

អ្នកឃ្លាំមើល និងរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្ហាញប្រជាពលរដ្ឋ អំពីកិច្ចព្រមព្រៀងអប់រំ ដែលមាន គោលដៅ បញ្ចូលភាសាវៀតណាមក្នុងប្រព័ន្ធអប់រំកម្ពុជា និង កិច្ចសហប្រតិបត្តិការ ពង្រីកស្ដូបមិត្តភាពកម្ពុជា-វៀតណាម។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរយៈពេល ៥ ឆ្នាំ និងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអភិរក្ស និងការផ្សព្វផ្សាយស្ដូប មិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជា។
អ្នកឃ្លាំមើល និងរដ្ឋាភិបាលក្រៅប្រទេសទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្ហាញខ្លឹមសារលម្អិត នូវឯកសារសហប្រតិបត្តិការទាំងអស់ ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងគ្នា ក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង (Le Minh Hung) នៅកម្ពុជា កាលពីពេលថ្មីៗនេះ ជាពិសេស កិច្ចព្រមព្រៀងក្នុងវិស័យអប់រំ ព្រមទាំងអនុស្សរណៈ ដែលទាក់ទងនឹងការថែរក្សា និងពង្រីកស្តូបមិត្តភាព កម្ពុជា-វៀតណាម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ ខែតុលា ថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំ រវាងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម ដែលមាននិន្នាការ បញ្ជូលការសិក្សាអក្សរសាស្ត្រវៀតណាមក្នុងប្រព័ន្ធអប់រំកម្ពុជានោះ មានលក្ខណៈនយោបាយ ជាជាងការផ្ដល់ចំណេះដឹងភាសាវៀតណាម តាមក្របខណ្ឌប្រព័ន្ធអប់រំសកល ខណៈប្រទេសវៀតណាម នៅតែមានឥទ្ធិពលគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាល និងនយោបាយរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន នៅកម្ពុជា។
លោក ម៉ែន ណាត មានប្រសាសន៍ថា វៀតណាមបានត្រៀមខ្លួនយូរហើយ ក្នុង ការគ្រប់គ្រងឱ្យបាននូវប្រព័ន្ធអប់រំ វប្បធម៌ និងប្រជាសាស្ត្រនៅកម្ពុជា ដែលជា មូលដ្ឋានអាណានិគមនិយមបែបថ្មី របស់វៀតណាមក្នុងការត្រួតត្រាកម្ពុជា តាម រយៈការបង្កើតសមាគមវៀតណាមទូទាំងប្រទេស និងបង្ហូរលុយចូលសមាគម ទាំងនោះ ដើម្បីពង្រឹងធនធានមនុស្សវៀតណាមនៅកម្ពុជាផង ព្រមទាំង ពង្វក់ស្មារតី យុវជនខ្មែរ និង កាឡៃវប្បធម៌ខ្មែរផង។ លោកថា វៀតណាម គ្រាន់តែរង់ចាំ ឱកាសល្អ ក្នុងការបង្ហាញឥទ្ធិពលជាផ្លូវការ ក្នុងវិស័យសិក្សាអប់រំ លើប្រព័ន្ធដឹកនាំ ជាតិកម្ពុជាប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា នៅពេលវៀតណាមត្រួតត្រាបានប្រព័ន្ធអប់រំ វប្បធម៌ និង ប្រជាសាស្ត្រកម្ពុជាទាំងស្រុង ហើយយកស្ដូបមិត្តភាពជានិមិត្តរូប នោះ ក៏ជាពេលដែលពលរដ្ឋខ្មែរ ត្រូវបាត់បង់សិទ្ធិស្វ័យសម្រេច លើជោគវាសនាជាតិ របស់ខ្លួនដែរ ហើយលោកថា នេះគឺជាអាណានិគម និយមបែបថ្មីរបស់វៀតណាម លើកម្ពុជា ដែលប្ដូររូបពីអាណានិគមនិយមកងទ័ពសម័យទស្សវត្សរ៍ឆ្នាំ ៨០ ។
