

សហព័ន្ធសហជីពអន្តរជាតិ (ITUC) តំណាងឱ្យកម្មករជិត ២០០លាននាក់ នៅជុំវិញពិភពលោក បានផ្ញើលិខិតចំហ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបង្ហាញពីក្ដីបារម្ភជាយ៉ាងខ្លាំងជុំវិញការរឹតត្បិតសិទ្ធិសេរីភាព មកលើមេដឹកនាំសហជីពដ៏លេចធ្លោ គឺលោក រ៉ុង ឈុន ។ ការលើកឡើងនេះ ក្រោយពីស្ថាប័ននេះ មើលឃើញថា ការតម្កល់សាលដីកា របស់តុលាការកំពូល ដែលតម្រូវឱ្យលោក រ៉ុង ឈុន អនុវត្តទោសនៅក្រៅឃុំ៣ឆ្នាំ ហាមធ្វើសកម្មភាពតាមទីសាធារណៈ ដកហូតសិទ្ធិធ្វើនយោបាយ៥ឆ្នាំ និងហាមផ្លាស់ទីលំនៅចេញពីភ្នំពេញ ជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ព្រោះលោកគ្មានកំហុសនោះទេ។
សហព័ន្ធសហជីពអន្តរជាតិ (ITUC) ដែលតំណាងឱ្យកម្មករជិត២០០(១៩១) លាននាក់ មកពីបណ្ដាប្រទេសចំនួន១៦៩ នៅជុំវិញពិភពលោក រួមទាំងសហព័ន្ធសហជីពកម្ពុជា និងសហភាពការងារកម្ពុជានៅថ្ងៃទី៣ ខែកក្កដាបានផ្ញើលិខិតចំហទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ ការបន្តធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ ប្រឆាំង នឹង លោក រ៉ុង ឈុន ជាបន្តបន្ទាប់ រួមទាំងសេចក្ដីសម្រេចថ្មីៗនេះ របស់តុលាការកំពូល ដែលបានតម្កល់សាលដីកា ផ្ដន្ទាទោស លោក រ៉ុង ឈុន កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅ។
សហព័ន្ធសហជីពអន្តរជាតិលើកឡើងនៅក្នុងលិខិតចំហថា លោក រ៉ុង ឈុន គឺជាថ្នាក់ដឹកនាំសហជីព ជាអ្នកតស៊ូមតិដោយសន្តិវិធី និងជាអតីតប្រធានសហព័ន្ធសហជីព កម្ពុជា (CCU) ដ៏លេចធ្លោ ដែលជាសមាជិកសហព័ន្ធសហជីពអន្តរជាតិ (ITUC) អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដូច្នេះពួកគេ មានការព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធការប្រើប្រាស់បទចោទប្រកាន់ប្រឆាំងមកលើរូបលោក ពីបទ«ញុះញង់» ដើម្បីបំបិទមាត់ សមាជិកសហជីពនិងពលរដ្ឋខ្មែរ មិនឱ្យមានសិទ្ធិសេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ ដែលករណីនេះខុសទៅនឹងច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។
សហព័ន្ធសហជីពអន្តរជាតិ ក៏បានរំលឹកថា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសកាលពីខែ ឧសភា ឆ្នាំ ២០២៥ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ពួកគេថា ការចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ប្រឆាំងទៅនឹងសេចក្ដីថ្លែងការណ៍មួយជាសាធារណៈ របស់លោក ពាក់ព័ន្ធការអត្ថាធិប្បាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងសកម្មភាពទៅសួរសុខទុក្ខ ពលរដ្ឋរងគ្រោះដីធ្លី ដែលត្រូវបាន ជម្លៀសចេញពីលំនៅឋានដោយបង្ខំ នៅជាយក្រុងភ្នំពេញ បន្ទាប់ ពីរដ្ឋាភិបាល បានយកតំបន់នោះ ជាកន្លែងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ។
