អង្គការ​ការពារ​អ្នក​កាសែត​ស្នើ​ឲ្យ​​រដ្ឋាភិបាល​ដោះលែង​អ្នកសារព័ត៌មាន​អនឡាញ​ផ្សាយ​រឿង​ព្រំដែន

​អ្នកសារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ផន សុភាព (ឆ្វេង) និង​អ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ។ រូប៖ បណ្ដាញសង្គម
​អ្នកសារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ផន សុភាព (ឆ្វេង) និង​អ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ។ រូប៖ បណ្ដាញសង្គម

អង្គការ​ការពារ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដក​ពាក្យ​បណ្តឹង និង​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នកសារព័ត៌មាន​អន​ឡាញ គឺ​លោក ផន សុភាព និង លោក ភាព ភារ៉ា ដើម្បី​ឲ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​វិញ​។ ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់ បាន​ផ្តន្ទាទោស​អ្នកសារព័ត៌មាន​អនឡាញ​ទាំង​ពីរ​រូប​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​១៤ ឆ្នាំ ដូច​តុលាការ​ថ្នាក់ក្រោម​ដែរ។

ស្ថាប័ន​សារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ រួម​ទាំង​សង្គម​ស៊ីវិល ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​សេរីភាព សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ខកចិត្ត​ចំពោះ​តុលាការ​ជាន់ ខ្ពស់ ដែល​ផ្ដន្ទាទោស​អ្នកសារព័ត៌មាន​ពីរ​រូប​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ១៤​ឆ្នាំ ទោះបីជា​ពួកគេ​អះអាង​ថា មិន​មានបំណង​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស និង​មិន​បាន​ទទួល​ប្រាក់​ពី​ប្រទេស​ថៃ​ក៏ដោយ។

ស្ថាប័ន​សារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៦ ស្ថាប័ន ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​រួម នៅ​ថ្ងៃទី​២៧ ខែ​មីនា រួមមាន​សមាគម សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​លីកាដូ សមាគម​អាដហុក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ មជ្ឈមណ្ឌល​ដើម្បី​សារព័ត៌មាន​ឯករាជ្យ​ប្រទេស ម៉ាឡេស៊ី និង​សហភាព​ជាតិ​នៃ​អ្នកសារព័ត៌មាន​ហ្វីលីពីន​ជាដើម។

ស្ថាប័ន​អង្គការ​-​សមាគម​ទាំងនេះ លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ដោយ ទាមទារ​ឲ្យ «​ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​លោក ផន សុភាព និង​លោក ភាព ភារ៉ា»។ ពួកគេ លើកឡើង​ថា ការប្រើប្រាស់​បទ​ចោទ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ដែល​កំណត់​និយមន័យ​យ៉ាង​ទូលំទូលាយ​ក្នុង​បរិបទ​នេះ និង​បាន​រួមចំណែក​បង្កើត​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ អំពី​ផល​​​​​​​​​​​​ប៉ះពាល់​ទៅលើ​សេរីភាព​បញ្ចេញមតិ បរិយាកាស គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន។

លើស​ពី​នេះ ពួកគេ​ថា វា​ក៏​បង្កើត​នូវ​សំណួរ​អំពី​ការ​កម្រិត​នៃ​ទោស និង​ភាព​ស្របគ្នា​ជាមួយ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ខណៈ​បទ​ចោទ​«​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​»​នេះ គឺជា​បទ​ចោទ​ធ្ងន់ធ្ងរ និង​បង្ក​ការភ័យខ្លាច​ដល់​អ្នកសារព័ត៌មាន ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការសិទ្ធិមនុស្ស​និង​សមាគម​សារព័ត៌មាន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​បាត់ដំបង កាលពី​ថ្ងៃទី​២៦ ខែមីនា បានសម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលាដំបូង​ខេត្តសៀមរាប​ទៅលើ​អ្នកសារព័ត៌មាន​អនឡាញ​គឺ លោក ផន សុភាព និង​លោក ភាព ភារ៉ា ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ១៤ ឆ្នាំ ពីបទ​« ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» ពាក់ព័ន្ធ​ការផ្សាយ​រឿង​ព្រំដែន។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត លើកឡើង​ថា កម្ពុជា​ផ្ដល់​អំណាច​សារព័ត៌មាន គឺជា​អំណាច​ទី​៤ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង គឺ​ផ្ទុយ ពីព្រោះ បច្ចុប្បន្ន​មាន អ្នកសារព័ត៌មាន ជាច្រើន​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និង​ផ្ដន្ទាទោស​ទាក់ទង​ការ​បំពេញ​ការងារ​របស់​ពួកគេ ខណៈ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន តុលាការ មិនបាន​យកមកអនុវត្ត​លើ​អ្នកសារព័ត៌មាន​ឡើយ។

លោក អំ សំអាត យល់ថា ការ​យក​ច្បាប់ក្រម​ព្រហ្មទណ្ឌ មក​ចោទប្រកាន់​លើ អ្នកសារព័ត៌មាន ពី​បទ​«​មជ្ឈិម រហូតដល់​បទ​«​ឧក្រិដ្ឋ​»​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​លំហ​សេរី ភាព​សារព័ត៌មាន​និង​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន កម្រិត​សេរីភាព​ក្នុង​ការ​សរសេរ និង​ផ្សព្វផ្សាយ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ។

លោក អំ សំអាត៖ «រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​ដែល​មាន​ការ​គាំពារ​ទៅ​ដល់​សារព័ត៌មាន ដោយសារ​បញ្ហា​ហើយ បានជា​សមាគម​សារព័ត៌មាន អង្គការ វិជ្ជាជីវៈ​សារព័ត៌មាន សង្គម​ស៊ីវិល​ជាតិ​និង អន្តរជាតិ​ហ្នឹង បាន​ទាមទារ​ឲ្យ ទម្លាក់ បទចោទប្រកាន់ ទៅលើ​អ្នកសារព័ត៌មាន​ទាំងពីរ អ្នកសារព័ត៌មាន​ផ្សេងទៀត ដែល គាត់​បំពេញ​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន ហើយ​មិនបាន​អនុវត្ត​ទៅតាម​ច្បាប់ ស្ដីពី របប​សារព័ត៌មាន បែរជា​ចោទប្រកាន់ ឃុំខ្លួន និង​ផ្ដន្ទាទោស​តាម ក្រមព្រហ្មទណ្ឌ ទៅវិញ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មីនា។

អ្នក​សារព័ត៌មាន​លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដាច់ដោយឡែក​ពី​គ្នា​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​វិលត្រឡប់​ពី​រាយការណ៍​ព័ត៌មាន នៅ​ខេត្ត​ឧត្តរមានជ័យ។ ពួកគាត់ ត្រូវ​បាន​តុលាការ​ខេត្តសៀមរាប ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​១៤ ឆ្នាំ ពី​បទ​«​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការការ​ពារជាតិ​»​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ជា​កម្រិត​ទោស​ខ្ពស់​ជិត​ដល់​កម្រិត​អតិ​បរ មា​នៃ​ទោស​សម្រាប់​បទល្មើស​នេះ គឺ ១៥​ឆ្នាំ។

ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​អ្នកសារព័ត៌មាន ៤​នាក់ ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​របស់​ពួកគេ ក្នុង​នោះ អ្នកសារព័ត៌មាន ២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៦។

ពួកគេ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លុបចោល​បទចោទប្រកាន់ លើ​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​កំពុង​ឃុំខ្លួន និង​ត្រូវ​ធានា​ឲ្យ​មានការ​ការពារ​យ៉ាង​ពេញលេញ​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