លោកម៉ែន ណាត៖ «បច្ចុប្បន្ននេះ មិនមានវត្តមានកងទ័ពទេ ក៏ប៉ុន្ដែគេឱ្យជនស៊ីវិល គេមករស់នៅក្នុងទឹកដីខ្មែរច្រើនទៅៗ ទាំងស្របច្បាប់ ទាំងខុសច្បាប់ ហើយរដ្ឋាភិបាលវៀតណាមហ្នឹង បញ្ជួនលុយ បញ្ជូនកាត តាមរយៈសមាគមវៀតណាមនៅកម្ពុជាឱ្យធ្វើការងារហ្នឹង ដូចជាការងារបណ្ដុះបណ្ដាលពលរដ្ឋវៀតណាមនៅ កម្ពុជា ទាំងបញ្ចូនភាសាខ្មែរទាំងភាសាវៀតណាមបង្រៀនបញ្ជូលគ្នាអាហ្នឹងតាម ក្បួនខ្នាតវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ហ្នឹង។ ប៉ុន្តែមិនមែននៅក្នុងគោលបំណង អាចរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នហ្នឹង គ្រប់គ្រងបានទេ ពីព្រោះរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ត្រូវបានវៀតណាមគ្រប់គ្រងដែរ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី១៣ ខែតុលា។
ការបារម្ភរបស់អ្នកឃ្លាំមើលកើតឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាព្រមព្រៀងគ្នា លើឯកសារ សហប្រតិបត្តិការចំនួន ៦ កាលពីថ្ងៃទី០៩ ខែតុលា ក្នុងពេលនាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញ ហ៊ឹង (Le Minh Hung ) បំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ក្នុងនោះក៏មានកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ សម្រាប់រយៈពេល ២០២៦ ដល់ឆ្នាំ២០៣០ និងអនុស្សរណៈ នៃការ យោគយល់គ្នា ស្ដីពីការអភិរក្ស និងការផ្សព្វផ្សាយស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជាដែរ។
បណ្ដាញព័ត៌មានវៀតណាម (VIETNAM LAW) បានរាយការណ៍កាលពីថ្ងៃទី១០ ខែតុលា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង ក៏បានព្រមព្រៀងគ្នា បន្តផ្លាស់ប្ដូរទំនាក់ទំនងប្រជាជន និងប្រជាជន រួមទាំង កិច្ចសហប្រតិបត្តិការពង្រឹងអ្នកជំនាន់ក្រោយនៃប្រទេសទាំងពីរ ស្របតាមនយោបាយដែល មានស្រាប់របស់ក្រុមមេដឹកនាំចាស់ៗ នៃគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុនីស្តវៀតណាម។
