការអះអាងរបស់រដ្ឋាភិបាល ពលរដ្ឋភៀសសឹកដែលគ្រោងនឹង ប្ដូរទៅស្នាក់ នៅ ផ្ទះបណ្ដោះអាសន្នរបស់រដ្ឋបាលខេត្តបារម្ភថា ផ្ទះនោះមិនសូវមានសុវត្ថិភាពទេ ដោយសារសំណង់នោះ សាងសង់លឿនពេកមិនរឹងមាំ ហើយជុំវិញទីនោះ ជាវាលល្វឹងល្វើយនិងមិនមានដើមឈើបាំងខ្យល់ឡើយ។
លោកស្រីទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ លើសុខ ទុក្ខរបស់ពួកគាត់ និងស្នើឲ្យរដ្ឋាភិបាលពន្លឿននីតិវិធីឲ្យមានប្រសិទ្ធភាព ក្នុងការទាមទារយកដី និងផ្ទះរបស់ពួកគាត់ ពីភាគីថៃវិញឲ្យបានឆាប់។
លោក ហ៊ុន ម៉ាណែត៖ «សព្វថ្ងៃនេះខ្យល់សាហាវ ខ្យល់ខ្លាំងថ្ងៃមុនឡើងចង់របើកតង់ ខ្ញុំទៅនៅហ្នឹង អាចគាត់ជួយសម្រួលថ្នល់យើងចេញចូល-ថ្នល់យើងទៅមក ធ្វើថ្នល់ឲ្យគ្នាជិះឲ្យស្រួលបន្តិចមក ខ្លះណាគ្នាទៅពិបាកផ្លូវក៏លំបាក ណាមួយឆ្ងាយពីភូមិ ចង់ឲ្យគាត់ធ្វើថ្នល់ឲ្យយើងស្រួលបន្តិច។ សង្ឃឹមថា គាត់យកយើងទៅជួយថែមើល ឲ្យរឹងដៃរឹងជើងសិន ខ្លាចគាត់យកយើងទៅទុកចោលអ៊ីចឹង ឲ្យគាត់ជួយកូនចៅ ឲ្យរឹងដៃរឹងជើង ណាមួយចង់ឲ្យគាត់ជួយធ្វើការ ធ្វើម៉េចឲ្យបានដីបានផ្ទះ យើងមករស់នៅបានដូចដើមវិញ។ គាត់ធ្វើផ្ទះឲ្យយើង គឺយើងមិនអរទេ យើងចង់បានដីដែលយើងធ្លាប់រស់នៅមួយជីវិតហើយ ធ្លាប់រស់នៅទីហ្នឹង កន្លែងយើងជិត កន្លែងរកស៊ី ជិតផ្លូវប៉ោយប៉ែត យើងទៅមកជិះតែកន្លះម៉ោង យកខ្ញុំទៅដាក់កន្លែង នោះវាឆ្ងាយៗពិបាកកន្លែងធ្វើការមិនទៅរកអីធ្វើអីទេពិបាក»។
ពលរដ្ឋភៀសសឹកម្នាក់ទៀត ថ្លែងសុំមិនបញ្ចេញឈ្មោះ សង្ឃឹមថា រដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើពួកគាត់ ដូចការលើកឡើងអំឡុងពេលចុះចែកអំណោយដល់ពួកគាត់។
ពលរដ្ឋ៖ «លឺប្រជុំថ្ងៃមុន ថ្ងៃគាត់ចែកអំណោយហ្នឹង គេនៅតែ មើលរហូតហ្នឹង គ្រាន់តែរយាលខ្លះអ៊ីចឹង ខ្លាចគេរវល់ចេះចុះអ៊ីចឹង មានការបារម្ភ ខ្លះដែរ ព្រោះថា ឆ្ងាយពីកន្លែងកូនធ្វើការអ៊ីចឹង»។
ទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយ ជុំវិញរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី១៦ ខែមីនា។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលមិនត្រូវផ្លាស់ប្ដូរពលរដ្ឋភៀសសឹក ទៅផ្ទះបណ្ដោះអាសន្នហើយ ស្រាប់តែបោះបង់ពួកគាត់ចោលនោះទេ ព្រោះការធ្វើបែប នេះគឺបង្កអយុត្តិធម៌មួយជាន់ទៀតលើពួកគាត់ បន្ថែមលើការរងគ្រោះដ៏ធ្ងន់ធ្ងរ របស់ពួកគាត់ ពីគ្រាប់ប្លោងនិង ការបាត់បង់ដីធ្លី ផ្ទះសម្បែង ដែលកងទ័ពថៃ ចូលមកទន្ទ្រានកាន់កាប់ ហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពការពារឲ្យពួកគាត់បាន។
ពួកគាត់ថា ក្នុងនាមជាមេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញផែនការឲ្យបានច្បាស់លាស់អំពីជំនួយសង្គម និងដំណោះស្រាយ បំណុលដល់ពួកគាត់ រួមទាំងគម្រោងទាមទារដីធ្លី និងផ្ទះរបស់ ពួកគាត់ ពីភាគីថៃមកវិញ បើមិនដូច្នោះទេ ប្រជាពលរដ្ឋភៀសសឹកអាចនឹងផ្ទុះការតវ៉ា ដោយសារតែការបាត់ជំនឿទាំងស្រុងលើរដ្ឋាភិបាល៕










