
ចលនាមាតាធម្មជាតិអះអាងថា ទីលានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប មានផ្ទៃដីរីកធំជាងមុន បង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សត្វព្រៃ ជីវចម្រុះ និងការរស់នៅរបស់ពលរដ្ឋ។ សកម្មជនបរិស្ថានថា អាជ្ញាធរគួរតែស្វែងរកកន្លែងផ្សេងដើម្បីទុកដាក់សំរាម មិនគួរយកតំបន់ការពារធ្វើទីលានចាក់សំរាមបែបនេះឡើយ។
ចលនាមាតាធម្មជាតិ បានចេញផ្សាយវីដេអូមានរយៈពេលជាង២នាទី ដែលបង្ហាញអំពីទីលានចាក់សំរាមមួយកន្លែង ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប មានផ្ទៃដី៨ហិកតារ ដោយចាត់ទុកទំហំនេះ បានរីកធំជាងកាលពីឆ្នាំ២០២៤។ ពួកគេបារម្ភថា ការពង្រីកផ្ទៃដីចាក់សំរាមក្នុងតំបន់ការពារនេះ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សត្វព្រៃ ជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ។
ចលនាមាតាធម្មជាតិ៖ «ផ្នែកមួយនៃតំបន់ការពារនេះត្រូវបានយាយី និងបំពុលដោយទីលានចាក់សំរាមដោយគ្មានការការពារ និងគ្មានការទប់ស្កាត់ទាល់តែសោះ ព្រៃស្រោងដែលត្រូវឈូសឆាយដើម្បីចាក់សំរាមបានបន្តកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ»។
ចលនាមាតាធម្មជាតិលើកឡើងទៀតថា កាលពីឆ្នាំ២០២២ ទីលានចាក់សំរាម មានទំហំជាង១ហិកតារ និងនៅឆ្នាំ២០២៤មានទំហំ ៤ហិកតារ ប៉ុន្តែមកដល់ដើមឆ្នាំ២០២៦មានផ្ទៃដី៨ហិកតារ ហើយទីលានចាក់សំរាមនេះ គឺស្ថិតក្នុងតំបន់ការពារធម្មជាតិទាំងស្រុង នេះបើតាមការផ្ទៀងផ្ទាត់តាមផែនទី និងចំណុចនិយាមកាក្នុងអនុក្រឹត្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២៣។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកោះកុង អ្នកស្រី ឈី វ៉ា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១៩ ខែមីនា។
ចំណែកអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា សោកស្ដាយដែលអាជ្ញាធរខេត្តកោះកុងនៅតែបន្តយកដែនជម្រកសត្វព្រៃ ធ្វើជាទីលានចាក់សំរាម យ៉ាងអនាធិបតេយ្យ។ លោកស្នើឲ្យអាជ្ញាធរ គិតពិចារណាឡើយវិញ និងស្វែងរកកន្លែងផ្សេងដើម្បីទុកដាក់សំរាម មិនគួរយកតំបន់ការពារធ្វើទីលានចាក់សំរាមបែបនេះនោះឡើយ។
លោក ម៉ា ចិត្រា៖ «ខាងរដ្ឋាភិបាលក៏ដូចជាខាងខេត្តកោះកុងគួរពិចារណារកដីណាផ្សេងទៅ កុំរំពៃឃើញតែតំបន់ព្រៃភ្នំទៅជាកន្លែងចាក់សំរាម ខ្ញុំគិតថា មិនជារឿងល្អប្រសើរទេ ហើយដីនៅខេត្តកោះកុងមានប្រជាជនតិច មិនគួរណាថា អត់មានដីសម្រាប់បម្រុងទុកដើម្បីដាក់សំរាម»។
ដែនជម្រកសត្វព្រៃពាមក្រសោបមានទំហំជាង ២ម៉ឺន ៣ពាន់ហិកតារ (២៣.៧៥០) ឋិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានចុះបញ្ជីជាតំបន់អភិរក្ស កាលពីឆ្នាំ១៩៩៣។ ដែនអភិរក្សនេះ សំបូរដោយប្រជុំកោះតូចធំ និងព្រែកទឹកប្រៃខ្វាត់ខ្វែង សំបូរព្រៃកោងកាងផ្ដល់ជម្រកសត្វបក្សីទឹក និងជីវចម្រុះសមុទ្រ។
កាលឆ្នាំ២០២១ ក្រសួងបរិស្ថានចេញអនុក្រឹត្យកាត់ដីឱ្យទៅក្រុមហ៊ុនអេកូ ឡូខល សឺលូសិន (Eco Local solution) ៥០ហិកតារ ដើម្បីដាក់សំរាមបណ្ដោះអាសន្ន ក្រោយពីទីលានចាក់សំរាមចាស់នៅក្រុងខេមរភូមិន្ទបានពេញ។ ចលនាមាតាធម្មជាតិ តែងតែចេញតវ៉ាទាមទារឲ្យក្រសួងពាក់ព័ន្ធដកទីលានចាក់សំរាម ចេញពីក្នុងដែនជម្រកសត្វព្រៃពាមក្រសោប រហូតដល់ពួកគាត់ត្រូវបានអាជ្ញាធររដ្ឋាភិបាលត្រកូលហ៊ុន ចាប់ដាក់ពន្ធនាគារ។
ដោយឡែក ទាក់ទងនឹងសកម្មភាពរបស់អង្គការចលនាមាតាធម្មជាតិនេះដែរ ប៉ុន្តែពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនសកម្មជនមាតាធម្មជាតិទាំង៥នាក់ រួមមានលោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែរស្មី វិញ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡឡើ (Mary Lawlor) សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តឃុំខ្លួនសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិទាំង ៥នាក់។ ទាក់ទងនឹងក្តីក្តាំរបស់ពួកគេនៅតុលាការ អ្នកស្រី បានសរសេរសារនៅលើហ្វេសប៊ុកនៅថ្ងៃទី១៩ មីនា ថា កាលបរិច្ឆេទសម្រាប់ការកាត់ក្តីលើបណ្តឹងឧទ្ធរណ៍របស់ពួកគេគួរតែត្រូវបានកំណត់ពេលភ្លាមៗ និងថា ការពន្យារពេលម្តងហើយម្តងទៀតទៅលើដំណើរការក្តីរបស់ពួកគេ នឹងធ្វើអោយមានការព្រួយបារម្ភពីការឃុំខ្លួនពួកគេធ្វើឡើងតាមទំនើងចិត្ត ដែលនាំមកនូវការសងសឹកដោយផ្ទាល់ ចំពោះការងារការពារបរិស្ថានរបស់ពួកគេ។
ជាចុងក្រោយ អ្នកស្រីទទូចឱ្យតុលាការលុបចោលការផ្ដន្ទាទោសទៅលើសកម្មជនទាំង៥ និងទាមទារឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ៕










