

មន្ត្រីអង្គការសង្គមស៊ីវិល បន្តអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការម៉ឺងម៉ាត់ក្នុង ការស៊ើបអង្កេត និងវែកមុខមេខ្លោងដែលជាប់ពាក់ព័ន្ធនឹងការជួញដូរស្ត្រីខ្មែរទៅលក់ និងបង្ខំឱ្យរៀបការជាមួយបុរសជនជាតិចិន។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីខ្មែរ ៦នាក់ ក្នុងនោះមានម្នាក់ជាអនីតិជនអាយុទើបតែ ១៤ឆ្នាំ ត្រូវអាជ្ញាធរវៀតណាមឃាត់ខ្លួនក្រោយចាញ់បោកបណ្ដាញឧក្រិដ្ឋជនជួញដូរមនុស្សឱ្យឆ្លងដែនទៅរៀបការនៅប្រទេសចិន។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែកក្កដាថា សមាគមអាដហុកនៅតែទទួលបានពាក្យបណ្ដឹងស្នើសុំអន្តរាគមន៍ជាបន្តបន្ទាប់ពីស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ និងក្រុមហ៊ុននៃបណ្ដាញជួញដូរមនុស្សនាំទៅលក់នៅប្រទេសចិន។ លោកឱ្យដឹងថា ជនរងគ្រោះមួយចំនួនត្រូវបានបង្ខំឱ្យបម្រើការជាស្រីពេស្យា អ្នកបម្រើតាមផ្ទះ និងបង្ខំឱ្យរៀបការជាមួយបុរសជនជាតិចិន។.
លោក នី សុខា ព្រមានថា ស្ត្រីខ្មែរនឹងបន្តធ្លាក់ខ្លួនជាជនរងគ្រោះកាន់តែច្រើន ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការម៉ឺងម៉ាត់ ស៊ើបអង្កេត វែកមុខមេខ្លោងដែលជាប់ពាក់ព័ន្ធយកផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោក នី សុខា៖ «ដើម្បីទប់ស្កាត់បញ្ហានេះមានប្រសិទ្ធភាពទៅបាន វាទាល់តែអាជ្ញាធរមានសមត្ថកិច្ចហ្នឹង ទីមួយគឺថា សំខាន់បំផុតនោះគឺចាប់ជនដែលប្រព្រឹត្ត ឬក៏យើងហៅថា មេខ្យល់ ឬក៏យើងហៅថា ជាក្រុមហ៊ុនដែលបោកប្រាស់ហ្នឹង យកទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងគ្រាន់តែថា យើងទៅអន្តរាគមន៍ក្នុងការរំដោះជនរងគ្រោះ ប៉ុន្តែអ្នកដែលប្រព្រឹត្តបទល្មើសត្រូវបានរួចខ្លួន អាហ្នឹងគិតថា មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ការជួយរំដោះជនរងគ្រោះវាជារឿងមួយសំខាន់ហើយ ប៉ុន្តែសំខាន់រឿងមួយទៀតគឺថា ការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះឱ្យបានត្រឹមត្រូវ អាហ្នឹងជារឿងមួយដើម្បីទប់ស្កាត់ទៅថ្ងៃអនាគត»។
ក្ដីកង្វល់របស់មន្ត្រីសិទ្ធិមនុស្សរូបនេះស្ដែងឡើងស្របពេលដែលស្ត្រីខ្មែរនៅតែបន្តរងគ្រោះ និងចាញ់ការបោកបញ្ឆោតរបស់បណ្ដាញឧក្រិដ្ឋជននាំពួកគាត់ទៅលក់ និងរៀបការប្ដីដោយបង្ខំនៅប្រទេសចិន។
អភិបាលខេត្តកណ្ដាលលោក គួច ចំរើន ឱ្យដឹងតាមរយៈហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែកក្កដាថា ស្ត្រីខ្មែរ ៦នាក់ ក្នុងនោះមានម្នាក់ជាអនីតិជនអាយុទើបតែ ១៤ឆ្នាំត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន នៅពេលព្យាយាមធ្វើដំណើរឆ្លងដែនទៅប្រទេសចិន ដើម្បីរៀបការជាមួយបុរសជនជាតិចិន។ លោក គួច ចំរើន ក៏បានសរសេរបែបចំអកឌឺដងជនរងគ្រោះស្ត្រីខ្មែរទាំង ៦នាក់នោះថា មិនដឹងថាបានប្ដី ឬបានទុក្ខ ឬបានទោសនោះទេ។ លោកក៏បានអំពាវនាវឱ្យឪពុកម្ដាយយកចិត្តទុកដាក់អប់រំ និងតាមដានកូនចៅឱ្យបានដិតដល់ ដើម្បីបង្ការការធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរមនុស្ស។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរីបានព្យាយាមទាក់ទងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ដើម្បីសាកសួរបន្ថែម ប៉ុន្តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី៣ ខែកក្កដា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា លើកឡើងថា ការចំអក ឬដាក់បន្ទុកលើជនរងគ្រោះ មិនមែនជាដំណោះស្រាយក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនោះទេ។ លោកថា ផ្ទុយទៅវិញ រដ្ឋាភិបាល និងអាជ្ញាធរមានកាតព្វកិច្ច និងការទទួលខុសត្រូវផ្ដល់កិច្ចគាំពារ លើកទឹកចិត្ត និងស្ដារផ្លូវចិត្តដល់ជនរងគ្រោះ ព្រោះពួកគាត់រងការប៉ះទង្គិចទាំងផ្លូវកាយ ផ្លូវចិត្ត និងការរើសអើងពីសង្គម។
លោក នី សុខា ជឿថា ស្ត្រីខ្មែរភាគច្រើនដែលចាញ់បោកមេខ្យល់ និងក្រុមហ៊ុននៃបណ្ដាញជួញដូរមនុស្សនាំទៅប្រទេសចិនភាគច្រើនមិនបានដឹងជាមុនថា ពួកគាត់នឹងត្រូវគេយកទៅជួញដូរ ឬបង្ខំឱ្យរៀបការជាមួយជនជាតិចិននោះទេ។ លោកបញ្ជាក់ថា ភាពក្រីក្រ កង្វះឱកាសការងារ កង្វះព័ត៌មាន និងការល្បួងរបស់បណ្ដាញឧក្រិដ្ឋជន គឺជាកត្តាសំខាន់ដែលធ្វើឱ្យស្ត្រីខ្មែរជាច្រើនបន្តធ្លាក់ខ្លួនជាជនរងគ្រោះនៅប្រទេសចិន។
កាលពីឆ្នាំ២០២៥ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន ៩៨នាក់ត្រូវបានអាជ្ញាធរចិនបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានបណ្ដាញឧក្រិដ្ឋជនជួញដូរឱ្យទៅរៀបការប្ដីទាំងបង្ខំនៅប្រទេសចិន។
លោក នី សុខា ឱ្យដឹងទៀតថា ស្ត្រីខ្មែរមួយចំនួនបានទទួលរងការប៉ះទង្គិចផ្លូវចិត្តក្នុងរយៈពេលដ៏យូរអង្វែង ហើយអ្នកខ្លះទៀតនៅតែនៅមានអារម្មណ៍ភ័យតក់ស្លុត ដោយសារតែពួកគាត់ធ្លាប់ទទួលរងការធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទ និងការបង្ខាំងអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសចិន៕








