អ្នកឃ្លាំមើល​ទាមទារ​ឱ្យរដ្ឋាភិបាល​បង្ហាញ​ភស្តុតាង​ជុំវិញ​សកម្មជន​ពីរនាក់​ដែល​វៀតណាម​ឃាត់​ខ្លួន

0
50
ពលរដ្ឋវៀតណាម​សញ្ជាតិន័រវែស លោក ង្វៀន ឌឹក ធ្វឹង (Nguyen Duc Thuan) អាយុ ៥២ឆ្នាំ និងពលរដ្ឋវៀតណាមសញ្ជាតិអូស្ត្រាលី លោក ត្រឹង ហៀប (Tran Hiep)។ រូប៖ បណ្ដាញសង្គម
ពលរដ្ឋវៀតណាម​សញ្ជាតិន័រវែស លោក ង្វៀន ឌឹក ធ្វឹង (Nguyen Duc Thuan) អាយុ ៥២ឆ្នាំ និងពលរដ្ឋវៀតណាមសញ្ជាតិអូស្ត្រាលី លោក ត្រឹង ហៀប (Tran Hiep)។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើលសង្គម ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញភស្តុតាងបន្ថែម ដើម្បីបំភ្លឺការបដិសេធរបស់ខ្លួនចំពោះការចោទប្រកាន់ថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងបញ្ជូនសកម្មជនប្រជាធិបតេយ្យពីរនាក់ ដែលកាន់លិខិតឆ្លងដែនអូស្ត្រាលី និងន័រវែស ទៅប្រទេសវៀតណាម។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជាបានបដិសេធថា អាជ្ញាធរកម្ពុជាមិនបានចាប់ខ្លួន ឬបញ្ជូនបុរសទាំងពីរទៅឱ្យអាជ្ញាធរវៀតណាមឡើយ ខណៈអាជ្ញាធរវៀតណាម អះអាងថា ពួកគេ​ត្រូវ​បានឃាត់ខ្លួន​នៅ​តំបន់ព្រំដែនដោយសារឆ្លងដែន​ខុសច្បាប់។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ស៊ឹង សែនករុណា បាននិយាយថា ការបដិសេធនេះអាចធ្វើឱ្យសាធារណជន និង​សហគមន៍អន្តរជាតិមានការលំបាកក្នុងការជឿជាក់ ប្រសិនបើមិនមានការបង្ហាញភស្តុតាង ឬព័ត៌មាន​លម្អិត​ទេ​នោះ។ លោក ថា អ្វីដែលត្រូវការបំភ្លឺជាពិសេស គឺរបៀបដែលបុរសទាំងពីរបានចាកចេញពីកម្ពុជា និងទៅដល់ប្រទេសវៀតណាម ខណៈក្រសួងមហាផ្ទៃខ្លួនឯងបានបញ្ជាក់ថា មិនមានកំណត់ត្រាចាកចេញពីកម្ពុជារបស់ពួកគេ។

លោក ស៊ឹង សែនករុណា បន្ថែមទៀតថា សកម្មជនប្រជាធិបតេយ្យ ជាធម្មតាគេធ្វើកិច្ចការងាររបស់ពួកគេ ដោយមានការប្រុងប្រយ័ត្នបំផុត ជាមួយនិងប្រទេសដែលមានចរិតលក្ខណៈដឹកនាំ គ្រប់គ្រងប្រទេសតាមបែបកុម្មុយនីស្តផ្ដាច់ការ។ ដូច្នេះហើយ បានជាគេអាចជ្រើសរើសប្រទេសដែលជុំវិញនៃប្រទេសវៀតណាម ដើម្បីធ្វើសកម្មភាពរបស់ខ្លួន ដោយសម្ងាត់ជៀសវាងមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពួកគេ។

លោក ស៊ឹង សែនករុណា បន្ថែមទៀតថា បើសិនជាកម្ពុជាខ្លួនឯងបដិសេធ គួរតែ​មានភស្តុតាង​បញ្ជាក់ឱ្យ​ច្បាស់ថា តើអ្នកទាំងពីរបានទៅដល់ប្រទេសវៀតណាមក្នុងលក្ខណៈបែបណា? ហើយគួរតែសាកសួរជាមួយនិងក្រុមគ្រួសាររបស់អ្នកទាំងពីរ រួមទាំងអ្នកទាំងពីរដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារវៀតណាម ដើម្បីធ្វើការបញ្ជាក់ឱ្យច្បាស់ថា តើគាត់មកជាប់ឃុំនៅវៀតណាមយ៉ាងដូចម្ដេចខ្លះ។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង បើក្នុងកាលៈទេសៈដែលអត់ទាន់មានព័ត៌មានពីអ្នកទាំងពីរបញ្ជាក់មកវិញច្បាស់ទេ ចង់មិនចង់ ការចោទប្រកាន់ថាកម្ពុជាជាអ្នកចាប់ខ្លួនទៅឱ្យប្រទេសវៀតណាមហ្នឹង អាហ្នឹងជាជារឿងដែលបដិសេធមួយ ដែលគេពិបាកជឿជាក់ខ្លាំង»។

ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជានៅថ្ងៃទី៧ ខែតុលា បានបដិសេធការចោទប្រកាន់ថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងបញ្ជូនសកម្មជនប្រជាធិបតេយ្យពីរនាក់ ដែលកាន់លិខិតឆ្លងដែនអូស្ត្រាលី និងន័រវែស ទៅ​ឱ្យ​អាជ្ញាធរវៀតណាម បន្ទាប់ពីអ្នកទាំងពីរត្រូវបានឃាត់ខ្លួននៅជិតព្រំដែនវៀតណាម។

ក្រសួងមហាផ្ទៃបានឱ្យដឹងថា ខ្លួនបានទទួលសំណើពីស្ថានទូតអូស្ត្រាលីនៅកម្ពុជាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យជួយស្វែងរកលោក  ត្រឹង ហៀប ( Tran Hiep ) ដែលកាន់លិខិតឆ្លងដែនអូស្ត្រាលី។ នៅថ្ងៃដដែល ក្រសួងបានទទួលព័ត៌មានបន្ថែមថា លោក   ង្វៀន ឌឹក ធ្វឹង (Nguyen Thuan Duc ) ដែលកាន់លិខិតឆ្លងដែនន័រវែស ក៏បានបាត់ទំនាក់ទំនងជាមួយគ្រួសារតាំងពីថ្ងៃទី១៨ ខែ​កញ្ញា។

ក្រសួងមហាផ្ទៃ អះអាងថា អ្នកទាំងពីរបានចូលប្រទេសកម្ពុជាពីប្រទេសថៃនៅថ្ងៃទី១៥ ខែកញ្ញា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ ជើងហោះហើរ K6 723។ ក្រសួងនិយាយថា ប្រព័ន្ធ​ទិន្នន័យ​អន្តោប្រវេសន៍របស់កម្ពុជាមិនមានកំណត់ត្រាថា អ្នកទាំងពីរ​បានចាកចេញ​ពី​ប្រទេសកម្ពុជាឡើយ។

ប៉ុន្តែតាមព័ត៌មានដែលកម្ពុជាទទួលបានពីក្រសួងនគរបាលវៀតណាម អ្នកទាំងពីរត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោងប្រមាណ ២១:៥០ នៅប៉ុស្តិ៍ការពារព្រំដែន មី គ្វី តាយ (My Quý Tây) ក្នុងខេត្ត តៃនិញ (Tây Ninh) ជាមួយបុរសជនជាតិវៀតណាមម្នាក់ទៀត។ អាជ្ញាធរវៀតណាមបានចោទប្រកាន់ពួកគេពីបទឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ ហើយបាននិយាយថា ពួកគេជាសមាជិកអង្គការភេរវកម្ម វៀត តឹន Viêt Tân។

ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថា អ្នកទាំងពីរបច្ចុប្បន្នស្ថិតក្រោមការឃុំខ្លួននៅវៀតណាម ដើម្បីបន្តការស៊ើបអង្កេត។ ក្រសួងមហាផ្ទៃកម្ពុជា ប្រកាសបដិសេធថា អាជ្ញាធរកម្ពុជា ពុំបានចាប់ខ្លួន និងបញ្ជូនបុគ្គលខាងលើទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ ក៏បានចោទសួរថា តើបុរសទាំងពីរត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួននៅលើទឹកដីវៀតណាម បន្ទាប់ពីឆ្លងព្រំដែនពីកម្ពុជា ឬត្រូវបានអាជ្ញាធរកម្ពុជាចាប់ និងបញ្ជូនទៅវៀតណាម ដែរ​ឫទេ? លោក ថា ការបដិសេធតែមួយមុខមិនគ្រប់គ្រាន់ដើម្បីបញ្ចប់ការសង្ស័យទេ ហើយរដ្ឋាភិបាលគួរបង្ហាញភស្តុតាងបន្ថែម។

លោក គឹម សុខ៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញភស្តុតាងបំភ្លឺឱ្យច្បាស់នូវរាល់ការសង្ស័យនានា។ ជាឧទាហរណ៍៖ មកដល់ពេលនេះ ពុំទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា អាជ្ញាធរវៀតណាមជាអ្នកចាប់អ្នកទាំងពីរលើទឹកដីនៃប្រទេសវៀតណាមឡើយ ហើយចំណុចដែលធំបំផុតនៅត្រង់ថា អ្នកទាំងពីរ បាត់ខ្លួនក្នុងទឹកដីកម្ពុជា»។

