ក្រសួង​ការពារ​ជាតិ​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ការពារ​ទឹកដី តែ​ថៃ​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ​ជា​ច្រើន​កន្លែង

0
2
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា (ស្ដាំ) និងឪពុក​ដែលជាអតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ ចូលរួមកម្មវិធីប្រកួតវាយកូនគោល កាលពីថ្ងៃទី១១ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា (ស្ដាំ) និងឪពុក​ដែលជាអតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ ចូលរួមកម្មវិធីប្រកួតវាយកូនគោល កាលពីថ្ងៃទី១១ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា

ក្រសួងការពារជាតិ​កម្ពុជា អះអាង​ថា កងយោធពល​ខេមរភូមិន្ទ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ពី​ការឈ្លានពាន របស់​ប្រទេសជិតខាង និង​ចេញមុខ​ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​ពង្រាយ​រថពាសដែក និង​ការ​ពង្រឹង​របង​បន្លា​លួស​របស់​ថៃ​នៅ​តំបន់​អូរស្មាច់​។ រីឯ​អ្នក​ឃ្លាំ​មើ​សង្គម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ដឹង​ខ្លួនឯង​ថា ពុំ​មាន​លទ្ធភាព​តតាំង​ជាមួយ​ប្រទេស​ថៃ ទើប​បណ្តោយ​ឲ្យ​យោធា​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត។

ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក កងទ័ព​ថៃ​នៅតែ​បន្ត​ចូល​មក​រាយ​បន្លា​លួស ដាក់​ទូរ​កុងតឺន័រ ទន្ទ្រាន​យក​ទឹកដី​ខ្មែរ​ជា​រៀងរាល់ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​ថៃ​ដណ្តើម​កាន់កាប់​បាន​កើនឡើង​រហូតដល់​៥៥​ទីតាំង​និង​ចូល​កាន់តែ​ជ្រៅ​។ រីឯ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រើ​កម្លាំង​ទប់ស្កាត់​ទៅ​នឹង​ការ​បន្ត​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ គឺ​បាន​ត្រឹមតែ​ចេញ​លិខិត​ថ្កោលទោស​ថៃ និង​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​នាំ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​(AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន ព្រមទាំង​ពង្វក់​ជនភៀសសឹក​ឲ្យ​នាំគ្នា​រាំច្រៀង។

ក្នុង​ពេល​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ពី​ការឈ្លានពាន​របស់​យោធា​ថៃ​នេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក ទៀ សីហា បាន​ថ្លែង​សារ​ជូនពរ​ទៅដល់​នាយទាហាន និង​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ ថា កងយោធពល​ខេមរភូមិន្ទ កាន់តែ​រឹងមាំ កាន់តែ​មាន​ភាព​ខ្លាំងក្លា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព ទឹកដី​របស់​ខ្លួន​។ ជា​បទ​ពិសោធ​កន្លងមក​នេះ ក្រោម​ស្មារតី​ជាតិខ្មែរ​តែមួយ បាន​រួបរួមសាមគ្គី​ពួតដៃគ្នា​ទប់ស្កាត់​ការ ឈ្លានពាន​ពី​ប្រទេស​ជិត ខាង​មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។

ទន្ទឹម​នឹង​ការ​អួតអាង​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូប​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោកស្រី ម៉ាលី សុជាតា នៅ​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៦ ក៏បាន​ចេញមុខ​បដិសេធ នូវ​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​កងទ័ព​ថៃ (Royal Thai Army) ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ពង្រឹង​របង​លួស​បន្លា និង​ដាក់​ពង្រាយ​រថពាសដែក នៅ​តំបន់​ស​ច្រក​អូរ​ស្មាច់ ក្នុង​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់ ថា​មាន​សកម្មភាព​ញុះញង់​ពី​ភាគី​កម្ពុជា មិនមែន​ជា​ការពិត និង​គ្មាន​មូលដ្ឋាន។

លើស​ពី​នេះ ក្រសួង​ការពារជាតិ​បាន​លើក​ហេតុផល​ថា កងកម្លាំង​កម្ពុជា​តែង​អនុវត្ត​ភារកិច្ច​ដោយ​គោរព​វិន័យ​យោធា គោរព​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ និង​គោលការណ៍​វិជ្ជាជីវៈ​យ៉ាង​តឹងរ៉ឹង​។ កងកម្លាំង​កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​នូវ​ភាព​អត់ធ្មត់ ការទទួលខុសត្រូវ និង​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ជាតិ ខណៈ​ពេល​ជាមួយ​គ្នា​នេះ ក៏បាន​ខិតខំ​រក្សា​បរិយាកាស​សន្តិ​ភាព ស្ថិរភាព និង​ការ​ជៀសវាង​ភាព​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​ផង​ដែរ។

ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៦ កងកម្លាំង​យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​ចល័ត​រថពាសដែក​ចំនួន ២​គ្រឿង និង​កម្លាំង​ប្រមាណ ៧០​នាក់ ចូល​មក​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ច្រកព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ និង​បាន​រាយ​លួស​បន្លា​បន្ថែម​ពីលើ​លួស​បន្លា​ចាស់ ដែល​ភាគី​ថៃ​បាន​ហ៊ុមព័ទ្ធ​កាន់កាប់​យក​ដោយ​ខុសច្បាប់ ព្រមទាំង​ធ្វើ​សកម្មភាព​យោធា​ដោយ​មិន​មាន​ការ​ជូនដំណឹង​ជាមុន​ដល់​ក្រុម​ទំនាក់ទំនង​របស់​យោធភូមិភាគ​ទី​៤​កម្ពុជា​ឡើយ។

ការ​ធ្វើ​សកម្មភាព​របស់​យោធា​ថៃ​ខាងលើ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​(AOT) ទើប​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៦ កន្លងទៅ​ថ្មីៗ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សឹង សែនករុណា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ដឹង​ជាង​អ្នកណា​ទាំងអស់​ទាក់ទង​រឿង​កងទ័ព ហើយ​ត្រូវ​បញ្ឈប់​សម្ដី​អួត​ក្អេងក្អាង ប៉ុន្តែ​ត្រូវ​គិត​ឡើងវិញ​អំពី​ការ​ធ្វើ​ទំនើបកម្ម​យោធា ពីព្រោះ​ក្រោយពី​សង្គ្រាម​ជាមួយ​ថៃ​ពីរ​លើក​រួចមក បង្ហាញថា​កម្ពុជា​គឺ​កងទ័ព​មាន​ទឹកចិត្ត​អង់អាច​ក្លាហាន ប៉ុន្តែ​ពួកគាត់​គ្មាន​សព្វាវុធ​ដើម្បី​វាយតប​ទល់​ជាមួយ​យោធា​ថៃ ក្រៅ​តែ​ពី​យក​ជីវិត​ទៅ​ប្តូរ​ដើម្បី​ការពារ​ទឹកដី។

លោក សឹង សែនករុណា៖ «ភាព​ជាក់ស្តែង​មិន​ដូច​អ្វី​ដែល​កើតមានឡើង អ្វី​ដែល​អួតអាង​ទាំងអស់​នេះ​អីចឹង​ខ្ញុំ​ទៅ​ខាង​មុខ​បើសិនជា​ក្រសួង​ការពារ​ជាតិ​រឺ​ក៏​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ទទួលស្គាល់​ខ្លួនឯង​ថា​មាន​ភាព​កម្សោយ​ទេ អ៊ីចឹង​វិស័យ​ការពារ​ជាតិ​នៅតែ​ប៉ុណ្ណឹង ហើយ​គ្មាន​ភាព​ខ្លាំងក្លា​ការពារ​ជាតិ​អ្វី​បាន​នោះ​ទេ ហើយ​បច្ចុប្បន្ន​យើង​អស់​តែ​ទឹកដី​តាម​ព្រំដែន បើសិនជា​នៅតែ​អួត​អាត​អាង​ហើយ​សមត្ថភាព​មិន​មាន​អាច​នឹង​បាត់បង់​ប្រទេស​ទាំងមូល​ក៏​ថា​បាន​ដែរ»។

ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បានដឹង​ច្បាស់​អំពី​សមត្ថភាព​កង​ទ័ព​ដែល​ត្រូវធ្វើ​ទំនើបកម្ម​សព្វាវុធ ដូច្នេះហើយ​បានជា​លោក ហ៊ុន ម៉ាណែត ពុំមាន​សកម្មភាព​ណាមួយ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ គឺ​បណ្តោយ​ឲ្យ​យោធា​ថៃ​ឈ្លានពាន​យក​ដឹក​ដី​ខ្មែរ​តាម​អ្វី​ដែល​គេ​ចង់បាន ហើយ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត បាន​ត្រឹម​តែ​អំពាវនាវ​សូម​ថៃ​ចរចា​ប៉ុណ្ណោះ។

លោក គឹម សុខ៖ «តាមពិត​ករណី​ថៃ​ដក​កងទ័ព​ត្រឡប់​ចូល​បន្ទាយ​វ័យ ថៃ​ប្រកាស​ថា លែង​មាន​សង្គ្រាម​ជាមួយ​កម្ពុជា​នេះ​ពុំ​មែន​ក្រុម​គ្រួសារ​ហ៊ុន បាន​ពង្រឹង​កងទ័ព​កម្ពុជា​ឲ្យ​ខ្លាំង​ឲ្យ​ថៃ​ខ្លាច​នោះ​ទេ គឺ​ដោយសារ​ហេតុផល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រកាស​ចុះចាញ់​សង្គ្រាម​ថៃ​ទៅ​ហើយ តាមរយៈ​សូម​ចរចា​ដដែលៗ​ក្នុង​រយៈ​២​ខែ​ចុង​ក្រោយនេះ»។

យោង​តាម​ប្រភព​ពី​ទាហាន​ខ្មែរ បាន​អះអាង​ថា ទាហាន​ថៃ​បាន​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ជាក់ស្តែង​នៅ​តំបន់​អូរ​ស្មាច់​ពួកគេ​បាន​ទន្ទ្រាន​យក​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ដោយ​ពួកគេ​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​អាគារ​កាស៊ីណូ និង​ទីតាំង​មួយចំនួន ហើយ​នៅពេល​មាន​ទាហាន ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​ឆ្លងកាត់ ទាហាន​ថៃ​នឹង​ស្រែក​គំរាម រហូតដល់​មានការ​បាញ់ប្រហារ​ពីលើ​អាគារ​ជាច្រើន​គ្រាប់ មក​លើ​កងកម្លាំង និង​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ផង។

ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ មក ពលរដ្ឋ​ខ្មែរ​បាន​ចែកចាយ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុ​ក​ជា​បន្តបន្ទាប់ អំពី​សកម្មភាព​យោធា​ថៃ​ដែល​បាន​ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ និង​រាយ​បន្លា​លួស ដាក់​ពង្រាយ​ទូ​កុងតឺន័រ សាងសង់​លេណដ្ឋាន និង​ធ្វើ​សកម្មភាព​ជាច្រើន​ទៀត​លើ​ទឹកដី​ខ្មែរ​ដែល​ពួកគេ​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់។

គណបក្សប្រឆាំង បាន​រក​ឃើញ​ថា ក្នុង​សង្គ្រាម​២១​ថ្ងៃ​កន្លងទៅ គឺ​កម្ពុជា បាន​បាត់បង់​ទឹកដី​រហូតដល់​ជាង ៥៥​ទីតាំង ដែល​បណ្តាល​ឱ្យ​ប្រជាជន​ខ្មែរ​ជាង ១១​ម៉ឺន​នាក់ បាត់បង់​ដីធ្លី ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង ជាច្រើន​កន្លែង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