អនុប្រធានស្ថាប័នព័ត៌មាន នៃរដ្ឋាភិបាលកម្ពុជាឯរាជ្យ ២៣តុលា លោក ទេព មនោរម្យ ទាមទារឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញខ្លឹមសារឯកសារ ដែល រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន បានព្រមព្រៀងជាមួយរដ្ឋាភិបាលវៀតណាម ឱ្យប្រជាពលរដ្ឋខ្មែរ បានដឹងច្បាស់ ដោយលោកមានការព្រួយបារម្ភ ខណៈភាគី វៀតណាម បង្កើនមហិច្ឆតាពង្រីកអក្សរសាស្ត្រនិង វប្បធម៌របស់ខ្លួន នៅលើទឹកដីកម្ពុជា ប៉ុន្តែ វៀតណាមបែរជាព្យាយាមបិទសិទ្ធិរៀនអក្សរសាស្ត្រខ្មែរ ការគោរពព្រះពុទ្ធសាសនា និងការប្រតិបត្តិវប្បធម៌ប្រពៃណីខ្មែរ របស់ប្រជាពលរដ្ឋខ្មែរក្រោម លើទឹកដីកម្ពុជាក្រោមទៅវិញ។
លោក ទេព មនោរម្យ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ ខែតុលា ថា កិច្ចសហប្រតិបត្តិការវិស័យអប់រំ រវាងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និង រដ្ឋាភិបាលវៀតណាម នឹងក្លាយជាមធ្យោបាយបើកឱកាសឱ្យបុគ្គលិកសិក្សា របស់វៀតណាម និងនិស្សិតវៀតណាមកាន់តែច្រើនមករស់នៅលើទឹកដីនៃប្រទេសកម្ពុជា។ លោកថា មធ្យោបាយនេះ គឺជាការបញ្ជូលជនជាតិ វៀតណាមកាន់ តែច្រើនមកកម្ពុជា ក្នុងលេសជួយពង្រឹងប្រព័ន្ធអប់រំកម្ពុជា។
លោក ទេព មនោរម្យ បារម្ភថា តាមរយៈកិច្ចសហប្រតិបត្តិការវិស័យអប់រំ កម្ពុជា- វៀតណាម ការចំណាយលុយរបស់វៀតណាមសាងសង់សាលារៀននៅប្រទេសកម្ពុជា និងការនៅបន្តលើកតម្កើងស្ដូបមិត្តភាពកម្ពុជា-វៀតណាម នោះបញ្ហាទាំង អស់នេះ នឹងរុញឱ្យកម្ពុជានៅថ្ងៃអនាគត ធ្លាក់ក្នុងវាសនាស្រដៀងនឹងប្រទេសឡាវ ដែលត្រួតត្រាណែនពេញដៃដោយវៀតណាម។
លោក ទេព មនោរម្យ៖ «គឺមិនខុសអី ដែលវៀតណាម ធ្វើនៅប្រទេសឡាវទេ ប្រទេសឡាវពីមត្តេយ្យសាលា ឡើងទៅគេរៀនភាសាពីររួចទៅហើយ រៀនភាសាវៀតណាម និងរៀនភាសាឡាវ។ អ៊ីចឹងដល់ពេលក្មេងៗ ពេញវ័យអាចចេះធ្វើការបាន គឺគេដាក់កំហិតទៀត ប្រសិនបើប្រជាជនឡាវហ្នឹង មិនចេះភាសាវៀតណាមទេ គឺមិនអាចធ្វើការនៅក្នុងរដ្ឋបាលទេ ហើយប្រទេសកម្ពុជា គឺឈានទៅរក ដំណាក់កាលហ្នឹង ប្រសិនបើទុកឱ្យរបបលោក ហ៊ុន សែន ឪកូននេះ ដឹកនាំប្រទេស»។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលវៀតណាម ដែលទើបប្រកាសដាក់បញ្ជូល អក្សរសាស្ត្រខ្មែរ ក្នុងប្រព័ន្ធសិក្សាអប់រំវៀតណាម គឺជាធ្នាក់ដើម្បីបង្កើតលេសឱ្យ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដាក់បញ្ជូលភាសាវៀតណាមក្នុងប្រព័ន្ធអប់រំកម្ពុជាដែរ។ ពួកគាត់លើកឡើងថា នយោបាយប្រជាសាស្ត្រ អប់រំ វប្បធម៌ និងការគោរពស្ដូបមិត្តភាពកម្ពុជា-វៀតណាម គឺជាការបន្តបើកផ្លូវ ឱ្យវៀតណាម ត្រួតត្រា លើកកម្ពុជាទាំងស្រុង នៅថ្ងៃអនាគត ដោយការបញ្ជាលើ ប្រព័ន្ធរដ្ឋបាលស៊ីវិល និងចរន្តសង្គមនៅកម្ពុជា និងមិនចាំបាច់ប្រើកងទ័ព ដូចវៀតណាម បានធ្វើក្នុងសម័យទស្សវត្សរ៍ទី៨០ នោះឡើយ៕