លោក គឹម សុខ បន្ថែមទៀតថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម មានការព្រមព្រៀងគ្នាក្នុងការចាប់បញ្ជូនអ្នកទាំងឡាយណាដែលរដ្ឋាភិបាលទាំងពីរចាត់ទុកជាសត្រូវ​របស់ពួកគេ គឺចាប់បញ្ជូនទៅឱ្យគ្នាទៅវិញទៅមក។

អាជ្ញាធរវៀតណាម​អះអាងថា ខ្លួនបានឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យវៀតណាម ចំនួន ៣នាក់ ក្នុងនោះ មានពលរដ្ឋវៀតណាមសញ្ជាតិន័រវែស លោក ង្វៀន ឌឹក ធ្វឹង (Nguyen Duc Thuan) អាយុ ៥២ឆ្នាំ និងពលរដ្ឋវៀតណាមសញ្ជាតិអូស្ត្រាលី លោក ត្រឹង ហៀប (Tran Hiep) អាយុ ៥០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថាយ កុងទ្រឿងសឺន (Thai Cong Truong Son)។ ប្រភពរដ្ឋាភិបាលវៀតណាម ថា ពួកគេត្រូវបានចាប់ខ្លួន ពេលឆ្លងដែន ពីកម្ពុជា ចូលទឹកដីវៀតណាមតាមច្រកព្រំដែនខេត្តរោងដំរី (តៃនិញ) នៅវេលាយប់ថ្ងៃទី១៨ កញ្ញា។

កាលពីថ្ងៃទី៥ ខែតុលា បណ្តាញមេធាវីអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ដោយចោទប្រកាន់ថា លោក Tran Hiep និងលោក Nguyen Thuan Duc ត្រូវបានចាប់ពង្រត់ និងបញ្ជូនដោយបង្ខំទៅវៀតណាម។ ក្រុមមេធាវីបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សពិនិត្យករណីនេះ និងជំរុញឱ្យមានការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងចំពោះការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស។

នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ កញ្ញាថា ការបញ្ជាក់របស់អាជ្ញាធរវៀតណាមអំពីការឃាត់ខ្លួនអ្នកទាំងពីរ បង្ហាញថាជាការបង្ក្រាបសកម្មជនឆ្លងដែនដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក អំពាវនាវឱ្យប្រទេសអូស្ត្រាលី និងន័រវែស ចាត់វិធានការដើម្បីទាមទារឱ្យមានការដោះលែងបុរសទាំងពីរដោយគ្មានលក្ខខណ្ឌ។

លោក  ង្វៀន ឌឹក ធ្វឹង និងលោក ត្រឹង ហៀប គឺជាសមាជិកអង្គការគាំទ្រប្រជាធិបតេយ្យរបស់វៀតណាម នៅក្រៅប្រទេស ឈ្មោះ វៀត តឹង (Viet Tan) ដែលមានគោលដៅផ្លាស់ប្ដូររបបកុម្មុយនីស្ដវៀតណាម ទៅកាន់​ប្រជាធិបតេយ្យ ដោយសន្តិវិធី និងអហិង្សា ហើយក៏ជាសមាជិកពេញសិទ្ធិ​របស់​ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី។ ពួកគេ គឺជាអ្នកតស៊ូមតិការពារសិទ្ធិមនុស្ស​យូរឆ្នាំមកហើយ និងបានធ្វើការងារយ៉ាងសកម្ម ក្នុងការគាំទ្រចលនាប្រជាជនមូលដ្ឋាននៅប្រទេសវៀតណាម ដែលចង់បានសេរីភាព និងសិទ្ធិមនុស្ស។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានបង្កើនការបង្ក្រាប ទៅលើអ្នកប្រឆាំង។ មានសកម្មជនយ៉ាងតិច ៥៥ នាក់ ត្រូវបានចាប់ខ្លួន ក្រោម ច្បាប់ព្រហ្មទណ្ឌវៀតណាម។ ចំណែកព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ១២ អង្គ និងរូប ក៏ត្រូវបានអាជ្ញាធរ កុម្មុយនីស្ដវៀតណាម ចាប់ដាក់ពន្ធនាគារដែរ ដោយគ្រាន់តែពួកគាត់អនុវត្តសិទ្ធិស្របច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងនាមជាម្ចាស់ទឹកដីកម្ពុជាក្រោម ដែលនៅក្រោមការត្រួតត្រា​របស់រដ្ឋាភិបាលវៀតណាម៕ 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