សហព័ន្ធសហជីពអន្តរជាតិក៏បានបង្ហាញក្ដីបារម្ភផងដែរ ចំពោះវិធានការយ៉ាងតឹងរ៉ឹងជាច្រើនលើសលប់ ប្រឆាំង លោក រ៉ុង ឈុន ពីសំណាក់តុលាការគ្រាប់ជាន់ថ្នាក់ និងបង្កើនការដាក់ទោសទណ្ឌទ្វេដង។ ដូចជាការ ដកហូតសិទ្ធិលោក រ៉ុង ឈុន មិនឱ្យធ្វើនយោបាយចំនួន៥ឆ្នាំ ហាមធ្វើសកម្មភាពថ្លែងសារតាមវេទិកាសាធារណៈ ហាមមិនឱ្យផ្លាស់ទីនៅចេញពីភ្នំពេញ និងតម្រូវឱ្យ អនុវត្តទោសនៅក្រៅឃុំសាកល្បងចំនួន៣ឆ្នាំ។ ពួកគេថា វិធានការយ៉ាងតឹងរ៉ឹងនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និង មានចេតនាធ្វើទុក្ខបុកម្នេញលើមេដឹកនាំសហជីព។
សហព័ន្ធសហជីពអន្តរជាតិ (ITUC) ក៏បានប្រកាសថ្កោលទោសចំពោះការយាយីតាមផ្លូវតុលាការប្រឆាំងនឹង លោក រ៉ុង ឈុន និងការយកមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌមកអនុវត្តប្រឆាំងនឹងសហជីព និងសកម្មជនសិទ្ធិមនុស្ស ដែលបានធ្វើសកម្មភាព ស្របទៅនឹងច្បាប់ជាតិ និងអន្តរជាតិ។ ពួកគេយល់ថា ការចោទប្រកាន់ និងការផ្ដន្ទាទោសតាមអំពើចិត្ត ប្រឆាំងនឹង លោក រ៉ុង ឈុន គឺជាការរំលោភយ៉ាងច្បាស់ លើអនុសញ្ញា អង្គអន្តរជាតិការងារ(ILO) លេខ៨៧ ស្ដីពីសេរីភាពសមាគម និងអនុសញ្ញាលេខ១០៥ ស្ដីពីការលុបបំបាត់ពលកម្មដោយបង្ខំ។
សហព័ន្ធសហជីពអន្តរជាតិនេះបានរំលឹកជាថ្មីទៅ រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាមានកាតព្វកិច្ចអន្តរជាតិក្នុងការអនុវត្តតាមអនុសាសន៍ និងសំណូមពររបស់ស្ថាប័នត្រួតពិនិត្យស្តង់ដារផ្សេងៗរបស់ ILO។ ពួកគេ បានអំពាវនាវ ដល់រដ្ឋាភិបាល ឱ្យទប់ស្កាត់ការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់ តាមអំពើចិត្ត ប្រឆាំងមកលើមេដឹកនាំ សហជីព ដែលបានធ្វើកិច្ចការងារស្របច្បាប់ និងជំរុញឱ្យរដ្ឋាភិបាល ធ្វើវិសោធនកម្ម ច្បាប់មាត្រា៤៩៤, ៤៩៥, ៥២២ និង៥២៣ នៃក្រមព្រហ្មទណ្ឌ ព្រោះពួកគេមើលឃើញថា មាត្រាទាំងនេះហាក់ គ្មានភាពច្បាស់លាស់។
ជាមួយគ្នានោះ សហព័ន្ធសហជីពអន្តរជាតិ ITUC ថា ត្រូវតែកំណត់និយមន័យឱ្យ តូចចង្អៀត ស្ដីពីបទ«ញុះញង់»ហើយមិនត្រូវយកសកម្មភាពសហជីពស្របច្បាប់ទៅជាបទល្មើស ព្រហ្មទណ្ឌនោះទេ។ ពួកគេថា ច្បាប់ត្រូវតែអនុវត្តក្នុងលក្ខណៈដែលបង្កើត ឱ្យមានបរិយាកាសអំណោយផល សម្រាប់ការប្រើប្រាស់សិទ្ធិ សហជីព និងសេរីភាពជនស៊ីវិល ដោយសេរី និងគ្មានការរឹតត្បិតនោះឡើយ។
សហព័ន្ធសហជីពអន្តរជាតិ ITUC ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរ ពីការប្ដេជ្ញាចិត្តឡើងវិញ ក្នុងការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញា ILO ដែលបានផ្ដល់សច្ចាប័ន ហើយត្រូវលុបចោលបទចោទ និង ការរឹតត្បិតសិទ្ធិសេរីភាពទាំងអស់ មកលើលោក រ៉ុង ឈុន ដោយគោរពទៅតាមកាតព្វកិច្ច ដែលបានទទួលយក ដោយស្ម័គ្រចិត្ត ក្នុងនាមជាសមាជិកនៃ ILO និងគោរពតាមអនុសញ្ញា ដែលបានផ្ដល់សច្ចាប័ន ព្រមទាំងចាត់វិធានការជាក់ស្ដែងដើម្បីអនុវត្តអនុសាសន៍ស្ដីពីអនុសញ្ញាលេខ៨៧ និង១០៥ របស់ស្ថាប័ន ត្រួតពិនិត្យនៃអង្គការ ILO។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេនៅថ្ងៃទី០៣ ខែកក្កដា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែកក្កដាថា សហព័ន្ធសហជីពអន្តរជាតិ (ITUC) ដែល តំណាងឱ្យកម្មករជិត២០០លាននាក់ នៅជុំវិញពិភពលោក នេះគឺមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើអ្នកវិនិយោគល្អៗ នៅតាមបណ្ដាប្រទេសប្រជាធិបតេយ្យ។ លោកថានៅពេលដែលពួកគេបង្ហាញក្ដីបារម្ភពីបញ្ហាការរំលោភសិទ្ធិមនុស្ស និងបញ្ហាសិទ្ធិការងារ គឺប្រាកដណាស់ នឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យការងារ និងការវិនិយោគនៅកម្ពុជា។ លោកស្នើឱ្យរដ្ឋាភិបាល ទម្លាក់កបទចោទទាំងអស់ មកលើរូបលោក និងសកម្មជនដទៃទៀត ដើម្បី ស្ដារមុខមាត់ជាតិឡើងវិញ និង ដើម្បីទាក់ទាញអ្នកវិនិយោ គល្អៗ ព្រោះថាការដែលធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋ សហជីព និងសកម្មជននយោបាយ គ្មានប្រយោជន៍នោះទេ។
លោក រ៉ុង ឈុន៖ «សហភាពសហជីព អន្តរជាតិ ITUC មានឥទ្ធិពលខ្លាំង ទៅលើអ្នកបញ្ជាទិញ ហើយក៏មានឥទ្ធិពលនៅលើពិភពលោក ក្នុងនាមជាអង្គការ ដែលមានសមាជិករាប់លាននាក់។ អញ្ចឹង បើសិនជាសហភាពសហជីព ITUC មានការប្រតិកម្មខ្លាំង ហើយបើរដ្ឋាភិបាល យើងមិនយកចិត្តទុកដាក់ វានឹងមាននូវផលប៉ះពាល់ ទៅដល់ផលប្រយោជន៍ជាតិ ពីព្រោះគេមានឥទ្ធិពល គេអាចនិយាយជាមួយសមាជិកជាង១៩១លាននាក់ ហើយគេក៏មាន អំណាចឥទ្ធិពល និយាយជាមួយអ្នកបញ្ជាទិញដែរ»។
កាលពីថ្ងៃ១ ខែកក្កដា ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន រួមនិងអ្នកគាំទ្រជាង១០នាក់ បានទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ ដើម្បីស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យមើលនិងសើរើសំណុំរឿង របស់លោក យកមកជំនុំជម្រះក្ដីឡើងវិញ ក្រោយពីលោក មិនពេញចិត្តចំពោះ ការតម្កល់សាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៩ ខែមិថុនា ដែលឱ្យលោកនៅមានទោសដដែល។ ជាមួយគ្នានោះ លោកក៏ បានអំពាវនាវ ឱ្យតុលាការ ទម្លាក់បទចោទ មកលើរូបលោក ព្រោះថា ការធ្វើទុក្ខបុកម្នេញមកលើរូបលោក គ្មានផលចំណេញដល់ជាតិនោះទេ ផ្ទុយទៅវិញឱ្យកេរ្តិ៍ឈ្មោះកម្ពុជា មិនល្អលើឆាកអន្តរជាតិ ព័ន្ធការ រំលោភសិទ្ធិពលរដ្ឋ។
រីឯ អង្គការអប់រំអន្តរជាតិ (Education International – EI) ដែលជាសហព័ន្ធសកលតំណាងឱ្យគ្រូបង្រៀន និងបុគ្គលិក វិស័យអប់រំជាង៣២លាននាក់ នៅក្នុងប្រទេសចំនួន ១៧៨ នៅថ្ងៃទី២៥ ខែមិថុនា ក៏បានផ្ញើលិខិតចំហ ទៅកាន់រដ្ឋាភិបាលផងដែរ ដោយបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះវិធានការរបស់តុលាការកំពូល ប្រឆាំងមកលើ លោក រ៉ុង ឈុន។ ក្នុងនោះពួកគេ អំពាវនាវឱ្យរដ្ឋាភិបាល ដកចេញ ការរឹតត្បិតសិទ្ធិសេរីភាព ទាំងអស់មកលើគឺ លោក រ៉ុង ឈុន ហើយព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយបញ្ហាទាំងនោះទេ អង្គការអប់រំអន្តរជាតិ (EI) នឹងពិចារណាដាក់ពាក្យ បណ្ដឹង (allegation)ទៅកាន់ គណៈកម្មាធិការ សេរីភាពនៃសមាគម (Committee on Freedom of Association – CFA) របស់ ILO៕








